KCB - រ៉ូម ១២


រ៉ូម ១២

ជាយញ្ញបូជារស់ចំពោះព្រះជាម្ចាស់

១២ដូច្នេះ បងប្អូន​អើយ! តាមរយៈ​ សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះជាម្ចាស់ ខ្ញុំ​ទទូច​ឲ្យ​អ្នករាល់គ្នា​ថ្វាយ​រូបកាយ​របស់​អ្នក​រាល់​គ្នា​ទុក ជា​យញ្ញបូជា​ដែល​មានជីវិត ហើយ​បរិសុទ្ធ ព្រមទាំង​ជាទី​គាប់ព្រះហឫទ័យព្រះជាម្ចាស់ ដ្បិត​នេះ​ហើយ​ជា​ការបម្រើ​​ដ៏​ត្រឹម​ត្រូវ​របស់​អ្នករាល់គ្នា​ កុំ​ត្រាប់​តាម​លោកិយ​នេះ​ឡើយ ផ្ទុយទៅវិញ ត្រូវ​ឲ្យ​ព្រះជាម្ចាស់ ​កែប្រែ​អ្នករាល់គ្នាដោយ​គំនិត​ផ្លាស់ប្រែ​ជាថ្មី ដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹង​ច្បាស់​ថា​ អ្វី​ទៅ​ជា​បំណង​របស់​ព្រះជាម្ចាស់ គឺអ្វី​ដែល​ល្អ អ្វី​ដែល​​គាប់ព្រះហឫទ័យ​ព្រះអង្គ និង​អ្វីដែល​​គ្រប់​លក្ខណ៍​ ដ្បិត​តាមរយៈ​ព្រះគុណ​ដែល​ខ្ញុំ​បាន​ទទួល ខ្ញុំ​សូម​ប្រាប់​មនុស្ស​គ្រប់គ្នា​ក្នុង​ចំណោម​អ្នករាល់គ្នា​ថា ចូរ​កុំ​គិត​​ខ្ពស់​ហួស​ពី​គំនិត​​ដែល​ត្រូវ​គិត​ឡើយ ផ្ទុយទៅវិញ​ ត្រូវ​គិត​ឲ្យ​បាន​សមស្រប​តាម​ខ្នាត​ជំនឿ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​ម្នាក់​ៗ​​វិញ ដ្បិត​យើង​មាន​អវយវៈ​ជាច្រើន ​នៅ​ក្នុង​រូបកាយ​តែ​មួយ ហើយ​អវយវៈ​ទាំងនោះ​ សុទ្ធតែ​មាន​មុខងារ​ផ្សេងៗ​គ្នា​ជា​យ៉ាងណា​ នោះ​យើង​ដែល​មាន​គ្នា​ច្រើន​ ក៏​ជា​រូបកាយ​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ ជា​យ៉ាងនោះ​ដែរ ហើយ​ម្នាក់ៗ​ ជា​អវយវៈរបស់គ្នា​ទៅ​វិញ​ទៅ​មក។​

ដ្បិត​យើង​មាន​អំណោយ​ទាន​ផ្សេងៗ​គ្នា​តាមរយៈ​ព្រះគុណ ​ដែល​បាន​ប្រទាន​ដល់​យើង បើ​ជា​អំណោយ​ទាន​ខាង​ការ​ថ្លែង​ព្រះបន្ទូល នោះ​ចូរ​ថ្លែង​តាម​ខ្នាត​ជំនឿ​ចុះ​ បើ​ខាង​ការ​បម្រើ​ ចូរ​បម្រើ បើ​ខាង​ការ​បង្រៀន​ ចូរ​បង្រៀន​ បើ​ខាង​ការ​លើកទឹកចិត្ត ចូរ​លើកទឹកចិត្ត បើ​ខាង​ការ​ឲ្យ ចូរ​ឲ្យ​ដោយ​សប្បុរស បើ​ខាង​ការ​ដឹកនាំ ចូរ​ដឹកនាំ​ដោយ​ឧ​ស្សា​ហ៍​ បើ​ខាង​ការ​ផ្ដល់​សេចក្ដីមេត្ដា ចូរ​ធ្វើ​ដោយ​រីករាយ​ចុះ។​

