KCB - ម៉ាថាយ ២៥


ម៉ាថាយ ២៥

រឿង​ស្ដ្រី​ព្រហ្មចារី​ដប់​នាក់​

២៥ដូច្នេះ ​​​នគរ​ស្ថានសួគ៌​ប្រៀបដូច​ជា​​ស្ដ្រីព្រហ្មចារី​​ដប់​នាក់ ​ដែល​យក​ចង្កៀង​របស់​ពួកគេ​ចេញទៅ​ទទួល​កូន​កំលោះ។​ ​ក្នុង​ចំណោម​​ពួកគេ​ ប្រាំ​នាក់​ល្ងង់​​ និង​ប្រាំ​នាក់​ទៀត​ឆ្លាត។​ ​ពួក​​ស្ដ្រី​​ល្ងង់​បាន​យក​ចង្កៀង​របស់​​ពួក​គេ​​ទៅ​ ប៉ុន្ដែ​មិន​បាន​យក​ប្រេង​ ទៅ​ជាមួយ​ពួកគេ​ទេ ​ផ្ទុយ​ទៅ​​វិញ​​ ពួក​​ស្ដ្រី​​ឆ្លាត​បាន​យក​ប្រេង​នៅ​ក្នុង​​ដប ​​ទៅ​ជាមួយចង្កៀងរបស់​ពួកគេដែរ។​ កាល​​កូន​កំលោះ​​ក្រ​មក​ដល់​​ពេក ពួក​នាង​ក៏​​ងងុយ​ដេក​ ហើយ​ដេកលក់អស់​​ទៅ។​ លុះ​ដល់​​ពាក់​កណ្តាល​អធ្រាត្រ​ ក៏​មាន​សម្រែក​​មួយ​​ថា​ មើល៍ កូន​កំលោះ​​មក​ហើយ​ ចូរ​ចេញ​ទៅ​ទទួល​គាត់​​ចុះ​​​ នៅពេលនោះ ​ពួក​នាង​ក៏​​​ភ្ញាក់​ពី​ដេក​ទាំងអស់​គ្នា​​​ ហើយ​​រៀបចំ​​ចង្កៀង​រៀងៗ​ខ្លួន។​ ​ពួក​​ស្ដ្រី​​ល្ងង់​បាន​និយាយ​ទៅ​ពួក​​ស្ដ្រី​​ឆ្លាត​ថា​ សូម​រំលែក​​ប្រេង​​របស់​អ្នករាល់គ្នា​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​របស់​យើង​ចង់​រលត់​​ហើយ ​​ប៉ុន្ដែ​ពួក​​ស្ដ្រី​​ឆ្លាត​បាន​តប​វិញ​​ថា​ ប្រេង​​ប្រាកដ​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​​ពួក​យើង​​ និង​អ្នករាល់​គ្នា​ទេ ដូច្នេះ ចូរ​ពួក​នាង​ទៅ​ឯ​អ្នកលក់​ ហើយ​ទិញ​ប្រេង​​សម្រាប់​​ខ្លួនឯង​ចុះ។​ ​១០ពេល​​​ពួក​ស្ដ្រី​ល្ងង់​​ចេញទៅ​​ទិញ​ប្រេង​ នោះ​កូន​កំលោះ​​ក៏​បាន​​មកដល់​ ហើយពួក​​ស្ដ្រី​ឆ្លាត​ ដែល​បាន​​រៀបចំ​រួច​ហើយ​ ក៏​​ចូលទៅ​ក្នុង​​ពិធីមង្គលការ​ជា​មួយ​​កូន​កំលោះ​ រួច​គេ​ក៏​បិទ​ទ្វារ។​ ១១​ក្រោយ​​​​មក​ ពួក​ស្ដ្រី​ល្ងង់​​ក៏​មកដល់​ដែរ​ និង​បាន​​និយាយ​ថា​ លោក​ម្ចាស់​! លោក​ម្ចាស់​​អើយ​! សូម​បើក​ទ្វារ​ឲ្យយើងផង​​ ១២ប៉ុន្ដែ​គាត់​តប​ទៅ​វិញ​​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា ខ្ញុំ​មិន​ស្គាល់​អ្នក​រាល់​គ្នា​ទេ។​ ១៣ដូច្នេះ ចូរ​អ្នក​រាល់គ្នា​ប្រុង​​​ស្មារតី​ ដ្បិត​អ្នក​រាល់គ្នា​មិន​ដឹង​ថា​​​​ថ្ងៃណា​ ​ឬម៉ោង​ណា​​ទេ។​

