រ៉ូម ១
រ៉ូម
ពាក្យជម្រាបសួរពីលោកប៉ូល
១ខ្ញុំ ប៉ូល ជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាសាវកម្នាក់ដែលត្រូវបានត្រាស់ហៅ ព្រមទាំងញែកចេញ សម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់ ២ដែលបានសន្យាពីមុនមកតាមរយៈពួកអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងបទគម្ពីរបរិសុទ្ធ ៣អំពីព្រះរាជបុត្រារបស់ព្រះអង្គ ដែលខាងឯសាច់ឈាម បានប្រសូតពីពូជពង្សរបស់ស្ដេចដាវីឌ ៤ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដោយព្រះចេស្ដារបស់ព្រះវិញ្ញាណ នៃសេចក្ដីបរិសុទ្ធបានរស់ពីការសោយទិវង្គតឡើងវិញ គឺជាព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ៥ដែលយើងបានទទួលព្រះគុណ និងតួនាទីជាសាវកដើម្បីឲ្យ
គ្រប់ជនជាតិ បានស្ដាប់បង្គាប់តាមជំនឿ សម្រាប់ព្រះនាមរបស់ព្រះអង្គ។
៦អ្នករាល់គ្នា ក៏នៅក្នុងចំណោមពួកអ្នកដែលព្រះយេស៊ូគ្រិស្ដបានត្រាស់ហៅដែរ។ ៧ជូនចំពោះបងប្អូនជាទីស្រឡាញ់ទាំងអស់នៅក្នុងព្រះជាម្ចាស់ ដែលបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធ នៅក្រុង រ៉ូម។ សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
លោកប៉ូលចង់មកសួរសុខទុក្ខក្រុមជំនុំនៅក្រុងរ៉ូម
៨ជាបឋម ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រិស្ដសម្រាប់អ្នកទាំងអស់គ្នា ព្រោះមានគេប្រកាសប្រាប់ពី ជំនឿរបស់អ្នករាល់គ្នាពាសពេញពិភពលោក ៩ហើយព្រះជាម្ចាស់ដែលខ្ញុំបម្រើ ដោយវិញ្ញាណរបស់ខ្ញុំក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ជាសាក្សីរបស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នា ១០ជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ដោយទូលសូមឲ្យម្ដងនេះ ខ្ញុំអាចមកលេងអ្នករាល់គ្នាបាននៅទីបំផុត ដោយវិធីណាមួយ តាមបំណងរបស់ ព្រះជាម្ចាស់។
១១ដ្បិតខ្ញុំទន្ទឹងរង់ចាំ ជួបអ្នករាល់គ្នា ដើម្បីចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ ១២គឺឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក ពេលនៅជាមួយគ្នា តាមរយៈជំនឿរបស់យើងម្នាក់ៗ គឺទាំងជំនឿរបស់អ្នករាល់គ្នា និងរបស់ខ្ញុំ។
១៣បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមានគម្រោងមកលេងបងប្អូនច្រើនដងមកហើយដើម្បីឲ្យខ្ញុំបានទទួលផលខ្លះនៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលខ្ញុំធ្លាប់បានទទួល នៅក្នុងចំណោមជនជាតិផ្សេងទៀតដែរ ប៉ុន្ដែខ្ញុំត្រូវបានរារាំងរហូតដល់ពេលនេះ។
១៤ខ្ញុំជំពាក់ទាំងជនជាតិក្រេក និងជនជាតិដទៃទៀត ទាំងអ្នកប្រាជ្ញ និងអ្នកល្ងង់ខ្លៅ ១៥ដូច្នេះខ្ញុំក៏ចង់ប្រកាសដំណឹងល្អដល់អ្នករាល់គ្នា ដែលនៅក្រុងរ៉ូមខ្លាំងណាស់ដែរ។
១៦គឺខ្ញុំ មិនខ្មាសនឹងដំណឹងល្អទេ ព្រោះជា ព្រះចេស្ដារបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះ ដល់អស់អ្នកដែលជឿ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក ១៧ដ្បិតនៅក្នុងដំណឹងល្អ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើកសំដែងដោយសារជំនឿ ហើយឲ្យជំនឿនោះចម្រើនច្រើនឡើង ដូចមានចែងទុកថា៖ «មនុស្សសុចរិតនឹងរស់ដោយជំនឿ»។
