KCB - ម៉ាថាយ ៥


ម៉ាថាយ ៥

ព្រះយេស៊ូបង្រៀន​នៅ​លើ​ភ្នំ​

កាល បាន​​​ឃើញ​បណ្តាជន ព្រះអង្គ​ក៏​​យាង​​ឡើង​ លើ​ភ្នំ ហើយ​​អង្គុយ​ចុះ​ ពួក​​សិស្ស​របស់​ព្រះអង្គ​បានចូល​​មកជិត​​ព្រះអង្គ​ រួច​ព្រះអង្គ​ក៏​ចាប់ផ្ដើម​​​បង្រៀន​ពួកគេថា៖​

ព្រះយេស៊ូបង្រៀន​អំពីព្រះពរ​

«មានពរហើយ អស់​អ្នក​ដែល​មាន​សេច​ក្ដី​កម្សត់​​​ខាងឯ​វិញ្ញាណ​ ដ្បិត​ នគរ​ស្ថាន​សួគ៌​ ជា​​របស់​អ្នក​​ទាំង​នោះ។​

មានពរហើយ អស់​អ្នក​ដែល​យំ​សោក​ ដ្បិត​​អ្នក​ទាំងនោះ​នឹងទទួល​ការ​​កម្សាន្ដ​ចិត្ដ។

មានពរហើយ អស់​អ្នក​ដែល​ស្លូត​ត្រង់​ ដ្បិត​​អ្នក​ទាំងនោះ​​នឹងបាន​ផែនដី​ជា​មរតក។​

មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដី​​សុចរិត ដ្បិត​អ្នក​ទាំងនោះ​​នឹង​បាន​​ឆ្អែត។​​

មានពរហើយ អស់​អ្នក​ដែល​មានចិត្ដ​​មេត្ដា​ ដ្បិត​អ្នក​ទាំង​នោះ​​នឹង​ទទួល​សេចក្តី​មេត្ដា។​

មានពរហើយ អស់​អ្នក​​មាន​​ចិត្ដ​​បរិសុទ្ធ ដ្បិត​អ្នក​ទាំងនោះ​​នឹងបាន​​ឃើញ​​ព្រះជាម្ចាស់។​

មាន​ពរ​ហើយអស់​អ្នក​ដែល​ផ្សះផ្សា គេ​ ដ្បិត​​អ្នក​ទាំងនោះ​​នឹងត្រូវបានហៅ​ថា​ជា​​កូន​​របស់​ព្រះជាម្ចាស់។​

១០មានពរហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀត​បៀន​​​ ដោយ​ព្រោះ​តែ​​សេចក្ដីសុចរិត ដ្បិត​នគរ​​ស្ថានសួគ៌​​ជា​​របស់​អ្នក​ទាំង​នោះ។

១១អ្នក​រាល់គ្នា​មានពរ​ហើយ ក្នុង​កាល​ដែល​​​​គេ​ជេរ​ បៀតបៀន និយាយ​អាក្រក់​បង្ខូច​អ្នក​រាល់គ្នា​ ​គ្រប់​​បែប​​យ៉ាងដោយ​ព្រោះ​ខ្ញុំ។​

១២ចូរ​មាន​អំណរ​ ហើយ​រីករាយ​ជា​ខ្លាំង​​ឡើង​ ដ្បិត​អ្នក​រាល់គ្នា​​មាន​រង្វាន់​ជា​ធំ​នៅ​ឯស្ថានសួគ៌​ព្រោះ​គេ​បានបៀតបៀន​ អ្នកនាំព្រះបន្ទូល​​ដែល​​​នៅ​មុន​អ្នករាល់គ្នា​បែប​ដូច្នោះ​ដែរ។​

