ម៉ាថាយ ៨
ព្រះយេស៊ូប្រោសមនុស្សឃ្លង់
៨ពេលព្រះអង្គ យាងចុះពីភ្នំមក បណ្តាជនច្រើនកុះករ បានដើរតាមព្រះអង្គ ២នោះមានមនុស្សឃ្លង់ម្នាក់បានចូលមកជិត ថ្វាយបង្គំព្រះអង្គ និងទូលថា៖ «លោកម្ចាស់អើយ! លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់ធ្វើ»។ ៣ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ដោយមានបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យជាស្អាតចុះ»ភ្លាមនោះ គាត់ក៏បានជាស្អាតពីជំងឺឃ្លង់តែម្ដង។ ៤ព្រះយេស៊ូ មានបន្ទូលទៅគាត់ ថា៖ «ចូរប្រយ័ត្ន កុំប្រាប់រឿងនេះ ដល់អ្នកណាឲ្យសោះ ប៉ុន្ដែត្រូវទៅ បង្ហាញខ្លួនដល់សង្ឃ ហើយ ថ្វាយ តង្វាយ ដែលលោកម៉ូសេ បានបង្គាប់ចុះ ដើម្បីជាទីបន្ទាល់ដល់មនុស្សទាំងឡាយ»។
ជំនឿរបស់នាយទាហានរ៉ូម
៥កាលព្រះអង្គយាងចូលក្នុង ក្រុងកាពើណិមមាននាយទាហានម្នាក់ បានចូលមកជិតព្រះអង្គអង្វរថា៖ ៦«លោកម្ចាស់អើយ! បាវបម្រើខ្ញុំស្លាប់ដៃជើង ដេកនៅផ្ទះ វេទនាណាស់» ៧ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅប្រោសគាត់ឲ្យជា»៨នាយទាហាននោះទូលវិញថា៖ «លោកម្ចាស់អើយ! ខ្ញុំមិនស័ក្តិសមឲ្យលោក មកក្នុងផ្ទះរបស់ខ្ញុំទេ គឺ សូមលោកគ្រាន់តែនិយាយពាក្យមួយម៉ាត់ប៉ុណ្ណោះ នោះបាវបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន ៩ដ្បិតខ្ញុំជាមនុស្សម្នាក់ស្ថិតនៅក្រោមសិទ្ធិអំណាចដែរ ខ្ញុំមានទាហានជាច្រើន នៅក្រោមបញ្ជាខ្ញុំ បើខ្ញុំប្រាប់ម្នាក់នេះឲ្យទៅ គេនឹងទៅ ប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក ហើយប្រាប់បាវបម្រើរបស់ខ្ញុំឲ្យធ្វើការនេះ គេក៏ធ្វើ»។ ១០កាលស្ដាប់ឮដូច្នេះ ព្រះយេស៊ូស្ងើចសរសើរ រួចមានបន្ទូលទៅពួកអ្នកកំពុងដើរតាមថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា នៅអ៊ីស្រាអែល ខ្ញុំមិនដែលឃើញអ្នកណា មានជំនឿខ្លាំងបែបនេះទេ ១១ហើយខ្ញុំបា្រប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិចមកអង្គុយនៅតុអាហារជាមួយលោកអ័បា្រហាំ លោកអ៊ីសាក និងលោកយ៉ាកុបនៅនគរស្ថានសួគ៌។ ១២ឯមនុស្សនៃនគរនោះ នឹងត្រូវបោះទៅខាងក្រៅ ក្នុងសេចក្ដីងងឹតដែលមានតែការទ្រហោយំ និងការសង្កៀតធ្មេញនៅទីនោះ»។១៣ព្រះយេស៊ូ ក៏មានបន្ទូលទៅនាយទាហាននោះថា៖ «ចូរទៅចុះ សូមឲ្យបានសម្រេចដូចដែលលោកជឿ» ឯបាវបម្រើរបស់គាត់ក៏បានជានៅវេលានោះឯង។
ព្រះយេស៊ូប្រោសមនុស្សនៅក្រុង កាពើណិម
១៤កាលព្រះយេស៊ូ យាងចូលទៅក្នុងផ្ទះលោកពេត្រុស ព្រះអង្គបានទតឃើញម្ដាយក្មេករបស់គាត់ កំពុងដេកគ្រុន ១៥ព្រះអង្គពាល់ដៃគាត់ គាត់ក៏បានជាពីគ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។