ព្រះជាម្ចាស់ក្រោធនឹងបាប
១៨សេចក្ដីក្រោធ របស់ព្រះជាម្ចាស់បានបង្ហាញពីស្ថានសួគ៌ មកទាស់នឹងគ្រប់ទាំង ការមិនកោតខ្លាចព្រះជាម្ចាស់ និង សេចក្ដីទុច្ចរិតរបស់មនុស្សដែលកំពុងបង្ខាំងសេចក្តីពិតក្នុងសេចក្ដីទុច្ចរិត ១៩ព្រោះអ្វីដែលអាច ធ្វើឲ្យពួកគេស្គាល់ព្រះជាម្ចាស់បាន គឺបានបង្ហាញនៅក្នុងចំណោមពួកគេហើយ ដ្បិតព្រះជាម្ចាស់បានបង្ហាញឲ្យពួកគេឃើញ។ ២០តាំងពីកំណើតពិភពលោកមក លក្ខណៈរបស់ព្រះអង្គដែលមិនអាចមើលឃើញ គឺព្រះចេស្ដាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈអ្វីៗ ដែលព្រះអង្គបានបង្កើតមកដែរ។ ដូច្នេះ ពួកគេគ្មានសេចក្ដីដោះសាឡើយ។
២១ទោះជា ពួកគេស្គាល់ព្រះជាម្ចាស់ក៏ដោយ ក៏មិនតម្កើងព្រះអង្គ ជាព្រះជាម្ចាស់ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គំនិតរបស់ពួកគេត្រលប់ជាគ្មានបានការ ហើយចិត្តល្ងង់ខ្លៅរបស់ពួកគេក៏ត្រលប់ជាងងឹត ២២ពួកគេអះអាងថា ខ្លួនឯងមានប្រាជ្ញា ប៉ុន្ដែពួកគេល្ងង់ទេ ២៣ព្រោះពួកគេបានដូរសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលមិនចេះស្លាប់ យករូបសំណាករបស់មនុស្ស ដែលពុករលួយ ព្រមទាំងសត្វស្លាប សត្វជើងបួន និងសត្វលូនវារមកជំនួសវិញ។
២៤ដូច្នេះហើយ បានជាព្រះជាម្ចាស់បណ្តោយពួកគេ ឲ្យប្រព្រឹត្ដអំពើស្មោកគ្រោកទៅតាមចំណង់តណ្ហារបស់ពួកគេ ដែលប្រមាថរូបកាយរបស់គ្នាទៅវិញទៅមក។ ២៥ពួកគេបានដូរសេចក្តីពិតរបស់ព្រះជាម្ចាស់ យកសេចក្ដីភូតភរ ហើយបានថ្វាយបង្គំ និងបម្រើអ្វីៗដែលត្រូវបានបង្កើតឡើង ជាជាងព្រះដែលបានបង្កើត និងជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច អាម៉ែន។
២៦ដោយសារហេតុនេះ ព្រះជាម្ចាស់បណ្តោយពួកគេ ឲ្យទៅតាមតណ្ហាថោកទាប សូម្បីតែពួកស្រីៗក៏បានផ្លាស់ប្ដូរការរួមភេទតាមធម្មតា ទៅជាខុសធម្មតា ២៧ឯពួកប្រុសៗក៏ដូច្នោះដែរ ពួកគេបោះបង់ការរួមភេទតាមធម្មតាជាមួយមនុស្សស្រី ហើយបែរជាពុះកញ្ជ្រោលក្នុងការស្រើបស្រាលជាមួយប្រុសដូចគ្នា។ ពួកគេបានប្រព្រឹត្ដយ៉ាងអាក្រក់ គឺប្រុសជាមួយប្រុស ហើយពួកគេបានទទួលការតបស្នងចំពោះពួកគេវិញ យ៉ាងសក្ដិសមនឹងកំហុសរបស់ខ្លួន។
២៨ដោយព្រោះ ពួកគេមិនព្រមទទួលស្គាល់ព្រះជាម្ចាស់សោះ ព្រះអង្គក៏បណ្តោយពួកគេ ឲ្យទៅតាមគំនិតខុសឆ្គង គឺឲ្យប្រព្រឹត្ដមិនគួរគប្បី ២៩ដូច្នេះ ពួកគេពេញដោយ សេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង សេចក្ដីអាក្រក់ សេចក្ដីលោភលន់ និងសេចក្ដីកំណាច ហើយពេញដោយសេចក្ដីឈ្នានីស ការកាប់សម្លាប់ ការឈ្លោះប្រកែក ល្បិចកល និងគំនិតព្យាបាទទៀតផង។ ពួកគេជាមនុស្សនិយាយដើមគេ ៣០មនុស្សនិយាយបង្ខូចគេ មនុស្សស្អប់ព្រះជាម្ចាស់ មនុស្សព្រហើន មនុស្សក្អេងក្អាង មនុស្សអួត មនុស្សបង្កើតការអាក្រក់ មនុស្សមិនស្តាប់បង្គាប់ឪពុកម្តាយ ៣១មនុស្សមិនដឹងខុសត្រូវ មនុស្សមិនស្មោះត្រង់ មនុស្សគ្មានសេចក្ដីស្រឡាញ់ មនុស្សគ្មានសេចក្ដីមេត្ដា។ ៣២ពួកគេដឹងអំពីការដាក់ទោសរបស់ព្រះជាម្ចាស់ថា អស់អ្នកដែលប្រព្រឹត្តអំពើបែបនេះ សមនឹងស្លាប់ ហើយពួកគេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងពេញចិត្ដនឹងពួកអ្នក ដែលប្រព្រឹត្តអំពើទាំងនោះទៀតផង។