ម៉ាថាយ ១៥
ព្រះយេស៊ូបង្រៀនអំពីភាពបរិសុទ្ធ
១៥ពេលនោះ ពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យមកពីក្រុងយេរូសាឡិម បានចូលមកជិតព្រះយេស៊ូ ទូលថា៖ ២«ហេតុអ្វីបានជា ពួកសិស្សរបស់លោកបំពានទំនៀមទម្លាប់ចាស់បុរាណដូច្នេះ? ដ្បិតនៅពេលបរិភោគអាហារ ពួកគេមិនលាងដៃទេ» ៣ប៉ុន្ដែ ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើហេតុអ្វីបានជាអ្នករាល់គ្នា បំពានបញ្ញត្ដិរបស់ព្រះជាម្ចាស់ដោយសារតែ ទំនៀមទម្លាប់របស់អ្នករាល់គ្នា? ៤ដ្បិតព្រះជាម្ចាស់មានបន្ទូលថា ចូរគោរពឪពុកម្តាយ ហើយអ្នកដែលជេរប្រមាថឪពុក ឬម្តាយ អ្នកនោះត្រូវស្លាប់។ ៥ប៉ុន្ដែ អ្នករាល់គ្នានិយាយថា អ្នកណាក៏ដោយ ដែលនិយាយនឹងឪពុក ឬម្តាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុក ឬអ្នកម្ដាយនោះ ជាតង្វាយថ្វាយព្រះជាម្ចាស់ ៦អ្នកនោះមិនបាច់គោរពឪពុកឡើយ ដូច្នេះអ្នករាល់គ្នាបំបាត់តម្លៃ នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារតែ ទំនៀមទម្លាប់របស់អ្នករាល់គ្នា ៧មនុស្សមានពុតអើយ! លោកអេសាយបានថ្លែងព្រះបន្ទូល អំពីអ្នករាល់គ្នានោះ ត្រឹមត្រូវណាស់ ដែលថា ៨ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេ នៅឆ្ងាយពីយើងណាស់។ ៩ពួកគេថ្វាយបងំ្គយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដី ដែលជាច្បាប់របស់មនុស្សទៀតផង»។
១០ព្រះអង្គក៏ហៅបណ្តាជន ហើយមានបន្ទូលទៅពួកគេថា៖ «ចូរស្តាប់ ហើយយល់ចុះ ១១អ្វីដែលចូលតាមមាត់ មិនធ្វើឲ្យមនុស្ស ទៅជាមិនបរិសុទ្ធទេ ផ្ទុយទៅវិញ អ្វីដែលចេញពីមាត់ទេតើ ដែលធ្វើឲ្យ មនុស្សទៅជាមិនបរិសុទ្ធ»។
១២ពួកសិស្សចូលមកជិតព្រះអង្គ ទូលថា៖ «តើលោកគ្រូជ្រាបដែរឬទេថា ពួកអ្នកខាងគណៈផារិស៊ីទាស់ចិត្តណាស់ ពេលឮពាក្យនេះ?» ១៣តែព្រះអង្គមានបន្ទូលឆ្លើយថា៖ «រុក្ខជាតិទាំងឡាយណា ដែលព្រះវរបិតារបស់ខ្ញុំគង់នៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវដកចោល ១៤ដូច្នេះបណ្ដោយតាមពួកគេចុះ ពួកគេជាមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់នោះទាំងពីរនាក់ មុខជាធ្លាក់រណ្តៅមិនខាន» ១៥លោកពេត្រុសទូលតបទៅព្រះអង្គថា៖ «សូមពន្យល់រឿងប្រៀបប្រដូចនេះ ដល់យើងខ្ញុំផង» ១៦ព្រះអង្គមានបន្ទូលថា៖ «តើអ្នករាល់គ្នានៅតែមិនយល់ដែរឬ? ១៧តើអ្នករាល់គ្នាមិនដឹងទេឬថា អ្វីៗទាំងអស់ដែលចូលតាមមាត់ទៅក្នុងពោះ ហើយបញ្ចេញទៅក្នុងបង្គន់ទេឬ? ១៨ប៉ុន្ដែអ្វីៗដែលចេញពី មាត់ គឺចេញមកពីចិត្ដ សេចក្ដីនោះឯងដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ ១៩ដ្បិតគំនិតអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួចប្លន់ ការជេរប្រមាថ និងការធ្វើបន្ទាល់ក្លែងក្លាយ សុទ្ធតែចេញមកពីចិត្ដ ២០គឺសេចក្តីទាំងនោះហើយ ដែលធ្វើឲ្យ មនុស្សមិនបរិសុទ្ធ ប៉ុន្ដែ ការបរិភោគដោយមិនបានលាងដៃ មិនធ្វើឲ្យមនុស្សមិនបរិសុទ្ធឡើយ»។
