ម៉ាថាយ ៩
ព្រះយេស៊ូប្រោសមនុស្សស្លាប់ដៃជើង
៩កាលយាងចុះទូក រួចហើយ ព្រះអង្គក៏ឆ្លងទៅដល់ក្រុង របស់ព្រះអង្គ។ ២មើល៍ មានគេនាំមនុស្សស្លាប់ដៃជើងម្នាក់ ដេកលើគ្រែ មករកព្រះអង្គ ពេលព្រះយេស៊ូទតឃើញជំនឿរបស់ពួកគេ ព្រះអង្គក៏មានបន្ទូលទៅមនុស្សស្លាប់ដៃជើងនោះថា៖ «ចូរមានទឹកចិត្ដឡើង កូនអើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។ ៣ឯពួកគ្រូវិន័យខ្លះបាននិយាយគ្នាថា៖ «មើល៍! មនុស្សនេះ និយាយប្រមាថព្រះជាម្ចាស់ហើយ» ៤កាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖ «ហេតុអ្វីអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្ដដូច្នេះ? ៥ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលនិយាយជាង? ៦ប៉ុន្ដែដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅ លើ ផែ ន ដី នេះ» ។ បន្ទាប់មក ព្រះអង្គមានបន្ទូលទៅមនុស្សស្លាប់ដៃជើងថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកទៅផ្ទះចុះ» ៧គាត់ក្រោកឡើង ហើយទៅផ្ទះរបស់គាត់វិញ។ ៨កាលបណ្ដាជនឃើញការនេះ ក៏កោតខ្លាច ហើយសរសើរតម្កើងព្រះជាម្ចាស់ដែលបានប្រទាន សិទ្ធិអំណាចបែបនេះដល់មនុស្ស។
ព្រះយេស៊ូត្រាស់ហៅលោកម៉ាថាយ
៩កាលព្រះយេស៊ូយាងចេញពីទីនោះ ព្រះអង្គបានឃើញបុរសម្នាក់ ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ហើយក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។ ១០ក្រោយមក ពេលព្រះអង្គចូលរួមបរិភោគអាហារ នៅផ្ទះរបស់លោកម៉ាថាយ ក៏មានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើនបានមកចូលរួម បរិភោគអាហារជាមួយព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គដែរ។ ១១ពេលពួកអ្នកខាងគណៈផារិស៊ីឃើញបែបនេះ ក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នា បរិភោគជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?» ១២ពេលព្រះអង្គស្ដាប់ឮ ក៏មានបន្ទូលទៅពួកគេថា៖ «មនុស្សមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ១៣ចូរទៅស្វែងយល់ពីបទគម្ពីរដែលថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ តើនេះមានន័យយ៉ាងដូចម្ដេច? ព្រោះខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។
ព្រះយេស៊ូមានបន្ទូលអំពីការតមអាហារ
១៤បន្ទាប់មក សិស្សរបស់លោកយ៉ូហានបានចូលមកជិតព្រះអង្គ ទូលថា៖ «ហេតុអ្វីក៏យើងខ្ញុំ និងពួកអ្នកខាងគណៈផារិស៊ី តមអាហារជាញឹកញាប់ តែសិស្សរបស់លោកមិនតមអាហារដូច្នេះ?» ១៥ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចកាន់ទុក្ខបានដែរឬទេ នៅពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្ដែនឹងមានថ្ងៃមួយមកដល់ ពេលកូនកំលោះត្រូវឃ្លាតពីពួកគេទៅ ពេលនោះពួកគេនឹងតមអាហារ។ ១៦ព្រោះគ្មាន នរណាយកបំណះក្រណាត់ថ្មី មកប៉ះសម្លៀកបំពាក់ចាស់ទេ ដ្បិតបំណះក្រណាត់ថ្មីនឹងទាញសម្លៀកបំពាក់ចាស់នោះ ហើយបែរជាធ្វើឲ្យរហែកលើសមុនទៅទៀត ១៧ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកចាស់នឹងធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតទៀត ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីក្នុងថង់ស្បែកថ្មី នោះទើបអាចនៅគង់វង្សបានទាំងពីរ»។
ដោយសារជំនឿព្រះយេស៊ូប្រោសឲ្យជា
