KCB - ភីលីព ១


ភីលីព ១

ភីលីព

ពាក្យជម្រាប​សួរពីលោកប៉ូល

ខ្ញុំ ប៉ូល និង​ធីម៉ូថេ​​ជា​បាវ​បម្រើ​របស់​ព្រះ​គ្រិស្ដយេស៊ូ​ ជូន​ចំពោះ​ពួក​បរិសុទ្ធ​​ទាំង​អស់ នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​ពួក​អ្នក​មើល​ខុសត្រូវ​ និង​ពួក​អ្នក​ជំនួយ​​នៅ​ក្រុង​ភីលីព សូម​ឲ្យព្រះជាម្ចាស់​​ ជា​ព្រះវរបិតា​របស់​យើង​ និង​​ព្រះអម្ចាស់យេស៊ូ​គ្រិស្ត​ប្រទាន​​ព្រះគុណ និង​សេចក្ដី​សុខសាន្តដល់អ្នករាល់គ្នា។

ពាក្យអរគុណ និងពាក្យអធិស្ឋានរបស់លោកប៉ូល

​ខ្ញុំ​អរព្រះគុណ​​ព្រះ​របស់​ខ្ញុំរាល់​ពេល​ដែល​ខ្ញុំ​នឹក​ចាំ​ពី​អ្នករាល់គ្នា ហើយ​នៅ​ក្នុង​គ្រប់​ទាំង​ការទូល​អង្វរ​​របស់​ខ្ញុំ​ ខ្ញុំ​តែងតែ​ទូលអង្វរ​​ដោយ​អំណរ ​សម្រាប់​អ្នកទាំង​អស់គ្នា​ជានិច្ច​ ដោយសារ​ការដែល​អ្នក​រាល់គ្នា​រួម​ចំណែក​ ​​នៅ​ក្នុង​ដំណឹង​ល្អ​ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ពេល​នេះ‍។ ខ្ញុំ​ជឿ​ជាក់​លើ​សេចក្តី​​នេះ​ថា​ ព្រះអង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​នៅក្នុង​អ្នករាល់គ្នា ព្រះអង្គ​នឹង​សម្រេច​​ការ​នោះ​ រហូត​​ដល់​ថ្ងៃ​​​របស់​ព្រះគ្រិស្ដ​យេស៊ូ។

​ការ​ដែល​ខ្ញុំ​គិត​ ចំពោះ​អ្នក​ទាំងអស់​គ្នាបែប​នេះ​ គឺ​ត្រឹមត្រូវ​ហើយ​ ព្រោះខ្ញុំមាន​​អ្នករាល់គ្នា​នៅក្នុង​ចិត្ត​​ ដោយអ្នក​ទាំងអស់​គ្នា​ ជា​អ្នក​រួម​ចំណែក​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ព្រះគុណ​ ទាំង​នៅ​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង ​​​ទាំង​នៅ​ពេលដែល​ខ្ញុំ​​​​ឆ្លើយការពារ និង​​បញ្ជាក់​​អំពី​ដំណឹង​ល្អ។ ព្រះជាម្ចាស់​ជា​សាក្សី​របស់​ខ្ញុំថា​​ ​ខ្ញុំ​ស្រឡាញ់​ អ្នក​ទាំងអស់​គ្នា​ខ្លាំង​យ៉ាង​ណា​ ដោយ​ព្រះហឫ​ទ័យ​ សន្ដោស​របស់​ព្រះគ្រិស្ដ​យេស៊ូ។ ខ្ញុំ​អធិស្ឋាន​បែប​នេះ​ថា សូម​ឲ្យសេចក្ដី​ស្រឡាញ់​របស់​អ្នករាល់គ្នា​បានចម្រើនកាន់តែ​​ច្រើន​ឡើងៗ ​នៅក្នុង​ប្រាជ្ញា​​ និង​ការយល់​ដឹង​​​គ្រប់​បែបយ៉ាង​​​១០នោះ​អ្នករាល់គ្នា ចេះ​​សង្កេត​សេចក្តី​ផ្សេងៗ​​ ដើម្បី​ឲ្យ​​អ្នករាល់គ្នា​បាន​​បរិសុទ្ធ ហើយ​ឥត​​បន្ទោស​បាន ​នៅ​ថ្ងៃ​​របស់​ព្រះគ្រិស្ដ ១១ទាំង​បាន​ពេញ​ដោយ​ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត ​តាមរយៈ​ព្រះ​យេស៊ូ​គ្រិស្ដ​សម្រាប់​​​ការ​សរសើរ​តម្កើង​ និងសិរីរុងរឿង​របស់​​ព្រះជាម្ចាស់។

