វិវរណៈ ១៩
ចម្រៀងនៃជ័យជម្នះនៅស្ថានសួគ៌
១៩ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឮដូចជាសំឡេងយ៉ាងខ្លាំង របស់មនុស្សជាច្រើននៅស្ថានសួគ៌ បន្លឺឡើងថា៖ «ហាលេលូយ៉ា! សេចក្ដីសង្គ្រោះ សិរីរុងរឿង និងអំណាច ជារបស់ព្រះជាម្ចាស់នៃយើង ២ដ្បិតការជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ហើយសុចរិត ពីព្រោះព្រះអង្គបានជំនុំជម្រះស្ត្រីពេស្យា ដ៏ល្បីអសោច ដែលបានបំផ្លាញផែនដីដោយសារ អំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ហើយព្រះអង្គក៏បានសងសឹកឲ្យឈាមរបស់ពួកបាវបម្រើរបស់ព្រះអង្គ ដែលបានស្លាប់ ដោយសារដៃរបស់នាងដែរ»។ ៣ពួកគេក៏បន្លឺឡើងម្ដងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងហុយឡើងពីនាងអស់កល្បជានិច្ច» ៤នោះពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួនក៏ក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់លើបល្ល័ង្ក ទាំងនិយាយថា៖ «អាម៉ែន ហាលេលូយ៉ា!» ៥ហើយមានសំឡេងមួយ ចេញពីបល្ល័ង្កមកថា៖ «ឱ អស់អ្នក ដែលជាបាវបម្រើរបស់ព្រះអង្គ និងពួកអ្នក ដែលកោតខ្លាចព្រះអង្គទាំងតូច ទាំងធំអើយ! ចូរសរសើរព្រះជាម្ចាស់នៃយើងចុះ!» ៦ខ្ញុំបានឮសំឡេង ដូចជាសំឡេងរបស់មនុស្សជាច្រើន ហើយដូចជាសំឡេងទឹកជាច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំងបន្លឺឡើងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះរបស់យើង ជាព្រះដ៏មានព្រះចេស្តា្ លើអ្វីៗទាំងអស់ បានសោយរាជ្យហើយ ៧ចូរយើងត្រេកអរ ហើយរីករាយជាខ្លាំងចុះ រួចថ្វាយសិរីរុងរឿងដល់ព្រះអង្គ ដ្បិតដល់ពេលរៀបមង្គលការកូនចៀមហើយ រីឯកូនក្រមុំរបស់ព្រះអង្គ ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ ៨កូនក្រមុំបានទទួលការអនុញ្ញាត ឲ្យស្លៀកសម្លៀកបំពាក់ ក្រណាត់ទេសឯកប្រណិតយ៉ាងស្អាត ហើយភ្លឺ ដ្បិតសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិតនោះ ជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ»។
៩ទេវតាក៏និយាយមកខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលត្រូវបានហៅ ឲ្យមកចូលរួមពិធីជប់លៀងមង្គលការរបស់កូនចៀម» ទេវតានោះ ក៏និយាយមកខ្ញុំទៀតថា៖ «សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះជាម្ចាស់»។ ១០ពេលនោះ ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទេវតានោះ ដើម្បីថ្វាយបង្គំ ប៉ុន្ដែទេវតានោះនិយាយមកខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ខ្ញុំជាបាវបម្រើរួមការងារជាមួយអ្នក និងរួមជាមួយបងប្អូនរបស់អ្នក ដែលមានសេចក្ដីបន្ទាល់របស់ព្រះយេស៊ូដែរ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ ដ្បិតសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ ជាវិញ្ញាណនៃការថ្លែងព្រះបន្ទូល»។
អ្នកជិះសេះស
១១ខ្ញុំក៏បានឃើញមេឃបើកចំហ ហើយមើល៍ មានសេះសមួយ ព្រះអង្គដែលគង់លើវាមានព្រះនាមថា ស្មោះត្រង់ ហើយពិតត្រង់។ ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសុចរិត។ ១២ព្រះនេត្ររបស់ព្រះអង្គដូចជាអណ្ដាតភ្លើង ហើយនៅលើព្រះសិររបស់ព្រះអង្គ មានមកុដជាច្រើន ព្រះអង្គមានព្រះនាមមួយដែលបានសរសេរទុក ហើយគ្មាននរណាស្គាល់ឡើយ លើកលែងតែព្រះអង្គប៉ុណ្ណោះ ១៣ព្រះអង្គស្លៀកសម្លៀកបំពាក់ ដែលប្រឡាក់ឈាម ហើយគេហៅព្រះនាមព្រះអង្គថា«ព្រះបន្ទូលរបស់ព្រះជាម្ចាស់»១៤រីឯកងទ័ព នៅស្ថានសួគ៌ ដែលស្លៀកសម្លៀកបំពាក់ ក្រណាត់ទេសឯកប្រណិតសស្អាត បានជិះសេះសតាមព្រះអង្គ។ ១៥មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ដើម្បីឲ្យព្រះអង្គ ប្រហារជនជាតិទាំងឡាយដោយសារដាវនោះ ហើយព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រះអង្គក៏ជាន់ក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនៃសេចក្ដីក្រោធយ៉ាងខ្លាំង របស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់។ ១៦ព្រះអង្គមានព្រះនាមសរសេរនៅលើអាវ និងនៅលើភ្លៅរបស់ព្រះអង្គថា «ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។ ១៧ខ្ញុំបានឃើញទេវតាមួយរូប ឈរនៅក្នុងដួងអាទិត្យ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំង ប្រាប់ដល់សត្វស្លាបទាំងអស់ ដែលហើរនៅកណ្តាលអាកាសថា៖ «ចូលមក ចូរប្រមូលគ្នាមកចូលរួមពិធីជប់លៀង ដ៏ធំរបស់ព្រះជាម្ចាស់ ១៨ដើម្បីឲ្យពួកឯងស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ ទាំងអ្នកមានសេរីភាពទាំងបាវបម្រើ ទាំងតូច ទាំងធំ»។
១៩ខ្ញុំក៏ឃើញសត្វសាហាវ និងពួកស្ដេចនៅលើផែនដី ព្រមទាំងកងទ័ពរបស់ពួកគេ ប្រមូលគ្នាមកច្បាំងនឹងព្រះអង្គដែលគង់លើសេះ ហើយនឹងកងទ័ពរបស់ព្រះអង្គ។ ២០សត្វសាហាវនោះត្រូវចាប់បានជាមួយនឹងអ្នកនាំព្រះបន្ទូលក្លែងក្លាយ ដែលធ្វើទីសំគាល់នៅមុខវា ហើយដោយសារទីសំគាល់ទាំងនោះ វាបានបោកបញ្ឆោត អស់អ្នកដែលទទួលសញ្ញាសំគាល់របស់សត្វសាហាវនោះ និងអស់អ្នកដែលថ្វាយបង្គំ រូបចម្លាក់របស់សត្វសាហាវនោះ។ ពួកវាទាំងពីរត្រូវបានបោះទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ ២១ហើយអ្នកឯទៀត ក៏ត្រូវស្លាប់ដោយសារដាវ ដែលចេញពីព្រះឱស្ឋ របស់ព្រះអង្គដែលគង់លើសេះ។ សត្វស្លាបទាំងអស់ក៏ឆ្អែតស្កប់ស្កល់ដោយសារសាច់ពួកអ្នកទាំងនោះ។