រ៉ូម ១៥
រស់នៅដោយធ្វើឲ្យអ្នកដទៃ សប្បាយចិត្ដ
១៥យើងជាអ្នក ដែលរឹងមាំ ត្រូវទ្រាំទ្រ ចំពោះភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវផ្គាប់ចិត្តខ្លួនឯងនោះទេ ២ចូរយើងម្នាក់ៗធ្វើឲ្យអ្នកជិតខាងពេញចិត្ត ដើម្បីជាការល្អសម្រាប់ស្អាងចិត្តឡើង ៣ព្រោះសូម្បីតែព្រះគ្រិស្ដ ព្រះអង្គក៏មិនបានផ្គាប់ព្រះហឫទ័យព្រះអង្គផ្ទាល់ដែរ គឺដូចមានសេចក្ដីចែងទុកថា៖ «ដំណៀល របស់ពួកអ្នកដៀលត្មះព្រះអង្គ បានធ្លាក់មកលើខ្ញុំវិញ» ៤ដ្បិតសេចក្ដីទាំងឡាយដែលបានចែងទុកកាលពីមុន គឺបានចែងទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសង្ឃឹម តាមរយៈការស៊ូទ្រាំ និង តាមរយៈការលើកទឹកចិត្តពីបទគម្ពីរ។
៥ឥឡូវនេះ សូមព្រះជាម្ចាស់នៃការស៊ូទ្រាំ និងការលើកទឹកចិត្ដប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែមួយ តាមរយៈព្រះគ្រិស្ដយេស៊ូ ៦ដើម្បីឲ្យអ្នករាល់គ្នាសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងដោយព្រមព្រៀងគ្នា និងមានសំឡេងតែមួយ។
៧ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដូចជាព្រះគ្រិស្ដ បានទទួលអ្នករាល់គ្នាដែរចុះ ដើម្បីជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ ៨ដ្បិតខ្ញុំសូមប្រាប់ថា ព្រះគ្រិស្ដបានត្រលប់ជា អ្នកបម្រើរបស់ពួកអ្នកកាត់ស្បែក ក្នុងនាមជាសេចក្ដីពិតរបស់ព្រះជាម្ចាស់ ដើម្បីបញ្ជាក់សេចក្ដីសន្យារបស់ព្រះជាម្ចាស់ ដែលបានធ្វើជាមួយនឹងពួកដូនតា ៩និងឲ្យសាសន៍ដទៃថ្វាយសិរីរុងរឿង ដល់ព្រះជាម្ចាស់ចំពោះសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ដូចមានសេចក្ដីចែងទុកថា៖ «ដោយហេតុនេះបានជា ខ្ញុំសរសើរតម្កើងព្រះជាម្ចាស់ នៅក្នុងចំណោមសាសន៍ដទៃ ហើយខ្ញុំច្រៀងសរសើរព្រះនាមព្រះអង្គ»។ ១០ហើយមានសេចក្ដីមួយទៀតចែងទុកថា៖ «ពួកសាសន៍ដទៃអើយ! ចូរអរសប្បាយជាមួយប្រជារាស្រ្ដរបស់ព្រះអង្គចុះ!» ១១រួចមានសេចក្ដីចែងទុកទៀតថា៖ «ពួកសាសន៍ដទៃអើយ! ចូរសរសើរព្រះអម្ចាស់ជនទាំងឡាយអើយ! ចូរសរសើរព្រះអង្គចុះ!» ១២ក្នុងសេចក្ដីមួយទៀត លោកអេសាយបានថ្លែងថា៖ «នឹងមានឫសរបស់លោកអ៊ីសាយមួយកើតមក ដើម្បីគ្រប់គ្រងពួកសាសន៍ដទៃ ហើយពួកសាសន៍ដទៃ នឹងសង្ឃឹមលើព្រះអង្គ» ១៣ដូច្នេះ សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសង្ឃឹម បំពេញអ្នករាល់គ្នា ដោយអំណរគ្រប់បែបយ៉ាង និងសេចក្ដីសុខសាន្តតាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមហូរហៀរ ដោយអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ។
លោកប៉ូលផ្សាយដំណឹងល្អដល់សាសន៍ដទៃ
១៤បងប្អូនអើយ! ខ្ញុំជឿជាក់ចំពោះអ្នករាល់គ្នាថា អ្នករាល់គ្នាពេញដោយសេចក្ដីល្អ និងពេញដោយចំណេះដឹងគ្រប់បែបយ៉ាង ព្រមទាំងអាចដាស់តឿនគ្នាទៅវិញទៅមកបានដែរ ១៥ប៉ុន្ដែខ្ញុំបានសរសេរអំពីចំណុចខ្លះ ផ្ញើមកអ្នករាល់គ្នាដោយចិត្ដក្លាហាន ដើម្បីរំឭកអ្នករាល់គ្នាដោយសារព្រះគុណ ដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ ១៦គឺឲ្យខ្ញុំធ្វើជាអ្នកបម្រើព្រះគ្រិស្ដយេស៊ូសម្រាប់សាសន៍ដទៃ ហើយបំពេញតួនាទី ជាសង្ឃសម្រាប់ដំណឹងល្អ របស់ព្រះជាម្ចាស់ ដើម្បីនាំសាសន៍ដទៃ មកថ្វាយព្រះជាម្ចាស់ទុកជាតង្វាយដែលព្រះអង្គសព្វព្រះហឫទ័យទទួលយក និងដែលបានញែកជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធ។ ១៧ដូច្នេះនៅក្នុងព្រះគ្រិស្ដយេស៊ូ ខ្ញុំមានហេតុផលអួតអំពីកិច្ចការទាំងឡាយ ដែលខ្ញុំបានធ្វើថ្វាយព្រះជាម្ចាស់ ១៨ដ្បិតខ្ញុំមិនហ៊ាននិយាយអំពីអ្វីឡើយ ក្រៅពីអ្វីដែលព្រះគ្រិស្ដ បានធ្វើតាមរយៈខ្ញុំ សម្រាប់ការនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ តាមរយៈពាក្យសំដី និងការប្រព្រឹត្ដិ ១៩ដោយអំណាចនៃទីសំគាល់ ការអស្ចារ្យ និង អំណាចនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំបានប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដនៅគ្រប់ទីកន្លែងតាំងពីក្រុងយេរូសាឡិមរហូតដល់ស្រុកអ៊ីលីរីកុន។
២០ខ្ញុំមានបំណង ប្រកាសដំណឹងល្អនៅកន្លែង ដែលគេមិនធ្លាប់ឮព្រះនាមរបស់ព្រះគ្រិស្ដ ដើម្បីកុំឲ្យខ្ញុំសង់គ្រឹះលើគ្រឹះរបស់អ្នកដទៃ។ ២១ដូចមានសេចក្ដីចែងទុកថា៖ «អស់អ្នកដែលមិនទាន់បានទទួលដំណឹងអំពីព្រះអង្គ នោះនឹងបានឃើញ ឯអស់អ្នកដែលមិនធ្លាប់ឮ នោះនឹងបានយល់» ២២ហេតុនេះបានជាខ្ញុំខកខានច្រើនដង មិនបានមកឯអ្នករាល់គ្នា។
គម្រោងការបស់លោកប៉ូលធ្វើដំណើរទៅក្រុងរ៉ូម
២៣ប៉ុន្ដែពេលនេះ នៅក្នុងតំបន់ទាំងនេះ គ្មានកន្លែងណានៅសល់ទៀតឡើយ ម្យ៉ាងទៀតជាច្រើនឆ្នាំមកហើយដែលខ្ញុំមានបំណង ចង់មកជួបអ្នករាល់គ្នា ២៤ហើយពេលណាខ្ញុំធ្វើដំណើរទៅស្រុកអេស្បាញ ខ្ញុំសង្ឃឹមថានឹងជួបអ្នករាល់គ្នានៅពេលធ្វើដំណើរកាត់តាមនោះ ដើម្បីឲ្យអ្នករាល់គ្នាជួយខ្ញុំ បន្តដំណើរពីស្រុកនោះទៀត បន្ទាប់ពីខ្ញុំបានកម្សាន្ដចិត្ដបន្ដិច ដោយបានស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ។
២៥ឥឡូវនេះ ខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីនឹងបម្រើពួកបរិសុទ្ធសិន ២៦ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និង ស្រុកអាខៃសុខចិត្ដបរិច្ចាគមួយចំនួន ជួយអ្នកក្រីក្រក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម ២៧មែនហើយ ពួកគេពេញចិត្ដធ្វើដូច្នេះណាស់ ព្រោះពួកគេជំពាក់អ្នកទាំងនោះ ដ្បិតសាសន៍ដទៃ បានទទួលចំណែកខាងវិញ្ញាណពីអ្នកទាំងនោះ បានជាសាសន៍ដទៃ ត្រូវផ្គត់ផ្គង់ចំណែកខាងសាច់ឈាមដល់អ្នកទាំងនោះវិញ ២៨ដូច្នេះពេលណាខ្ញុំបំពេញកិច្ចការនេះចប់សព្វគ្រប់ គឺប្រគល់ជំនួយដល់អ្នកទាំងនោះរួចហើយ ខ្ញុំនឹងចេញដំណើរ ទៅស្រុកអេស្បាញដោយឆៀងចូលជួបអ្នករាល់គ្នា ២៩ហើយខ្ញុំដឹងថា ពេលខ្ញុំមកជួបអ្នករាល់គ្នា ខ្ញុំនឹងមកជាមួយព្រះពរ ដ៏ហូរហៀររបស់ព្រះគ្រិស្ដ។
៣០បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាក្នុងព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង និងដោយសេចក្ដីស្រឡាញ់នៃព្រះវិញ្ញាណថា ចូរខំប្រឹងជាមួយខ្ញុំ ក្នុងការអធិស្ឋានដល់ព្រះជាម្ចាស់សម្រាប់ខ្ញុំផង ៣១ដើម្បីឲ្យខ្ញុំរួចផុតពីពួកអ្នកមិនជឿនៅស្រុកយូដា និងឲ្យពួកបរិសុទ្ធ នៅក្រុងយេរូសាឡិមទទួលយកការបម្រើរបស់ខ្ញុំ ៣២ព្រមទាំងឲ្យខ្ញុំមកឯអ្នករាល់គ្នា ដោយអំណរ តាមបំណងរបស់ព្រះជាម្ចាស់ ហើយឲ្យខ្ញុំបានសម្រាក ជាមួយអ្នករាល់គ្នាដែរ។ ៣៣សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ត គង់ជាមួយអ្នកទាំងអស់គ្នា អាម៉ែន។