ម៉ាថាយ ២
ពួកតារាវិទូស្វែងរកបុត្រតូចយេស៊ូ
២កាលព្រះយេស៊ូប្រសូត នៅភូមិបេថ្លេហិម ស្រុកយូដា នៅក្នុងរាជ្យស្ដេចហេរ៉ូឌ នោះមានពួកតារាវិទូពីទិសខាងកើត បានចូលមកដល់ក្រុងយេរូសាឡិម ២សួរគេថា៖ «តើព្រះអង្គដែលប្រសូតមក ជាស្តេចជនជាតិយូដានោះនៅឯណា? ដ្បិតយើងបានឃើញផ្កាយរបស់ព្រះអង្គ នៅទិសខាងកើត ហើយយើងមក ដើម្បីថ្វាយបង្គំ ព្រះអង្គ»។ ៣ពេលឮដូច្នេះ ស្ដេច ហេរ៉ូឌ និងមនុស្សទាំងអស់នៅក្នុងក្រុងយេរូសាឡិម ក៏ព្រួយចិត្តជាមួយស្ដេចដែរ។ ៤ពេលកោះប្រជុំពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យទាំងអស់របស់ប្រជាជន ស្ដេចបានសួរពួកគេពីកន្លែង ដែលព្រះគិ្រស្ដប្រសូត ៥គេទូលស្ដេចថា៖ «នៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដ្បិតដូចបានចែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា ៦នែភូមិបេថ្លេហិមក្នុងស្រុកយូដាអើយ ក្នុងចំណោមអ្នកគ្រប់គ្រងស្រុកយូដា អ្នកមិនអន់ជាងគេឡើយ ព្រោះនឹងមានអ្នកគ្រប់គ្រងម្នាក់ ចេញពីអ្នកមក ហើយគ្រប់គ្រងលើអ៊ីស្រាអែលជាប្រជាជនយើង»។
៧បន្ទាប់មក ស្តេចហេរ៉ូឌបានហៅពួកតារាវិទូមកជាសម្ងាត់ ដើម្បីសួរបញ្ជាក់គេពីពេលវេលា ដែលផ្កាយរះឡើង។ ៨ពេលចាត់ពួកតារាវិទូទាំងនោះទៅភូមិបេថ្លេហិម ស្ដេចមានបន្ទូលថា៖ «ចូរទៅសាកសួរពីបុត្រតូចនោះឲ្យ បានច្បាស់ ពេលអ្នករាល់គ្នារកឃើញហើយ សូមប្រាប់ខ្ញុំផង ដើម្បីឲ្យខ្ញុំទៅថ្វាយបង្គំព្រះអង្គដែរ» ៩ដូច្នេះគេក៏ស្តាប់តាមស្ដេច ហើយចេញទៅ ឯផ្កាយដែលគេឃើញនៅទិសខាងកើតនោះ បាននាំមុខពួកគេរហូតមកដល់កន្លែងដែលបុត្រតូចនៅ ហើយក៏ឈប់នៅចំពីលើនោះ ១០កាលបានឃើញផ្កាយនោះ ពួកគេមានសេចក្ដីត្រេកអរ និងរីករាយជាខ្លាំង ១១ពេលចូលមកក្នុងផ្ទះ ពួកគេក៏ឃើញបុត្រតូចនៅជាមួយនាងម៉ារា ជាម្ដាយ ពួកគេក៏ក្រាបថ្វាយបង្គំព្រះអង្គ ព្រមទាំងបើកយកទ្រព្យសម្បត្ដិរបស់ខ្លួន ថ្វាយដល់ព្រះអង្គជាតង្វាយ មានមាស កំញ៉ាន និងជ័រក្រអូប។ ១២រួចពួកគេក៏វិលត្រលប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ព្រោះពួកគេបានទទួលការព្រមានក្នុងយល់សប្ដិ មិនឲ្យ ត្រលប់ទៅឯស្តេចហេរ៉ូឌវិញ។
