KCB - វិវរណៈ ១៨


វិវរណៈ ១៨

ការដួលរលំនៃក្រុងបាប៊ីឡូន

១៨ក្រោយ​ពីហេតុការណ៍ទាំងនេះ​ ​ខ្ញុំ​បានឃើញ​ទេវតា​មួយ​រូបទៀត​ ចុះ​ពី​លើមេឃមក ​ទាំង​មាន​សិទ្ធិ​អំណាច​ជា​ខ្លាំង ហើយ​ផែនដី​ក៏​ភ្លឺ​ ដោយ​សារ​សិរីរុងរឿង​របស់​ទេវតានោះ។ ទេវតានោះ ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ «រលំ​ហើយ រលំ​ហើយ ​ ក្រុង​បាប៊ីឡូន​ ជាក្រុងដ៏​ធំ​! ជាក្រុង ដែលបានត្រលប់​ជា​ទី​ជម្រក​របស់​ពួក​អារក្ស​ និង​ជា​សំបុករបស់​អស់​ទាំង​វិញ្ញាណ​អាក្រក់ ព្រមទាំង​ជា​សំបុករបស់​អស់​ទាំងសត្វ​ស្លាប​ដ៏អសោច​ និងអស់ទាំងសត្វសាហាវដ៏អសោច គួរឲ្យ​ស្អប់​ខ្ពើម ពី​ព្រោះ​ជនជាតិ​ទាំង​ឡាយបាន​ផឹក​ស្រា​ នៃ​អំពើ​អសីលធម៌ខាងផ្លូវភេទ ដ៏​រោល​រាល​របស់​ក្រុងនោះ ពួក​ស្តេច​នៅ​លើ​ផែនដី​ បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌ខាងផ្លូវភេទ​ ជា​មួយ​ក្រុងនោះ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​ ក៏​ត្រលប់​ជា​មានបាន ដោយ​សារសេចក្ដី​ស្រើប​ស្រាលដ៏លើសលប់​​​របស់​ក្រុង​នោះ»។

​ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​ទៀតពី​លើមេឃបន្លឺ​ឡើងថា​៖ ប្រជារាស្ដ្រ​របស់​យើង​អើយ!​ ចូរ​ចេញ​ឲ្យ​ផុត​ពី​ក្រុង​នោះ​មក ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំណែក​នៅ​ក្នុង​​បាប​របស់​ក្រុងនោះ ហើយក៏​ដើម្បីកុំឲ្យ​អ្នក​រាល់​គ្នា​ រង​​គ្រោះ​កាចណាមួយ​របស់​ក្រុងនោះ​ដែរ ដ្បិត​បាប​របស់​ក្រុង​នោះ​​បាន​គរ​​ជា​គំនរឡើង​ខ្ពស់​ដល់​​មេឃ ​ហើយ​ព្រះជាម្ចាស់ ​បាន​នឹក​ចាំ​ពី​អំពើ​អាក្រក់​​របស់​ក្រុង​នោះ។ ​ចូរ​សង​ដល់​ក្រុងនោះ​តាម​ការ​ដែល​ក្រុងនោះ​បាន​ធ្វើ​ចុះ ​ហើយ​ឲ្យ​ដល់ក្រុងនោះ​វិញ​មួយ​ជា​ពីរ ​តាម​អំពើ​របស់​ក្រុងនោះ។ ចូរ​ចាក់​ឲ្យ​ក្រុងនោះវិញមួយ​ជា​ពីរ​ទៅ​ក្នុង​ពែង​ដែល​ក្រុងនោះបាន​ចាក់ឲ្យ​ចុះ។​ ក្រុងនោះ​បាន​តម្កើង​ខ្លួន ហើយ​រស់នៅ​ដោយ​​ស្រើប​ស្រាល​ជាយ៉ាង​ណា​ ចូរ​ប្រគល់​ការ​ឈឺ​ចាប់​ និង​ទុក្ខព្រួយដល់​ក្រុងនោះ ជាយ៉ាងនោះចុះ​ ដ្បិត​ក្រុងនោះ​គិតនៅក្នុង​ចិត្ដ​ថា​៖ «ខ្ញុំ​អង្គុយ​ជា​មហាក្សត្រិយានី​ ខ្ញុំ​មិន​មែន​ជា​ស្រ្តី​មេម៉ាយ​ទេ ​ហើយ​ខ្ញុំក៏​មិនជួបទុក្ខព្រួយ​ឡើយ»។ ​ហេតុ​នេះ​បាន​ជា​គ្រោះ​កាច​របស់​ក្រុងនោះនឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​មួយគឺ​ជា​សេចក្ដី​ស្លាប់​ ទុក្ខព្រួយ​ និង​គ្រោះ​អត់​ឃ្លាន ​ហើយ​ក្រុងនោះនឹង​ត្រូវ​​ដុត​ដោយ​ភ្លើង​ ដ្បិត​ព្រះអម្ចាស់​​ដែល​ជំនុំជម្រះ​ក្រុងនោះ ព្រះ​អង្គ​​​ខ្លាំង​ពូកែ។​