លោកប៉ូលមានអំណរ​ ទោះបីជាគាត់​ជាប់គុក

១២​បងប្អូន​អើយ!​ ខ្ញុំ​ចង់​ឲ្យអ្នករាល់គ្នា​ដឹង​ថា ហេតុការណ៍​ទាំងឡាយ​ដែល​កើត​ឡើង​ចំពោះ​ខ្ញុំ​ បាន​ធ្វើ​ឲ្យដំណឹង​ល្អ​កាន់តែ​រីក​ចម្រើន​ឡើង​ ១៣ដូច្នេះ​ហើយ​បាន​ជា​​ក្នុង​បន្ទាយទ័ព​ទាំងមូល និង​អ្នក​​ទាំងអស់​ផ្សេង​ទៀត​ ​​បាន​ដឹង​ច្បាស់​អំពី​ការ​ជាប់​ចំណង​របស់​ខ្ញុំ​ ដោយសារ​​​ព្រះគ្រិស្ដ​​ ១៤ហើយ​ដោយ​សារ​ការ​ជាប់​ចំណង​របស់​ខ្ញុំ​នេះ បងប្អូន​ភាគ​ច្រើន​បាន​ជឿជាក់​​លើ​ព្រះអម្ចាស់​ ហើយ​កាន់តែ​ហ៊ាន​ប្រកាស​ព្រះបន្ទូល​ ​ដោយ​ឥត​ភ័យ​ខ្លាចឡើយ‍។

១៥​​មាន​មនុស្ស​មួយ​ចំនួន​ប្រកាស​អំពី​ព្រះគ្រិស្ដ​ ដោយ​ព្រោះ​សេចក្តី​​ឈ្នានីស និង​ការ​ឈ្លោះ​ប្រកែក​មែន​​ ប៉ុន្តែ​​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ ពិត​ជា​ប្រកាស​ ដោយព្រោះ​​បំណង​ល្អ ១៦គឺ​ពួកគេ​​ប្រកាស​ដោយ​សេចក្ដី​ស្រឡាញ់​ ទាំង​ដឹង​ថា ខ្ញុំ​ត្រូវ​បាន​កំណត់​ សម្រាប់​ឆ្លើយ​ការពារ​ដំណឹង​ល្អ​ ១៧រីឯ​​ពួកអ្នក​ដែល​ប្រកាស ​ដោយ​ព្រោះ​សេចក្តី​ឈ្នានីស​ ពួក​គេ​​ប្រកាស​អំពី​ព្រះគ្រិស្ដ​ ដោយ​ការ​ប្រជែង មិន​មែន​ដោយ​ស្មោះត្រង់​ទេ គឺ​ដោយ​គិត​ថា ​នឹង​ធ្វើ​ឲ្យការ​ជាប់​ចំណង​របស់​ខ្ញុំ​កាន់តែ​វេទនា​ ១៨តើ​យ៉ាង​ដូច​​ម្ដេច​ដែរ​?​ គឺ​មិន​ថា​ដោយ​របៀប​ណា​ទេ ទោះបី​​​ដោយ​ធ្វើពុត ឬ​ដោយ​ពិត​ប្រាកដ​ក្តី​ ឲ្យ​តែ​​គេ​បាន​ប្រកាស​អំពី​ព្រះគ្រិស្ដ​ នោះ​ខ្ញុំ​ត្រេកអរ​​ចំពោះ​ការ​នេះ​ហើយ​ រួច​​ខ្ញុំ​នឹង​ត្រេកអរ​ត​ទៅ​ទៀត ១៩ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ត្រលប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ ដោយ​សារ​ការទូល​អង្វរ​​របស់​អ្នករាល់គ្នា និង​ជំនួយ​ពី​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូ​គ្រិស្ដ‍។

