វិវរណៈ ៣
ព្រះរាជសារទៅក្រុមជំនុំនៅក្រុង សើដេស
៣«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំ នៅក្រុងសើដេសថា ព្រះអង្គដែលមាន ព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងមានផ្កាយទាំងប្រាំពីរ មានបន្ទូលដូច្នេះថា យើងស្គាល់ការប្រព្រឹត្តិរបស់អ្នកហើយ អ្នកឈ្មោះថារស់ ប៉ុន្ដែអ្នកស្លាប់ទេ។ ២ចូរប្រុងស្មារតី ហើយពង្រឹងអ្វីៗនៅសល់ដែលបម្រុងនឹងស្លាប់នោះ ដ្បិតយើងបានឃើញថា ការប្រព្រឹត្តិរបស់អ្នកមិនបានគ្រប់លក្ខណ៍ នៅចំពោះមុខព្រះជាម្ចាស់របស់យើងឡើយ។ ៣ដូច្នេះចូរនឹកចាំថា អ្នកបានទទួល និងបានឮជាយ៉ាងណា នោះចូរកាន់តាម ហើយប្រែចិត្តចុះ បើអ្នកមិនប្រុងស្មារតីទេ នោះយើងនឹងមកឯអ្នកដូចជាចោរ ហើយអ្នកមិនដឹងថា យើងនឹងមកឯអ្នកនៅពេលណាឡើយ ៤ប៉ុន្ដែនៅក្រុងសើដេសក៏មានអ្នកខ្លះ ក្នុងចំណោមអ្នកមិនបានធ្វើឲ្យសម្លៀកបំពាក់ របស់ពួកគេស្មោកគ្រោកទេ អ្នកទាំងនោះនឹងដើរជាមួយយើង ទាំងស្លៀកពាក់ពណ៌ស ដ្បិតពួកគេស័ក្តិសមណាស់។ ៥អ្នកណាមានជ័យជម្នះ អ្នកនោះនឹងបានស្លៀកពាក់ពណ៌ស ដូច្នោះដែរ យើងនឹងមិនលប់ឈ្មោះរបស់អ្នកនោះ ចេញពីបញ្ជីជីវិតឡើយ យើងនឹងទទួលស្គាល់ឈ្មោះ របស់អ្នកនោះ នៅចំពោះមុខព្រះវរបិតារបស់យើង និងនៅចំពោះមុខពួកទេវតារបស់ព្រះអង្គដែរ។ ៦អ្នកណាមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។
ព្រះរាជសារទៅក្រុមជំនុំនៅក្រុង ភីឡាដិលភា
៧«ចូរសរសេរទៅទេវតា របស់ក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ព្រះអង្គដ៏ពិត ព្រះអង្គដែលមានកូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មានអ្នកណាបិទបាន ហើយបើព្រះអង្គបិទ ក៏គ្មានអ្នកណាបើកបាន មានបន្ទូលដូច្នេះថា ៨យើងស្គាល់ការប្រព្រឹត្តិរបស់អ្នកហើយ មើល៍ យើងបានបើកទ្វារចំហនៅពីមុខអ្នក ដែលគ្មានអ្នកណាអាចបិទបានឡើយ។ អ្នកមានកម្លាំងបន្តិចបន្តួចមែន ប៉ុន្ដែអ្នកបានកាន់តាមពាក្យរបស់យើង ព្រមទាំងមិនបានបដិសេធឈ្មោះរបស់យើងឡើយ។ ៩មើល៍ យើងនឹងធ្វើឲ្យក្រុមជំនុំរបស់អារក្សសាតាំង ជាពួកអ្នកដែលហៅខ្លួនឯង ថាជាជនជាតិយូដា ប៉ុន្ដែមិនមែនឡើយ ពួកគេជាពួកកុហក គឺយើងនឹងធ្វើឲ្យពួកគេមកក្រាបនៅទៀបជើងរបស់អ្នក ហើយពួកគេនឹងដឹងថា យើងស្រឡាញ់អ្នកមែន។ ១០ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើង ដែលឲ្យស៊ូទ្រាំ នោះយើងនឹងរក្សាអ្នកឲ្យរួចផុតពីគ្រានៃសេចក្តីវេទនា ដែលបម្រុងនឹងមកលើពិភពលោកទាំងមូល ដើម្បីល្បងលពួកអ្នកដែលរស់នៅលើផែនដី។ ១១យើងនឹងមកយ៉ាងឆាប់ ចូរកាន់ខ្ជាប់សេចក្ដីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់អ្នកបានឡើយ។ ១២អ្នកណាមានជ័យជម្នះ យើងនឹងតាំងអ្នកនោះឲ្យធ្វើជាសសរទ្រូង នៅក្នុងព្រះវិហារនៃព្រះរបស់យើង ហើយអ្នកនោះនឹងមិនចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងសរសេរ ព្រះនាមនៃព្រះរបស់យើង និងឈ្មោះក្រុងនៃព្រះរបស់យើង នៅលើអ្នកនោះ ជាក្រុងយេរូសាឡិមថ្មីដែលចុះមកពីស្ថានសួគ៌ គឺមកពីព្រះរបស់យើង ហើយយើង ក៏នឹងសរសេរឈ្មោះថ្មីរបស់យើងនៅលើអ្នកនោះដែរ។ ១៣អ្នកណាមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណ មានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។
ព្រះរាជសារទៅក្រុមជំនុំនៅក្រុង ឡៅឌីសេ
១៤«ចូរសរសេរទៅទេវតា របស់ក្រុមជំនុំនៅក្រុងឡៅឌីសេថា ព្រះអង្គដ៏ជាអាម៉ែន ជាសាក្សីដ៏ស្មោះត្រង់ និងដ៏ពិត ហើយជាដើមកំណើតនៃអ្វីៗ ដែលព្រះជាម្ចាស់បានបង្កើតមក មានបន្ទូលដូច្នេះថា ១៥យើងស្គាល់ការប្រព្រឹត្តិរបស់អ្នកហើយ គឺអ្នកត្រជាក់មិនត្រជាក់ ក្តៅមិនក្តៅ យើងចង់ឲ្យអ្នក បើត្រជាក់គឺត្រជាក់ បើក្តៅគឺក្តៅ។ ១៦ដោយព្រោះតែអ្នកគ្រាន់តែក្ដៅឧណ្ហៗ ត្រជាក់មិនត្រជាក់ ក្តៅមិនក្ដៅដូច្នេះ នោះយើងនឹងខ្ជាក់អ្នកចេញពីមាត់របស់យើងហើយ ១៧ដ្បិតអ្នកបាននិយាយថា ខ្ញុំជាអ្នកមាន ខ្ញុំស្តុកស្តម្ភហើយ ខ្ញុំមិនខ្វះអ្វីទេ ប៉ុន្ដែអ្នកមិនដឹងថា ខ្លួនឯងវេទនា គួរឲ្យអាណិត ក្រ ខ្វាក់ ហើយនៅអាក្រាតឡើយ។ ១៨យើងឲ្យយោបល់អ្នកទិញមាសពីយើងជាមាសដែលបន្សុទ្ធដោយភ្លើង ដើម្បីឲ្យអ្នកត្រលប់ជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌ស មកស្លៀកពាក់ ដើម្បីកុំឲ្យគេឃើញកេរ្ដិ៍ខ្មាស ដែលអ្នកនៅអាក្រាតនោះឡើយ ព្រមទាំងទិញថ្នាំដាក់ភ្នែកផង ដើម្បីឲ្យអ្នកមើលឃើញ។ ១៩យើងស្ដីបន្ទោស ហើយវាយប្រដៅអ្នកណាដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តសង្វាត ហើយប្រែចិត្តចុះ។ ២០មើល៍ យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើងដែរ។ ២១អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើងនៅ លើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះវរបិតារបស់យើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។ ២២អ្នកណាមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណ មានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។