រ៉ូម ៦
អំណាចរបស់បាបត្រូវបានបំបាក់
៦តើយើងនិយាយយ៉ាងដូចម្តេច? តើយើងត្រូវធ្វើបាប បន្ដទៀតឬ ដើម្បីឲ្យព្រះគុណ បានចម្រើនឡើង? ២មិនមែនដូច្នោះទេ! យើងដែលបានស្លាប់ខាងឯបាបរួចហើយ តើឲ្យយើងរស់នៅក្នុងបាបតទៅទៀតយ៉ាងដូចម្ដេចកើត? ៣តើអ្នករាល់គ្នាមិនដឹងថា យើងទាំងអស់គ្នា ដែលបានទទួលពិធីជ្រមុជទឹកទៅក្នុងព្រះគ្រិស្ដយេស៊ូ គឺបានទទួលពិធីជ្រមុជទឹក ទៅក្នុងការសោយទិវង្គតរបស់ព្រះអង្គទេឬ? ៤ដូច្នេះយើងត្រូវបានបញ្ចុះ ជាមួយព្រះអង្គរួចហើយ តាមរយៈពិធីជ្រមុជទឹកទៅក្នុងសេចក្ដីស្លាប់ ដើម្បីឲ្យដូចដែលព្រះគ្រិស្ដ បានរស់ពីការសោយទិវង្គតឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះវរបិតាជាយ៉ាងណា នោះយើងនឹងរស់នៅក្នុងជីវិតថ្មីជាយ៉ាងនោះដែរ។
៥ដ្បិតបើយើង បានរួមជាមួយព្រះអង្គ នៅក្នុងការសោយទិវង្គតរបស់ព្រះអង្គហើយ នោះយើងមុខជារួមជាមួយព្រះអង្គ នៅក្នុងការរស់ឡើងវិញរបស់ព្រះអង្គមិនខានដែរ ៦ដ្បិតយើងដឹងសេចក្ដីនេះថា មនុស្សចាស់របស់យើង បានជាប់ឆ្កាងជាមួយព្រះអង្គរួចហើយ ដើម្បីឲ្យខ្លួនយើងដែលមានបាបត្រូវវិនាសសូន្យ និងកុំឲ្យយើងធ្វើជាបាវបម្រើរបស់បាបតទៅទៀត ៧ព្រោះអ្នកណាស្លាប់រួចហើយ អ្នកនោះក៏បានរួចពីបាបហើយដែរ។ ៨ប៉ុន្ដែបើយើងស្លាប់ជាមួយព្រះគ្រិស្ដ យើងជឿថាយើងនឹងរស់ជាមួយព្រះអង្គដែរ ៩ដោយដឹងថា ព្រះគ្រិស្ដបានរស់ពីការសោយទិវង្គតឡើងវិញ ហើយក៏មិនសោយទិវង្គតទៀតឡើយ រីឯសេចក្ដីស្លាប់គ្មានអំណាចលើព្រះអង្គទៀតដែរ ១០ព្រោះការសោយទិវង្គតរបស់ព្រះអង្គ គឺព្រះអង្គបានសោយទិវង្គត ខាងឯបាបតែម្ដងជាសម្រេច ហើយចំពោះការដែលព្រះអង្គមានជីវិតរស់ គឺរស់ខាងឯព្រះជាម្ចាស់វិញ ១១ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកដូចជាស្លាប់ ខាងឯបាបរួចហើយដែរ ប៉ុន្ដែរស់នៅក្នុងព្រះគ្រិស្ដយេស៊ូខាងឯព្រះជាម្ចាស់វិញ។
១២ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ដើម្បីឲ្យស្ដាប់តាមចំណង់តណ្ហានៃបាបឡើយ ១៣ហើយមិនត្រូវប្រគល់អវយវៈទាំងឡាយ របស់អ្នករាល់គ្នាឲ្យបាបទុកជាឧបករណ៍បម្រើសេចក្ដីទុច្ចរិតឡើយ ផ្ទុយទៅវិញ ត្រូវថ្វាយខ្លួនដល់ព្រះជាម្ចាស់ ទុកដូចជាបានរស់ពីស្លាប់ឡើងវិញ រួចថ្វាយអវយវៈទាំងឡាយរបស់អ្នករាល់គ្នា ដល់ព្រះជាម្ចាស់ទុកជាឧបករណ៍បម្រើសេចក្ដីសុចរិតវិញ ១៤ព្រោះបាបលែងត្រួតត្រាលើអ្នករាល់គ្នាទៀតហើយ ព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទៀតទេ គឺនៅក្រោមព្រះគុណវិញ។
