KCB - វិវរណៈ ២១


វិវរណៈ ២១

ក្រុង​យេរូសាឡិម​ថ្មី

២១បន្ទាប់​មក​ ខ្ញុំ​បានឃើញ​ផ្ទៃ​មេឃ​ថ្មី​ និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន​ និង​ផែនដី​មុន​បានបាត់​ទៅ​​ ក៏​គ្មាន​សមុទ្រ​​ទៀត​ឡើយ ​ ហើយ​ខ្ញុំបាន​ឃើញ​ក្រុង​បរិសុទ្ធ ជា​ក្រុង​យេរូសាឡិម​ថ្មី​ចុះ​មកពី​ស្ថានសួគ៌​​ គឺមកពីព្រះជាម្ចាស់​ ទាំងបាន​រៀបចំ​រួចជា​ស្រេច​ដូច​កូន​ក្រមុំ​តុបតែង​ខ្លួន​ទទួល​ប្ដី។

​ខ្ញុំ​បានឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ចេញពី​បល្ល័ង្ក​មក​ថា​៖ «មើល៍ រោង​របស់​ព្រះជាម្ចាស់​បាននៅ​ជាមួយ​មនុស្ស ហើយព្រះអង្គ​នឹង​តាំងលំនៅ​ក្នុងចំណោមពួកគេពួកគេ​ នឹង​ធ្វើជា​ប្រជារាស្ដ្រ​របស់​ព្រះអង្គ ហើយ​ព្រះជាម្ចាស់​ផ្ទាល់​ នឹង​នៅ​ជាមួយពួកគេ​ ព្រះអង្គ​នឹង​ជូត​​អស់ទាំងទឹកភ្នែកចេញពី​ភ្នែករបស់​​ពួកគេ​ ហើយ​នឹងលែងមាន​សេចក្ដី​ស្លាប់ ទុក្ខព្រួយ ​សម្រែកទ្រហោយំ ឬ​ការឈឺចាប់​ទៀត​ហើយ ដ្បិត​អ្វីៗកាលពីមុន​បាន​បាត់​អស់ទៅ​ហើយ»។​

ព្រះអង្គ​ដែល​គង់លើ​បល្ល័ង្កមាន​បន្ទូល​ថា​៖ «មើល៍ យើង​ធ្វើ​អ្វីៗ​ទាំងអស់​ជា​ថ្មី»។ ព្រះអង្គ​មានបន្ទូល​ទៀតថា​៖ «ចូរ​សរសេរ​ទុកចុះ ដ្បិត​​ពាក្យទាំងនេះ​ជា​ពាក្យ​ដ៏​ពិត​ ហើយគួរ​ឲ្យជឿ»។​ បន្ទាប់មកព្រះអង្គ​មានបន្ទូល​មក​ខ្ញុំ​ថា​៖ «ការបានសម្រេច​ហើយ យើង​ជា​អាលផា និងជា​អូមេកា ជា​ដើមដំបូង​ និងជា​ចុង​បំផុត។ អ្នកណា​ដែល​​ស្រេក យើង​នឹង​ឲ្យផឹកពី​ប្រភព​ទឹក​​ជីវិត​ដោយឥតគិតថ្លៃ។​​អ្នក​ណាមានជ័យជម្នះ នឹង​ទទួលបាន​សេចក្ដី​ទាំងនេះ​ជាមរតក យើង​នឹង​ធ្វើជា​ព្រះ​របស់​អ្នកនោះ ហើយ​អ្នកនោះ​នឹង​ធ្វើជា​កូន​របស់​យើង។ ​ប៉ុន្ដែសម្រាប់​ពួក​កំសាក ពួក​មិនជឿ ពួក​គួរស្អប់ខ្ពើម ពួក​ឃាតក​ ពួក​ប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ពួក​មន្ដអាគម ពួក​ថ្វាយបង្គំរូបព្រះ និង​ពួក​ភូតភរ​ទាំង​អស់ ពួកគេនឹង​មាន​ចំណែក​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ។ នេះហើយជា​សេចក្ដី​ស្លាប់​ទី​ពីរ»។

