វិវរណៈ ១២
ស្រ្តី និងនាគ
១២មានទីសំគាល់មួយយ៉ាងធំ លេចមកនៅលើមេឃ គឺមានស្ដ្រីម្នាក់ ស្លៀកពាក់ដួងអាទិត្យ ហើយមានលោកខែនៅក្រោមជើង ក៏មានផ្កាយដប់ពីរធ្វើជាមកុដនៅលើក្បាល២នាងមានផ្ទៃពោះ ហើយស្រែកឡើង ដោយឈឺចាប់ហៀបនឹងសម្រាលកូន។
៣ហើយមានទីសំគាល់មួយទៀតលេចមកនៅលើមេឃ គឺមាននាគក្រហមមួយយ៉ាងធំ មានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វា មានមកុដប្រាំពីរ ៤រីឯកន្ទុយរបស់វាបានទាញផ្កាយនៅលើមេឃមួយភាគបី គ្រវែងមកលើ ផែនដី។ នាគនោះបានឈរនៅពីមុខស្ដ្រីដែលហៀបនឹងសម្រាលកូននោះ ដើម្បីស៊ីកូនរបស់នាង ពេលនាងសម្រាលកូននោះមក។ ៥នាងសម្រាល បានកូនប្រុសមួយដែលនឹងគ្រប់គ្រងជនជាតិទាំងអស់ដោយដំបងដែក ប៉ុន្ដែកូនរបស់នាងត្រូវបានលើកឡើងទៅដល់ព្រះជាម្ចាស់ និងបល័្លង្ករបស់ព្រះអង្គ។ ៦ស្ដ្រីនោះបានរត់គេចទៅឯទីរហោឋាន ជាកន្លែងដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យនាង ដើម្បីចិញ្ចឹមនាងនៅទីនោះ រយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។
៧ពេលនោះមានចំបាំងកើតឡើងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់មីកែលច្បាំងនឹងនាគ ហើយនាគ និងពួកទេវតារបស់ពួកវា ក៏ច្បាំងតបវិញដែរ ៨ប៉ុន្ដែពួកវាមិនបានឈ្នះទេ ហើយក៏មិនឃើញមានកន្លែងណា សម្រាប់ពួកវានៅលើមេឃទៀតដែរ ៩នោះនាគដ៏ធំនោះត្រូវបានទម្លាក់ចុះមក គឺជាពស់ពីបុរាណដែលហៅថាមេអារក្សផង និងសាតាំងផង ជាអ្នកដែលនាំឲ្យមនុស្សនៅលើផែនដីទាំងមូលវង្វេង វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានទម្លាក់ចុះមកជាមួយវាដែរ ១០រួចខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃបន្លឺឡើងថា៖ «ឥឡូវនេះសេចក្ដីសង្គ្រោះ អំណាច និងរាជ្យរបស់ព្រះជាម្ចាស់នៃយើង ព្រមទាំងសិទ្ធិអំណាចរបស់ព្រះគ្រិស្ដរបស់ព្រះអង្គ បានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់បងប្អូនរបស់យើងត្រូវបានទម្លាក់ចុះមក គឺវានោះហើយដែលចោទប្រកាន់ពួកគេ នៅចំពោះព្រះជាម្ចាស់របស់យើងទាំងយប់ទាំងថ្ងៃ។
១១ពួកគេបានឈ្នះវាដោយសារឈាមរបស់កូនចៀម និងដោយសារពាក្យនៃសេចក្ដីបន្ទាល់របស់ពួកគេ ដ្បិតពួកគេមិនបានស្រឡាញ់ជីវិតរបស់ខ្លួន រហូតដល់ស្លាប់។ ១២ហេតុនេះ ឱស្ថានសួគ៌ និងអស់អ្នកដែលនៅស្ថាននោះអើយ! ចូរអរសប្បាយឡើង ប៉ុន្ដែវេទនាដល់ផែនដី និងសមុទ្រវិញ ព្រោះអារក្សសាតាំងបានចុះមកឯអ្នករាល់គ្នា ទាំងមានកំហឹងជាខ្លាំង ដោយដឹងថា វាមានពេលវេលាតែបន្ដិចទេ»។
១៣នៅពេលនាគឃើញថា វាត្រូវបានទម្លាក់ចុះមកផែនដីដូច្នេះ វាក៏បៀតបៀនស្ដ្រី ដែលបានសម្រាលកូនប្រុសនោះ។ ១៤ប៉ុន្ដែស្ត្រីនោះបានទទួលស្លាបពីររបស់សត្វឥន្ទ្រីដ៏ធំ ដើម្បីឲ្យនាងអាចហើរទៅឯទីរហោឋាន ជាកន្លែងរបស់នាងដែលនាងនឹងទទួលបានការចិញ្ចឹម ក្នុងរយៈពេលមួយឆ្នាំ ពីរឆ្នាំ និងកន្លះឆ្នាំ ផុតពីមុខសត្វពស់នោះ។
១៥ពស់នោះបានព្រួសទឹកចេញពីមាត់របស់វាមក ដូចជាទន្លេតាមពីក្រោយស្ត្រីនោះ ដើម្បីធ្វើឲ្យនាងរសាត់ទៅតាមទឹកជំនន់។ ១៦ប៉ុន្ដែ ផែនដីបានជួយស្រ្តីនោះ គឺផែនដីបានហាមាត់ ហើយលេបទន្លេដែលនាគនោះ បានព្រួសចេញពីមាត់វាមក។ ១៧ដូច្នេះនាគក៏ខឹងនឹងស្រ្តីនោះជាខ្លាំង ហើយក៏ចេញទៅច្បាំងជាមួយនឹងកូនចៅឯទៀតៗរបស់នាងដែលកាន់តាមបញ្ញត្តិរបស់ព្រះជាម្ចាស់ និងមានសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ។ ១៨បន្ទាប់មក វាក៏ឈរនៅលើខ្សាច់សមុទ្រ។