វិវរណៈ ១៦
១៦បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារមក បន្លឺទៅកាន់ទេវតាទាំងប្រាំពីរថា៖ «ចូរចេញទៅ ហើយចាក់សេចក្ដីក្រោធ របស់ព្រះជាម្ចាស់ចេញពីពានទាំងប្រាំពីរនោះទៅលើផែនដីទៅ»។២ដូច្នេះ ទេវតាទីមួយក៏ចេញទៅ ហើយយកពានរបស់ខ្លួន ចាក់ទៅលើផែនដី នោះក៏មានដំបៅយ៉ាងអាក្រក់ និងយ៉ាងឈឺចាប់ កើតលើមនុស្សដែលមានសញ្ញាសំគាល់របស់សត្វសាហាវនោះ និងពួកអ្នកដែលថ្វាយបង្គំរូបចម្លាក់របស់វា។
៣ទេវតាទីពីរ យកពានរបស់ខ្លួនចាក់ទៅក្នុងសមុទ្រ នោះសមុទ្រក៏ត្រលប់ជាឈាម ដូចជាឈាមរបស់មនុស្សស្លាប់ ហើយអ្វីៗទាំងអស់ដែលមានជីវិត នៅក្នុងសមុទ្រក៏ស្លាប់អស់។
៤បន្ទាប់មក ទេវតាទីបីយកពានរបស់ខ្លួនចាក់ទៅក្នុងទន្លេ និងប្រភពទឹកទាំងឡាយ នោះទីទាំងនោះក៏ត្រលប់ជាឈាមដែរ។ ៥ខ្ញុំបានឮទេវតានៃទឹកនិយាយថា៖ «ឱ ព្រះអង្គដ៏បរិសុទ្ធ ជាព្រះដែលគង់នៅសព្វថ្ងៃ និងគង់នៅតាំងពីដើមអើយ! ព្រះអង្គជាព្រះដ៏សុចរិត ព្រោះព្រះអង្គបានសម្រេចធ្វើការទាំងនេះហើយ ៦ដ្បិតពួកគេបានបង្ហូរឈាមពួកបរិសុទ្ធ និងពួកអ្នកនាំព្រះបន្ទូល ហើយព្រះអង្គក៏ឲ្យឈាមពួកគេផឹក គឺពួកគេសមនឹងដូច្នេះហើយ» ៧នោះខ្ញុំឮកន្លែងថ្វាយតង្វាយនិយាយថា៖ «មែនហើយ ឱ ព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់អើយ! ការជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត»។
៨ទេវតាទីបួនយកពានរបស់ខ្លួនចាក់ទៅលើដួងអាទិត្យ ហើយដួងអាទិត្យក៏បានទទួលអំណាចនឹងធ្វើឲ្យមនុស្សខ្លោចដោយសារភ្លើង។ ៩មនុស្សត្រូវខ្លោចដោយសារកំដៅយ៉ាងខ្លាំង នោះពួកគេក៏ជេរប្រមាថព្រះនាមរបស់ព្រះជាម្ចាស់ដែលមាន សិទ្ធិអំណាចលើគ្រោះកាចទាំងនោះ ហើយក៏មិនបានប្រែចិត្ដដើម្បីថ្វាយសិរីរុងរឿងដល់ព្រះអង្គដែរ។
១០ទេវតាទីប្រាំ យកពានរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វសាហាវនោះនោះនគររបស់វា ក៏ត្រលប់ជាងងឹតសូន្យសុង ហើយមនុស្សខាំអណ្តាតរបស់ខ្លួនដោយព្រោះតែការឈឺចាប់ ១១ពួកគេក៏ជេរប្រមាថ ព្រះជាម្ចាស់នៃស្ថានសួគ៌ ដោយព្រោះតែការឈឺចាប់ និងដោយព្រោះតែដំបៅរបស់ពួកគេ ហើយក៏មិនបានប្រែចិត្តពីការប្រព្រឹត្តិរបស់ខ្លួនដែរ។
១២ទេវតាទីប្រាំមួយ យកពានរបស់ខ្លួនចាក់ទៅ លើទន្លេធំ គឺទន្លេអើប្រាត នោះទឹកទន្លេក៏រីងអស់ ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្តេច ដែលមកពីទិសខាងកើត។ ១៣ខ្ញុំបានឃើញវិញ្ញាណអាក្រក់ បី ដូចជាសត្វកង្កែបចេញពីមាត់នាគ ពីមាត់សត្វសាហាវនោះ និងពីមាត់ពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយ ១៤ដ្បិតវិញ្ញាណទាំងនោះ គឺជាវិញ្ញាណរបស់ពួកអារក្សដែលធ្វើទីសំគាល់ ពួកវាចេញទៅរកពួកស្តេចនៅលើផែនដីទាំងមូល ដើម្បីប្រមូលស្តេចទាំងនោះមកក្នុងចម្បាំងនៅថ្ងៃដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់។
១៥(«មើល៍ យើងនឹងមកដូចជាចោរ! មានពរហើយអ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួន មិនឲ្យខ្លួនដើរអាក្រាត និងមិនឲ្យគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន»)។
១៦វិញ្ញាណទាំងនោះប្រមូលពួកស្តេចមកជួបជុំគ្នានៅកន្លែងមួយ ដែលហៅជាភាសាហេព្រើរថា អើម៉ាគេដូន។
១៧ទេវតាទីប្រាំពីរ យកពានរបស់ខ្លួនចាក់ទៅក្នុងអាកាស នោះមានសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ គឺចេញពីបល័្លង្កមកថា៖ «ការបានសម្រេចហើយ!»១៨នោះក៏មានផ្លេកបន្ទោរ មានសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីជាខ្លាំង ដែលមិនធ្លាប់កើតមានចាប់តាំងពីមនុស្ស កើតមកនៅលើផែនដី គឺជាការរញ្ជួយផែនដីយ៉ាងខ្លាំង និងធំសម្បើម។ ១៩ទីក្រុងដ៏ធំនោះបានបែកចេញជាបីផ្នែក ហើយទីក្រុងរបស់ជនជាតិទាំងឡាយក៏ដួលរលំ។ ព្រះជាម្ចាស់នឹកចាំពីក្រុងបាប៊ីឡូនជាក្រុងដ៏ធំ ដើម្បីឲ្យពែងស្រា នៃសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះអង្គដល់ក្រុងនោះ។ ២០គ្រប់ទាំងកោះក៏រត់ទៅបាត់ ហើយភ្នំក៏លែងឃើញមានទៀតដែរ ២១ហើយមានគ្រាប់ព្រឹលធំៗ ដែលគ្រាប់នីមួយៗមានទម្ងន់មួយឋាឡាន់ ធ្លាក់ចុះពីលើមេឃមកលើមនុស្ស ដូច្នេះ មនុស្សក៏ជេរប្រមាថព្រះជាម្ចាស់ ដោយព្រោះគ្រោះកាចនៃការធ្លាក់ព្រិលនោះ ដ្បិតគ្រោះកាចនោះខ្លាំងក្រៃលែង។