វិវរណៈ ២២
ទន្លេទឹកជីវិត
២២បន្ទាប់មក ទេវតានោះបានបង្ហាញឲ្យខ្ញុំឃើញទន្លេទឹកជីវិតមួយ ថ្លាដូចជាកែវចរណៃហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម ២មកតាមបណ្ដោយផ្លូវនៃក្រុងនោះ គឺចំកណ្ដាលផ្លូវ ហើយនៅសងខាងទន្លេមានដើមជីវិត ដែលមានផ្លែដប់ពីរ គឺឲ្យផលរៀងរាល់ខែ រីឯស្លឹករបស់ដើមឈើនោះ សម្រាប់ប្រោសជនជាតិទាំងឡាយឲ្យបានជា។
៣គ្រប់ទាំងបណ្ដាសាលែងមាននៅក្នុងក្រុងនោះទៀតហើយ គឺមានតែបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀមប៉ុណ្ណោះនៅក្នុងក្រុងនោះ ហើយពួកបាវបម្រើរបស់ព្រះអង្គ នឹងបម្រើព្រះអង្គ។ ៤ពួកគេនឹងឃើញព្រះភក្ដ្ររបស់ព្រះអង្គ ហើយព្រះនាមរបស់ព្រះអង្គ នឹងនៅលើថ្ងាសរបស់ពួកគេ។ ៥ក្រុងនោះ លែងមានយប់ទៀតហើយ ពួកគេមិនត្រូវការពន្លឺចង្កៀង ឬពន្លឺដួងអាទិត្យទៀតឡើយ ព្រោះព្រះអម្ចាស់ដ៏ជាព្រះនឹងបំភ្លឺពួកគេ ហើយពួកគេនឹងសោយរាជ្យអស់កល្បជានិច្ច។
៦ទេវតានោះ ក៏និយាយមកខ្ញុំថា៖ «ពាក្យទាំងនេះជាពាក្យដ៏ពិត ហើយគួរឲ្យជឿ»។ ព្រះអម្ចាស់ជាព្រះនៃវិញ្ញាណរបស់ពួកអ្នកនាំព្រះបន្ទូល បានចាត់ទេវតារបស់ព្រះអង្គ មកបង្ហាញពួកបាវបម្រើរបស់ព្រះអង្គ ឲ្យឃើញហេតុការណ៍ដែលត្រូវកើត ឡើងឆាប់ៗនេះ។
ព្រះយេស៊ូយាងមក
៧«មើល៍ យើងនឹងមកយ៉ាងឆាប់។ មានពរហើយ អ្នកណាដែលកាន់តាមព្រះបន្ទូល ដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះ»។
៨ខ្ញុំយ៉ូហាន ជាអ្នកដែលបានឮ និងបានឃើញហេតុការណ៍ទាំងនេះ ហើយពេលដែលខ្ញុំបានឮ និងបានឃើញ ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទេវតាដែលបានបង្ហាញខ្ញុំឲ្យឃើញហេតុការណ៍ទាំងនេះ ដើម្បីថ្វាយបង្គំ ៩ប៉ុន្ដែទេវតានោះនិយាយមកខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបម្រើរួមការងារជាមួយអ្នក និងរួមជាមួយពួកអ្នកនាំព្រះបន្ទូល ដែលជាបងប្អូនរបស់អ្នក ព្រមទាំងរួមជាមួយអស់អ្នកដែលកាន់តាមព្រះបន្ទូលនៅក្នុងសៀវភៅនេះដែរ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ»។ ១០ទេវតានោះក៏និយាយមកខ្ញុំទៀតថា៖ «ចូរកុំបំបិទព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះឡើយ ដ្បិតពេលកំណត់ជិតមកដល់ហើយ។ ១១អ្នកណាដែលប្រព្រឹត្តទុច្ចរិត ចូរឲ្យអ្នកនោះនៅតែប្រព្រឹត្តទុច្ចរិតចុះ អ្នកណាដែលស្មោកគ្រោក ចូរឲ្យអ្នកនោះនៅតែស្មោកគ្រោកចុះ រីឯអ្នកណាដែលសុចរិត ចូរឲ្យអ្នកនោះនៅតែប្រពឹ្រត្ដអំពើសុចរិតចុះ ហើយអ្នកណាដែលបរិសុទ្ធ ចូរឲ្យអ្នកនោះនៅតែបរិសុទ្ធចុះ»។
