KCB - ម៉ាថាយ ២០


ម៉ាថាយ ២០

រឿង​កម្មករ​ចម្ការ​ទំពាំង​បាយ​ជូរ​

២០ដ្បិត​ នគរ​ស្ថានសួគ៌​ ប្រៀបដូច​ជា​​ ម្ចាស់​ចម្ការ​ម្នាក់​ដែល​ចេញទៅ​ពី​ព្រលឹម​​ ដើម្បី​​ជួល​កម្មករ​ ឲ្យមក​ធ្វើ​ការ​​នៅ​ក្នុង​ចម្ការ​​ទំពាំង​បាយ​ជូរ​​របស់​​គាត់​កាល​​បាន​ព្រម​ព្រៀង​ជាមួយ​​ពួក​​កម្មករថា ​​ឲ្យឈ្នួល​​មួយ​ថ្ងៃ​មួយ​​ឌេ​ណា​រី​ គាត់​ក៏​​ឲ្យពួកគេ​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​របស់​គាត់។​ នៅ​ពេល​​គាត់​​ចេញ​ទៅ​​ នៅ​​ប្រហែល​ម៉ោង​ប្រាំ​បួន​ព្រឹក ​គាត់​ឃើញ​អ្នក​​ផ្សេងទៀត​ឈរ​ទំនេរ​នៅ​តាម​ផ្សារ​ គាត់​ក៏​និយាយ​​ទៅ​អ្នក​ទាំងនោះ​ថា​ ចូរ​អ្នករាល់​គ្នា​ទៅ​ឯ​​ចម្ការ​ទំពាំង​បាយជូរ​ដែរ​​ចុះ​ ខ្ញុំ​នឹង​ឲ្យ​ឈ្នួល​​ត្រឹមត្រូវ។​ ពួក​គេ​​ក៏​ទៅ។​ ​គាត់​ក៏​ចេញ​ទៅ​ម្ដងទៀត​ នៅ​​ប្រហែល​ម៉ោង​ដប់ពីរថ្ងៃត្រង់​ និង​ម៉ោង​បីរសៀល ​​គាត់​ក៏​​ធ្វើ​​ដូច​ពីមុន។​ នៅ​​ប្រហែល​ម៉ោង​ប្រាំល្ងាច​​ ពេល​​​គាត់​​ចេញទៅ​ ក៏​​ឃើញ​អ្នក​​ផ្សេង​ទៀត​​កំពុង​ឈរ គាត់​​ក៏​សួរ​ពួកគេ​ថា ហេតុអ្វី​បានជា​អ្នក​រាល់គ្នា​​ឈរ​​ទំនេរ​មួយ​ថ្ងៃ​វាល់ល្ងាច​នៅទីនេះ​ដូច្នេះ?​ ពួក​គេ​​ប្រាប់​គាត់​ថា​ ព្រោះ​គ្មាន​អ្នក​ណា​​ជួល​យើង។​ គាត់​ក៏​ប្រាប់​ពួកគេ​វិញ​ថា ​ចូរ​អ្នករាល់គ្នា​ទៅ​ឯ​​ចម្ការ​ទំពាំងបាយជូរ​ដែរ​​ចុះ។ លុះ​​ដល់​ពេល​ល្ងាច​ ម្ចាស់​​ចម្ការ​ទំពាំង​បាយ​ជូរ​​ក៏​ប្រាប់​មេការ​ថា​ ​ចូរ​​ហៅ​កម្មករ​មក រួច​ឲ្យឈ្នួល​​ដល់​ពួកគេ​ចាប់​ពី​អ្នក​មក​ក្រោយបង្អស់​​​​ រហូតដល់​អ្នក​មក​​មុន​បង្អស់។​ ពួក​អ្នក​​ដែល​មក​នៅ​ម៉ោង​ប្រហែល​ប្រាំល្ងាច​​ ​ម្នាក់​ៗ​​ទទួល​បាន​មួយ​ឌេណារី។​ ១០​ពួក​​អ្នក​ដែល​​មក​មុនគេ​​គិត​ថា ខ្លួន​​នឹង​ទទួល​បាន​​លើស​នោះ​ ប៉ុន្តែ​ ម្នាក់​ៗ​ក៏​​ទទួល​បាន​មួយ​ឌេណារី​​​ដែរ។ ​១១ពួកគេ​​ទទួល​យក​ ទាំង​រអ៊ូរទាំ​ដាក់​ម្ចាស់​ចម្ការ​ ១២ថា​​ពួក​​អ្នក​មក​ក្រោយ ​បង្អស់ទាំង​នេះ​ ធ្វើ​ការ​​បាន​តែ​មួយ​ម៉ោង​ទេ ប៉ុន្តែ​ លោក​ឲ្យឈ្នួល​ដល់​ពួកគេ​ស្មើ​នឹង​យើង​ដែល​ទ្រាំ​ធ្វើការ​ធ្ងន់ ​ហាល​ថ្ងៃហាល​ក្តៅ​ពេញ​​មួយ​ថ្ងៃ។​ ១៣ម្ចាស់​ចម្ការ​ក៏​​ឆ្លើយ​នឹង​ម្នាក់​ក្នុងចំណោម​ពួក​គេ​​ ថា​ សម្លាញ់​​អើយ!​​​ ខ្ញុំ​មិន​បាន​​ធ្វើ​ខុស​​ចំពោះ​​​អ្នក​ទេ តើ​​អ្នក​មិន​​បានព្រម​ព្រៀង​ជាមួយ​​ខ្ញុំ​ថា ទទួល​​យក​ឈ្នួល​​មួយ​ឌេ​ណា​រី​​​ទេ​ឬ? ១៤ចូរ​​យក​ឈ្នួល​​របស់​អ្នក ហើយ​ចេញ​ទៅ​! ខ្ញុំ​ចង់​ឲ្យ​ឈ្នួល​​ដល់​​អ្នក​មក​ក្រោយ​បង្អស់​​នេះ​​ស្មើ​នឹង​អ្នក​ដែរ។​ ១៥តើ​ខ្ញុំ​គ្មាន​សិទ្ធិ​ប្រើ​ទ្រព្យសម្បត្តិ​របស់​ខ្ញុំ​ដើម្បី​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ​ឬ? ឬក៏​ភ្នែក​របស់​អ្នក​ច្រណែន​ ព្រោះ​តែ​ខ្ញុំ​ល្អ? ​១៦ដូច្នេះ​​ អ្នក​នៅ​​​ក្រោយ​​បង្អស់ នឹង​ត្រលប់​ជា​​​​នៅ​​​មុខគេ​ ឯ​អ្នក​នៅ​​​មុខគេ​នឹង​ត្រលប់​ជា​​​នៅ​ក្រោយ​​បង្អស់​វិញ»។​

