វិវរណៈ ១៤
កូនចៀម និងមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់
១៤បន្ទាប់មក ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយនៅជាមួយព្រះអង្គមានមនុស្ស មួយសែនបួនម៉ឺនបួនពាន់នាក់ដែលមានព្រះនាមរបស់ព្រះអង្គ និងព្រះនាមព្រះវរបិតារបស់ព្រះអង្គសរសេរនៅលើថ្ងាសរបស់គេ ២ខ្ញុំបានឮសំឡេងមួយពីលើមេឃមក ដូចជាសំឡេងទឹកជាច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង ហើយសំឡេងដែលខ្ញុំបានឮនោះ គឺដូចជាសំឡេងរបស់ពួកអ្នកលេងពិណកំពុងប្រគំពិណរបស់ខ្លួន ៣ពួកគេច្រៀងចម្រៀងមួយថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ ហើយ គ្មានអ្នកណាអាចរៀនចម្រៀងនោះបានឡើយ លើកលែងតែមនុស្ស មួយសែនបួនម៉ឺនបួនពាន់នាក់ ដែលត្រូវបានលោះចេញពីផែនដីប៉ុណ្ណោះ។
៤មនុស្សទាំងនេះ គឺជាពួកអ្នកដែលមិនបានធ្វើឲ្យខ្លួនស្មោកគ្រោក ជាមួយនឹងស្រ្តី ដ្បិតពួកគេបានរក្សាខ្លួនឲ្យនៅបរិសុទ្ធ។ អ្នកទាំងនេះគឺជាពួកអ្នកដែលដើរតាមកូនចៀមគ្រប់ទីកន្លែង ដែលកូនចៀមទៅ។ អ្នកទាំងនេះត្រូវបានលោះចេញពីចំណោមមនុស្សទុកជាផលដំបូងថ្វាយដល់ព្រះជាម្ចាស់ និងដល់កូនចៀម ៥ហើយនៅមាត់របស់ពួកគេ មិនឃើញមានសេចក្ដីភូតភរឡើយ ពួកគេជាមនុស្សឥតបន្ទោសបាន។
ទេវតាទាំងបី
៦ហើយខ្ញុំក៏បានឃើញទេវតាមួយរូបទៀតហោះនៅកណ្តាលអាកាស ទាំងមានដំណឹងល្អដែលនៅអស់កល្បជានិច្ច ដើម្បីប្រកាសប្រាប់អស់អ្នកដែលរស់នៅលើផែនដី គឺដល់គ្រប់ប្រទេស គ្រប់កុលសម្ព័ន គ្រប់ភាសា និងគ្រប់ជនជាតិ ៧ទេវតានោះ បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកោតខ្លាចព្រះជាម្ចាស់ ហើយថ្វាយសិរីរុងរឿងដល់ព្រះអង្គចុះ ដ្បិតពេលដែលព្រះអង្គត្រូវជំនុំជម្រះ បានមកដល់ហើយ ចូរថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកទាំងឡាយចុះ»។
៨មានទេវតាមួយរូបទៀត ជាទេវតាទីពីរ បានមកតាមក្រោយ រួចបន្លឺឡើងថា៖«រលំហើយ រលំហើយ ក្រុងបាប៊ីឡូនដ៏ធំ ដែលបានឲ្យជនជាតិទាំងឡាយផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទដ៏រោលរាលរបស់ខ្លួន»។
៩បន្ទាប់មក មានទេវតាមួយរូបទៀតជាទេវតាទីបីបានមកតាមក្រោយ រួចបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បើអ្នកណាថ្វាយបង្គំសត្វសាហាវនោះ និងរូបចម្លាក់របស់វា ហើយទទួលយកសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃរបស់ខ្លួន ១០អ្នក នោះ នឹងត្រូវផឹកស្រានៃកំហឹងរបស់ព្រះជាម្ចាស់ ជាស្រាដ៏សុទ្ធ ឥតលាយ ដែលបានចាក់ចូលក្នុងពែង នៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងត្រូវទទួលទារុណកម្មនៅក្នុងភ្លើង និងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀម។ ១១នោះផ្សែងនៃទារុណកម្ម របស់ពួកគេក៏ហុយឡើងអស់កល្បជានិច្ច ពួកគេគ្មានសេចក្ដីស្រាកស្រាន្តឡើយ ទាំងថ្ងៃទាំងយប់ គឺពួកអ្នកដែលថ្វាយបង្គំសត្វនោះ និងរូបចម្លាក់របស់វា ព្រមទាំងអ្នកណាដែលទទួលសញ្ញាសំគាល់ នៃឈ្មោះរបស់វាផង»។ ១២នេះហើយគឺជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តិរបស់ព្រះជាម្ចាស់ និងជំនឿនៅក្នុងព្រះយេស៊ូ។
១៣ខ្ញុំក៏បានឮសំឡេងមួយពីលើមេឃមកថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលស្លាប់នៅក្នុងព្រះអម្ចាស់ពីពេលនេះតទៅ!» ព្រះវិញ្ញាណក៏មានបន្ទូលថា «មែនហើយ ពួកគេនឹងបានសម្រាក ពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្ដិរបស់ពួកគេតាមជាប់ពួកគេ»។
ចម្រូតនៅផែនដី
១៤ពេលនោះ ខ្ញុំមើលទៅឃើញពពកសមួយដុំ ហើយមានម្នាក់ដូចជាកូនមនុស្សអង្គុយលើពពកនោះ ទាំងពាក់មកុដមាសនៅលើក្បាល និងកាន់កណ្តៀវដ៏មុតនៅនឹងដៃរបស់លោក។
១៥មានទេវតាមួយរូបទៀត ចេញពីព្រះវិហារមក ទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំង ទៅកាន់អ្នកដែលអង្គុយនៅលើពពកនោះថា៖ «សូមប្រើកណ្តៀវរបស់លោកទៅច្រូតចុះ ដ្បិតដល់ពេលច្រូតហើយ ពីព្រោះចម្រូតនៅផែនដីទុំហើយ»។ ១៦ដូច្នេះអ្នកដែលអង្គុយនៅលើពពក ក៏បោះកណ្តៀវរបស់លោកទៅលើផែនដី នោះផែនដីក៏ត្រូវបានច្រូត។
១៧មានទេវតាមួយរូបទៀតចេញពីព្រះវិហារដែលនៅស្ថានសួគ៌ ទេវតានោះក៏មានកណ្តៀវមួយដ៏មុតដែរ ១៨បន្ទាប់មក ទេវតាមួយរូបទៀត ដែលមានអំណាចលើភ្លើង ក៏ចេញពីកន្លែងថ្វាយតង្វាយមក ហើយទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងទៅទេវតា ដែលមានកណ្តៀវដ៏មុតនោះថា៖ «ចូរប្រើកណ្តៀវដ៏មុតរបស់អ្នកទៅប្រមូលចង្កោមទំពាំងបាយជូរនៅផែនដីចុះ ដ្បិតផ្លែវាទុំហើយ»។ ១៩ដូច្នេះ ទេវតានោះ ក៏បោះកណ្តៀវរបស់គាត់ទៅលើផែនដី ហើយប្រមូលផលទំពាំងបាយជូរនៅលើផែនដី រួចបោះចូលទៅក្នុងកន្លែង បញ្ជាន់ផ្លែទំពាំងបាយជូរដ៏ធំ នៃសេចក្ដីក្រោធ របស់ព្រះជាម្ចាស់។ ២០ឯកន្លែងបញ្ជាន់ផ្លែនោះ ទំពាំងបាយជូរ ក៏ត្រូវបានគេយកទៅបញ្ជាន់នៅខាងក្រៅទីក្រុង ហើយមានឈាមចេញពីកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនោះឡើងដល់បង្ហៀរសេះ ចម្ងាយមួយពាន់ប្រាំមួយរយស្តេឌៀ។