ម៉ាថាយ ២៣
ព្រះយេស៊ូព្រមានដល់មេដឹកនាំសាសនា
២៣បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅ បណ្តាជន និងពួកសិស្សរបស់ព្រះអង្គ ២ថា៖ «ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី បានអង្គុយនៅកន្លែង របស់លោកម៉ូសេ ៣ដូច្នេះ អ្វីៗទាំងអស់ដែលពួកគេប្រាប់ អ្នករាល់គ្នា ចូរធ្វើ និងកាន់តាមចុះ ប៉ុន្ដែ កុំត្រាប់តាមការប្រព្រឹត្តិរបស់ពួកគេឡើយ ពីព្រោះពួកគេបានតែនិយាយ ប៉ុន្តែមិនធ្វើទេ ៤ពួកគេចងបន្ទុកដែលធ្ងន់ និងពិបាកធ្វើតាមដាក់លើស្មាមនុស្ស តែពួកគេមិនព្រមយកម្រាមដៃរបស់ពួកគេ ដកបន្ទុកទាំងនោះទេ ៥ហើយ គ្រប់ការទាំងអស់ ដែលពួកគេធ្វើ គឺដើម្បីឲ្យមនុស្សឃើញតែប៉ុណ្ណោះ គឺពួកគេ បានពង្រីកស្លាក ដែលពួកគេពាក់ កាន់តែធំឡើងៗ ឯរំយោលអាវវិញ កាន់តែវែងទៅៗដែរ។ ៦ពួកគេចូលចិត្ត អង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសនៅក្នុងពិធីជប់លៀង ៧ពួកគេចូលចិត្តឲ្យគេគោរព នៅតាមទីប្រជុំជន និងឲ្យមនុស្សហៅពួកគេថា លោកគ្រូ ៨ប៉ុន្ដែ ចំពោះអ្នករាល់គ្នាវិញ កុំឲ្យគេហៅថា គ្រូ ដ្បិតគ្រូរបស់អ្នករាល់គ្នាមានតែម្នាក់គត់ ហើយអ្នកទាំងអស់គ្នា ជាបងប្អូននឹងគ្នា ៩កុំហៅនរណាម្នាក់នៅលើផែនដីនេះ ថាជាឪពុករបស់អ្នករាល់គ្នា ព្រោះឪពុករបស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺនៅស្ថានសួគ៌ ១០ហើយក៏កុំឲ្យគេហៅថាម្ចាស់ដែរ ដ្បិតម្ចាស់របស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺព្រះគិ្រស្ដ ១១អ្នកដែលធំជាងគេ ក្នុងចំណោមអ្នករាល់គ្នានឹងត្រលប់ជាអ្នកបម្រើអ្នករាល់គ្នាវិញ ១២ព្រោះអ្នកណាលើកតម្កើងខ្លួន នឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួននឹងត្រូវលើកតម្កើងវិញ។
១៣វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបានបិទនគរស្ថានសួគ៌ នៅចំពោះមុខមនុស្ស អ្នករាល់គ្នាមិនចូលទេ ហើយក៏មិនអនុញ្ញាតឲ្យមនុស្ស ដែលកំពុងចូលនោះ ចូលទៀតផង។ ១៤វេទនាដល់អ្នករាល់គ្នា ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបំផ្លាញទ្រព្យសម្បត្ដិរបស់ស្រ្តីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយូរ ហេតុនេះអ្នករាល់គ្នានឹងត្រូវទទួលទោស ធ្ងន់ធ្ងរជាងគេ។ ១៥វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ដើម្បីធ្វើឲ្យមនុស្សម្នាក់ ត្រលប់ជាអ្នកកាន់សាសនា រួចពេលគេត្រលប់ជាអ្នកកាន់សាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេត្រលប់ជាអ្នកធ្លាក់នរក លើសអ្នករាល់គ្នាទ្វេដង ១៦វេទនាដល់អ្នករាល់គ្នាហើយ អ្នកនាំផ្លូវកង្វាក់អើយ! ដ្បិតអ្នករាល់គ្នានិយាយថា អ្នកណាស្បថនឹងព្រះវិហារ សម្បថនោះគ្មានន័យទេ តែអ្នកណាស្បថនឹងមាសរបស់ព្រះវិហារ អ្នកនោះជាប់សម្បថហើយ។ ១៧មនុស្សកង្វាក់ល្ងង់អើយ! តើមួយណាវិសេសជាង ជាមាស ឬជាព្រះវិហារ ដែលធ្វើឲ្យមាសទៅជាបរិសុទ្ធ? ១៨ហើយថា អ្នកណាស្បថនឹងកន្លែងថ្វាយតង្វាយ សម្បថនោះគ្មានន័យទេ តែអ្នកណាស្បថនឹងតង្វាយលើកន្លែងថ្វាយតង្វាយ អ្នកនោះជាប់សម្បថហើយ ១៩មនុស្សកង្វាក់អើយ! តើមួយណាវិសេសជាង ជាតង្វាយ ឬកន្លែងថ្វាយតង្វាយ ដែលធ្វើឲ្យតង្វាយទៅជាបរិសុទ្ធ? ២០ដូច្នេះ អ្នកដែលស្បថនឹងកន្លែងថ្វាយតង្វាយ គឺស្បថនឹងកន្លែងថ្វាយតង្វាយ ព្រមទាំងរបស់ទាំងអស់នៅលើនោះហើយ ២១ឯអ្នកដែលស្បថនឹងព្រះវិហារ គឺស្បថនឹងព្រះវិហារ ព្រមទាំងព្រះអង្គដែលគង់ក្នុងនោះហើយ ២២អ្នកណាស្បថនឹងស្ថានសួគ៌ គឺស្បថនឹងបល្ល័ង្កព្រះជាម្ចាស់ ព្រមទាំងព្រះអង្គ ដែលគង់នៅលើនោះហើយ។ ២៣វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នា ថ្វាយតង្វាយមួយភាគដប់ ទាំងជីរអង្កាម ជីរនាងវង និងម្អម ប៉ុន្តែអ្នករាល់គ្នាធ្វេសប្រហែសនឹងភាពសំខាន់ជាងនេះនៅក្នុងគម្ពីរវិន័យ គឺយុត្ដិធម៌ សេចក្ដីមេត្ដាករុណា និងជំនឿ សេចក្ដីទាំងនេះចាំបាច់ត្រូវតែធ្វើ ហើយក៏មិនត្រូវធ្វេសប្រហែស នឹងសេចក្ដីទាំងនេះដែរ។ ២៤អ្នកនាំផ្លូវកង្វាក់អើយ! អ្នករាល់គ្នាស្រង់មូស ប៉ុន្ដែ លេបអូដ្ឋទៅវិញ។ ២៥វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសំអាតពែង និងចានដែលនៅខាងក្រៅ ឯខាងក្នុងវិញ ពេញដោយការលោភលន់ និងការបណ្ដោយតាមតណ្ហារបស់ខ្លួន ២៦ពួកអ្នកខាងគណៈផារិស៊ីដ៏កង្វាក់អើយ! ចូរសំអាតខាងក្នុងពែងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។ ២៧វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរ ដែលលាបពណ៌សពីខាងក្រៅ មើលទៅពិតជាស្អាតមែន ប៉ុន្ដែ ខាងក្នុងពេញដោយឆ្អឹងខ្មោច និងភាពស្មោកគ្រោកគ្រប់បែបយ៉ាង ២៨ហើយអ្នករាល់គ្នាក៏ដូច្នោះដែរ នៅចំពោះមុខមនុស្ស មើលទៅសុចរិតពីខាងក្រៅមែន ប៉ុន្ដែខាងក្នុងអ្នករាល់គ្នាពេញដោយពុតត្បុត និងសេចក្តីទុច្ចរិត។ ២៩វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសង់ផ្នូរ របស់អ្នកនាំព្រះបន្ទូល រួចតុបតែងស្ដូប របស់ពួកមនុស្សសុចរិត ៣០ហើយនិយាយថា ប្រសិនបើយើងបាននៅជំនាន់ដូនតារបស់យើង នោះយើងមិនរួមគំនិតជាមួយពួកគាត់ សម្លាប់ពួកអ្នកនាំព្រះបន្ទូលទេ ៣១ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងហើយថា អ្នករាល់គ្នាជាកូនចៅពួកអ្នក ដែលបានសម្លាប់ពួកអ្នកនាំព្រះបន្ទូល ៣២ចូរអ្នករាល់គ្នាសម្រេចអ្វីៗ ដែលដូនតារបស់អ្នករាល់គ្នាបានធ្វើចុះ។ ៣៣ឱ ពួកពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការជំនុំជម្រះឲ្យធ្លាក់នរក យ៉ាងដូចម្តេចបាន? ៣៤ហេតុនេះហើយ ខ្ញុំចាត់ពួកអ្នកនាំព្រះបន្ទូល ពួកអ្នកមានប្រាជ្ញា និងពួកគ្រូវិន័យ ឲ្យមកឯអ្នករាល់គ្នា ប៉ុន្ដែអ្នកខ្លះ ត្រូវអ្នករាល់គ្នាសម្លាប់ និងឆ្កាង ហើយអ្នកខ្លះទៀតត្រូវអ្នករាល់គ្នាវាយនឹងខ្សែតី នៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ព្រមទាំងបៀតបៀនពួកគេពីក្រុងមួយដល់ក្រុងមួយ។ ៣៥ដូច្នេះឈាមរបស់មនុស្សសុចរិតទាំងអស់ ដែលត្រូវបានកម្ចាយនៅលើផែនដីនេះមុខជាធ្លាក់មកលើអ្នករាល់គ្នាមិនខាន ចាប់ពីឈាមរបស់លោកអេបិល ជាមនុស្សសុចរិត រហូតដល់ឈាមរបស់លោកសាការី ជាកូនរបស់លោកបារ៉ាគា ដែលអ្នករាល់គ្នា បានសម្លាប់នៅចន្លោះព្រះវិហារ និងកន្លែងថ្វាយតង្វាយ។ ៣៦ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា សេចក្តីទាំងអស់នេះនឹងធ្លាក់មកលើមនុស្សជំនាន់នេះ។
ព្រះយេស៊ូស្រណោះក្រុងយេរូសាឡិម
៣៧ឱ ក្រុងយេរូសាឡិម ក្រុងយេរូសាឡិម ដែលបានសម្លាប់អ្នកនាំព្រះបន្ទូល និងបានគប់ដុំថ្មទៅលើពួកអ្នកដែលបានចាត់ឲ្យមកឯអ្នកអើយ! ខ្ញុំចង់ប្រមូលកូនចៅរបស់អ្នកប៉ុន្មានដងមកហើយ គឺដូចជាមេមាន់ប្រមូលកូនរបស់វាមកក្រុងនៅក្រោមស្លាប ប៉ុន្ដែអ្នកមិនចង់ទេ ៣៨មើល៍ ផ្ទះរបស់អ្នករាល់គ្នាត្រូវបានទុកចោលស្ងាត់ជ្រងំ ៣៩ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ ចាប់ពីពេលនេះតទៅ រហូតទាល់តែអ្នករាល់គ្នានិយាយថា សូមថ្វាយ ព្រះពរព្រះអង្គ ដែលយាងមកក្នុងនាមព្រះអម្ចាស់»។