ព្រះយេស៊ូ​មាន​បន្ទូលប្រាប់​ឲ្យដឹង​ជាមុន​​ម្ដង​ទៀត​​​អំពី​ការ​សោយទិវង្គត​ និងការ​រស់​ឡើង​វិញ​របស់​​ព្រះ​អង្គ​​

១៧កាល​​ព្រះយេស៊ូ​កំពុង​​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡិម ព្រះអង្គ​បាន​នាំ​សិស្ស​ទាំង​ដប់ពីរ ​ទៅ​ដាច់ឡែក​ពីគេ ហើយ​នៅតាម​ផ្លូវ ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖​ ១៨«មើល៍ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម ហើយ​កូន​មនុស្ស​​នឹង​ត្រូវ​​គេ​ប្រគល់​ទៅ​ឲ្យពួក​​សម្តេចសង្ឃ​​ និង​គ្រូវិន័យ​​ រួច​​ពួក​គេ​​នឹង​​កាត់ទោស​ប្រហារ​​ជីវិត​​លោក​ ១៩ពួក​គេ​​នឹង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍​ដទៃ​ ដើម្បី​​ឲ្យគេ​​ចំអក វាយ​នឹងខ្សែ​តី​ ហើយ​ឆ្កាង ប៉ុន្តែ​លោក​នឹង​រស់ឡើងវិញ​នៅ​ថ្ងៃ​ទីបី»។​