ជីវិតរបស់លោកប៉ូលសម្រាប់ព្រះគ្រិស្ដ

២០​ស្របទៅតាមការទន្ទឹងរង់ចាំដោយអន្ទះសា និងសេចក្ដីសង្ឃឹមរបស់ខ្ញុំ គឺថា ខ្ញុំនឹងមិនត្រូវខ្មាសក្នុងការអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំមានសេចក្ដីក្លាហានទាំង ស្រុង ទាំងនៅពេលឥឡូវនេះ ក៏ដូចរាល់ពេលដែរ ដើម្បីឲ្យព្រះគ្រិស្ដនឹងត្រូវបានលើកតម្កើងឡើង នៅក្នុងរូបកាយរបស់ខ្ញុំ ទោះរស់ ឬស្លាប់ក្ដី ២១ដ្បិត​សម្រាប់ខ្ញុំ រស់ គឺសម្រាប់ព្រះគ្រិស្ដ ហើយស្លាប់គឺចំណេញ ២២ប៉ុន្ដែ បើការរស់នៅខាងរូបកាយនេះ ជាកិច្ចការដែលមានផលផ្លែសម្រាប់ខ្ញុំ នោះខ្ញុំមិនដឹងថានឹងជ្រើសរើសយកមួយណាទេ ២៣ពេល​នេះ​ ខ្ញុំ​រារែក​ដោយសារសេចក្ដីទាំងពីរយ៉ាង ម្យ៉ាងគឺ​ចង់​ទៅ​នៅ​ជាមួយ​ព្រះគ្រិស្ដ ដ្បិត​ការ​នេះ​ប្រសើរ​ជាង​ខ្លាំង​ណាស់​ ២៤ប៉ុន្ដែ​ម្យ៉ាង​ទៀត ​ខ្ញុំនៅ​​ក្នុងរូបកាយនេះត​ទៅ​ទៀត នោះ​​ចាំបាច់​ជាង​សម្រាប់​អ្នករាល់គ្នា​ ២៥ដោយជឿជាក់លើសេចក្ដីនេះបានជាខ្ញុំដឹងថា ខ្ញុំ​នឹង​រស់​នៅ​ ហើយស្នាក់នៅជាមួយ​អ្នក​រាល់​គ្នា​ត​ទៅទៀត ដើម្បីឲ្យ​​អ្នក​រាល់​គ្នា​បានរីក​ចម្រើន​ឡើង ហើយ​មាន​អំណរដោយ​សារ​ជំនឿ​​ ២៦និង​ដើម្បី​ឲ្យអ្នករាល់គ្នា​ មាន​មោទនភាព​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ខ្ញុំ ​នៅ​ក្នុង​ព្រះ​យេស៊ូ​គ្រិស្ដ​ ដោយ​សារ​ខ្ញុំ​មក​នៅ​ជា​មួយ​​​​អ្នករាល់គ្នា​ម្តង​ទៀត។​

រស់ឲ្យស័ក្ដិសមជារាស្រ្ដស្ថានសួគ៌

២៧​អ្នករាល់គ្នា ​គ្រាន់តែ​រស់​នៅ​ឲ្យស័ក្ដិសម​ នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ចុះ នោះ​ទោះបី​ខ្ញុំ​មក​ជួប​អ្នករាល់គ្នា ឬ​នៅ​ឆ្ងាយ​​ក្តី ខ្ញុំ​នឹង​ឮ​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ឈរ​មាំមួន​ ដោយ​មាន​វិញ្ញាណ​តែ​មួយ និង​តស៊ូ​ជា​មួយ​គ្នា​ដោយ​មាន​គំនិត​តែ​មួយ ​​​ដើម្បី​ជំនឿ​លើ​​ដំណឹង​ល្អ​ ២៨ទាំង​​មិន​ខ្លាច​ពួក​អ្នក​ប្រឆាំងនៅ​ក្នុង​ការ​​អ្វី​​ឡើយ‍។​ នេះ​ជា​ភស្ដុតាងពី​សេចក្ដី​វិនាស​សម្រាប់​ពួកគេ ប៉ុន្ដែ​ជាសេចក្ដី​សង្គ្រោះ​សម្រាប់​អ្នករាល់គ្នា​វិញ ហើយ​ការ​នេះ​មក​ពី​ព្រះជាម្ចាស់​ ២៩ពីព្រោះការនេះ ត្រូវបានប្រទានមកអ្នករាល់គ្នាដោយសារព្រះគ្រិស្ដ គឺ​មិន​គ្រាន់តែ​ឲ្យអ្នករាល់គ្នា​​ជឿ​​ព្រះអង្គ​ប៉ុណ្ណោះ​ទេ​ ថែមទាំងឲ្យរងទុក្ខ​លំបាក ដោយ​ព្រោះ​ព្រះអង្គ​ដែរ​ ៣០​ដ្បិត​អ្នករាល់គ្នា​កំពុង​ជួប​ការ​តយុទ្ធ​តែមួយ​ ដែល​អ្នករាល់គ្នា​បាន​ឃើញ​ថា ​ខ្ញុំ​មាន​ ហើយក៏ឮថា​​ ឥ​ឡូវនេះ ​ខ្ញុំនៅតែ​មាន។

ភីលីព ១