KCB - ម៉ាថាយ ១៦


ម៉ាថាយ ១៦

មេដឹ​កនាំ​សាសនា​សុំ​​ទីសំគាល់​​ពី​ ព្រះយេស៊ូ

១៦ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ និង ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​​ បាន​មក​​​ល្បងល​​ព្រះអង្គ ពួកគេសុំ​ព្រះ​អង្គ ឲ្យ​​​បង្ហាញ​ទី​សំគាល់​​​មួយ​ពី​ស្ថានសួគ៌​ដល់ពួកគេ​ ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅពួក​​គេ​ថា​៖ «ពេល​​ល្ងាច​អ្នក​រាល់​គ្នា​និយាយ​ថា​ ធាតុ​អាកាស​ល្អ ព្រោះ​មេឃ​ពណ៌​ក្រហម។​ ដល់​ព្រឹកឡើង​ ក៏​និយាយ​ថា​ ថ្ងៃនេះ​ធាតុ​អាកាស​មិន​ល្អ​​ទេ​ ព្រោះ​មេឃ​ក្រហម​មាន​ពពក​ច្រើន។​អ្នករាល់គ្នា​ចេះ​​សំគាល់​សណ្ឋាន​របស់​មេឃ​ ប៉ុន្ដែ​អ្នករាល់គ្នា​មិន​អាច​ស្គាល់​​ទី​សំគាល់​ នា​​សម័យ​នេះ​បាន​ឡើយ។​​ ជំនាន់​មនុស្សដ៏​អាក្រក់ និង​ផិតក្បត់​សែ្វងរក​ទីសំគាល់​ ប៉ុន្ដែ​ ​គ្មាន​​ទីសំគាល់​​ណា​ ប្រទាន​​ឲ្យ​មនុស្ស​​​​ជំនាន់​នេះ​​ទេ​​ ក្រៅពី​ទី​សំគាល់​​របស់​លោក​​យ៉ូណាស» រួច​ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​ពួកគេ​ទៅ។​

ពេល​ពួក​សិស្ស ​ឆ្លង​ទៅ​​ត្រើយម្ខាង ពួក​គេ​​ភ្លេច​យក​នំប៉័ង។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «ចូរ​ប្រុង​​ប្រយ័ត្ន​​នឹង​មេនំប៉័ង​ ​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​និងពួក​អ្នក​ខាង​គណៈ​​សាឌូស៊ី»​ នោះ​ពួក​សិស្ស​​ក៏​សួរដេញ​ដោល​​គ្នា​​ថា​៖ «ព្រោះ​តែ​​យើង​មិន​បាន​យក​នំបុ័ង​​មក​ទេ​ដឹង»។​ កាល​​​ព្រះយេស៊ូ​ជ្រាប​ហើយ​​ ក៏​​មាន​បន្ទូល​ថា​៖ «ឱ ​អ្នកមានជំនឿតិច​អើយ! ហេតុអ្វីបាន​ជា​​អ្នករាល់គ្នាសួរ​​ដេញ​ដោល​​​គ្នា អំពី​​ការ​ដែល​អ្នក​រាល់​គ្នា​គ្មាន​នំបុ័ង​ដូច្នេះ? តើ​អ្នករាល់​គ្នានៅតែ​​មិនទាន់​យល់​​​ ​ឬក៏​​​មិន​ចាំ​ពី​នំប៉័ង​ប្រាំ​ដុំ​សម្រាប់​​​មនុស្ស​ប្រាំពាន់​នាក់​​ទេ​ឬ​?​ តើ​អ្នករាល់គ្នា​ ប្រមូល​​បាន​ប៉ុន្មាន​កន្ត្រក​?​ ១០ចុះ​​នំប៉័ង​​ប្រាំពីរ​ដុំ​ សម្រាប់​​មនុស្ស​បួនពាន់​នាក់ តើ​អ្នករាល់គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​?​ ១១តើ​ដូច​ម្ដេច​​បាន​ជា​​អ្នក​រាល់​គ្នា​មិន​យល់​ដូច្នេះ ខ្ញុំ​មិន​បាន​​និយាយ​​នឹង​​អ្នក​រាល់​គ្នា​អំពី​​នំបុ័ង​ទេ​ គឺ​ឲ្យ​ប្រយ័ត្ន​​នឹង​​មេនំប៉័ង​​​ របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ទេតើ»​។​ ១២បន្ទាប់​​មក ​ទើប​ពួកគេ​​យល់​ថា ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ឲ្យ ប្រយ័ត្ន​នឹង​មេនំប៉័ង​​ទេ​ ប៉ុន្តែ គឺ​​ឲ្យ ប្រយ័ត្ន​នឹង​សេចក្តី​បង្រៀន​ របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និងពួក​អ្នក​ខាង​គណៈ​សាឌូស៊ីវិញ។