១២«មើល៍ យើងនឹងមកយ៉ាងឆាប់ ទាំងយករង្វាន់របស់យើងមកជាមួយផង ដើម្បីប្រគល់ឲ្យម្នាក់ៗទៅតាមការប្រព្រឹត្តិរបស់ខ្លួន។ ១៣យើងជាអាលផា និងជាអូមេកា គឺជាមុនគេ និងជាក្រោយគេ ហើយជាដើមដំបូង និងជាចុងបំផុត»។
១៤មានពរហើយអស់អ្នកដែលបោកគក់អាវវែងរបស់ខ្លួនដើម្បីឲ្យគេមានសិទ្ធិលើដើមជីវិត និងឲ្យបានចូលក្នុងក្រុងតាមទ្វារ។ ១៥នៅខាងក្រៅក្រុង ជាពួកឆ្កែ ពួកមន្ដអាគម ពួកអ្នកប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ពួកឃាតក ពួកថ្វាយបង្គំរូបព្រះ និងពួកអ្នកដែលស្រឡាញ់សេចក្តីភូតភរ ហើយប្រពឹ្រត្ដសេចក្ដីភូតភរ។
១៦«យើងជាយេស៊ូ យើងបានចាត់ទេវតារបស់យើងឲ្យមកធ្វើបន្ទាល់សេចក្ដីទាំងនេះ បា្រប់អ្នករាល់គ្នាអំពីក្រុមជំនុំទាំងឡាយ ហើយយើងជាពន្លក ជាពូជរបស់ដាវីឌ និង ជាផ្កាយពឹ្រកដ៏ភ្លឺចិញ្ចែង»។
១៧ព្រះវិញ្ញាណ និងកូនក្រមុំនិយាយថា៖ «សូមយាងមក» ហើយអ្នកណាដែលឮ ចូរឲ្យអ្នកនោះនិយាយថា៖ «សូមយាងមក»។ អ្នកណាដែលស្រេក ចូរឲ្យអ្នកនោះចូលមក អ្នកណាដែលចង់បាន ចូរឲ្យអ្នកនោះ ទទួលយកទឹកជីវិតដោយឥតគិតថ្លៃចុះ។ ១៨ខ្ញុំធ្វើបន្ទាល់ប្រាប់អស់អ្នកដែលឮព្រះបន្ទូល ដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះថា បើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដីទាំងនេះ ព្រះជាម្ចាស់ នឹងបន្ថែមគ្រោះកាចដែលបានសរសេរទុកក្នុងសៀវភៅនេះដល់អ្នកនោះ ១៩ហើយបើអ្នកណាដកយកអ្វីចេញពីព្រះបន្ទូល ដែលបានថ្លែងទុកក្នុងសៀវភៅនេះ ព្រះជាម្ចាស់នឹងដកយកចំណែករបស់អ្នកនោះ ចេញពីដើមជីវិត និងពីក្រុងបរិសុទ្ធ ដែលបានសរសេរទុកក្នុងសៀវភៅនេះ។ ២០ព្រះអង្គដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ មានបន្ទូលថា៖ «មែនហើយ យើងនឹងមកយ៉ាងឆាប់»។ អាម៉ែន ព្រះអម្ចាស់យេស៊ូអើយ! សូមយាងមក។ ២១សូមឲ្យព្រះគុណរបស់ព្រះយេស៊ូស្ថិតនៅជាមួយអ្នកទាំងអស់គ្នា។ អាម៉ែន៕