អ្នកជឿ​ជា​អំបិល និងជា​ពន្លឺ​នៃ​លោកិយ​

១៣អ្នករាល់គ្នា ​ជា​អំបិល​នៃ​ផែនដី ប៉ុន្ដែ​​​បើ​អំបិល​បាត់ជាតិប្រៃ តើ​នឹង​យក​​អ្វី​មក​ធ្វើឲ្យប្រៃ​វិញ​បាន? វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ​ មាន​តែ​​បោះ​ចោល​​ឲ្យមនុស្ស​ដើរជាន់​ប៉ុណ្ណោះ​​ ១៤អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកិយ ទីក្រុង​ដែល​​តាំង​​នៅលើ​ភ្នំ​មិន​អាច​លាក់បាំង​​បាន​ទេ ១៥ក៏​គ្មានអ្នក​ណា​​អុជ​​ចង្កៀង​ ដាក់​នៅ​ក្រោម​ថាំង​​ដែរ​ គឺ​ដាក់​នៅ​លើ​​ជើង​ចង្កៀង​​វិញ ដើម្បី​​ឲ្យ​ភ្លឺ​ដល់​មនុស្ស​ទាំងអស់​​ នៅ​​ក្នុង​ផ្ទះ។​​ ១៦ចូរ​ឲ្យពន្លឺ​អ្នក​រាល់​គ្នា​ ភ្លឺ​នៅ​ចំពោះ​មុខ​​មនុស្ស​យ៉ាង​នោះ​​ដែរ ដើម្បី​ឲ្យ​គេ​​ឃើញ​ការ​​ល្អ​របស់​អ្នករាល់គ្នា រួច​សរសើរ​តម្កើង​ព្រះវរបិតា​របស់អ្នករាល់គ្នា​ ដែល​គង់​នៅ​ស្ថានសួគ៌។​

ព្រះយេស៊ូជា​អ្នកសម្រេច​គម្ពីរ​​វិន័យ​

១៧កុំ​គិត​ថា ខ្ញុំ​មក​បំផ្លាញ​គម្ពីរ​វិន័យ ឬពាក្យ​របស់​​អ្នកនាំព្រះបន្ទូល​​ ឲ្យសោះ​​ ខ្ញុំ​មិនមែន​​មក​បំផ្លាញ​ទេ ប៉ុន្ដែ​ខ្ញុំ​មក​​ធ្វើ​ឲ្យ​សម្រេច​វិញ​ ១៨ដ្បិត​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា រហូត​ដល់​ផ្ទៃ​មេឃ​ និងផែនដី​វិនាស​​ទៅ ក៏​គ្មាន​​សញ្ញា​ក្បៀស​ ឬ​សញ្ញា​​​បន្ដក់​ណា​មួយ​​ ក្នុង​​គម្ពីរវិន័យ​​ត្រូវ​​លុប​​បំបាត់​​ចោល​​​ដែរ លុះ​ត្រាតែ​អ្វីៗ​បាន​សម្រេច​​ជា​មុន​សិន។​​​ ១៩ដូច្នេះ អ្នកណា​ល្មើស​បញ្ញត្ដិ​តូច​បំផុត​មួយ ​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ អ្នក​នោះ​នឹងត្រូវ​​ហៅ​ថាជា​​អ្នក​តូចបំផុត​ នៅក្នុង​នគរ​ស្ថានសួគ៌ ប៉ុន្ដែ​អ្នក​​ណា​ដែល​អនុវត្តតាម និងបង្រៀន​បញ្ញត្តិ​ទាំង​នេះ អ្នក​នោះ​នឹង​ត្រូវ​​ហៅ​ថា​ជា​​អ្នក​ធំ​នៅក្នុង​នគរ​ស្ថានសួគ៌។ ២០ដ្បិត​ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ថា បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា មិន​លើស​សេចក្ដី​សុចរិត​របស់​ពួក​គ្រូវិន័យ​ និងពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ទេ នោះ​អ្នក​​រាល់គ្នា ​​មិន​អាច​​ចូល​នគរ​ស្ថានសួគ៌​​បាន​ឡើយ។

