KCB - វិវរណៈ ១៣


វិវរណៈ ១៣

សត្វសាហាវដែលចេញពីសមុទ្រ

១៣នោះ ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ ចេញ​ពី​សមុទ្រ​មក​ វាមាន​ស្នែង​ដប់​ និង​ក្បាល​ប្រាំពីរ ​នៅ​លើ​ស្នែង​របស់វា​ មាន​មកុដ​ដប់​ហើយ​នៅ​លើ​ក្បាល​របស់វា ​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថព្រះជាម្ចាស់។ ​សត្វ​សាហាវ ដែល​ខ្ញុំ​ឃើញ​នោះ​ដូច​ជា​ខ្លារ​ខិន​ ជើងរបស់​វា​ដូច​ជា​ជើង​របស់ខ្លា​ឃ្មុំ​ ហើយ​មាត់​របស់វា​ ដូច​ជា​មាត់​របស់សត្វតោ។ នាគ​​ក៏​ប្រគល់​អំណាច​និង​បល្ល័ង្ក​របស់​វា​ ព្រម​ទាំង​សិទ្វិ​អំណាច​យ៉ាង​ធំ​​ដល់​សត្វ​នោះ​ ​ហើយក្បាល​មួយ​របស់សត្វ​នោះ​​ ហាក់​ដូច​ជា​ត្រូវ​របួសជិតស្លាប់ ប៉ុន្ដែ​របួស​ជិត​ស្លាប់ ​របស់​វា​នោះក៏បាន​ជា​សះ​ឡើង​វិញ​ ដូច្នេះផែនដី​ទាំង​មូល​ក៏​ស្ញប់​ស្ញែង​ ហើយ​ដើរ​តាម​​វា។ ​ពួកគេ​ថ្វាយ​បង្គំ​នាគ​ ព្រោះ​វា​បាន​ប្រគល់​សិទ្ធិ​អំណាច​របស់​វា ​ដល់​សត្វសាហាវ​នោះ​ ហើយពួកគេ​ក៏​ថ្វាយ​បង្គំ​សត្វ​សាហាវនោះដែរ ទាំងនិយាយ​ថា​៖ «តើ​មាន​នរ​ណា​ដូច​សត្វ​នេះ​ តើ​មាននរ​ណា​អាច​ច្បាំង​នឹង​សត្វនេះ​បាន​?»

សត្វ​សាហាវនោះ ​បាន​ទទួល​មាត់​និយាយ​ពាក្យអួតអាង​ និងពាក្យ​​ប្រមាថព្រះជាម្ចាស់​ ហើយ​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​​ ធ្វើ​សកម្មភាព​​សែសិប​ពីរ​ខែ។ ​វា​បាន​ហា​មាត់របស់​វា​ ប្រមាថ​​ព្រះជាម្ចាស់​ ប្រមាថ​ព្រះនាម​របស់​ព្រះអង្គ​ និង​លំនៅរបស់​ព្រះអង្គ ព្រមទាំងពួក​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថានសួគ៌។ ​វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​សង្រ្គាម​ជា​មួយ​ពួក​បរិសុទ្ធ​ ហើយ​យក​ឈ្នះ​លើ​ពួក​គេ​ រួច​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​ លើ​គ្រប់​​កុល​សម្ព័ន្ធ​ គ្រប់​ជនជាតិ ​គ្រប់​ភាសា​ និង​គ្រប់​ប្រទេស រីឯអស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយ​បង្គំ​វា គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោកមក ​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​ត្រូវ​បាន​គេសម្លាប់។

​អ្នក​ណា​មាន​ត្រចៀក​ ចូរស្តាប់​ចុះ។ ១០​អ្នក​ណា​ត្រូវជាប់​ជា​ឈ្លើយ​ អ្នក​នោះ​នឹង​ជាប់​ជា​ឈ្លើយ​ ​អ្នក​ណា​ត្រូវ​ស្លាប់ដោយ​ដាវ​ អ្នក​នោះនឹងស្លាប់​ដោយ​ដាវ។​ នេះ​ហើយ​គឺជា​សេចក្ដី​អត់ធ្មត់​ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។

