KCB - ម៉ាថាយ ៤


ម៉ាថាយ ៤

អារក្ស​សាតាំង​ល្បួង​​ព្រះយេស៊ូ

បន្ទាប់មក ​ព្រះវិញ្ញាណ​បាន​នាំ​ព្រះយេស៊ូ​ទៅ​​ទីរហោឋាន​​ ឲ្យ​អារក្ស​សាតាំង​​​ល្បួង​ បន្ទាប់​ពី​បាន​តមអាហារ​សែសិប​ថ្ងៃ ​សែសិប​យប់​មក​ ព្រះអង្គ​ឃ្លាន។​ មេល្បួង​​ក៏​ចូលមក​ជិត​ព្រះអង្គទូល​ថា៖ «បើ​អ្នក​ជា​ព្រះរាជបុត្រា​របស់​ព្រះជា​ម្ចាស់មែន​ ចូរ​បង្គាប់​ឲ្យថ្ម​ទាំង​នេះ​ត្រលប់​​ជា​នំបុ័ង​ទៅ»​ ប៉ុន្ដែ​ព្រះអង្គ​មានបន្ទូល​ឆ្លើយ​ថា៖ «មាន​សេចក្ដី​ចែង​​ទុកមក​ថា មនុស្ស​មិន​រស់​ដោយសារ​​នំបុ័ង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​រស់​​ដោយសារ​គ្រប់​ទាំង​​​ព្រះបន្ទូល ​ដែល​ចេញ​ពី​​ព្រះ​ឱស្ឋ​​​ព្រះជាម្ចាស់​មក»។ ​បន្ទាប់មក​ អារក្ស​សាតាំង​​​​ក៏​​នាំ​ព្រះអង្គ​ទៅ​ក្រុង​បរិសុទ្ធ ​ហើយ​ដាក់​​ព្រះអង្គ​នៅលើ​កំពូល​​​ព្រះ​វិហារ​ រួច​​ទូល​ព្រះអង្គ​ថា៖ «បើ​អ្នក​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់មែន​ ចូរ​ទម្លាក់​​ខ្លួន​ទៅ​ក្រោម​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា ព្រះអង្គ​នឹង​បង្គាប់​ទេវតា​របស់​ព្រះអង្គ ​ពី​​​ដំណើរ​អ្នក ហើយ​ទេវតា​នឹង​ទ្រ​អ្នក​នៅ​លើ​ដៃ ក្រែងលោ​ជើង​អ្នក​ទង្គិច​​នឹង​ថ្ម​» ​ព្រះយេស៊ូ​មានបន្ទូល​ទៅ​វា​ថា៖ «មាន​សេចក្ដីចែង​​ទុកមក​​ទៀត​ថា កុំ​ល្បួង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ»។​

បន្ទាប់មក អារក្សសាតាំង​​​​ក៏​នាំ​ព្រះអង្គ​ទៅ​លើ​ភ្នំ​មួយ​​យ៉ាង​ខ្ពស់​​ រួច​បង្ហាញ​នគរ​ទាំងអស់​នៅ​ផែនដី និងសិរីរុងរឿង​​របស់​​នគរទាំងនោះ ដល់​​​ព្រះអង្គ​ ហើយ​វា​​ទូល​ព្រះអង្គ​ថា៖ «បើ​អ្នក​ក្រាប​​ថ្វាយបង្គំ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យរបស់​ទាំងអស់នេះ​ដល់​អ្នក» ១០នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​វា​ថា៖ «អារក្ស​​​សាតាំង​​ ចេញ​ទៅ! ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា អ្នក​ត្រូវ​ថ្វាយ​បង្គំ​ព្រះអម្ចាស់​ ជា​ព្រះ​របស់​អ្នក ហើយ​ត្រូវ​បម្រើ​​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ» ១១ដូច្នេះ​​​អារក្ស​សាតាំង​​​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ ហើយ​មើល៍! ពួក​​ទេវតា​ក៏​​ចូល​មក​ជិត​ និងបម្រើ​​ព្រះអង្គ។​