ពួក​ស្ដេច​នៅ​លើ​ផែនដី​ ដែល​បាន​ប្រព្រឹត្ត​ អំពើ​អសីលធម៌ខាងផ្លូវភេទ ហើយ​រស់​នៅ​យ៉ាង​ស្រើប​ស្រាលជា​មួយ​ក្រុងនោះ​នឹង​ទ្រហោយំ​ ហើយទួញសោកពេលឃើញ​ផ្សែង​ ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះនោះ។ ១០​ពួកគេ​ឈរ​ពី​ចម្ងាយ ដោយព្រោះ​​​ខ្លាច​​ការ​ឈឺ​ចាប់​ របស់​ក្រុងនោះ​ ហើយនិយាយថា​៖​ «វេទនា​ហើយ ​វេទនា​ហើយ​ ក្រុងបាប៊ីឡូន​ជា​ក្រុង​ដ៏ធំ ​និងជា​ក្រុង​ដ៏ខ្លាំង​ពូកែ​អើយ​! ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​អ្នក​បាន​សម្រេច​​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង»។

១១រីឯ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​ក៏​ទ្រហោយំ​ ហើយ​កាន់​ទុក្ខនឹង​ក្រុងនោះ ​​ព្រោះ​លែងមាននរ​ណា​ទិញ​ទំនិញ​របស់​ពួកគេ​ទៀតហើយ ១២​ទំនិញទាំង​នោះ​មាន មាស បា្រក់ ត្បូង​ដ៏​មាន​តម្លៃ​ គជ់​ ក្រណាត់​ទេស​ឯកប្រណិត ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​សូត្រ ក្រណាត់​ពណ៌​ក្រហមទុំ ឈើ​ក្រអូប​គ្រប់​ប្រភេទ គ្រឿង​ភ្លុក​គ្រប់​ប្រភេទ គ្រឿង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ​ ដែលធ្វើ​ពី​ឈើ​ ពី​លង្ហិន​ពី​ដែក​ និង​ពី​ថ្ម​កែវ ១៣​ហើយ​មាន​សំបក​ដើមសម្បុរ​ល្វែង​ គ្រឿង​ទេស ​គ្រឿងក្រអូប​ ប្រេង​ក្រអូប​ កំញ៉ាន ស្រា​ទំពាំងបាយជូរ ប្រេង​អូលីវ ម្សៅ​ម៉ដ្ត​ ស្រូវ​សាលី​ គោ ក្របី ចៀម សេះ​ រទេះ​ បាវបម្រើ​ និង​​ជីវិត​មនុស្ស​ផង។ ១៤​​ភោគផល ដែល​ចិត្ដ​របស់អ្នក​បា្រថ្នា​ចង់​បាន​នោះ បាន​ចេញ​ ឆ្ងាយ​ពី​អ្នក​ទៅ​ ហើយ​អស់​ទាំង​របស់​ប្រណិត​ៗ និង​របស់ឆើតឆាយ​ទាំង​ឡាយ ក៏​បាត់បង់​ពី​អ្នក​​ទៅដែរ​ រួចរបស់ទាំងនោះក៏លែងឃើញមានទៀត​ហើយ។​ ១៥ពួក​ឈ្មួញ​ជួញរបស់​ទាំង​នេះ​ដែល​ត្រលប់​ជា​មាន​បាន ដោយសារ​ក្រុងនោះ ​នឹង​ឈរ​ពី​ចម្ងាយ​ ដោយព្រោះ​​​ខ្លាច​ការ​ឈឺ​ចាប់​របស់​ក្រុងនោះ ​ទាំង​ទ្រហោយំ ​និង​កាន់​ទុក្ខ​ ១៦ហើយនិយាយ​ថា​៖ «វេទនា​ហើយ​ វេទនា​ហើយ ទី​ក្រុង​ដ៏​ធំ​អើយ! ​ អ្នក​បាន​ស្លៀក​សម្លៀកបំពាក់​ ក្រណាត់​ទេស​ឯកប្រណិត ក្រណាត់​ពណ៌​ស្វាយ​ ក្រណាត់​ពណ៌​ក្រហមទុំ ទាំង​តុបតែង​​ដោយ​មាស​ ត្បូង​ដ៏​មាន​តម្លៃ​ និង​គជ់​​ ១៧ដ្បិត​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង ​ទ្រព្យ​សម្បត្ដិ​ដ៏​ច្រើន​ដល់​ម្ល៉េះ​បាន​វិនាស​អស់»។​ រីឯ​អស់ទាំងអ្នកបើក​នាវា ព្រមទាំង​អ្នក​ធ្វើដំណើរ​តាម​នាវា​ ​កម្មករ​នាវា និង​ពួកអ្នកធ្វើជំនួញតាម​ផ្លូវ​ទឹក​ទាំង​ឡាយ​បាន​ឈរ​ពី​ចម្ងាយ​ ១៨ហើយ​ពេលឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​ កំពុង​ឆេះនោះ ពួកគេក៏​ស្រែក​ឡើងថា​៖ «តើ​មាន​ក្រុង​ណា​ដូច​ជា​ក្រុងដ៏​ធំ​នេះ​?» ១៩​ពួកគេ​ក៏បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ហើយ​ស្រែក​ឡើង​ ទាំង​ទ្រហោយំ​ និង​កាន់​ទុក្ខ​ថា​៖ «វេទនា​ហើយ​ វេទនា​ហើយ​ ទី​ក្រុង​ដ៏​ធំ​ ដែល​អ្នក​មាន​នាវា​ទាំងអស់ ​នៅ​តាមសមុទ្រ​ត្រលប់​​ជា​មាន​បាន ដោយ​សារ​ទ្រព្យ​សម្បត្តិ​របស់​ក្រុងនោះ ដ្បិត​ក្រុងនោះបាន​វិនាសអស់ ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង​​!​

