រ៉ូម ១១
សេចក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ចំពោះជនជាតិអ៊ីស្រាអែល
១១ដូច្នេះ ខ្ញុំសូមសួរថា តើព្រះជាម្ចាស់បោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គចោលឬ? មិនមែនដូច្នោះទេ ព្រោះខ្ញុំផ្ទាល់ក៏ជាជនជាតិអ៊ីស្រាអែលម្នាក់ដែរ ហើយជាពូជពង្សរបស់លោកអ័ប្រាហាំ កើតនៅក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
២ព្រះជាម្ចាស់ មិនបោះបង់ចោលប្រជារាស្រ្ដរបស់ព្រះអង្គ ដែលព្រះអង្គបានស្គាល់ជាមុននោះឡើយ ឬមួយអ្នករាល់គ្នាមិនដឹងអំពីអ្វី ដែលបទគម្ពីរបានចែងអំពីលោកអេលីយ៉ាទេឬអីថា តើគាត់ទូលអង្វរព្រះជាម្ចាស់ ទាស់ជាមួយជនជាតិអ៊ីស្រាអែល យ៉ាងដូចម្ដេចខ្លះ? ៣គឺគាត់ទូលថា៖ «ព្រះអម្ចាស់អើយ! ពួកគេបានសម្លាប់ ពួកអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គ ហើយរំលំកន្លែងថ្វាយតង្វាយទាំងឡាយ របស់ព្រះអង្គចោល នៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ រួចពួកគេរកសម្លាប់ខ្ញុំទៀត!»
៤តើព្រះជាម្ចាស់មានបន្ទូលឆ្លើយទៅគាត់យ៉ាងដូចម្តេច? គឺព្រះអង្គឆ្លើយថា៖ «យើងបានរក្សាមនុស្សប្រាំពីរពាន់នាក់ទុកសម្រាប់យើង ជាពួកអ្នកដែលមិនលុតជង្គង់ នៅចំពោះមុខព្រះបាល»។
៥ដូច្នេះដែរ នៅបច្ចុប្បន្ននេះ ក៏មានអ្នកនៅសល់ ដែលព្រះអង្គបានជ្រើសរើសដោយសារព្រះគុណ ៦ហើយបើដោយសារព្រះគុណមែន នោះមិនត្រូវអាងលើការប្រព្រឹត្តិទៀតទេ បើមិនដូច្នេះទេ ព្រះគុណមិនមែនជាព្រះគុណទៀតទេ។
៧តើយ៉ាងដូចម្តេចទៀត? អ្វីដែលជនជាតិអ៊ីស្រាអែលស្វែងរក នោះមិនបានទទួលឡើយ ប៉ុន្ដែពួកដែលត្រូវបានជ្រើសរើសបានទទួល ឯអ្នកឯទៀតៗត្រូវធ្វើឲ្យមានចិត្តរឹងរូស ៨ដូចមានសេចក្ដីចែងទុកថា៖ «ព្រះជាម្ចាស់ប្រទានវិញ្ញាណស្ពឹកស្រពន់ និងភ្នែកដែលមើលមិនឃើញ ហើយត្រចៀកដែលស្តាប់មិនឮ ដល់ពួកគេរហូតមកដល់សព្វថ្ងៃនេះ»។ ៩ឯស្តេចដាវីឌវិញនិយាយថា៖ «សូមឲ្យតុរបស់ពួកគេត្រលប់ជាអង្គប់ ជាអន្ទាក់ ជារបស់ដែលធ្វើឲ្យជំពប់ដួល និងជាសំណងដល់ពួកគេវិញចុះ ១០សូមឲ្យភ្នែករបស់ពួកគេងងឹតមើលមិនឃើញ ហើយឲ្យខ្នងរបស់ពួកគេកោងរហូត»។
មែកដែលផ្សាំ
១១ដូច្នេះ ខ្ញុំសូមសួរថា តើពួកគេបានជំពប់ដើម្បីដួលចុះឬ? មិនមែនដូច្នោះទេ ផ្ទុយទៅវិញ ដើម្បីឲ្យសាសន៍ដទៃបានទទួលសេចក្ដីសង្គ្រោះ ដោយសារកំហុសរបស់ពួកគេ ព្រមទាំងធ្វើឲ្យពួកគេច្រណែន។ ១២បើកំហុសរបស់ពួកគេនាំភាពចម្រើនដល់ពិភពលោក ហើយការអន់ថយរបស់ពួកគេ នាំភាពចម្រើន ដល់សាសន៍ដទៃ យ៉ាងនេះទៅហើយ ចុះទម្រាំភាពពេញលក្ខណៈរបស់ពួកគេវិញ នោះនឹងនាំនូវការប្រសើរច្រើនលើសលប់យ៉ាងណាទៅទៀត!