សំណួមពរ​​របស់​ម្ដាយ​លោក​យ៉ាកុប និង​លោក​​​យ៉ូហាន​

២០បន្ទាប់មក ប្រពន្ធ​លោក​សេបេដេ​​ និង​កូនៗ​របស់​គាត់ ​បាន​ចូលមកថ្វាយ​បង្គំ​​​ព្រះអង្គ​ ដើម្បី​​ទូល​សុំ​អ្វី​ម្យ៉ាង​​ពី​ព្រះអង្គ​ ២១ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​​ថា​៖ «តើ​អ្នក​ចង់​បាន​អ្វី?» គាត់​ទូល​ព្រះអង្គ​ថា​៖ «ខ្ញុំសូម​ឲ្យលោកសន្យា​​ថា​ កូន​ប្រុស​របស់​​ខ្ញុំ​​ទាំង​​ពីរ​នាក់​នេះ​ នឹង​បាន​អង្គុយ​ក្បែរ​​លោក នៅ​ក្នុងនគរ​របស់​លោក គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ និងម្នាក់​ទៀត​នៅ​ខាងឆ្វេង»។ ​២២ព្រះយេស៊ូ​​មានបន្ទូល​ឆ្លើយ​ថា​៖ «អ្នក​មិន​ដឹង​ថា អ្នក​កំពុង​សុំ​អ្វី​ទេ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក​នេះ​បាន​ដែរ​ឬ​ទេ?» ពួក​គេ​ទូល​ព្រះអង្គ​ថា​៖ «យើង​អាច​​ផឹក​បាន»។​ ២៣ព្រះអង្គ​ ក៏​មាន​បន្ទូល​​ទៅ​ពួកគេ​ទៀត​ថា៖ «អ្នក​នឹង​ផឹក​ពី​ពែង​របស់ខ្ញុំ​បាន​មែន ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាងស្ដាំ​ខ្ញុំ ឬខាងឆ្វេង​ខ្ញុំ​នោះ​ មិន​មែន​ស្រេចលើ​ខ្ញុំ​ទេ គឺ​​សម្រាប់​​តែ​​អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​​រៀបចំ​​ទុក​​ឲ្យ​ប៉ុណ្ណោះ»​​។​ ២៤ពេល​សាវក​ដប់​នាក់​ទៀត​​ឮ​ដូច្នេះ ក៏​ទាស់​ចិត្ដ​​នឹង​បង​ប្អូន​​ពីរ​នាក់​​នោះ​​​ ២៥ប៉ុន្ដែ​ព្រះយេស៊ូ​បាន​ហៅ​ពួក​គេ​មក​ រួច​មាន​បន្ទូល​​ថា​៖ «អ្នករាល់គ្នា​ដឹង​ថា ពួក​​អ្នកគ្រប់គ្រង​របស់​​សាសន៍​​ដទៃ​ ត្រួត​ត្រា​​លើ​​ពួកគេ​​ ហើយ​ពួក​​អ្នក​ធំ​​ ក៏​​ប្រើ​សិទ្ធិ​អំណាច​លើ​ពួកគេ​ដែរ​​ ២៦ប៉ុន្តែ​ក្នុង​ចំណោម​អ្នករាល់គ្នា​​​ មិន​មែន​ដូច្នោះ​ឡើយ​ អ្នកណា​ដែល​ចង់​ធ្វើ​ធំ​ ក្នុងចំណោម​អ្នករាល់គ្នា​ អ្នក​នោះ​ត្រូវ​​ធ្វើ​ជា ​អ្នកបម្រើ​អ្នករាល់គ្នា​វិញ​​ ២៧​រួច​​អ្នកណា​ដែល​ចង់​ធ្វើជា​ទីមួយ នៅ​ក្នុងចំណោម​អ្នករាល់គ្នា​ អ្នក​នោះក៏​​ត្រូវ​ធ្វើ​ជា ​បាវបម្រើ​របស់​អ្នករាល់គ្នា​ដែរ​ ២៨​ឯ​កូន​មនុស្ស​​ក៏​ដូច្នេះដែរ គឺ​​​មិន​បាន​មក​ឲ្យគេ​បម្រើ​​ទេ ប៉ុន្ដែ​មក​បម្រើ​​គេ​វិញ ទាំង​​ប្រគល់​​ជីវិត​ខ្លួន ​ទុកជា​ថ្លៃលោះ​ដល់​​​មនុស្ស​​ជាច្រើន​ផង»​។​

ព្រះយេស៊ូប្រោស​មនុស្សខ្វាក់​ភ្នែក​ពីរ​នាក់​

២៩កាល​​ពួកគេ​ចេញ​ពី ​ក្រុង​យេរីខូរ​ នោះ​មាន​បណ្តាជន​​ច្រើន​កុះករ​​ បាន​ដើរតាម​ព្រះអង្គ ៣០ហើយ​​មើល៍​ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​ កំពុង​អង្គុយ​​ក្បែរ​ផ្លូវ ពេល​ឮ​ថា​ព្រះយេស៊ូ​កំពុង​​យាង​កាត់​ ក៏​ស្រែកឡើង​ថា​៖ «ឱ ព្រះអម្ចាស់​ជា​​ពូជ​ពង្ស​​​ដាវីឌ​អើយ! សូម​មេត្តា​យើង​ផង!» ​៣១ប៉ុន្ដែ ​បណ្តាជន​បាន​បន្ទោស​​​អ្នកទាំងពីរនោះ​ឲ្យ​ពួក​គេ​​នៅស្ងៀម​ ប៉ុន្ដែ​ពួកគេ​ស្រែក​ថែមទៀត​ថា​៖ «ឱ ​ព្រះ​អ​ម្ចាស់​ជា​​ពូជពង្ស​​ដាវីឌ​អើយ! សូម​មេត្តា​យើងផង!»​ ៣២ព្រះ​យេស៊ូ​ក៏​ឈប់​​​ ហើយ​ហៅ​អ្នកទាំងពីរនោះ​មក​សួរ​ថា៖ «តើ​ពួក​អ្នក​ចង់​ឲ្យ​ខ្ញុំ​​ធ្វើ​អ្វី​?»៣៣ពួក​គេ​​ក៏​ទូល​ព្រះអង្គ​ថា​៖ «ព្រះ​អម្ចាស់​អើយ! សូម​បើក​ភ្នែក​របស់​យើង​ឲ្យ​បាន​​ភ្លឺ​​​​ផង» ៣៤ដោយ​ព្រះយេស៊ូ​មាន​ក្ដី​អាណិត​អាសូរ​​ ក៏​ពាល់​ភ្នែក​របស់ពួកគេ។​ រំពេចនោះ​ ពួកគេ​ក៏​មើលឃើញ​វិញ ហើយ​​ដើរតាម​ព្រះអង្គ​ទៅ។

ម៉ាថាយ ២០