១៦នៅល្ងាចនោះ គេបាននាំមនុស្សជាច្រើន ដែលមានអារក្សចូលមករកព្រះអង្គ ហើយព្រះអង្គបានបណ្ដេញវិញ្ញាណទាំងនោះដោយព្រះបន្ទូល ព្រមទាំងប្រោសអ្នកជំងឺ ឲ្យបានជាទាំងអស់គ្នា ១៧ដើម្បីឲ្យបានសម្រេចសេចក្តីដែលថ្លែងទុកមកតាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា «ព្រះអង្គបានទទួលយកជំងឺ ហើយផ្ទុកយកគ្រប់រោគារបស់យើង»។
ការត្រលប់ជាអ្នកដើរតាមព្រះយេស៊ូ
១៨ពេលព្រះយេស៊ូ ទតឃើញមនុស្សកុះករនៅជុំវិញព្រះអង្គ ព្រះអង្គក៏បង្គាប់ពួកសិស្សឲ្យឆ្លងទៅត្រើយម្ខាងទៀត។ ១៩មានគ្រូវិន័យម្នាក់ចូលមកជិតព្រះអង្គ ទូលថា៖«លោកគ្រូ ខ្ញុំនឹងដើរតាមលោក ទោះលោកទៅទីណាក៏ដោយ»។ ២០ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក តែកូនមនុស្ស គ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ» ២១សិស្សរបស់ព្រះអង្គម្នាក់ទៀត បានទូលថា៖ «ព្រះអម្ចាស់អើយ! សូមអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុករបស់ខ្ញុំ ជាមុនសិន» ២២ប៉ុន្ដែ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ ហើយទុកឲ្យមនុស្សស្លាប់បញ្ចុះគ្នាគេចុះ»។
ព្រះយេស៊ូធ្វើឲ្យព្យុះលើបឹងស្ងប់
២៣ព្រះអង្គបានយាងចុះទូក ហើយសិស្សរបស់ព្រះអង្គ បានតាមព្រះអង្គ។ ២៤ពេលនោះ កើតមានព្យុះមួយយ៉ាងធំនៅលើបឹង ហើយរលកបានបោកបក់គ្របលើទូក ប៉ុន្ដែព្រះអង្គកំពុងលង់លក់ក្នុងដំណេក ២៥គេបានចូលមកជិតព្រះអង្គ ដាស់ថា៖ «ព្រះអម្ចាស់! ជួយផង យើងកំពុងវិនាសហើយ!» ២៦ព្រះអង្គ មានបន្ទូលទៅគេថា៖ «ឱ អ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» ព្រះអង្គក៏ក្រោកឡើង ស្ដីបន្ទោសខ្យល់ និងរលក នោះបឹងក៏មានភាពស្ងប់ឈឹងវិញ។ ២៧ពួកគេនឹកអស្ចារ្យ ទាំងនិយាយថា៖ «តើលោកនេះជាមនុស្សបែបណាហ្ន៎! សូម្បីតែខ្យល់ និងរលកក៏ស្ដាប់បង្គាប់លោក»។
ព្រះយេស៊ូបណ្ដេញអារក្សពីមនុស្ស ពីរនាក់
២៨កាលព្រះអង្គយាងមកដល់ត្រើយម្ខាង ជាតំបន់របស់ពួកគេរ៉ាស៊ីន នោះមានបុរសពីរនាក់ ដែលមានអារក្សចូល បានចេញពីផ្នូរខ្មោចមកជួបព្រះអង្គ ពួកវាកាចសាហាវណាស់ ដូច្នេះហើយបានជាគ្មានអ្នកណាអាចឆ្លងកាត់តាមផ្លូវនោះ បានឡើយ ២៩ពួកវាស្រែកឡើងថា៖ «ឱព្រះរាជបុត្រា របស់ព្រះជាម្ចាស់អើយ! តើយើង និងព្រះអង្គមានហេតុអ្វីនឹងគ្នា? តើព្រះអង្គមកទីនេះ ដើម្បីធ្វើទោសយើងមុនពេលកំណត់ឬ?» ៣០នៅមិនឆ្ងាយពីទីនោះប៉ុន្មាន មានជ្រូកមួយហ្វូងធំកំពុងស៊ីចំណី ៣១ពេលនោះ ពួកអារក្សបានអង្វរព្រះអង្គថា៖ «បើព្រះអង្គបណ្ដេញយើង សូមបញ្ជូនយើងទៅក្នុងហ្វូងជ្រូកនោះចុះ» ៣២ព្រះអង្គក៏មានបន្ទូលទៅពួកវាថា៖ «ចេញទៅ!» ពួកវាក៏ចេញ ហើយចូលទៅក្នុងហ្វូងជ្រូកនោះ។ ហ្វូងជ្រូកបានបោលចុះចំណោត ចូលទៅក្នុងបឹង ហើយស្លាប់ក្នុងទឹកអស់ទៅ។ ៣៣ពួកអ្នកចិញ្ចឹមជ្រូក បានរត់គេចចូលទៅក្នុងក្រុង ហើយរៀបរាប់បា្រប់គេអំពីហេតុការណ៍ទាំងអស់ និងហេតុការណ៍អំពីបុរស ដែលមានអារក្សចូលផងដែរ ៣៤ពួកអ្នកក្រុងទាំងអស់ បានចេញមកជួបព្រះយេស៊ូ ពេលឃើញព្រះអង្គ ពួកគេបានអង្វរព្រះអង្គ ឲ្យចាកចេញពីស្រុករបស់ពួកគេ។