លោកពេត្រុស​ប្រាប់​ថា ​ព្រះយេស៊ូជា​ព្រះមែស៊ី​

១៣កាល​​ព្រះ​យេស៊ូ​យាង​ មក​ដល់​តំបន់​ក្រុង​សេសារា​ភីលីព ព្រះអង្គ​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ «តើ​មនុស្ស​ទាំងឡាយ​និយាយ​ថា កូន​មនុស្ស​​ជា​អ្នក​ណា?»១៤ពួក​គេ​​ទូល​ថា​៖ «អ្នក​ខ្លះ​ថា លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​​​ អ្នក​ខ្លះទៀត​ថា ​លោក​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា លោក​យេរេមា ឬអ្នកនាំព្រះបន្ទូល​​​​ម្នាក់»​ ១៥ព្រះអង្គ​សួរ​​ពួកគេ​ថា​៖ «ចុះ​​អ្នក​រាល់​គ្នា​វិញ​ថា​ ខ្ញុំ​ជា​អ្នក​ណាដែរ​?»១៦លោក​ស៊ីម៉ូន​ពេត្រុស​ទូល​តប​​ថា៖​ «លោក​​ជា​ព្រះគិ្រស្ដ គឺជា​ ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​ ដ៏​មាន​ព្រះជន្ម​រស់» ​១៧ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «អ្នក​មានពរហើយ​ ស៊ីម៉ូន​កូន​យ៉ូណាស​អើយ! ដ្បិត​សាច់​ឈាម​មិន​បាន​បើកសំដែង​​សេចក្ដី​នេះ ​​ដល់​អ្នក​ទេ គឺ​​ព្រះ​វរ​បិតា​​របស់​ខ្ញុំ​ ដែល​គង់នៅ​ស្ថានសួគ៌​​វិញ​ ១៨ហើយ​ខ្ញុំ​ក៏​​ប្រាប់​អ្នក​ដែរ​​ថា អ្នក​ឈ្មោះ​​ពេត្រុស ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅលើ​ថ្មដា​នេះ ឯ​ទ្វារ​ស្ថាននរក​ មិន​ឈ្នះ​ក្រុម​ជំនុំ​នេះ​ឡើយ ១៩ខ្ញុំ​នឹង​ឲ្យកូន​សោ ​នៃ​​នគរ​ស្ថានសួគ៌​ដល់​អ្នក ហើយ​​បើ​អ្នក​ចង​អ្វី​នៅលើ​ផែនដី នោះ​នឹង​​​​ចង​នៅ​ស្ថានសួគ៌​ដែរ រួច​​បើ​អ្នក​ស្រាយ​អ្វី​នៅលើ​ផែនដី នោះ​នឹង​​​ស្រាយ​នៅឯ​ស្ថាន​សួគ៌​ដែរ»២០បន្ទាប់មក​ ព្រះអង្គ​បាន​បង្គាប់​​ដល់​ពួក​​សិស្ស​មិន​ឲ្យនិយាយ ប្រាប់​នរណា​ម្នាក់​ថា​ ព្រះអង្គ​ជា​​ព្រះគិ្រស្ដ​ទេ។​