រឿង​បាវ​បម្រើ​ឧស្សាហ៍​ និងបាវ​បម្រើ​កម្ជិល​

១៤ព្រោះ​ការ​នេះ​ប្រៀប​ដូចជា​ បុរស​ម្នាក់​ដែល​ត្រូវ​ធ្វើ​ដំណើរ ​និងបាន​ហៅ​ពួក​​បាវបម្រើ​​របស់​ខ្លួន​​មក ហើយ​ប្រ​គល់​​ទ្រព្យ​សម្បត្ដិ ​របស់​គាត់​ឲ្យ​​ពួក​គេ។ ១៥គាត់​បាន​​ឲ្យបាវបម្រើ​​ម្នាក់ៗ​ ទៅ​តាម​សមត្ថភាព​ផ្ទាល់​ខ្លួន​​របស់​គេ​ គឺ​​ម្នាក់​ប្រាំ​​ឋាឡាន់​​ ម្នាក់​ពីរ​ឋាឡាន់​​ និងម្នាក់​ទៀត​មួយ​ឋាឡាន់​​​ រួច​​​គាត់​ក៏​​ចេញ​​ដំណើរ​​ទៅ​​ ១៦ម្នាក់​ដែល​បាន​ទទួល​​ប្រាំ​​ឋាឡាន់​​​ ក៏​​យក​លុយ​ទាំង​នោះ​ចេញ​ទៅ​​ធ្វើការ​​រកស៊ីភ្លាម​​ ហើយ​ក៏​​បាន​ចំណេញ​ប្រាំ​​ឋាឡាន់​​​ទៀត​ ១៧ឯម្នាក់​ដែល​បាន​ទទួល​ពីរ​ឋាឡាន់​​​ក៏ធ្វើ​ដូច្នោះដែរ​ គឺ​បាន​ចំណេញ​ពីរ​ឋាឡាន់​​​​​ទៀត​ ១៨ផ្ទុយ​ទៅ​​វិញ​ ម្នាក់​ដែល​បាន​ទទួល​មួយ​ឋាឡាន់​​ ​បាន​យក​លុយ​ម្ចាស់​របស់​គាត់ ​ ទៅ​​ជីក​​ដី​កប់​ទុក​ ១៩លុះ​អស់​រយ:ពេល​ជា​យូរ​ក្រោយមក​ ម្ចាស់​របស់​បាវបម្រើ​ទាំងនោះ​ ក៏ត្រលប់​​​មក​វិញ​​ និង​បាន​ទូទាត់​បញ្ជី​ជាមួយ​​ពួក​គេ ២០ម្នាក់​ដែល​បាន​ទទួល​ប្រាំ​​ឋាឡាន់​​​ បាន​​នាំ​យក​ប្រាំ​​ឋាឡាន់​​​ទៀត ​ចូល​មក​ជិត​​ ប្រាប់​​ថា​ លោក​ម្ចាស់​​អើយ!​ ប្រាំ​​ឋាឡាន់​​​ដែល​​​លោក​ម្ចាស់​បាន​​ឲ្យខ្ញុំ សូម​មើល​ ខ្ញុំ​បាន​ចំណេញ​ប្រាំ​​ឋាឡាន់​​​ទៀត​​ ២១ម្ចាស់​ក៏​​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​​ណាស់បាវបម្រើ​ល្អ និង​ស្មោះត្រង់​អើយ​​! អ្នក​បាន​ស្មោះត្រង់​ លើ​ទ្រព្យ​សម្បត្តិ​​បន្តិច​បន្តួច ​ខ្ញុំ​នឹង​តែងតាំង​អ្នក ឲ្យគ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​​ជា​ច្រើន​ ចូរ​អ្នក​​ចូល​រួម​​មាន​​អំណរ​​ជាមួយ​​​ម្ចាស់​​របស់​​អ្នក​ចុះ​ ២២ឯ​ម្នាក់​ដែល​បាន​​ទទួល​ពីរ​ឋាឡាន់​​​ ក៏​​ចូលមកជិត​​ដែរ​ ប្រាប់​ថា​​ លោក​ម្ចាស់​​អើយ​! ពីរ​ឋាឡាន់​​​ ដែល​លោក​ម្ចាស់​​បាន​​ឲ្យខ្ញុំ សូម​មើល​ ខ្ញុំ​បាន​ចំណេញ​ពីរ​ឋាឡាន់​​​ទៀត ២៣ម្ចាស់​​ក៏​​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​​ណាស់ បាវបម្រើ​ល្អ និង​ស្មោះត្រង់​អើយ​​! អ្នក​បាន​ស្មោះ​ត្រង់​​លើ​ទ្រព្យ​សម្បត្តិ​​បន្តិចបន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យគ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​​ជា​ច្រើន​ ចូរ​អ្នក​​​ចូល​រួម​​មាន​​អំណរ​​ជាមួយ​​​ម្ចាស់​​របស់​​អ្នក​ចុះ​​ ២៤ម្នាក់​ដែល​បាន​ទទួល​មួយ​ឋាឡាន់​​​បាន​ចូល​មក​ជិត​​ដែរ​ ប្រាប់​ថា​ លោក​ម្ចាស់​​អើយ​! ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​តឹងតែង​ គឺ​​លោក​ច្រូត​ពីកន្លែង ​ដែល​លោក​​​មិន​បាន​​ព្រោះ និង​ប្រមូល​ពីកន្លែង​ ដែល​លោក​​មិន​បាន​ពង្រាយ​​ ២៥ដូច្នេះ ​​ខ្ញុំ​ខ្លាច ខ្ញុំក៏​យក​​​លុយ​​មួយ​​ឋាឡាន់​​​របស់​លោក​នោះ ​ទៅកប់​ទុក​​ក្នុង​ដី នេះ​នែ៎​ សូម​លោក​យក​របស់​លោក​​វិញ​ចុះ។​ ២៦ម្ចាស់​របស់​គាត់​តប​ទៅ​គាត់​វិញ​​ថា​​ បាវបម្រើ​អាក្រក់ ​ និង​ខ្ចិល​​អើយ! ឯង​​ក៏​ដឹង​ដែរ​​ថា ខ្ញុំ​ច្រូត​ពីកន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ពីកន្លែង​ដែល​ខ្ញុំ​​មិន​បាន​ពង្រាយ។​ ២៧បើ​ដូច្នោះ​ ម្ដេច​ក៏​ឯង​​មិន​​យក​លុយ​របស់​ខ្ញុំ​ទៅ​ចង​ការ​ ហើយ​ពេល​ខ្ញុំ​មកវិញ​ ខ្ញុំ​នឹង​ទទួល​បាន​លុយ​​​របស់​ខ្ញុំ​ ព្រមទាំង​ការ​ប្រាក់​ផង​​ ២៨ដូច្នេះចូរ​​យក​មួយ​ឋាឡាន់​​​ពី​គាត់​ ហើយ​ឲ្យទៅ​អ្នក​​ដែល​មាន​ដប់​ឋាឡាន់​​​ចុះ​ ​២៩ដ្បិត​អស់​​​អ្នក​ដែល​មាននឹង​បន្ថែម​ឲ្យ ហើយ​អ្នកនោះ​នឹង​មាន​​ជា​បរិបូរ​ ប៉ុន្ដែ​អ្នក​ណា​ដែល​គ្មាននឹង​ត្រូវ​​ដក​យក​វិញ​​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​​មាន​ផង​​ ៣០រួច​​ចូរ​​បោះ​​បាវ​បម្រើ​ចោលម្សៀត​នេះ​ ទៅ​ក្នុង​​សេចក្ដី​ងងឹត​នៅ​ខាងក្រៅ​ទៅ​​ ហើយ​​នៅទីនោះ​មាន​ការ​ទ្រហោ​យំ​ និងការ​សង្កៀត​​ធ្មេញ។​​​