ព្រះយេស៊ូបង្រៀន​ថា​ ​ខឹង​ស្មើ​នឹង ​​សម្លាប់​

២១អ្នករាល់គ្នា​ បាន​ឮសេចក្ដី​ដែល​បាន​បង្គាប់​​ដល់​​​មនុស្សជំនាន់មុន​ថា កុំ​​សម្លាប់​មនុស្ស​ឲ្យ​សោះ​​ អ្នកណា​សម្លាប់​មនុស្ស​ អ្នក​នោះ​នឹង​ត្រូវ​ជាប់​ទោស​​ ២២ប៉ុន្ដែ​ ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ដែល​ខឹង​នឹង​បង​ប្អូន​ខ្លួនឯង​ នោះ​នឹង​ត្រូវ​ជាប់​​ទោស​​ដែរ ហើយ​អ្នក​ណា​ហៅ​បង​ប្អូន​ខ្លួន​ឯង​ថា «អាឡប់» អ្នកនោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​កំពូល​​​ ដាក់​ទោស។​ អ្នក​ណា​ដែល​ជេរ​គេ​ថា «អាឆ្កួត» អ្នកនោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​ភ្លើង​នរក។​ ២៣ដូច្នេះ​បើ​អ្នក​នាំ​តង្វាយ​ មក​កន្លែង​​ថ្វាយ​​តង្វាយ​ ហើយ​នៅ​ទីនោះ​ អ្នក​ចាំ​ថា បង​ប្អូន​របស់​អ្នក​មាន​រឿង​ទាស់​​នឹង​អ្នក​ ២៤ចូរ​ទុក​តង្វាយ​នៅ​ទីនោះ​ នៅ​​មុខ​កន្លែង​​ថ្វាយ​​តង្វាយ​​ចុះ ហើយ​ទៅ​ផ្សះផ្សា​នឹង​បងប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។​ ២៥ចូរ​ជានា​នឹង​គូវិវាទ​របស់​អ្នក​ភ្លាមៗ​ ពេល​អ្នក​នៅ​តាម​ផ្លូវ​ជាមួយ​អ្នក​នោះ ក្រែង​លោ​គេ​ប្រគល់​អ្នក​​​ឲ្យទៅ​ចៅក្រម​ ហើយ​ចៅក្រម​​ប្រគល់​អ្នក​ឲ្យ ទៅ​​នគរ​បាល​ រួច​អ្នក​ត្រូវ​​ជាប់​​គុក។​ ២៦ខ្ញុំ​បា្រប់​អ្នក​ជា​បា្រកដ​ថា អ្នក​ចេញ​ពី​ទីនោះ​មិន​បាន​ឡើយ លុះ​ត្រាតែ​អ្នកសង​គេ​ដោយ​​​​ឥត​ខ្វះ​​មួយ​​សេន។​

ចិត្ដ​ស្រើបស្រាល​អាក្រក់​ដូច​​ការ​ផិត​ក្បត់​

២៧អ្នករាល់គ្នា​បាន​ឮ​សេចក្ដី ​ដែល​បាន​បង្គាប់​​មក​ថា កុំ​ផិតក្បត់ឲ្យសោះ​​​​​ ២៨ប៉ុន្ដែ​ ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ដែល​សម្លឹង​​​មើល​ស្ដ្រី​ម្នាក់​ ដោយ​ចិត្ត​ស្រើប​ស្រាល​ចង់​បាន​នាង អ្នកនោះ​បាន​ផិតក្បត់​ក្នុង​ចិត្ដ ​ជាមួយ​នាង​រួច​ទៅ​ហើយ។​ ២៩បើ​ភ្នែក​ស្ដាំ​របស់អ្នក​ បណ្ដាល​​​​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប ​ចូរ​ខ្វេះ​វា​ចោល​ទៅ ដ្បិត​បើ​អ្នក​បាត់បង់​អវយវ:​​មួយ​​ ​​ប្រសើរជាង​ឲ្យ​រូបកាយ​ទាំងមូល​ ត្រូវ​បោះ​​ទៅក្នុង​ស្ថាននរក។ ៣០បើ​ដៃ​ស្ដាំ​របស់​អ្នក​បណ្ដាល​​ឲ្យអ្នក​ប្រព្រឹត្ដបាប​ ចូរ​កាត់​វា​ចោល​ទៅ ដ្បិត​បើ​អ្នក​បាត់បង់​អវយវៈ​​មួយ​​ ​ប្រសើរ​ជាង​​ឲ្យ​រូបកាយ​ទាំងមូល​ធ្លាក់​ទៅក្នុង​ស្ថាន​នរក។​