​បន្ទាប់​មក ទេវតា​មួយរូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់ពាន​ទាំង​ប្រាំពីរ ពេញ​ដោយ​គ្រោះ​កាច​ចុង​ក្រោយ​ទាំង​ប្រាំពីរ​ បាន​ចូល​មក ហើយ​និយាយមកខ្ញុំ​ថា​៖ «ចូល​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូនក្រមុំ​ដែលជាប្រពន្ធរបស់កូន​ចៀម»។

១០ទេវតា​នោះ​ ក៏​នាំ​​ខ្ញុំ​ទៅលើ​ភ្នំមួយយ៉ាង​​ធំ ហើយខ្ពស់ពេលដែលខ្ញុំលង់ក្នុងវិញ្ញាណ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូសាឡិម​ដែល​ចុះមក​ពី​ស្ថានសួគ៌​ គឺមក​​ពីព្រះជាម្ចាស់ ១១​ទាំង​មាន​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ហើយ​​ពន្លឺរស្មី​របស់ក្រុង​នោះ​ ដូចជា​ត្បូង​ដ៏​មានតម្លៃ គឺ​ដូចជា​ត្បូង​មណីជោតិរស​​ ថ្លា​ដូច​កែវចរណៃ។​ ១២ក្រុង​នោះ​មាន​កំផែង​ធំ​ ហើយ​ខ្ពស់​ មាន​ទ្វារ​ដប់ពីរ ហើយ​នៅ​​ទ្វារ​ទាំងនោះ​មាន​ទេវតា​ដប់ពីរ​រូប ​រួច​នៅ​លើ​ទ្វារ​ទាំងនោះ​​​មាន​សរសេរ​ឈ្មោះ​ ដែល​ជា​ឈ្មោះ​របស់កុលសម្ព័ន្ធ​ទាំង​ដប់ពីររបស់​ពួក​កូន​ចៅ​អ៊ីស្រាអែល។១៣​នៅ​ទិស​ខាងកើត​មាន​ទ្វារ​បី ទិស​ខាងជើង​មាន​ទ្វារ​បី ទិស​ខាងត្បូង​មាន​ទ្វារ​បី​ និង​ទិស​ខាងលិច​មាន​ទ្វារ​បី។ ១៤រី​ឯ​កំផែង​របស់​​ក្រុង​នោះ ​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅ​លើ​គ្រឹះ​ទាំងនោះ មាន​ឈ្មោះ​ទាំង​ដប់ពីរ របស់​សាវក​ទាំងដប់ពីររបស់​កូន​ចៀម។​

១៥ទេវតា​ដែល​និយាយ​ជាមួយខ្ញុំនោះ​​មាន​កាន់​ដំបងមាសមួយ​​ ជារង្វាស់សម្រាប់​វាស់ក្រុង​ទ្វារ និង​កំផែង​ក្រុង។​ ១៦ក្រុង​នោះ​មានរាង​បួន​ជ្រុង​ស្មើគ្នា គឺបណ្ដោយ​ និង​ទទឹង​ស្មើ​គ្នា។ ទេវតា​នោះ​បាន​វាស់ក្រុង​ដោយ​ដំបង​នោះ ឃើញ​មាន​មួយម៉ឺនពីរ​ពាន់​ស្តេឌៀ​ ហើយ​បណ្ដោយ ទទឹង​ និង​កំពស់របស់ក្រុងនោះ​​មានប្រវែងស្មើគ្នា។ ១៧​ទេវតាក៏​បាន​វាស់​កំផែង​ក្រុង ឃើញ​មាន​មួយរយ​សែ​សិប​បួន​ហត្ថ តាម​រង្វាស់​របស់​មនុស្ស​ដែល​ទេវតា​ប្រើ។​

