KCB - វិវរណៈ ៨


វិវរណៈ ៨

កូនចៀមបកត្រាទីប្រាំពីរ

ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំពីរនោះមានសភាពស្ងាត់ស្ងៀម​នៅស្ថាន​សួគ៌​ ប្រហែល​កន្លះ​ម៉ោង ​ហើយ​ខ្ញុំ​ក៏​​ឃើញ​ទេវតា​ទាំង​ប្រាំពីររូប​ ដែល​ឈរ​នៅ​មុខ​ព្រះជាម្ចាស់ បាន​ទ​ទួលត្រែ​​ប្រាំពីរ។

​មាន​ទេវតា​មួយរូប​ទៀត​​ កាន់​ពាន​មាសមួយ បាន​មក​ឈរ​នៅ​មុខ​​កន្លែងថ្វាយតង្វាយ ហើយ​បាន​ទទួល​​គ្រឿង​ក្រអូប​ជា​ច្រើន​ដើម្បី​ថ្វាយ​ជាមួយ សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​ទាំង​អស់ នៅ​លើ​កន្លែងថ្វាយតង្វាយធ្វើអំពីមាស​ដែល​នៅ​ពីមុខ​បល្ល័ង្ក។​ ផ្សែង​នៃ​គ្រឿង​ក្រអូបនោះ ក៏ហុយចេញពីដៃរបស់​ទេវតា ឡើងទៅលើ​ជាមួយ​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធនៅ​ចំពោះ​មុខ​ព្រះជាម្ចាស់។ ​​ទេវតា​នោះ​ បាន​យក​ពានមក​ ហើយយក​​​​ភ្លើង ពី​កន្លែងថ្វាយតង្វាយ មក​ដាក់ពេញពាននោះ រួចក៏​បោះ​ទៅ​លើ​ផែនដី នោះ​កើត​មាន​ផ្គរលាន់ មាន​សំឡេង មាន​ផ្លេក​បន្ទោរ និង​រញ្ជួយ​ផែនដី។

សំឡេងត្រែបួនដំបូង

​រួច​ទេវតា​ទាំង​ប្រាំពីរ ដែល​មាន​ត្រែ​ប្រាំពីរនោះបាន​​ប្រុង​ប្រៀប​ផ្លុំ​ត្រែ។

​ទេវតា​ទី​មួយ​ក៏ផ្លុំ​ត្រែ​ឡើង នោះ​​កើត​មាន​ព្រឹល និង​ភ្លើង​លាយ​ជា​មួយ​ឈាម ដែល​​បាន​​បោះ​ទៅ​លើ​ផែនដី ហើយ​ផែនដី​ឆេះ​អស់​មួយ​ភាគ​បី ដើម​ឈើ​ឆេះ​អស់​មួយ​ភាគ​បី ហើយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ឡាយក៏​ឆេះ​អស់​ដែរ។

​ទេវតា​ទី​ពីរ​ក៏​ផ្លុំ​ត្រែ​ឡើង នោះហាក់​ដូចជា​​មាន​​ភ្នំ​មួយ​យ៉ាង​ធំ​កំពុង​​ឆេះ ដែល​បាន​បោះ​ទៅ​ក្នុង​សមុទ្រ ហើយ​​សមុទ្រ​មួយ​ភាគ​បី​ក៏​ត្រលប់​ជា​ឈាម ​រីឯ​សត្វ​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​សមុទ្រ បាន​ស្លាប់​អស់​មួយ​ភាគ​បី​ ហើយ​នាវា​​ទាំង​ឡាយ​ ក៏​ត្រូវ​បាន​បំផ្លាញ​អស់​មួយ​ភាគ​បី​ដែរ។

១០ទេវតា​ទី​បី​ក៏​ផ្លុំ​ត្រែ​ឡើង នោះ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ​ឆេះ​ដូច​ចន្លុះ​ បានធ្លាក់​​ពី​លើ​មេឃទៅ​ក្នុង​ទន្លេ​ទាំងឡាយ​​ អស់​មួយ​ភាគ​បី និង​ទៅ​ក្នុង​​ប្រភព​ទឹក​ទាំង​ឡាយ​​ដែរ ១១ផ្កាយ​នោះ​ឈ្មោះ​ស្លែង​ ហើយ​ទឹក​មួយ​ភាគ​បី​បាន​ត្រលប់​ទៅ​ជា​ល្វីងដូច​ស្លែង។​ ​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ដោយ​សារ​ទឹក​នោះ ពីព្រោះ​បាន​ត្រលប់ជា​ល្វីង​​អស់​ហើយ។

១២ទេវតា​ទី​បួន​ក៏​ផ្លុំ​ត្រែ​ឡើង ដួង​អាទិត្យ​មួយ​ភាគ​បី លោក​ខែមួយ​ភាគ​បី និង​ផ្កាយ​មួយ​ភាគ​បី​ ត្រូវ​បាន​បំផ្លាញ​ ដូច្នេះ​ធ្វើ​ឲ្យ​ងងឹត​មួយ​ភាគ​បី ហើយ​​នៅ​​ពេល​ថ្ងៃ​លែង​មានពន្លឺ​មួយ​ភាគ​បី រីឯ​នៅ​ពេល​យប់​ក៏​ដូច្នោះ​ដែរ។

១៣​នោះ​ខ្ញុំ​បាន​ឃើញមាន​​សត្វ​ឥន្រ្ទី​មួយ​កំពុង​ហើរ​លើ​អាកាស ហើយ​ឮ​​វាស្រែក​​ខ្លាំង‍ៗ​ថា​៖ «វេទនាហើយ​ វេទនាហើយ​ វេទនាហើយ​ ​ដល់​ពួក​អ្នក​ដែល​រស់នៅ​លើ​ផែនដី ដោយ​ព្រោះ​សំឡេង ​ត្រែ​របស់​ទេវតា​បី​រូប​ទៀត​ ដែល​បម្រុង​នឹង​​​ផ្លុំ»។

វិវរណៈ ៨