ព្រះយេស៊ូបង្រៀន​​អំពីការ​លែង​លះ​

៣១​មាន​សេចក្ដី ដែល​បាន​បង្គាប់​មក​​​ថា​ អ្នក​ណា​​លែង​ប្រពន្ធ អ្នកនោះ​ត្រូវ​ប្រគល់​​លិខិត​លែងលះ​ឲ្យ​នាង។​ ៣២ប៉ុន្ដែ​​ ខ្ញុំ​បា្រប់​អ្នក​​រាល់​គ្នា​​ថា​ អស់​​​​អ្នក​​លែង​ប្រពន្ធដែល​​ពុំ​​បាន​​​ផិត​​ក្បត់​​ខ្លួន​​ អ្នកនោះ​ធ្វើ​ឲ្យនាង​ផិតក្បត់​ហើយ។​ អ្នក​ណា​រៀបការ​នឹងស្ដ្រី​ប្តី​លែង អ្នកនោះ​ក៏​ផិតក្បត់​ដែរ។​

ព្រះយេស៊ូបង្រៀនឲ្យនិយាយ​ សេចក្ដីពិត​

៣៣មួយទៀត​ អ្នក​រាល់គ្នា​បាន​ឮ​សេចក្ដី ដែល​បាន​បង្គាប់​ដល់​​​មនុស្ស​ជំនាន់មុន​ថា កុំ​ប្រព្រឹត្ដ​​ខុស​សម្បថ​ឲ្យ សោះ​ ប៉ុន្ដែ​ត្រូវ​ធ្វើតាម​សម្បថ​ដែល​​បាន​​ស្បថ​​ចំពោះ​ព្រះអម្ចាស់។​ ៣៤ប៉ុន្ដែ​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យសោះ​ ហើយកុំ​ស្បថ​នឹង​ស្ថាន​សួគ៌ ដ្បិត​ស្ថាន​សួគ៌​​ជា​​បល្ល័ង្ក​របស់​ព្រះជាម្ចាស់។​ ៣៥កុំ​ស្បថ​នឹង​ផែនដី​ ដ្បិត​ផែនដី​ជា​​កំណល់​បាទា​​​​របស់​ព្រះអង្គ។​ កុំ​ស្បថ​នឹង​ក្រុង​យេរូសាឡិម​ ដ្បិត​ជា​​ក្រុង​របស់​ស្ដេច​ដ៏ឧត្ដម។​ ៣៦កុំ​ស្បថ​នឹង​ក្បាល​របស់អ្នក ដ្បិត​អ្នក ​មិន​អាច​ធ្វើ​ឲ្យសក់មួយ​សសៃ​ត្រលប់​ជា​​ពណ៌​ស ឬខ្មៅ​បាន​ឡើយ។​ ៣៧ចូរ​ឲ្យពាក្យ​​អ្នករាល់គ្នា​ មែន ​​គឺ​មែន ទេ​ គឺ​ទេ ប៉ុន្ដែ​ លើសពី​សេចក្ដី​​ទាំង​នេះ​​ គឺ​មក​ពី​​អារក្ស​សាតាំង​​​​​​ទេ។​

ព្រះយេស៊ូបង្រៀនកុំ​ឲ្យសងសឹក​

៣៨អ្នករាល់គ្នា​បាន​ឮ​សេចក្ដី ដែល​បាន​បង្គាប់​មក​​ថា ភ្នែក​សង​ដោយ​​ភ្នែក ធ្មេញ​សង​ដោយ​​ធ្មេញ។​​​ ៣៩ប៉ុន្ដែ​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​​មនុស្ស​​អាក្រក់​ បើគេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក​ ចូរ​បែរ​ម្ខាង​ទៀត​ឲ្យគេ​ទះ​ដែរចុះ។​ ៤០ចំពោះ​​អ្នក​ណា​ ​ដែល​​​​ចង់ប្ដឹង​យក​អាវខាង​ក្នុង​​​​របស់​​អ្នក​ ចូរ​ឲ្យ​គេ​ទាំង​​អាវវែងផង។​​ ៤១អ្នកណា​ ដែល​​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយ​ពាន់​ជំហាន​​​​ ចូរ​ទៅ​ជាមួយ​​គេ​​ពីរ​ពាន់​ជំហាន​​​​​ចុះ។​ ៤២ចូរ​ឲ្យដល់​អស់​អ្នក​ដែល​សុំ ហើយ​កុំ​គេច​​ពី​អស់​អ្នក​ដែល​ចង់​ខ្ចី​​ឡើយ។

ព្រះយេស៊ូបង្រៀន​ឲ្យស្រឡាញ់​​​សត្រូវ​

៤៣អ្នក​រាល់គ្នា​ឮ សេចក្ដីដែល​បាន​បង្គាប់​មក​​ថា ចូរ​ស្រឡាញ់​អ្នកជិតខាង​របស់​អ្នក​​​ ហើយ​​​ស្អប់​​សត្រូវ​របស់​អ្នក។​ ៤៤ប៉ុន្ដែ​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នាថា​ ​ចូរ​ស្រឡាញ់​​​សត្រូវ​របស់អ្នក​រាល់​គ្នា​ ហើយ​អធិស្ឋាន ​ឲ្យអស់​អ្នក​ ដែល​បៀត​បៀន​អ្នក​រាល់​គ្នា​ ៤៥ដើម្បី​​ឲ្យ​អ្នករាល់គ្នា​​ត្រលប់​ជា​​កូន​របស់​ព្រះ​វរ​បិតា​ដែល​​គង់នៅ​ស្ថានសួគ៌​ ព្រោះ​ ព្រះអង្គ​បាន​ធ្វើ​ឲ្យថ្ងៃ​​រះឡើង​ បំភ្លឺ​​ទាំង​មនុស្ស​ល្អ និងមនុស្ស​អាក្រក់ ហើយ​ក៏បង្អុរ​ភ្លៀង​ធ្លាក់​​​មក​លើទាំង​​មនុស្ស​សុចរិត ​និងមនុស្ស​ទុច្ចរិត​ដែរ។ ​៤៦ដ្បិត​បើ​អ្នក​រាល់​គ្នាស្រឡាញ់​​មនុស្ស ​ដែល​ស្រឡាញ់​​អ្នក​រាល់​គ្នា​ តើ​អ្នក​រាល់គ្នា​បាន​រង្វាន់​អ្វី? សូម្បី​តែ​អ្នក​ទារ​ពន្ធដារ​​ ក៏​​បាន​ធ្វើ​ដូច្នោះ​​ដែរ។ ៤៧​បើ​អ្នករាល់គ្នា​រាប់​អាន​​​តែ​បងប្អូន​ខ្លួន​ឯង​ តើ​អ្នករាល់គ្នា​មាន​​អ្វី​អស្ចារ្យ​​ទៅ​? សូម្បី​តែ​​សាសន៍ដទៃ​ក៏​​ធ្វើ​ដូច្នោះ​​​ដែរ។​​​ ៤៨ដូច្នេះចូរ​​ឲ្យអ្នករាល់គ្នា​បាន​​គ្រប់​លក្ខណ៍​ចុះ​ ដូចជា​ព្រះវរបិតា​របស់​អ្នក​រាល់​គ្នា​​ ដែល​គង់​នៅ​ស្ថានសួគ៌​​គ្រប់លក្ខណ៍ដូច្នោះ​ដែរ។

ម៉ាថាយ ៥