ព្រះយេស៊ូជំនុំជម្រះ​​មនុស្សគ្រប់​គ្នា​

៣១ពេល​កូន​មនុស្ស​​មក ​នៅក្នុង​សិរីរុងរឿង​​របស់​លោក​ជាមួយនឹង​ពួក​ទេវតា​ទាំងអស់​ នោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​​នៃ​​សិរីរុងរឿង​​របស់​លោក​ ៣២ហើយជន​​ជាតិ​ទាំងអស់​នឹង​ត្រូវ​បាន​​ប្រមូល​មក​នៅចំពោះមុខ​លោក រួច​លោក​នឹង​ញែក​ពួកគេ​ចេញ​​ពី​គ្នា​ ប្រៀប​ដូចជា​អ្នកគង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ​ ៣៣លោក​នឹង​ដាក់​ចៀម​នៅ​ខាងស្ដាំ​លោក​ ឯពពែ​នៅ​ខាងឆ្វេង​លោក។ ​៣៤នៅពេលនោះ​ ស្ដេច​នឹង​មានបន្ទូល​ទៅ ​ពួក​​អ្នក​​នៅ​ខាងស្ដាំ​ថា​ អស់​​អ្នកដែល​ព្រះវរបិតា​របស់​​ខ្ញុំ​បាន​ប្រទានពរ​ ចូរ​មក​ទទួលយក​​នគរ​ដែល​​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​ដើម​កំណើត​ពិភព​លោក​​​ ទុកជា​មរតក​ចុះ​​ ៣៥ព្រោះ​កាល​​ខ្ញុំ​ឃ្លាន អ្នករាល់គ្នា​ឲ្យខ្ញុំ​បរិភោគ កាល​​ខ្ញុំ​ស្រេក អ្នករាល់គ្នា​ឲ្យខ្ញុំ​ផឹក ហើយ​កាល​ខ្ញុំ​ជា​អ្នក​ក្រៅ​​ អ្នក​រាល់​គ្នា​បាន​​ស្វាគមន៍​​ខ្ញុំ​ ៣៦កាល​​ខ្ញុំ​នៅ​​អាក្រាត អ្នក​រាល់​គ្នា​បាន​ស្លៀកពាក់​ឲ្យ​ខ្ញុំ កាល​​ខ្ញុំ​ឈឺ អ្នករាល់គ្នា​បាន​មក​សួរសុខទុក្ខ​ខ្ញុំ ហើយ​កាល​​ខ្ញុំ​ជាប់​គុក​ អ្នករាល់គ្នា​បាន​មក​ជួប​ខ្ញុំ​ ៣៧​ពួក​​អ្នក​​សុចរិត​នឹង​ទូល​តប​វិញ​​ថា ព្រះអម្ចាស់​អើយ! តើ​យើងខ្ញុំ​​បាន​ឲ្យ​ព្រះអង្គ​បរិភោគ​ កាល​​​យើង​ខ្ញុំ​​បាន​​​ឃើញ​​ព្រះអង្គ​ឃ្លាន​​ ឬ បាន​​ឲ្យ​ព្រះ​អង្គ​ផឹក​​ កាល​​យើង​ខ្ញុំ​​បាន​​ឃើញ​​ព្រះ​អង្គ​​ស្រេក​ ពី​កាល​ណា​​?​ ៣៨តើ​យើងខ្ញុំ​​បាន​ស្វាគមន៍​​ព្រះអង្គ​ កាល​​យើង​ខ្ញុំ​​បាន​​​ឃើញ​​ព្រះអង្គ​​ជា​អ្នក​ក្រៅ​​ ឬ​បាន​​​ស្លៀកពាក់​ឲ្យព្រះអង្គ​ កាល​​ព្រះអង្គ​នៅ​អាក្រាត ​ពី​កាលណា​​?​ ៣៩តើ​យើងខ្ញុំ​​បាន​មក​​ជួប​ព្រះអង្គ​ កាល​​យើង​ខ្ញុំ​​បាន​​​ឃើញ​​ព្រះអង្គ​ឈឺ ឬ​ជាប់​គុក​ពី​កាលណា​​?​ ៤០ស្ដេច​នឹង​មានបន្ទូល​​ទៅ​​ពួក​គេ​​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជាបា្រកដ​ថា ការ​​ដែល​​អ្នករាល់គ្នា​ បាន​ធ្វើ​ដូច្នេះ​​សម្រាប់​បងប្អូន​របស់ខ្ញុំ​​ម្នាក់ ​ក្នុង​ចំណោម​អ្នកតូច​តាច​ទាំង​​នេះ​ នោះ​បាន​ធ្វើ​សម្រាប់​​ខ្ញុំ​ហើយ។​​