ចូរ​មាន​ សេចក្ដីស្រឡាញ់​​ឥត​ពុតត្បុត​ ស្អប់​សេចក្ដី​អាក្រក់ ហើយ​ប្រកាន់​ខ្ជាប់​សេចក្ដី​ល្អ‍។​ ១០ចូរ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ ដោយ​សេចក្ដីស្រឡាញ់​​ជា​បងប្អូន ហើយ​ចូរ​គោរព​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ផ្ដល់​កិត្ដិយស‍ ១១ចូរ​ឧស្សាហ៍ កុំ​ខ្ជិល​ឡើយ ចូរ​បម្រើ​ព្រះអម្ចាស់ដោយ​​វិញ្ញាណ​ឆេះឆួល។​

១២ចូរ​អរ​សប្បាយ ​ដោយ​មាន​សង្ឃឹម ចូរ​ស៊ូទ្រាំ​នៅ​ក្នុង​សេចក្ដី​ទុក្ខលំបាក ចូរ​អធិស្ឋាន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ​១៣ចូរ​ផ្គត់ផ្គង់​ពួក​បរិសុទ្ធ​ ដែល​មាន​សេចក្ដី​ត្រូវការ ហើយ​ត្រូវ​ចេះ​ទទួល​ភ្ញៀវ ​ដោយ​រាក់ទាក់​ផង‍។​

១៤ចូរ​ឲ្យ​ពរ​ ដល់ពួក​អ្នក​បៀតបៀន​អ្នករាល់គ្នា ចូរ​ឲ្យ​ពរ កុំ​ដាក់​បណ្តាសា​ឲ្យ​សោះ​ ១៥ចូរ​អរ​សប្បាយ​ជាមួយ​ពួក​អ្នក​អរ​សប្បាយ ហើយ​យំ​ជាមួយ​ពួក​អ្នក​យំ​ ១៦ចូរ​មាន​គំនិត ​ឲ្យ​ចុះសម្រុង​គ្នាទៅ​វិ​ញ​ទៅ​មក​ កុំ​មាន​គំនិត​ឆ្មើងឆ្មៃ ត្រូវ​ចុះសម្រុង​ជាមួយ​អ្នក​ទន់ទាប​​ ហើយ​កុំ​គិត​ថា​ខ្លួន​ឯង​ឆ្លាត​ឡើយ‍។​ ១៧ចូរ​កុំ​តប​ស្នង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ ត្រូវ​តាំង​ចិត្ដ​ធ្វើ​ការ​ល្អ​ នៅ​ចំពោះ​​មនុស្ស​ទាំងអស់​ ១៨ចំ​ពោះ​​អ្នករាល់គ្នា​វិញ ចូរ‍រស់​នៅ​ជាមួយ​មនុស្ស​ទាំងអស់ ​ដោយ​សុខសាន្ដ ចុះ បើ​ធ្វើ​កើត។ ​១៩បងប្អូន​ជាទីស្រឡាញ់​អើយ! ចូរ​កុំ​សងសឹក​ដោយ​ខ្លួន​ឯង​ឡើយ ប៉ុន្ដែ​ទុក​ឲ្យ​ព្រះជា​ម្ចាស់​បញ្ចេញ​កំហឹង​ចុះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖ «ព្រះអម្ចាស់​មានបន្ទូល​ថា ការ​សងសឹក​ស្រេច​លើ​យើង យើង​នឹង​តបស្នង​ពួកគេ​វិញ​​ ២០ប៉ុន្ដែ​បើ​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​ឲ្យ​គេ​បរិភោគ ហើយ​បើ​គេ​ស្រេក ចូរ​ឲ្យ​គេ​ផឹក​ដែរ​ចុះ ដ្បិត​ធ្វើ​ដូច្នេះ ប្រៀប​ដូចជា​ អ្នក​ប្រមូល​រងើក​ភ្លើង​ដាក់​លើ​ក្បាល​របស់​គេ​»។​ ២១ចូរ​កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​បាន​ឡើយ ប៉ុន្ដែ​ចូរ​អ្នក​យក​ឈ្នះ​លើ​សេចក្ដី​អាក្រក់ ​ដោយ​សេចក្ដី​ល្អ​ចុះ។

រ៉ូម ១២