KCB - រ៉ូម ៣


រ៉ូម ៣

ព្រះជាម្ចាស់នៅតែស្មោះត្រង់

ដូច្នេះ តើ​ជនជាតិ​យូដា​មាន​ អ្វី​ប្រសើរលើស​គេ​ ហើយការ​កាត់ស្បែក ​​ មាន​ប្រយោជន៍​អ្វី​ដែរ​?​ ប្រសើរ​ច្រើន​ក្នុង​គ្រប់​ជំពូក គឺមុន​ដំបូង​ព្រះជាម្ចាស់​ បាន​ផ្ទុកផ្ដាក់​ព្រះបន្ទូល​​ដល់​ពួកគេ។

ចុះ​បើ​មាន​អ្នក​ខ្លះ ​ក្នុង​ចំណោម​ពួកគេ​មិន​ជឿ​ តើ​យ៉ាង​ដូចម្ដេច​ដែរ​? តើ​ភាព​គ្មាន​ជំនឿ​របស់​ពួក​គេ​នឹង​បំផ្លាញ​ភាព​ស្មោះត្រង់​ របស់​ព្រះជាម្ចាស់​ឬ​?​​​មិន​មែន​ដូច្នោះ​​ទេ​! ព្រះជាម្ចាស់​នៅ​តែ​ពិត​ត្រង់ ទោះបីជា​​មនុស្ស​គ្រប់​គ្នា ​ជា​អ្នក​​កុហកក្ដី​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា​៖ ​«ដើម្បី​ឲ្យ​ព្រះអង្គ​បាន​រាប់​ជា​សុចរិត ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គ ហើយមានជ័យ​ជម្នះ​ នៅ​ពេលគេជំនុំជម្រះ​ព្រះអង្គ»។​

បើ​សេចក្ដីទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​​ឃើញ ​​សេចក្ដីសុចរិត​របស់​ព្រះជាម្ចាស់ តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្តេច​? តើ​ព្រះជាម្ចាស់​ទុច្ចរិត​ដែរ‍ឬ នៅ​ពេល​ព្រះអង្គ​ដាក់​ទោស​​យើង (​គឺ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​ទេ​)​?​ មិន​មែន​ដូច្នោះ​ទេ​! បើ​ព្រះជាម្ចាស់​ទុច្ចរិត​មែន តើ​ព្រះអង្គ​នឹងជំនុំជម្រះ​​ពិភព​លោក​យ៉ាង​ដូចម្តេច​​? ម្យ៉ាង​ទៀតបើ​សេចក្ដី​កុហក​របស់​ខ្ញុំ​ ធ្វើ​ឲ្យ​សេចក្ដី​ពិត​របស់​ព្រះជាម្ចាស់​ចម្រើន​ឡើង​ ដើម្បី​តម្កើង​​សិរី​រុងរឿង​របស់​ព្រះអង្គ​វិញ តើ​ហេតុអ្វី​ ខ្ញុំ​នៅ​តែ​ជាប់ជំនុំជម្រះ​​ទុក​ជា​មនុស្សបាប​ដូច្នេះ‍? ហើយ​ហេតុអ្វី​យើង​មិន​និយាយ​ថា ចូរ​យើង​ធ្វើ​ការ​អាក្រក់ ដើម្បី​ឲ្យ​​ការ​ល្អកើត​ចេញ​មក​? ដូច​ជា​មនុស្ស​មួយ​ចំនួន​ បាន​និយាយ​បង្ខូច​យើង​ថា យើង​និយាយ​ដូច្នេះ។ អ្នក​ទាំងនោះដែលនិយាយ​ដូច្នេះ​ ​សម​តែ​ទទួល​ការ​ជំនុំជម្រះ​!​

មនុស្សទាំងអស់​សុទ្ធតែមានបាប

បើ​ដូច្នេះ តើ​យើង​ល្អ​ជាង​គេ​ឬ​? មិន​មែន​ដូច្នោះ​ទេ​ ដ្បិត​យើង​បាន​បញ្ជាក់​ពីមុន​ហើយ​ថា ទោះ​ជា​ជនជាតិ​យូដា​ក្ដី ជនជាតិ​ក្រេក​ក្ដី សុទ្ធតែ​ស្ថិត​នៅ​ក្រោម​​បាប​ទាំងអស់​គ្នា​ ១០ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖ «គ្មាន​មនុស្ស​ណា​សុចរិត​ឡើយ សូម្បី​​តែ​ម្នាក់​ក៏​គ្មាន​ដែរ ១១គ្មាន​មនុស្ស​ណា​ម្នាក់​​យល់ គ្មាន​មនុស្ស​ណា​ម្នាក់​ស្វែង​រក​ព្រះជាម្ចាស់​ឡើយ១២មនុស្ស​គ្រប់គ្នា​បាន​វង្វេង ហើយ​ត្រលប់​ជា​ឥត​បានការ​ទាំងអស់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​ធ្វើ​ល្អ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ​​ ១៣បំពង់‍ក​គេ​ជា​ផ្នូរ​ចំហ​ គេ​ប្រើ​អណ្តាត​បោក​បញ្ឆោត ហើយ​បបូរមាត់​របស់​គេ​បង្កប់​ដោយ​ពិស​ពស់វែក​​ ១៤មាត់​របស់​គេ​ពេញ​ដោយ​​​បណ្តាសារ និង​សេចក្ដី​ជូរចត់​ ១៥ជើង​របស់​គេ​រហ័ស​​នឹង​បង្ហូរ​ឈាម១៦ហើយ​ផ្លូវ​របស់​គេ​មាន​តែ​សេចក្ដី​វិនាស និង​សេចក្ដី​វេទនា​ ១៧ហើយ​គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខសាន្ត​ទេ​​ ១៨​នៅ​ចំពោះ​ភ្នែក​របស់​ពួកគេ គ្មាន​ការ​កោតខ្លាច​ព្រះជាម្ចាស់​សោះ​»។