ព្រះយេស៊ូ​ប្រាប់​ជា​មុន​អំពីការ​សោយ​ទិវង្គត​ និងការ​រស់​ឡើងវិញ​របស់ ​ព្រះអង្គ​

២១ចាប់តាំងពី​ពេលនោះ​មក ព្រះយេស៊ូ​ ចាប់​ផ្ដើម​​បង្ហាញ​​ដល់​​ពួក​សិស្ស​របស់ព្រះអង្គ​ថា ព្រះអង្គ​ត្រូវ​តែ​​ទៅ​ក្រុងយេរូសាឡិម​ ហើយ​​ទទួល​រងទុក្ខ​ជាច្រើន​ពី​ពួក​ចាស់ទុំ​​ ពួក​សម្ដេចសង្ឃ​​ និងពួក​គ្រូវិន័យ​​រួច​​ត្រូវ​គេ​សម្លាប់ ហើយ​​រស់ឡើងវិញ​នៅ​ថ្ងៃ​ទីបី​ ២២លោក​ពេត្រុស​នាំ​​ព្រះអង្គ​ទៅ​ដាច់​​ដោយ​ឡែកពីគេ​​ រួច​ក៏​ចាប់​ផ្ដើម​ទូល​ជំទាស់​​ព្រះអង្គ​ថា​៖ «ព្រះ​អម្ចាស់​​អើយ!​ សូម​​​មេត្ដា​អាណិត​ផង​ចុះ​​ ការ​នេះ ​នឹង​មិន​កើត​ឡើង​ចំពោះ​ព្រះអង្គ​ជា​ដាច់​​ខាត» ​ ២៣ប៉ុន្ដែ ​ព្រះអង្គ​បាន​បែរ​មក​​ មានបន្ទូល​ទៅ​​​លោក​ពេត្រុស​ថា​៖ «អារក្ស​សាតាំង​ ចូរ​ថយ​ទៅ​ក្រោយ​យើង​ទៅ ឯង​ជា​សេចក្តីបង្អាក់​ដល់​យើង​ ដ្បិត​ឯង​មិន​គិតតាម​​គំនិត​​​របស់ព្រះ​ជា​ម្ចាស់​ទេ គឺ​គិតតាម​​គំនិត​របស់​មនុស្ស​វិញ»​។​

អ្នកដើរ​តាម​ព្រះយេស៊ូត្រូវ​ថ្វាយ​ជីវិតរបស់​​ខ្លួន​

២៤បន្ទាប់មក​ ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួក​សិស្ស​របស់ព្រះអង្គ​ថា​៖ «បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​​ត្រូវ​​លះបង់​ខ្លួង​ឯង​ ហើយលី​ឈើ​ឆ្កាង​របស់​ខ្លួន​មកតាម​ខ្ញុំ​ចុះ ២៥ដ្បិត​អ្នកណា​ដែល​ចង់​រក្សា​​ជីវិត​របស់ខ្លួន​​ អ្នក​នោះ​​នឹង​បាត់​ជីវិត​ទៅ​​ ប៉ុន្ដែ​ អ្នក​ណា​​ដែល​​បាត់បង់​​ជីវិត​ដោយ​ព្រោះ​ខ្ញុំ អ្នក​នោះ​​នឹង​​បាន​​ជីវិត​វិញ​ ២៦​បើ​មនុស្ស​ម្នាក់​ ទទួលបាន​ពិភពលោក​ទាំងមូល​ ប៉ុន្ដែ​បាត់​បង់ជីវិត​របស់ខ្លួន​​ តើ​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​យក​​អ្វី​​មក​​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​​​បាន​​?​ ២៧ព្រោះ​កូន​មនុស្ស​​នឹង​​មក​នៅក្នុង​សិរីរុងរឿង​​នៃ​ព្រះវរបិតា​របស់​លោក​ ជាមួយ​ពួក​ទេវតា​របស់​លោក រួច​ពេលនោះ​លោក​នឹង​សង​​ដល់​ម្នាក់ៗ​តាម​ការប្រព្រឹត្តិ​​របស់​គេ​ ២៨ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា អ្នក​ខ្លះ​ក្នុង​ចំណោម​​ពួក​អ្នក​កំពុង​​ឈរ​នៅ​ទីនេះ ​នឹង​មិន​ស្គាល់​សេចក្តី​ស្លាប់​ឡើយ លុះ​ត្រាតែឃើញ​កូន​មនុស្ស​​ មក​ជាមួយ​នគរ​របស់​លោក»

ម៉ាថាយ ១៦