កិច្ចការ​របស់ព្រះយេស៊ូនៅ​ ស្រុកកាលីឡេ​

១២កាល​​ឮ​ថា ​គេ​បាន​ចាប់​លោក​យ៉ូហាន​​ ព្រះអង្គ​ក៏​យាង​ទៅ​ស្រុក​កាលីឡេ។​ ១៣ពេល​ចាក​​ចេញ​ពី​ក្រុង​​ណាសារ៉ែត​​​មក ព្រះអង្គ​ទៅ​រស់​​​នៅ​ក្នុង​ក្រុង​កាពើណិម​​ ស្ថិត​នៅ​ជិតបឹង​​​ក្នុង​ស្រុក​​សាប់យូឡូន​ និងស្រុក​ណែបថាលី​​​ ១៤នោះ​​ក៏​​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​​ទុក ​​តាម​រយៈ​លោក​អេសាយ ជា​អ្នក​នាំ​ព្រះបន្ទូល​​ថា៖​ ១៥«ស្រុក​សាប់យូឡូន​​ និងស្រុក​ណែបថាលី​​​ ស្ថិត​នៅ​តាម​​ផ្លូវ​មាត់​បឹង​​​នៅ​ឯ​នាយ​អូរ​យ័រដាន់​ ​ជា​ស្រុក​កាលីឡេ​​​របស់​​សាសន៍ដទៃ១៦ប្រជាជន ដែលអង្គុយ​នៅ​ក្នុង​សេចក្ដីងងឹត​ បាន​ឃើញ​ពន្លឺ​មួយ​ដ៏អស្ចារ្យ ហើយមាន​​ពន្លឺ​មួយ​​​រះឡើង​ ក្នុង​ចំណោម​ពួក​អ្នក​​អង្គុយ​នៅ​ក្នុង​ស្រុក និងនៅ​ក្នុង​ស្រមោល​នៃ​សេចក្ដីស្លាប់»​ ១៧ចាប់​ពី​ពេល​នោះ​មក ព្រះ​យេស៊ូ​ចាប់​ផ្តើម​ប្រកាស​ ដោយ​​មាន​បន្ទូល​ថា៖ «ចូរ​ប្រែ​ចិត្ដ ដ្បិត​នគរ​ស្ថានសួគ៌​​មក​ជិត​បង្កើយ»​។​

ព្រះយេស៊ូត្រាស់​ហៅ​ពួក​សិស្ស​ដំបូង​

១៨ពេល​​​យាង​តាម​មាត់​បឹង​កាលីឡេ​ព្រះអង្គ​ទត​​ឃើញ​ បង​ប្អូន​ពីរ​នាក់ជា​អ្នក​នេសាទ គឺ​លោក​ស៊ីម៉ូន​ហៅ​ពេត្រុស និងលោក​អនទ្រេ​​ជា​ប្អូន​ កំពុង​បង់​សំណាញ់​ក្នុង​បឹង ១៩ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេថា៖ «ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​ឲ្យអ្នក​ធ្វើ​ជា​អ្នក​នេសាទ​​មនុស្សវិញ» ២០ភ្លាម​នោះ​ ពួក​គេ​​ក៏​ទុក​សំណាញ់​ចោល រួច​ដើរ​តាម​ព្រះអង្គតែ​ម្ដង។ ២១កាល​យាងហួស​ទីនោះ​បន្ដិច ព្រះអង្គ​ទត​ឃើញ​​​បងប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប​ និង​លោកយ៉ូហាន​ជា​ប្អូន​ ​ដែល​ត្រូវ​ជា​កូន​របស់​លោក​​សេបេដេ កំពុងជួសជុល​សំណាញ់​ក្នុង​ទូក​ជាមួយ​លោក​សេបេដេ​ ជា​ឪពុក ព្រះអង្គ​ក៏​​ហៅ​អ្នក​ទាំង​ពីរ​នោះ​​​ ២២ភ្លាមនោះ​ ពួក​គេ​​ក៏​ចាកចេញ​ពី​ទូក និង​ឪពុក​របស់​ពួកគេ ហើយដើរតាម​ព្រះអង្គ​​ទៅ។​

ព្រះយេស៊ូបង្រៀន​ ព្រមទាំង​ធ្វើ​ការ ​អស្ចារ្យ​

២៣​ព្រះអង្គ​បាន​យាងទៅ ​​ពាសពេញ​​ស្រុក​កាលីឡេ​ បង្រៀន​នៅក្នុង​សាលាប្រជុំ​​​នានា​របស់​ពួកគេ​ ហើយ​ប្រកាស​ដំណឹងល្អ​អំពី​នគរ​​​ និងបាន​ប្រោស​ជំងឺ​រោគា​គ្រប់​បែប​យ៉ាង​​​ ​​​ក្នុង​ចំណោម​ប្រជាជន​ឲ្យ​បានជា​ផង។​ ២៤កេរ្ដិ៍​ឈ្មោះ​​របស់ព្រះអង្គ​ក៏​ល្បី​ខ្ចរខ្ចាយ​​ ពាសពេញ​​ស្រុក​ស៊ីរី​ គេ​បាន​នាំយក​មនុស្សទាំង​អស់​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​​​​មក​ឯ​ព្រះអង្គ មានទាំង​មនុស្ស​ឈឺ​ធ្ងន់​ មនុស្ស​អារក្ស​​ចូល មនុស្ស​ឆ្កួត​ជ្រូក​ និង​មនុស្ស​ស្លាប់ដៃជើង​​ផង ហើយ​ព្រះអង្គ​បាន​ប្រោស​​គេ​ឲ្យ​ជា​ទាំងអស់​គ្នា។ ​២៥​បណ្តា​ជន​ច្រើន​កុះករ​មកពី​ស្រុក​កា​លីឡេ​ ​ស្រុក​ដេកាប៉ូល​​ ក្រុង​យេរូសាឡិម​ ស្រុក​យូដា និងស្រុក​នៅ​ឯ​នាយ​​អូរយ័រដាន់​​ ​បាន​ដើរតាម​ព្រះអង្គ។

ម៉ាថាយ ៤