វិវរណៈ ២
ព្រះរាជសារទៅក្រុមជំនុំនៅក្រុង អេភេសូរ
២«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងអេភេសូរថា ព្រះអង្គ ដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្តស្តាំ ហើយដែលយាងដើរនៅកណ្តាលជើងចង្កៀងមាសទាំងប្រាំពីរមានបន្ទូលដូច្នេះថា ២យើងស្គាល់ការប្រព្រឹត្តិ ការនឿយហត់ ព្រមទាំងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា អ្នកមិនអាចទ្រាំទ្រ នឹងពួកមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកអ្នកដែលហៅខ្លួនឯងថាជាសាវក ប៉ុន្តែពួកគេមិនមែនជាសាវកទេ គឺអ្នកបានឃើញថា ពួកគេជាអ្នកភូតភរវិញ។ ៣អ្នកបានអត់ធ្មត់ ហើយស៊ូទ្រាំដោយព្រោះឈ្មោះរបស់យើង ឥតនឿយណាយឡើយ ៤ប៉ុន្ដែ យើងប្រកាន់នឹងអ្នកអំពីសេចក្ដីនេះ គឺអ្នកបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមរបស់អ្នកហើយ។ ៥ដូច្នេះចូរនឹកចាំពីកន្លែង ដែលអ្នកបានធ្លាក់ចុះ រួចប្រែចិត្ត ហើយប្រព្រឹត្តអំពើដែលអ្នកបានប្រព្រឹត្តកាលពីដើមនោះវិញ បើមិនដូច្នេះទេ យើងនឹងមកឯអ្នក ហើយដកយកជើងចង្កៀងរបស់អ្នក ចេញពីកន្លែងរបស់វា លើកលែងតែអ្នកប្រែចិត្ដ។ ៦ប៉ុន្ដែអ្នកមានសេចក្ដីនេះ គឺអ្នកស្អប់ការប្រព្រឹត្តិរបស់ពួកនីកូឡាស ដែលយើង ក៏ស្អប់ដែរ។ ៧អ្នកណាមានត្រចៀក ចូរស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានបន្ទូល មកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះបរិភោគពីដើមជីវិត ដែលនៅស្ថានសួគ៌ជាស្ថានរបស់ព្រះជាម្ចាស់»។
ព្រះរាជសារទៅក្រុមជំនុំនៅក្រុង ស្មឺណា
៨«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងស្មឺណាថា ព្រះដ៏ជាមុនគេ និងជាក្រោយគេដែលបានស្លាប់ ហើយរស់ឡើងវិញ មានបន្ទូលដូច្នេះថា ៩យើងស្គាល់សេចក្ដីវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្ដែអ្នកជាអ្នកមានវិញ ហើយយើងស្គាល់ ការជេរប្រមាថរបស់ពួកអ្នកដែលហៅខ្លួនថាជាជនជាតិយូដាដែរ ប៉ុន្ដែពួកគេមិនមែនជាជនជាតិយូដាទេ គឺជាក្រុមជំនុំរបស់អារក្សសាតាំង វិញ។ ១០កុំខ្លាចសេចក្ដីដែលអ្នករាល់គ្នាត្រូវរងទុក្ខនោះឡើយ មើល៍អារក្សសាតាំង បម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា ទៅក្នុងគុកហើយ ដើម្បីល្បងលអ្នករាល់គ្នា ហើយអ្នករាល់គ្នា នឹងត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។ ១១អ្នកណាមានត្រចៀកចូរស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះសេចក្ដីស្លាប់ទីពីរ នឹងធ្វើទុក្ខអ្នកនោះមិនបានឡើយ»។
ព្រះរាជសារទៅក្រុមជំនុំនៅក្រុង ពើកាម៉ុស
១២«ចូរសរសេរទៅទេវតា របស់ក្រុមជំនុំនៅក្រុងពើកាម៉ុសថា ព្រះអង្គដែលមានដាវមុខពីរដ៏មុត មានបន្ទូលដូច្នេះថា ១៣យើងស្គាល់កន្លែងដែលអ្នករស់នៅហើយ គឺជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង ប៉ុន្តែអ្នកនៅតែស្មោះស្ម័គ្រនឹងឈ្មោះរបស់យើង ហើយមិនបានលះបង់ចោល ជំនឿលើយើងឡើយ ទោះបីជាក្នុងពេលដែលអាន់ទីប៉ាស ជាសាក្សីដ៏ស្មោះត្រង់របស់យើង ត្រូវគេសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ ១៤ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្តីខ្លះ ពីព្រោះក្នុងចំណោមអ្នក មានអ្នកដែលកាន់តាមសេចក្តីបង្រៀនរបស់បាឡាម ដែលបានបង្រៀនបាឡាក ឲ្យដាក់អន្ទាក់នៅពីមុខពួកកូនចៅអ៊ីស្រាអែល ដើម្បីនាំពួកគេ ឲ្យបរិភោគសំណែនដល់រូបព្រះ ហើយឲ្យប្រព្រឹត្ត អំពើអសីលធម៌ខាងផ្លូវភេទ ១៥ហើយក្នុងចំណោមអ្នក ក៏មានអ្នកដែលកាន់តាមសេចក្តីបង្រៀន របស់ពួកនីកូឡាសយ៉ាងដូច្នោះដែរ។ ១៦ដូច្នេះចូរប្រែចិត្ត បើមិនដូច្នោះទេ យើងនឹងមកឯអ្នកយ៉ាងឆាប់ ហើយច្បាំងនឹងពួកគេដោយដាវ ដែលចេញពីមាត់របស់យើង។ ១៧អ្នកណាមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណ មានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យនំម៉ាណាដែលបានលាក់ទុកដល់អ្នកនោះ ហើយយើងនឹងឲ្យក្រួសសមួយដល់អ្នកនោះ នៅលើក្រួសនោះ មានសរសេរឈ្មោះថ្មីមួយ ដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកដែលបានទទួលប៉ុណ្ណោះ»។
ព្រះរាជសារទៅក្រុមជំនុំនៅក្រុង ធាទេរ៉ា
១៨«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះនេត្រដូចជាអណ្តាតភ្លើង និងបាទាដូចជាលង្ហិនដ៏ភ្លឺរលោង មានបន្ទូលដូច្នេះថា ១៩យើងស្គាល់ការប្រព្រឹត្តិ សេចក្តីស្រឡាញ់ជំនឿ ការបម្រើ និងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា ការប្រព្រឹត្តិរបស់អ្នកនៅគ្រាចុងក្រោយនេះ ប្រសើរជាងមុនទៅទៀត ២០ប៉ុន្ដែ យើងប្រកាន់នឹងអ្នកអំពីសេចក្តីនេះ គឺអ្នកបានបណ្តោយឲ្យយេសិបិលជាស្ដ្រីដែលហៅខ្លួនឯងថាជាអ្នកនាំព្រះបន្ទូល បង្រៀន ហើយនាំពួកបាវបម្រើរបស់យើងឲ្យវង្វេងទៅប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ និងបរិភោគសំណែន ដល់រូបព្រះទៀតផង ២១យើងបានផ្តល់ឱកាស ឲ្យនាងប្រែចិត្ត ប៉ុន្ដែនាងមិនចង់ប្រែចិត្តពីអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងឡើយ។២២មើល៍ យើងនឹងបោះនាងទៅលើគ្រែ ហើយបោះពួកអ្នកដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកលែងតែពួកគេប្រែចិត្តពីការប្រព្រឹត្តិរបស់នាង។ ២៣យើងនឹងសម្លាប់កូនចៅរបស់នាង រីឯក្រុមជំនុំទាំងអស់នឹងដឹងថា យើងនេះហើយដែលឈ្វេងយល់ពីចិត្តគំនិត ហើយយើងនឹងសងអ្នករាល់គ្នា តាមការប្រព្រឹត្តិរៀងៗខ្លួន ២៤ប៉ុន្ដែ អ្នកផ្សេងទៀតក្នុងចំណោមអ្នករាល់គ្នានៅក្រុងធាទេរ៉ា ដែលមិនបានកាន់តាមសេចក្ដីបង្រៀននោះ គឺដែលមិនបានស្គាល់ សេចក្ដីជ្រៅជ្រះរបស់អារក្សសាតាំងដូចដែលគេហៅ យើង ប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នាទេ ២៥ប៉ុន្តែចូរកាន់ខ្ជាប់សេចក្ដី ដែលអ្នករាល់គ្នាមានរហូតដល់យើងមកចុះ។ ២៦អ្នកណាមានជ័យជម្នះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ទីបញ្ចប់ យើងនឹងឲ្យអ្នកនោះមានសិទ្ធិអំណាចលើជនជាតិទាំងឡាយ ២៧អ្នកនោះនឹងគ្រប់គ្រងពួកគេដោយដំបងដែក និងកម្ទេចពួកគេដូចជាភាជនៈធ្វើពីដីឥដ្ឋ ២៨គឺដូចដែលយើងបានទទួលសិទ្ធិអំណាចពីព្រះវរបិតារបស់យើងដែរ ហើយយើងនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ។ ២៩អ្នកណាមានត្រចៀក ចូរស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។