ម៉ាថាយ ៣
សេចក្ដីប្រកាសអំពីព្រះយេស៊ូ ជាព្រះមែស៊ី
៣នៅគ្រានោះ លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក បានមកប្រកាសនៅទីរហោឋានក្នុងស្រុកយូដា ២ថា៖ «ចូរប្រែចិត្ដ ដ្បិតនគរស្ថានសួគ៌មកជិតបង្កើយ» ៣ដ្បិតអ្នកនេះហើយ ដែលលោកអេសាយ ជាអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា៖ «មានសំឡេងស្រែកនៅទីរហោឋានថា ចូររៀបចំដំណើររបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវរបស់ព្រះអង្គ»។ ៤លោកយ៉ូហាន មានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ និងខ្សែ ក្រវាត់ស្បែកនៅនឹងចង្កេះ ហើយគាត់បរិភោគកណ្ដូប និងទឹកឃ្មុំព្រៃ ជាអាហារ។ ៥បន្ទាប់មក មនុស្សពីក្រុងយេរូសាឡិម ពីគ្រប់ទីកន្លែងក្នុងស្រុកយូដា និងស្រុកទាំងអស់ នៅជុំវិញអូរយ័រដាន់ បានចេញមករកគាត់ ៦ហើយគេបានទទួលសារភាពបាបរបស់ខ្លួន និងបានទទួលពិធីជ្រមុជទឹកពីគាត់ ក្នុងអូរយ័រដាន់។ ៧ប៉ុន្ដែពេលឃើញពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីគាត់ គាត់ក៏និយាយទៅគេថា៖ «នែ ពូជពស់វែកអើយ! តើនរណាព្រមានអ្នករាល់គ្នា ឲ្យរត់គេចពីសេចក្ដីក្រោធដែលនឹងមកដល់ដូច្នេះ? ៨ហេតុនេះ ចូរបង្កើតផលផ្លែឲ្យស័ក្តិសមនឹងការប្រែចិត្ដចុះ ៩ហើយកុំគិតក្នុងចិត្ដឲ្យសោះថា យើងមានលោកអ័បា្រហាំជាឪពុករបស់យើង ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ ក៏អាចបង្កើតកូនលោកអ័បា្រហាំពីថ្មទាំងអស់នេះបានដែរ។ ១០ឯពូថៅនៅនឹងគល់ឈើ រួចជាស្រេច ដូច្នេះរាល់ដើមឈើណា មិនបង្កើតផ្លែល្អនឹងត្រូវកាប់បោះទៅក្នុងភ្លើង ១១ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ដោយទឹកសម្រាប់ការប្រែចិត្ដ ប៉ុន្ដែព្រះអង្គដែលមកក្រោយខ្ញុំ មានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្តិសមនឹងដោះស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ ១២ព្រះអង្គកាន់ចង្អេរក្នុងព្រះហស្ដ ហើយព្រះអង្គនឹងសំអាតទីលានបោកស្រូវរបស់ព្រះអង្គ ព្រះអង្គនឹងប្រមូលស្រូវដាក់ក្នុងជង្រុក ប៉ុន្ដែព្រះអង្គនឹងដុតអង្កាមចោល ដោយភ្លើងដែលមិនចេះរលត់»។
ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
១៣បន្ទាប់មកព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាន នៅអូរយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីគាត់ ១៤ប៉ុន្ដែលោកយ៉ូហានបានព្យាយាម ឃាត់ព្រះអង្គដោយទូលថា៖ «ខ្ញុំត្រូវការទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញដូច្នេះ?» ១៥ប៉ុន្ដែ ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ចូរធ្វើឥឡូវនេះចុះ ដ្បិតនេះជាការសមគួរ ដើម្បីឲ្យយើងសម្រេចតាម គ្រប់សេចក្ដីសុចរិតទាំងអស់» គាត់ក៏យល់ព្រមនឹងព្រះអង្គ។ ១៦កាលព្រះយេស៊ូបានទទួលពិធីជ្រមុជទឹករួច ភ្លាមនោះព្រះអង្គក៏ឡើងពីទឹកមក ស្រាប់តែមេឃបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គឃើញព្រះវិញ្ញាណព្រះជាម្ចាស់ យាងមកសណ្ឋិតលើព្រះអង្គ ដូចជាសត្វព្រាប ១៧នោះមានសំឡេងបន្លឺ ចេញពីស្ថានសួគ៌មកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងបុត្រនេះណាស់»។