២០​ឱ ស្ថានសួគ៌ និង​ពួក​បរិសុទ្ធ​ ពួកសាវក​ ព្រមទាំងពួក​អ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយអើយ! ចូរ​អរ​សប្បាយ​ដោយ​សារក្រុងនោះចុះ ដ្បិត​ព្រះជាម្ចាស់​បាន​​ជំនុំ​ជម្រះ​ក្រុងនោះ ​ ឲ្យ​អ្នក​រាល់​គ្នា​ហើយ»។​

២១ពេល​នោះ មាន​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយរូប​បាន​លើក​ថ្ម​មួយ​ដុំ​ ដូច​ជា​ថ្មត្បាល់​កិនមួយ​យ៉ាង​ធំ ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ​ទាំង​និយាយ​ថា​៖​ «ក្រុងបាប៊ីឡូន​ជា​ក្រុង​ដ៏ធំ​ នឹង​ត្រូវ​​បានទម្លាក់​យ៉ាងខ្លាំង​ដូច្នេះ​ដែរ​ ក៏គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។ ២២សំឡេង​របស់​ពួក​អ្នក​លេងពិណ ពួកអ្នក​លេង​ភ្លេង​ ពួកអ្នក​ផ្លុំ​ខ្លុយ​ និងពួក​អ្នក​ផ្លុំ​ត្រែ លែង​មានឮនៅ​ក្នុង​អ្នក​ទៀតហើយ រួចក៏លែងឃើញមានពួកជាងគ្រប់ប្រភេទ ​ធ្វើ​ការ​នៅ​ក្នុង​អ្នកទៀតដែរ រីឯសូរ​ត្បាល់​កិន នោះ ក៏លែងមាន​ឮនៅ​ក្នុង​អ្នក​ទៀត។ ២៣ពន្លឺ​ចង្កៀង​នឹង​លែង​ភ្លឺ​នៅ​ក្នុងអ្នក​ទៀតហើយសំឡេង​កូន​កំលោះ​ និង​កូន​ក្រមុំ​នឹង​លែង​មានឮនៅ​ក្នុង​អ្នក​ទៀតដែរ ​ដ្បិត​ពួក​ឈ្មួញ​របស់​អ្នក គឺ​ជា​អ្នក​ធំ​នៅ​លើ​ផែនដី​ ហើយជនជាតិ​ទាំងអស់បាន​​​​វង្វេង​ដោយ​សារ​មន្ដ​អាគម​របស់​អ្នក ​២៤ហើយនៅ​ក្នុង​អ្នកក៏ឃើញ​មានឈាម ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ឈាម​របស់​ពួក​បរិសុទ្ធ​ និង​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​លើ​ផែនដី»។

វិវរណៈ ១៨