គ្រួសារព្រះយេស៊ូគេចខ្លួនទៅ ស្រុកអេស៊ីព្ទ
១៣ពេលពួកតារាវិទូចេញផុត នោះទេវតារបស់ព្រះអម្ចាស់ បានលេចឲ្យ លោកយ៉ូសែបឃើញក្នុងយល់សប្ដិដោយ និយាយថា៖ «ក្រោកឡើង! ចូរនាំបុត្រតូច និងម្ដាយគេចខ្លួនទៅស្រុកអេស៊ីព្ទ ហើយនៅទីនោះ រហូតដល់ខ្ញុំបា្រប់អ្នកម្ដងទៀត ដ្បិតស្ដេចហេរ៉ូឌរកសម្លាប់បុត្រតូចនេះហើយ» ១៤ដូច្នេះ គាត់ក៏ក្រោកឡើង នាំបុត្រតូច និងម្ដាយចេញដំណើរទៅស្រុកអេស៊ីព្ទ ទាំងយប់១៥ហើយបាននៅទីនោះ រហូតដល់ស្ដេចហេរ៉ូឌស្លាប់ ដើម្បីសម្រេចសេចក្ដីដែល ព្រះអម្ចាស់មានបន្ទូល តាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងបានហៅកូនយើងចេញពីស្រុកអេស៊ីព្ទមក»។
ស្ដេចហេរ៉ូឌសម្លាប់រង្គាលក្មេងៗ
១៦បន្ទាប់ពីស្តេចហេរ៉ូឌដឹងថា ចាញ់បោកពួកតារាវិទូ ក៏ខឹងយ៉ាងខ្លាំង រួចបានចាត់គេ ឲ្យទៅសម្លាប់ក្មេងប្រុសទាំងអស់ ចាប់ពីអាយុពីរឆ្នាំចុះ ទាំងនៅក្នុងភូមិបេថ្លេហិម និងនៅក្បែរភូមិនោះ យោងតាមពេលវេលាដែលស្ដេចបានសួរបញ្ជាក់ពួកតារាវិទូ។ ១៧ការនោះបានសម្រេចសេចក្ដី ដែលបានថ្លែងតាមរយៈលោកយេរេមា ជាអ្នកនាំព្រះបន្ទូលថា៖ ១៨«គេឮសំឡេងនៅភូមិរ៉ាម៉ា ជាការទ្រហោយំ និងការកាន់ទុក្ខសោកសៅ ឯនាងរ៉ាជែលទ្រហោយំ ដោយព្រោះកូនឥតក្សាន្តចិត្ដសោះ ដ្បិតកូនរបស់នាងបានស្លាប់អស់ហើយ»។
គ្រួសារព្រះយេស៊ូផ្លាស់ទៅក្រុង ណាសារ៉ែត
១៩ពេលស្ដេចហេរ៉ូឌ ស្លាប់ហើយ ទេវតារបស់ព្រះអម្ចាស់ ក៏លេចមកឲ្យ លោកយ៉ូសែបឃើញ ក្នុងយល់សប្ដិនៅស្រុកអេស៊ីព្ទ ២០ដោយប្រាប់ថា៖ «ក្រោកឡើង! ចូរនាំបុត្រតូច និងម្ដាយទៅស្រុកអ៊ីស្រាអែលវិញ ព្រោះអ្នកដែលរកសម្លាប់បុត្រតូចនេះ បានស្លាប់ហើយ»។ ២១ដូច្នេះ គាត់បានក្រោកឡើងនាំបុត្រតូច និងម្ដាយចូលក្នុងស្រុកអ៊ីស្រាអែលវិញ ២២ប៉ុន្ដែពេលគាត់ឮថាស្តេចអើខេឡោស សោយរាជ្យនៅស្រុកយូដាបន្ដពីហេរ៉ូឌជាបិតានោះ គាត់មិនហ៊ានទៅទីនោះទេ ហើយដោយមានការព្រមាននៅក្នុងយល់សប្ដិ គាត់បានចេញដំណើរ ទៅស្រុកកាលីឡេវិញ ២៣ពេលមកដល់ គាត់បានតាំងលំនៅក្នុងក្រុងមួយ ឈ្មោះណាសារ៉ែត ការនោះបានសម្រេចសេចក្ដី ដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «គេនឹងហៅព្រះអង្គថា អ្នកក្រុងណាសារ៉ែត»។