៤១ព្រះ​អង្គ​​នឹង​មានបន្ទូល​ទៅ​ពួក​​អ្នក​នៅ​ខាងឆ្វេង​ដែរ​ថា​ អស់​​អ្នក​​ត្រូវ​បណ្តាសា ចូរ​ចេញ​ពី​ខ្ញុំ ហើយ​​​ធ្លាក់​​ទៅ​ក្នុង​ភ្លើងដែល​ឆេះ​​អស់​កល្ប​ជា​និច្ច ដែល​បាន​រៀបចំ​សម្រាប់​​អារក្ស​សាតាំង​​​ និងពួក​ទេវតា​របស់​​វា​​ចុះ​​ ៤២ព្រោះ​កាល​​ខ្ញុំ​ឃ្លាន អ្នករាល់គ្នា​មិន​បាន​ឲ្យខ្ញុំ​បរិភោគ ហើយ​កាល​​ខ្ញុំ​ស្រេក អ្នករាល់គ្នា​មិន​បាន​ឲ្យខ្ញុំ​ផឹក​ ៤៣កាល​ខ្ញុំ​ជា​អ្នក​ក្រៅ​​​ អ្នករាល់គ្នា​មិន​បាន​ស្វាគមន៍​​ខ្ញុំ​ កាល​​ខ្ញុំ​នៅ​អាក្រាត អ្នករាល់គ្នា​មិន​បាន​ស្លៀក​ពាក់​ឲ្យខ្ញុំ ហើយ​កាល​​ខ្ញុំ​ឈឺ និង​ជាប់​គុក អ្នករាល់គ្នា​ មិន​បានមក​​សួរសុខទុក្ខ​ខ្ញុំ​ទេ​ ៤៤ពេល​នោះ​ ពួក​គេ​​នឹង​ទូល​តប​ដែរ​ថា​ ព្រះអម្ចាស់​អើយ! តើ​កាល​​យើងខ្ញុំ​​ឃើញ​ព្រះអង្គ​ឃ្លាន​ ឬ​ស្រេក ជា​អ្នក​ក្រៅ​​ ឬ នៅ​អាក្រាត ឈឺ ឬជាប់​គុក​នោះ ​​ យើង​ខ្ញុំ​​មិន​បាន​​បម្រើ​​ព្រះអង្គ​ ពី​កាលណា​​?​ ៤៥ព្រះអង្គ​នឹង​មាន​បន្ទូល​​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា ការ​​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ដូច្នេះ​​ សម្រាប់​​​អ្នក​ណា​ម្នាក់​ ក្នុង​ចំណោម​អ្នកតូចតាច​​​ទាំងនេះ​ នោះ​ក៏មិន​បាន​ធ្វើ​សម្រាប់​​ខ្ញុំ​ដែរ​​ ៤៦​អ្នក​ទាំង​នោះ​នឹង​ចេញ​ទៅ​ទទួល​ទោស​​អស់កល្ប​ជា​និច្ច​ ឯ​ពួក​​អ្នក​​សុចរិត​ទទួល​​បាន​ជីវិត​អស់​កល្ប​​ជានិច្ច»។​

ម៉ាថាយ ២៥