សត្វសាហាវដែលចេញពីដី

១១​ខ្ញុំ​បានឃើញ​ សត្វ​សាហាវ​មួយ​ទៀត​​ចេញ​ពី​ដី​មក វា​មាន​ស្នែង​ពីរ​ដូច​ជា​កូន​ចៀម ហើយ​វា​និយាយ​ដូច​ជា​នាគ។ ១២​វា​ប្រើ​សិទ្ធិ​អំណាច​ទាំង​អស់​របស់​សត្វ​សាហាវទី​មួយ នៅ​ពីមុខ​សត្វ​សាហាវទី​មួយ ហើយ​វា​ធ្វើ​ឲ្យ​ផែនដី​ និង​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី ថ្វាយ​បង្គំ​សត្វ​សាហាវទីមួយ​ដែល​របួស​ជិតស្លាប់​របស់​វា​បាន​ជា​សះ​ឡើងវិញ​នោះ។​ ១៣វា​ធ្វើ​ទី​សំគាល់​ធំ​ៗ សូម្បីតែ​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី​ នៅមុខ​មនុស្ស​ផង ១៤ហើយ​វា​បោកបញ្ឆោតពួក​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ ដោយ​សារ​ទី​សំគាល់​ដែល​វា​បានទទួលអំណាច​នឹង​ធ្វើ​នៅ​ពី​មុខ​សត្វសាហាវ​នោះ ​ទាំង​ប្រាប់​ពួក​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ ឲ្យ​ធ្វើ​រូបចម្លាក់​មួយ​សម្រាប់​សត្វ​សាហាវ ដែល​មាន​របួស​ដោយ​សារ​ដាវ ហើយ​នៅ​មាន​ជីវិត​នោះ។​ ១៥​វាក៏​បាន​ទទួល​អំណាច​នឹង​ផ្ដល់វិញ្ញាណ ឲ្យរូប​ចម្លាក់របស់សត្វ​សាហាវនោះ​ ដើម្បីឲ្យ​រូបចម្លាក់របស់​សត្វ​សាហាវនោះ​និយាយ​បាន ​និង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ឡាយ​ ដែល​មិន​ថ្វាយ​បង្គំ​រូប​ចម្លាក់របស់សត្វសាហាវនោះ​ស្លាប់​ផង។ ​១៦វា​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ ទាំង​តូច ​ទាំង​​ធំ ​ទាំង​អ្នក​ក្រ​ ទាំង​អ្នក​មាន​ ទាំង​អ្នក​មានសេរីភាព ទាំង​បាវបម្រើ​ ឲ្យ​ទទួល​សញ្ញា​សំគាល់​មួយ​នៅ​លើ​ដៃ​ស្តាំ​ ឬនៅ​លើ​ថ្ងាស​របស់ពួកគេ ១៧​ដើម្បីកុំ​ឲ្យ​អ្នក​ណា​អាច​​ទិញ ​ឬ លក់​អ្វី​បាន​ឡើយ ​ប្រសិនបើគេគ្មាន​សញ្ញា​សំគាល់នោះទេ​ គឺជា​ឈ្មោះ​របស់​សត្វ​សាហាវនោះ​ ឬ​លេខ​ឈ្មោះ​របស់​វា។ ១៨​នេះហើយ​គឺ​ជាប្រាជ្ញា​​ ហើយ​អ្នក​ណាដែល​មាន​ការ​យល់​ដឹង​ ចូរគិត​លេខ​របស់​សត្វសាហាវ​នោះ​ចុះ​ ដ្បិត​លេខ​នោះ​គឺ​ជា​លេខ​របស់​មនុស្ស​ លេខ​របស់​វា​គឺ​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ។

វិវរណៈ ១៣