១៣ខ្ញុំនិយាយទៅអ្នករាល់គ្នា ជាសាសន៍ដទៃ ព្រោះខ្ញុំជាសាវកសម្រាប់សាសន៍ដទៃបានជាខ្ញុំលើកតម្កើងការងាររបស់ខ្ញុំនេះ ១៤ហើយប្រហែលជាខ្ញុំអាចធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែន ដើម្បីឲ្យពួកគេខ្លះទទួលបានសេចក្ដីសង្គ្រោះ។ ១៥បើការដែលពួកគេត្រូវបដិសេធ នាំសេចក្ដីផ្សះផ្សាដល់ពិភពលោកយ៉ាងនេះទៅហើយ ចុះទម្រាំបើពួកគេត្រូវទទួលយកវិញ នោះតើមិនមែនជាការមានជីវិតរស់ឡើងវិញ ពីសេចក្ដីស្លាប់ទេឬ? ១៦បើមួយចំណិតដំបូងនៃតង្វាយបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធដែរ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។
១៧យ៉ាងណាក្ដី បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកដែលជាដើមអូលីវព្រៃត្រូវបានផ្សាំ ក្នុងចំណោមមែកទាំងនោះ ព្រមទាំងស្រូបយកជីវជាតិពីឫសដើមអូលីវស្រុកជាមួយមែកផ្សេងទៀតទៅហើយ ១៨នោះចូរ កុំអួតអាងនឹងមែកទាំងនោះឡើយ ទោះបីអ្នកអួតអាងក៏ដោយ ក៏ចូរដឹងថាមិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសចិញ្ចឹមអ្នកវិញ។
១៩ពេលនោះ អ្នកនឹងនិយាយថា មែកទាំងនោះត្រូវបានកាត់ចេញ ដើម្បីយកខ្ញុំផ្សាំជំនួស។ ២០មែនហើយ ពួកគេត្រូវបានកាត់ចេញ ដោយសារគ្មានជំនឿ រីឯអ្នកវិញ ត្រូវបានភ្ជាប់ឲ្យជាប់ដោយសារជំនឿ ដូច្នេះកុំមានគំនិតឆ្មើងឆ្មៃឡើយ ប៉ុន្ដែចូរកោតខ្លាចវិញ ២១ដ្បិតបើ ព្រះជាម្ចាស់មិនអត់ឱនឲ្យមែកពីកំណើតផង នោះព្រះជាម្ចាស់ក៏មិនអត់ឱនឲ្យអ្នកដែរ។
២២ចូរពិចារណាអំពី សេចក្ដីសប្បុរស និង ភាពម៉ឺងម៉ាត់របស់ព្រះជាម្ចាស់ចុះ។ ព្រះអង្គមានភាពម៉ឺងម៉ាត់ចំពោះអស់អ្នកដែលដួលចុះ ប៉ុន្ដែព្រះអង្គមានសេចក្ដីសប្បុរសចំពោះអ្នក លុះត្រាតែអ្នកនៅជាប់នឹង សេចក្ដីសប្បុរសរបស់ព្រះអង្គ បើមិនដូច្នេះទេ អ្នកក៏ត្រូវកាត់ចេញដែរ ២៣ឯពួកអ្នកដែលត្រូវកាត់ចេញទាំងនោះក៏ដូច្នេះដែរ បើពួកគេបោះបង់ភាពគ្មានជំនឿរបស់ពួកគេ ព្រះជាម្ចាស់នឹងផ្សាំពួកគេវិញ ព្រោះព្រះអង្គអាចផ្សាំពួកគេជាថ្មីបាន។
២៤ដ្បិតបើ អ្នកដែលមានកំណើតជាដើមអូលីវព្រៃ ត្រូវបានកាត់យកមកផ្សាំជាប់ដើមអូលីវស្រុក ដែលមិនមែនជាដើមពីកំណើតទៅហើយ ចុះទម្រាំពួកគេ ដែលមានកំណើតជាដើមអូលីវស្រុកស្រាប់ នោះងាយផ្សាំជាប់ដើមរបស់ខ្លួនវិញលើសជាងអម្បាលមានទៅទៀត។
ជនជាតិអ៊ីស្រាអែលទាំងអស់នឹងបានទទួលសេចក្ដីសង្រ្គោះ