សេរីភាពក្នុងការស្ដាប់បង្គាប់ព្រះគ្រិស្ដ
១៥តើយើង និយាយយ៉ាងដូចម្តេច? ដោយព្រោះ យើងនៅក្រោមព្រះគុណ ហើយមិននៅក្រោមក្រឹត្យវិន័យ តើឲ្យ យើងធ្វើបាបឬ? មិនមែនដូច្នោះទេ! ១៦តើអ្នករាល់គ្នាមិនដឹងទេឬអីថា បើអ្នករាល់គ្នាប្រគល់ខ្លួន ធ្វើជាបាវបម្រើ ហើយស្ដាប់បង្គាប់តាមនរណាម្នាក់ នោះអ្នករាល់គ្នា ជាបាវបម្រើរបស់អ្នកដែលអ្នករាល់គ្នាស្តាប់បង្គាប់នោះហើយ អ្នករាល់គ្នាជាបាវបម្រើរបស់បាបដែលនាំឲ្យស្លាប់ ឬជាបាវបម្រើនៃការស្តាប់បង្គាប់ដែលនាំឲ្យបានសុចរិត។ ១៧អរព្រះគុណព្រះជាម្ចាស់ណាស់ ពីដើមអ្នករាល់គ្នាជាបាវបម្រើរបស់បាប ប៉ុន្ដែអ្នករាល់គ្នាបានស្ដាប់បង្គាប់អស់ពីចិត្ត តាមគំរូនៃសេចក្ដីបង្រៀន ដែលអ្នករាល់គ្នាបានទទួល ១៨ដូច្នេះ ព្រះអង្គក៏បានប្រោសឲ្យរួចពីបាប រួចឲ្យអ្នករាល់គ្នាត្រលប់ជាបាវបម្រើនៃសេចក្ដីសុចរិត។
១៩ដោយសារ ភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ខ្ញុំសូមនិយាយ តាមបែបមនុស្សលោកទៅចុះ គឺពីមុនអ្នករាល់គ្នា បានប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាបម្រើសេចក្ដីស្មោកគ្រោក និងសេចក្ដីទុច្ចរិតដែលនាំទៅសេចក្ដីអាក្រក់ជាយ៉ាងណា ឥឡូវ នេះ ចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងឡាយ របស់អ្នករាល់គ្នានោះបម្រើសេចក្ដីសុចរិត ដែលនាំទៅភាពបរិសុទ្ធជាយ៉ាងនោះដែរ។
២០នៅពេលអ្នករាល់គ្នា ជាបាវបម្រើរបស់បាប នោះអ្នករាល់គ្នាដាច់ចេញពីសេចក្ដីសុចរិត ២១នៅពេលនោះ តើអ្នករាល់គ្នាបានទទួលផលអ្វីខ្លះពីសេចក្ដីដែលអ្នករាល់គ្នាអៀនខ្មាស់ នៅពេលនេះ? ព្រោះលទ្ធផលនៃសេចក្ដីទាំងនោះជាសេចក្ដីស្លាប់ ២២ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាបានរួចពីបាប ហើយត្រលប់ជាបាវបម្រើរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបានទទួលផល របស់អ្នករាល់គ្នានៅក្នុងភាពបរិសុទ្ធ ដែលមានលទ្ធផលជាជីវិតអស់កល្បជានិច្ច ២៣ដ្បិតឈ្នួលរបស់បាបជាសេចក្ដីស្លាប់ តែអំណោយទានរបស់ព្រះជាម្ចាស់ ជាជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង។