KCB - ម៉ាថាយ ៧


ម៉ាថាយ ៧

ព្រះយេស៊ូបង្រៀនថា ​កុំ​ថ្កោល​ទោស​អ្នកដទៃ

កុំ​ថ្កោលទោស​គេ ក្រែងលោ​​​អ្នក​រាល់គ្នា​ ទទួល​​ការ​​​ថ្កោលទោស​វិញ​ ដ្បិត​​​អ្នក​រាល់គ្នា​ថ្កោលទោស​គេ​យ៉ាងណា អ្នករាល់គ្នា​នឹង​​​ទទួល​ការ​ថ្កោល​ទោស​​យ៉ាងនោះ​វិញ​ ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​​តាម​រង្វាល់ ​ដែល​អ្នក​រាល់គ្នា​បាន​វាល់​ឲ្យគេ។​ ហេតុអ្វី​ក៏​អ្នក​មើលឃើញ​កម្ទេច​ល្អិត ​នៅក្នុង​ភ្នែក​បងប្អូន​របស់អ្នក ប៉ុន្ដែ​មិន​ឃើញ​​​​សសរ​នៅក្នុង​ភ្នែក​​របស់​​ខ្លួន​យ៉ាង​ដូច្នេះ?​ បើ​​អ្នក​មាន​​សសរ​​នៅក្នុង​ភ្នែក​របស់ខ្លួន​ តើ​អ្នក​នឹង​​និយាយ​បាន​យ៉ាង​ដូចម្ដេច​ ទៅ​កាន់​បងប្អូន របស់អ្នក​ថា ទុក​ឲ្យខ្ញុំ​យក​កម្ទេច​ល្អិត​ចេញ​​ពី​ភ្នែក​របស់​​អ្នក​?​ ឱ មនុស្សមានពុត​អើយ! ចូរ​យក​សសរ​ចេញ​ពី​ក្នុង​ភ្នែករបស់អ្នក​ជាមុនសិន​ នោះ​​អ្នកនឹង​មើលឃើញច្បាស់​ ដើម្បីយក​កម្ទេច​ល្អិត​ ចេញ​ពី​ក្នុងភ្នែក ​បងប្អូន​របស់​អ្នកបាន។​​ កុំ​ឲ្យ​របស់​​បរិសុទ្ធ​ទៅ​​ឆ្កែ ហើយ​កុំ​បោះ​គជ់​​ឲ្យ​ជ្រូក ក្រែង​លោ​ពួកវា​ជាន់​កម្ទេច​​ ហើយ​​បែរ​​មក​ខាំ​​ហែក​​​អ្នក​រាល់​គ្នា​​វិញ។​

ព្រះយេស៊ូបង្រៀនឲ្យព្យាយាម​អធិស្ឋាន

ចូរ​សុំ នោះ​អ្នក​រាល់គ្នា​នឹង​បាន​ទ​ទួល​ ចូរ​រក នោះ​អ្នក​រាល់គ្នា​នឹង​រកឃើញ ចូរ​គោះ​ នោះ​នឹង​បើក​ឲ្យអ្នករាល់គ្នា​ ដ្បិត​​អ្នក​ណា​សុំ នោះ​បានទទួល​ អ្នក​ណា​រក នោះ​​បាន​​ឃើញ​ ហើយ​អ្នក​ណា​គោះ​ នោះ​​​នឹង​បើក​​ឲ្យ។​ ក្នុង​ចំណោម​អ្នករាល់គ្នា​ តើ​​នរណា​​​​​ឲ្យដុំថ្ម​ដល់​កូន ពេល​កូន​សុំ​នំបុ័ង ​១០ឬឲ្យពស់​វែក​ដល់​កូន ពេល​កូន​សុំ​តី្រ​ដែរឬទេ​? ១១ដូច្នេះបើ​អ្នក​រាល់គ្នា​ជា​មនុស្ស​អាក្រក់ ​ចេះ​ឲ្យ​អំណោយ​ល្អ​ៗ​ដល់​កូន ​នោះ​តើព្រះវរបិតា​​​​​ ដែល​គង់​នៅ​ស្ថានសួគ៌ ​នឹង​ប្រទាន​អំណោយ​​​ល្អ​ៗលើស​​នេះ​​​ ដល់​អ្នក​ដែល​សុំ​ពី​​ព្រះអង្គ​​យ៉ាង​ណា​ទៅ​ទៀត។​ ១២​​អ្នក​រាល់​គ្នា​ចង់​​ឲ្យ​មនុស្ស​​​ប្រពឹ្រត្ដ​គ្រប់​ការ​​ទាំងអស់ ​ចំពោះ​ខ្លួន​​​យ៉ាង​ណា​ ចូរ​ប្រពឹ្រត្ដ​ចំពោះ​គេ​យ៉ាង​នោះ​ដែរ ​ដ្បិត​នេះ​ជា​​​សេចក្ដី​សង្ខេប​នៃ​គម្ពីរវិន័យ​ និងជា​ពាក្យ​របស់​​អ្នក​នាំ​ព្រះ​បន្ទូល។

ផ្លូវ​​ទៅ​នគរ​ព្រះជាម្ចាស់​ជា​ផ្លូវ​​ចង្អៀត​

១៣ចូរ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ធំ និង​ផ្លូវ​ទូលាយ ​នាំទៅ​រក​សេចក្ដី​​វិនាស ហើយ​មនុស្ស​ជា​ច្រើន​កំពុងចូល​តាម​ទ្វារ​នោះ​ ១៤ឯ​ទ្វារ​ចង្អៀត​ និង​​​ផ្លូវ​តូចនាំទៅ​រក​ជីវិត ហើយ​មាន​មនុស្ស​តិច​ណាស់​​រកឃើញ។​

ព្រះយេស៊ូបង្រៀនអំពីគ្រូ​ក្លែង​ក្លាយ​

១៥ចូរ​ប្រយ័ត្ន​នឹង​​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ​ ដែល​ពាក់​ស្បែក​ចៀម​មក​រក​​អ្នក​រាល់​គ្នា​ តែ​​ខាង​ក្នុង​វិញ​​ជា​ឆ្កែ​ចចកកាច​​សា​ហាវ​​​ ១៦​រួច​​​​​អ្នករាល់គ្នានឹង​ស្គាល់​​ពួកគេដោយសារ​ផលផ្លែ​របស់​ពួកគេ តើ​​មាន​នរណា​ប្រមូល​ផល​ទំពាំង​បាយជូរ​ពី​​គុម្ព​បន្លា ឬផ្លែល្វា​ពី​ដើម​កន្ដ្រើយ​​​ដែរ​ឬ​ទេ​?​ ១៧ដូច្នេះ​​ដើមឈើ​ណា​ល្អ​ឲ្យផ្លែ​ល្អ ហើយ​ដើម​ឈើ​​​ណា​មិនល្អ​ក៏​ឲ្យផ្លែ​មិនល្អដែរ​​ ១៨ដ្បិត​​ដើម​ឈើ​​ល្អ​មិន​អាច​ឲ្យ​ផ្លែ​​មិនល្អ​ទេ ហើយ​ដើម​ឈើ​មិន​ល្អ​ក៏​មិន​អាច​ឲ្យ​ផ្លែ​ល្អ​ដែរ​ ១៩​ដើមឈើ​ណា​មិន​​ឲ្យផ្លែ​ល្អ គេ​នឹង​​កាប់​​បោះចូល​ទៅ​ក្នុង​ភ្លើង​ ២០ដូច្នេះ អ្នក​រាល់គ្នា​នឹង​ស្គាល់​គេ​ដោយសារ​ផល​ផ្លែ​របស់​​គេ ​២១មិន​មែន​អ្នក​ទាំង​ឡាយ​ណា ដែល​និយាយ​មក​កាន់​ខ្ញុំ​ថា ព្រះអម្ចាស់ ព្រះ​អម្ចាស់!​​ នឹង​បាន​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ នោះ​ទេ ប៉ុន្ដែ​​​អ្នក​ដែល​ចូល​បាន ​គឺ​អ្នក​ដែល​ធ្វើ​តាម​បំណង​​របស់​ព្រះវរបិតា​ខ្ញុំ ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ។​ ២២នៅ​​ថ្ងៃ​នោះមនុស្ស​ជា​ច្រើន ​ នឹង​និយាយ​មក​ខ្ញុំ​ថា ​ព្រះអម្ចាស់ ព្រះអម្ចាស់! តើ​យើងខ្ញុំ​មិន​បាន​ថ្លែង​ព្រះបន្ទូល បណ្តេញ​អារក្ស​ និងធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​​ជា​ច្រើននៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ទេឬ​? ២៣ពេលនោះខ្ញុំ​នឹង​ប្រកាស​ប្រាប់​​គេ​វិញ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ទៅ ពួក​ល្មើស​ច្បាប់​អើយ!​

ព្រះយេស៊ូបង្រៀន​អំពីគ្រឹះពីរ​យ៉ាង​

២៤ដូច្នេះ អស់​អ្នក​​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំងនេះ​ ហើយ​ប្រព្រឹត្តតាម​ អ្នក​នោះ​ប្រៀបដូច​ជា​​មនុស្ស​វៃឆ្លាត ​ដែល​សង់​ផ្ទះ​របស់ខ្លួន​នៅ​លើ​​ថ្មដា ២៥ពេល​ភ្លៀង​ធ្លាក់​មក​ ទឹកជន់​​ឡើង​ ហើយ​ខ្យល់​បក់​ខ្លាំ​ង​​​ ក៏​​ផ្ទះនោះ​មិន​រលំ​ដែរ ​ដ្បិត​វា​បាន​ចាក់គ្រឹះ​នៅលើ​ថ្មដា។​ ២៦ប៉ុន្ដែអស់​អ្នកដែល​​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំងនេះ​ ហើយ​មិន​ប្រព្រឹត្តតាម​ អ្នក​នោះ​ប្រៀបដូច​ជា​​មនុស្ស​ល្ងង់ ​​ដែល​សង់​ផ្ទះ​របស់ខ្លួន​នៅលើ​ដី​ខ្សាច់ ​២៧ពេល​ភ្លៀង​ធ្លាក់មក​ ទឹកជន់​ឡើង​ ហើយ​​ខ្យល់​បក់​ខ្លាំង​ ផ្ទះនោះ​ក៏​ដួលរលំ​ខ្ទេច​ខ្ទីអស់»។​

២៨កាល​ព្រះយេស៊ូ​ មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ ​​ចប់​សព្វ​គ្រប់​ហើយ​​ បណ្តាជន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​​ ចំពោះ​​សេចក្ដីបង្រៀន​របស់​ព្រះអង្គ ២៩ដ្បិត​ពេល​​ព្រះ​អង្គ​​បង្រៀន​ពួកគេ ដូចជា​​អ្នកមាន​សិទ្ធិអំណាច មិន​ដូចជា​ពួក​គ្រូវិន័យ​​​របស់ពួក​គេ​ឡើយ។

ម៉ាថាយ ៧