១៨ពេលព្រះអង្គមានបន្ទូលពីសេចក្តីទាំងនេះ ស្រាប់តែប្រធានសាលាប្រជុំម្នាក់បានមកថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីខ្ញុំទើបតែស្លាប់ ដូច្នេះសូមលោកទៅដាក់ដៃលើនាង ឲ្យរស់ឡើងវិញផង»។ ១៩ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គក៏ក្រោកឡើងទៅតាមគាត់។
២០មានស្ដ្រីម្នាក់ ឈឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ គាត់បានចូលមកជិតពីខាងក្រោយ ហើយពាល់រំយោលអាវរបស់ព្រះអង្គ ២១ដ្បិតស្ត្រីនោះគិតក្នុងចិត្ដថា៖ «បើខ្ញុំគ្រាន់តែបានពាល់អាវរបស់លោក នោះខ្ញុំនឹងជាសះស្បើយមិនខាន»។ ២២ព្រះយេស៊ូក៏ងាកមើលស្ត្រីនោះ ហើយមានបន្ទូលថា៖ «កូនសី្រអើយ! ចូររីករាយឡើង ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ ស្ដ្រីនោះក៏ជាសះស្បើយនៅវេលានោះឯង។
២៣កាលព្រះយេស៊ូ យាងចូលក្នុងផ្ទះរបស់ប្រធានសាលាប្រជុំ ក៏មើលឃើញអ្នកផ្លុំខ្លុយ និងបណ្តាជនកំពុងច្របូកច្របល់។ ២៤ព្រះអង្គមានបន្ទូលថា៖ «ចេញទៅ ក្មេងសី្រនេះមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ» ពួកគេក៏សើចចំអកឲ្យព្រះអង្គ។ ២៥ពេលបណ្តេញបណ្តាជន ទៅក្រៅអស់ហើយ ព្រះអង្គក៏យាង ចូលទៅចាប់ដៃក្មេងស្រីនោះ ហើយនាងក៏ក្រោកឡើង។ ២៦ដំណឹងនេះ បានឮសុសសាយពាសពេញតំបន់នោះ។
ព្រះយេស៊ូប្រោសមនុស្សខ្វាក់
២៧កាលព្រះយេស៊ូយាងចេញឆ្ងាយពីទីនោះ មានបុរសខ្វាក់ភ្នែកពីរនាក់ដើរតាមព្រះអង្គទាំងស្រែកថា៖ «ឱ ពូជពង្សដាវីឌអើយ! សូមមេត្ដាដល់យើងខ្ញុំផង»។ ២៨ពេលយាងចូលដល់ក្នុងផ្ទះ បុរសខ្វាក់ភ្នែកទាំងពីរនាក់ បានចូលមកជិតព្រះអង្គ ហើយព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើអ្នកទាំងពីរជឿថា ខ្ញុំអាចធ្វើការនេះបានដែរឬទេ?» ពួកគេទូលថា៖ «បាទ លោកម្ចាស់» ២៩បន្ទាប់មក ព្រះអង្គក៏ពាល់ភ្នែករបស់ពួកគេ ដោយមានបន្ទូលថា៖ «សូមឲ្យបានសម្រេច តាមជំនឿរបស់អ្នកទាំងពីរចុះ» ៣០ភ្នែករបស់ពួកគេក៏ភ្លឺឡើង រួចព្រះយេស៊ូមានបន្ទូល ហាមពួកគេយ៉ាងម៉ឺងម៉ាត់ថា៖ «ចូរប្រយ័ត្ន! កុំឲ្យនរណាម្នាក់ដឹងឲ្យសោះ» ៣១ប៉ុន្ដែពេលអ្នកទាំងពីរនោះចេញទៅ ក៏ផ្សព្វផ្សាយប្រាប់គេពីព្រះអង្គពាសពេញតំបន់នោះទាំងមូល។
ការបណ្ដេញអារក្សដែលធ្វើឲ្យ មនុស្សគ
៣២ពេលអ្នកទាំងពីរនោះ កំពុងចេញទៅ មើល៍ មានគេនាំយកមនុស្សគម្នាក់ដែលមានអារក្សចូល មករកព្រះអង្គ៣៣ព្រះអង្គក៏បណ្ដេញអារក្ស នោះចេញ ឯមនុស្សគ ក៏អាចនិយាយបានវិញ ហើយបណ្តាជនក៏នឹកអស្ចារ្យ ដោយនិយាយថា៖ «នៅអ៊ីស្រាអែលពុំដែលកើតមានហេតុការណ៍ដូច្នេះសោះ» ៣៤ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ី បាននិយាយថា៖ «ម្នាក់នេះបណ្តេញអារក្សដោយសារមេអារក្សទេ»។
ព្រះយេស៊ូមានបន្ទូលថា ត្រូវការអ្នកច្រូតថែម
៣៥ព្រះយេស៊ូយាងទៅគ្រប់ក្រុង និងភូមិទាំងអស់ បង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ហើយបានប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ព្រមទាំងប្រោសជំងឺរោគាគ្រប់បែបយ៉ាង ឲ្យបានជា។ ៣៦ពេលឃើញបណ្តាជន ព្រះអង្គអាណិតអាសូរពួកគេពន់ពេក ព្រោះពួកគេខ្ចាត់ព្រាត់ និងល្វើយ ដូចជាចៀមគ្មានអ្នកគង្វាល។ ៣៧បន្ទាប់មក ព្រះអង្គមានបន្ទូលទៅសិស្សរបស់ព្រះអង្គថា៖ «ចម្រូតធំណាស់ ប៉ុន្ដែ ពួកអ្នកច្រូតមានតិច ៣៨ដូច្នេះ ចូរទូលសុំព្រះអម្ចាស់នៃចម្រូត ដើម្បីឲ្យព្រះអង្គចាត់ពួកអ្នកច្រូត មកក្នុងចម្រូតរបស់ព្រះអង្គ»។