២៥បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹង អំពីអាថ៌កំបាំងនេះឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាស្មានថា ខ្លួនឯងឆ្លាត គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូស រហូតទាល់តែឲ្យសាសន៍ដទៃទាំងឡាយបានចូលមកគ្រប់ចំនួន។ ២៦ដូច្នេះហើយ ជនជាតិអ៊ីស្រាអែលនឹងទទួលបាន សេចក្ដីសង្គ្រោះទាំងអស់គ្នា ដូចមានសេចក្ដីចែងទុកថា៖ «ព្រះអង្គសង្គ្រោះ នឹងយាងចេញពីក្រុងស៊ីយ៉ូន ហើយព្រះអង្គ នឹងដកយកការមិនកោតខ្លាចព្រះជាម្ចាស់ចេញពីយ៉ាកុប ២៧ដ្បិតនេះហើយ ជាកិច្ចព្រមព្រៀងរបស់យើងជាមួយពួកគេ គឺនៅពេលដែលយើងដកយកបាបចេញពីពួកគេ»។
២៨យោងតាមដំណឹងល្អ ដោយសារអ្នករាល់គ្នា ពួកគេត្រលប់ជាសត្រូវរបស់ព្រះជាម្ចាស់ ប៉ុន្ដែយោងតាមការជ្រើសរើសវិញ ដោយសារដូនតារបស់ពួកគេ ព្រះជាម្ចាស់ស្រឡាញ់ពួកគេ ២៩ព្រោះអំណោយទាន និងការត្រាស់ហៅរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ៣០ដ្បិតពីដើម អ្នករាល់គ្នាមិនបានស្តាប់បង្គាប់ព្រះជាម្ចាស់ តែឥឡូវអ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាករុណា ដោយសារពួកអ្នកមិនស្តាប់បង្គាប់ទាំងអស់នោះ ជាយ៉ាងណា ៣១នោះពួកគេក៏ដូច្នោះដែរ គឺឥឡូវនេះ ពួកគេមិនស្តាប់បង្គាប់ដើម្បីឲ្យពួកគេទទួលបានសេចក្ដីមេត្ដាករុណានៅពេលនេះ ដោយសេចក្ដីមេត្ដាករុណាដែលអ្នករាល់គ្នា បានទទួលនោះដែរ ៣២ដ្បិតព្រះជាម្ចាស់ បានបង្ខាំងមនុស្សទាំងអស់ទុកក្នុង សេចក្ដីមិនស្តាប់បង្គាប់ ដើម្បីសំដែង សេចក្ដីមេត្តាករុណាដល់ពួកគេគ្រប់គ្នា។
៣៣សេចក្ដីសប្បុរស ប្រាជ្ញា និងចំណេះរបស់ព្រះជាម្ចាស់បរិបូរ ជ្រាលជ្រៅណាស់! គ្មានអ្នកណាអាចពិពណ៌នាអំពីការជំនុំជម្រះ របស់ព្រះអង្គបានទេ ហើយក៏គ្មានអ្នកណាអាច យល់អំពីមាគ៌ារបស់ព្រះអង្គបានដែរ ៣៤តើមានអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់ ឬធ្លាប់ធ្វើជាអ្នកផ្ដល់យោបល់ ដល់ព្រះអង្គដែរឬទេ? ៣៥តើមានអ្នកណាធ្លាប់ថ្វាយដល់ព្រះអង្គជាមុន ដើម្បីឲ្យព្រះអង្គតបស្នងដល់ខ្លួនវិញដែរឬទេ? ៣៦ដ្បិតអ្វីៗទាំងអស់កើតមកពីព្រះអង្គ ដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។ សូមឲ្យព្រះអង្គ ប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។