១៩យើង​ដឹង​ថា ​សេចក្ដី​ទាំង​ឡាយ​​ដែល​ចែង​ទុក​ក្នុងគម្ពីរ​វិន័យ​​ សម្រាប់​​តែអស់​អ្នក​នៅ​ក្រោម​គម្ពីរ​​វិន័យ​ ដើម្បី​​បិទ​មាត់​មនុស្ស​ទាំងអស់ ហើយ​ឲ្យ​ពិភព​លោក​ទាំងមូល​ ស្ថិត​នៅ​ក្រោម​ការ​ជំនុំជម្រះ​​របស់​ព្រះជាម្ចាស់​ ២០ដូច្នេះ គ្មាន​មនុស្ស​ណា​​អាច​រាប់​ជា​សុចរិត​នៅ​ចំពោះ​​ព្រះជាម្ចាស់​​បាន ដោយ​សារ​ការប្រព្រឹត្ដិ​​តាម​គម្ពីរ​វិន័យ​​ឡើយ ដ្បិត​ដោយ​សារ​គម្ពីរ​វិន័យ ​​យើង​​ស្គាល់​បាប​កាន់​តែ​​ច្បាស់។

សុចរិតដោយសារជំនឿ

២១ប៉ុន្ដែ ឥឡូវនេះ ក្រៅ​ពី​គម្ពីរ​វិន័យ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ បាន​​សំដែង​​​​ឲ្យ​ឃើញ​ហើយ ដោយ​​មាន​គម្ពីរ​វិន័យ​ និង​ពួក​អ្នកនាំ​ព្រះបន្ទូលធ្វើ​បន្ទាល់​ទៀត​ផង​ ២២គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ ដែល​មាន​ដោយសារ​ជំនឿ​លើ​​ព្រះ​យេស៊ូ​គ្រិស្ដ ហើយ​សម្រាប់​អស់​អ្នក​​ដែល​ជឿ ដោយ​មិន​ខុស​ប្លែក​គ្នា​ឡើយ។​

២៣​មនុស្ស​ទាំងអស់​ បាន​ធ្វើ​បាប ហើយខ្វះ​​មិន​ដល់ សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ ២៤ប៉ុន្ដែ ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិតថ្លៃ​ឡើយ​ដោយ​សារ​ព្រះគុណ​របស់​ព្រះអង្គ​ តាម​រយៈ​ការ​ប្រោស​លោះ​ ដែលនៅ​ក្នុង​ព្រះ​យេស៊ូ​គ្រិស្ដ ២៥គឺ​ព្រះជាម្ចាស់​បាន​ប្រគល់​ព្រះយេស៊ូ​ ទុកជា​យញ្ញបូជា​ប្រោសលោះ​ដោយ​សារឈាម​​របស់​ព្រះអង្គ តាមរយៈ​ជំនឿដើម្បី​បង្ហាញ​ពីសេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់។​ ព្រះជាម្ចាស់​​មិនបាន​ដាក់​​ទោស​​បាប ​ដែល​មនុស្ស​​បាន​ប្រព្រឹត្ដ​កាល​ពី​មុនទេ​ ​​​២៦ដោយ​សារ​​សេចក្ដី​អត់ធ្មត់របស់​​ព្រះអង្គ​​ ដើម្បី​បង្ហាញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ​នៅ​គ្រា​នេះ ដូច្នេះ ​ព្រះអង្គ​ផ្ទាល់​សុចរិត ព្រមទាំង​រាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូ​ ជា​សុច​រិត​ដែរ‍។​

២៧ដូច្នេះ​ហើយ ​ តើ​យើង​មាន​អ្វី​អួតអាង​? គ្មាន​ទេ​! ចុះ​សំអាង​លើ​គោលការណ៍អ្វី​? គោលការណ៍​នៃ​ការ​ប្រព្រឹត្ដ‍ិឬ​? ទេ មិនមែន​ទេ គឺ​សំអាង​លើ​ក្រឹត្យក្រម​នៃ​ជំនឿ​វិញ‍!​ ២៨ដ្បិត​យើង​យល់​ឃើញ​ថា មនុស្ស​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​​ដោយ​សារ​ជំនឿ មិន​មែន​ដោយសារ​ការ​ប្រព្រឹត្តិ​ តាម​គម្ពីរ​វិន័យទេ។

២៩តើ​ព្រះជាម្ចាស់ ជា​ព្រះ​របស់​ជនជាតិ​យូដា​ប៉ុណ្ណោះ​ឬ​? តើ​មិន​មែន​ជា​ព្រះ​របស់​សាសន៍​ដទៃ​​ដែរ​ទេ​ឬ​? មែន​ហើយ ព្រះអង្គជា​ព្រះ​របស់​សាសន៍ដទៃ​ដែរ​ ៣០ព្រោះ​មាន​ព្រះជាម្ចាស់​តែមួយ​អង្គ​ទេ ព្រះអង្គ​នឹង​រាប់​អ្នក​កាត់ស្បែក​ និង​ អ្នក​មិន‍កាត់ស្បែក​​ជា​សុចរិត​ដោយ សារ​ជំនឿ‍។ ៣១ដូច្នេះ តើ​យើង​នឹង​ទុក​គម្ពីរ​វិន័យ​ជា​ឥត​ប្រយោជន៍​ ដោយ​​ព្រោះ​ជំនឿ​ឬ​? មិន​មែនដូច្នោះ​​ទេ‍! ផ្ទុយទៅវិញ​ យើង​លើក​ស្ទួយ​គម្ពីរវិន័យ។

រ៉ូម ៣