ម៉ាថាយ ១៧
សិរីរុងរឿងរបស់ព្រះយេស៊ូ
១៧ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូ នាំលោក ពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់ទៅដាច់ឡែកពីគេ ឡើងលើភ្នំមួយខ្ពស់ ២ហើយព្រះអង្គទៅជាមានរូបរាងប្លែក នៅចំពោះមុខពួកគេ ព្រះភក្ដ្ររបស់ព្រះអង្គភ្លឺចាំងចែងដូចជាដួងអាទិត្យ ឯអាវរបស់ព្រះអង្គប្រែជាសដូចជាពន្លឺ ៣ហើយមើល៍ លោកម៉ូសេ និងលោកអេលីយ៉ាបានលេចមកឲ្យពួកគេឃើញ ទាំងកំពុងនិយាយជាមួយព្រះអង្គផង ៤លោកពេត្រុសទូលព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! ជាការល្អណាស់ ដែលយើងបាននៅទីនេះ ប្រសិនបើព្រះអង្គព្រម ខ្ញុំនឹងធ្វើរោងបីនៅទីនេះ មួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា» ៥កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាច គ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងព្រះអង្គណាស់ ចូរស្តាប់ព្រះអង្គចុះ» ៦ពេលពួកសិស្សស្តាប់ឮ គេក៏ក្រាបផ្កាប់មុខទាំងភ័យខ្លាចជាខ្លាំង ៧ព្រះយេស៊ូក៏ចូលទៅជិត និងបានពាល់គេដោយមានបន្ទូលថា៖ «ចូរក្រោកឡើងកុំខ្លាចអី» ៨កាលពួកគេងើយភ្នែកឡើង នោះមិនឃើញអ្នកណាសោះ ក្រៅពីព្រះយេស៊ូប៉ុណ្ណោះ។
៩ពេលពួកគេកំពុងចុះពីភ្នំ មកវិញ ព្រះយេស៊ូ មានបន្ទូលបង្គាប់ពួកគេថា៖ «កុំប្រាប់អ្នកណាអំពីហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ រហូតដល់កូនមនុស្សរស់ពីស្លាប់ឡើងវិញ»។ ១០ពួកសិស្សទូលសួរព្រះអង្គថា៖ «ចុះហេតុអ្វីបានជាពួកគ្រូវិន័យ និយាយថា លោកអេលីយ៉ា ចាំបាច់ត្រូវមកមុនដូច្នេះ?» ១១ព្រះអង្គមានបន្ទូលឆ្លើយថា៖ «លោកអេលីយ៉ាមកមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ ១២តែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ ប៉ុន្ដែ ពួកគេមិនបានទទួលស្គាល់លោកទេ បែរជាប្រព្រឹត្តចំពោះលោកតាមអំពើចិត្ត គ្រប់បែបយ៉ាង ហើយកូនមនុស្ស នឹងត្រូវពួកគេធ្វើទុក្ខយ៉ាងដូច្នោះដែរ»។ ១៣ពួកសិស្សយល់ថា ព្រះអង្គ កំពុង មាន បន្ទូលប្រាប់ពួកគេអំពីលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក។
ព្រះយេស៊ូបណ្ដេញអារក្សចេញពី ក្មេងប្រុស
១៤កាលបានមកដល់បណ្តាជនហើយ នោះបុរសម្នាក់ បានមកលុតជង្គង់នៅពីមុខព្រះអង្គ ១៥ទូលថា៖ «លោកម្ចាស់អើយ! សូមមេត្តាដល់កូនប្រុសខ្ញុំផង ព្រោះវាឆ្កួតជ្រូក រងទុក្ខខ្លាំងណាស់ ហើយវាចេះតែដួលទៅក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់ ១៦ខ្ញុំបាននាំវាមករកពួកសិស្សរបស់លោកដែរ តែពួកគេមិនអាចប្រោសវាឲ្យជាបានទេ»។ ១៧ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ឱ ជំនាន់មនុស្សគ្មានជំនឿ និងមានចិត្ដវៀចអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឯខ្ញុំនៅទីនេះ»។ ១៨ព្រះយេស៊ូបានបន្ទោសអារក្ស ហើយវាក៏ចេញពីក្មេងនោះ ក្មេងនោះក៏បានជាសះស្បើយចាប់តាំងពីពេលនោះមក។ ១៩បន្ទាប់មក ពួកសិស្សបានចូលមកជិតព្រះយេស៊ូ ដោយឡែក ទូលសួរថា៖ «ហេតុអ្វីបានជាយើងមិនអាចបណ្តេញអារក្សនោះបានដូច្នេះ?» ២០ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិច ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា បើអ្នករាល់គ្នា មានជំនឿប៉ុនគ្រាប់មូតាមួយគ្រាប់ ហើយនិយាយទៅកាន់ភ្នំនេះថា ចូររើចេញពីទីនោះ វានឹងត្រូវរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ ២១[ប៉ុន្ដែ អារក្សប្រភេទនេះមិនងាយបណ្តេញចេញទេ លើកលែងតែអធិស្ឋាន និងតមអាហារ]»។
ព្រះយេស៊ូប្រាប់ម្ដងទៀត អំពីការសោយទិវង្គត និងការរស់ឡើងវិញ របស់ព្រះអង្គ
២២កាលពួកគេមកជុំគ្នា នៅស្រុកកាលីឡេ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់មនុស្ស ២៣គេនឹងសម្លាប់លោក ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី» ពេលពួកគេឮដូច្នេះ ក៏ព្រួយចិត្តជាខ្លាំង។
ព្រះយេស៊ូបង់ពន្ធព្រះវិហារ
២៤កាលពួកគេ មកដល់ក្រុង កាពើណិម នោះមានម្នាក់ ជាអ្នកទារពន្ធចំនួនពីរដ្រាក់ម៉ា សម្រាប់ព្រះវិហារ បានចូលមកជិតលោកពេត្រុស សួរថា៖ «តើគ្រូរបស់ពួកអ្នកមិនបង់ពន្ធព្រះវិហារទេឬ?» ២៥លោកពេត្រុសក៏តបថា៖ «បាទ» ហើយកាលមកដល់ក្នុងផ្ទះវិញ ព្រះយេស៊ូមានបន្ទូលជាមុនទៅគាត់ថា៖ «ស៊ីម៉ូនអើយ! អ្នកយល់យ៉ាងដូចម្ដេច តើស្ដេចនៅផែនដីនេះទារពន្ធដារ ឬសួយអាករពីនរណា? ពីកូនរបស់ខ្លួន ឬពីអ្នកដទៃ?» ២៦គាត់ទូលតបវិញថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូក៏មានបន្ទូលទៅ គាត់ថា៖ «ដូច្នេះ កូនស្តេចមិនបាច់បង់ពន្ធទេ ២៧ប៉ុន្ដែដើម្បីកុំឲ្យគេទាស់ចិត្ត ចូរទៅបឹង ហើយបោះសន្ទូចចុះ រួចយកត្រីដែលជាប់សន្ទូចមុនគេ បើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះបង់ពន្ធឲ្យគេសម្រាប់ខ្ញុំ និងអ្នកចុះ»។