១៨កំផែង​ក្រុង​ធ្វើ​ពី​ត្បូង​មណីជោតិរសហើយ​ក្រុងនោះ​ធ្វើ​ពី​មាស​សុទ្ធ ដែល​ថ្លា​ដូច​កែវសុទ្ធ។ ១៩​គ្រឹះ​​របស់​កំផែង​​ក្រុងនោះ​ តុបតែង​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ​ គ្រឹះ​ទីមួយ​គឺជា​ត្បូង​មណីជោតិរសទីពីរ​គឺជាត្បូងកណ្ដៀង ទីបី​គឺជាត្បូងមោរ៉ា ទីបួន​គឺជាត្បូងមរកត​ ២០ទីប្រាំ​គឺជាត្បូងសាមស៊ី ទីប្រាំមួយ​គឺជាត្បូង​ពិទាយ ទីប្រាំពីរ​គឺជាត្បូងប៊ុតលឿងទីប្រាំបី​គឺជាត្បូង​បេរីល ទីប្រាំបួន​គឺជាត្បូងទោប៉ាត់ ទីដប់​គឺជាត្បូងយក់ ទីដប់មួយគឺជា​ត្បូងនិល ទីដប់ពីរគឺជា​ត្បូងត្របែក។ ២១​ទ្វារ​ទាំង​ដប់ពីរ​ធ្វើ​ពី​គជ់​​ដប់ពីរ ទ្វារ​នីមួយៗ​ធ្វើ​ពី​គជ់​​មួយ​ ហើយ​ផ្លូវ​របស់​​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ។​

២២ខ្ញុំ​មិន​ឃើញ​មាន​ព្រះវិហារ​នៅក្នុង​ក្រុងនោះ​ទេ​ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​លើ​អ្វីៗ​ទាំងអស់ ព្រមទាំង​កូនចៀម ​គឺជា​ព្រះវិហាររបស់​ក្រុងនោះ។ ២៣​ក្រុង​នោះ​មិន​ត្រូវ​ការ​ដួងអាទិត្យ​ ឬ​លោកខែ​ដើម្បី​បំភ្លឺ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ បាន​បំភ្លឺ​ក្រុង​នោះ​ហើយ រីឯ​កូន​ចៀម​ក៏ជា​ចង្កៀង​របស់​​ក្រុង​នោះដែរ។​ ២៤ជនជាតិ​ទាំង​ឡាយ​នឹងដើរ​នៅ​ក្នុង​​ពន្លឺ​របស់​ក្រុង​នោះ ហើយ​ពួក​ស្ដេច​នៅ​លើ​ផែនដីក៏​នាំយក​សិរីរុងរឿង​របស់​ខ្លួន​​មក​ក្នុង​ក្រុង​នោះ​ដែរ​ ២៥ហើយ​ទ្វារ​ក្រុងនោះ​​មិន​ដែល​បិទ​ឡើយ​នៅ​ពេល​ថ្ងៃ ដ្បិត​​នៅ​ទីនោះ​គ្មាន​យប់​ទេ​ ​២៦​ពួកគេ​​នឹង​នាំ​យក​សិរីរុងរឿង និង​កិត្តិយស​របស់​ជន​ជាតិ​ទាំង​ឡាយ​​មកក្នុង​ក្រុង​នោះ ​២៧ហើយ​​អ្វី​ៗ​​ដែល​មិនស្អាត ព្រមទាំង​​អ្នក​ដែល​ប្រពឹ្រត្ដ​អំពើ​គួរស្អប់​ខ្ពើម និង​សេចក្ដី​ភូតភរ មិន​អាច​ចូល​​ក្នុង​ក្រុង​នោះ​បាន​ឡើយ ​មានតែ​អស់​អ្នក​ ដែល​មាន​ឈ្មោះ​កត់​​ទុក​​ក្នុង​បញ្ជី​ជីវិត ​​របស់​កូនចៀម​ប៉ុណ្ណោះ ទើប​​អាច​ចូល​បាន។

វិវរណៈ ២១