ជំនឿរបស់ស្ដ្រីសាសន៍ដទៃ
២១ព្រះយេស៊ូបានយាងចេញពីទីនោះឆ្ពោះទៅកាន់តំបន់ក្រុងទីរ៉ុស និងក្រុងស៊ីដូន។ ២២នោះមានស្រ្តីជនជាតិកាណានម្នាក់ ដែលរស់នៅតំបន់នោះបានចេញមក ស្រែកថា៖ «លោកម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្តាខ្ញុំផង! កូនស្រីរបស់ខ្ញុំត្រូវអារក្សចូល ធ្វើទុក្ខខ្លាំងណាស់» ២៣ប៉ុន្ដែព្រះអង្គមិនបានឆ្លើយនឹងនាងមួយម៉ាត់ឡើយ ហើយពួកសិស្សរបស់ព្រះអង្គ បានចូលមកជិត ទូលសុំព្រះអង្គថា៖ «សូមឲ្យនាងចេញទៅ ព្រោះនាងចេះតែស្រែកពីក្រោយយើង» ២៤ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយថា៖ «ព្រះជាម្ចាស់បានឲ្យខ្ញុំមកឯប្រជាជនអ៊ីស្រាអែល ដែលជាចៀមវង្វេងរបស់ព្រះអង្គប៉ុណ្ណោះ» ២៥ប៉ុន្ដែនាងចូលមកថ្វាយបង្គំព្រះអង្គ ហើយទូលថា៖ «លោក ម្ចាស់អើយ! សូមជួយខ្ញុំផង» ២៦ព្រះអង្គមានបន្ទូលឆ្លើយថា៖ «មិនគួរយកអាហាររបស់កូន បោះឲ្យឆ្កែទេ» ២៧ប៉ុន្ដែនាងទូលថា៖«ចាស លោកម្ចាស់ សូម្បីតែឆ្កែក៏ស៊ីកម្ទេចអាហារ ដែលជ្រុះពីតុម្ចាស់វាដែរ» ២៨ព្រះយេស៊ូមានបន្ទូលឆ្លើយនឹងនាងថា៖ «ឱ នាងអើយ! អ្នកមានជំនឿខ្លាំងមែន ចូរឲ្យបានសម្រេចដូចអ្នកប្រាថ្នាចុះ» កូនស្រីរបស់នាងក៏បានជាសះស្បើយពីពេលនោះមក។
ព្រះយេស៊ូប្រោសមនុស្សជាច្រើន
២៩ព្រះយេស៊ូបានយាងចេញពីទីនោះ ហើយធ្វើដំណើរ តាមមាត់បឹងកាលីឡេ បន្ទាប់មក ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយនៅទីនោះ។ ៣០បណ្តាជនច្រើនកុះករ បានចូលមកជិតព្រះអង្គ មានទាំងមនុស្សខ្វិន ខ្វាក់ ពិការ គ និងអ្នកជំងឺផ្សេងទៀតជាច្រើន មកជាមួយនឹងពួកគេដែរ។ ពួកគេបានផ្ដេកអ្នកទាំងនោះនៅទៀបបាទាព្រះអង្គ ហើយព្រះអង្គក៏ប្រោសអ្នកជំងឺទាំងនោះ ឲ្យជាសះស្បើយ។ ៣១កាលឃើញមនុស្សគនិយាយ មនុស្សពិការជាសះស្បើយ មនុស្សខ្វិនដើរ មនុស្សខ្វាក់មើលឃើញដូច្នេះ បណ្តាជនក៏នឹកអស្ចារ្យ ហើយ សរសើរតម្កើងដល់ព្រះរបស់ អ៊ីស្រាអែល។
ព្រះយេស៊ូប្រទានអាហារមនុស្ស បួនពាន់នាក់
៣២ព្រះយេស៊ូ បានហៅពួកសិស្សរបស់ព្រះអង្គមក ហើយមានបន្ទូលថា៖ «ខ្ញុំអាណិតបណ្តាជនទាំងអស់នេះណាស់ ព្រោះពួកគេបាននៅជាមួយខ្ញុំបីថ្ងៃហើយ ប៉ុន្ដែពួកគេគ្មានអ្វីសម្រាប់បរិភោគទាល់តែសោះ ខ្ញុំមិនចង់បញ្ជូនពួកគេទៅវិញទាំងឃ្លានទេ ក្រែងលោពួកគេអស់កម្លាំងតាមផ្លូវ» ៣៣នោះពួកសិស្សទូលព្រះអង្គថា៖«នៅទីរហោឋានដូច្នេះ តើយើងរកនំប៉័ងមកពីណាឲ្យបានច្រើនដើម្បីចម្អែតបណ្តាជនដ៏សន្ធឹកបែបនេះ?» ៣៤ព្រះយេស៊ូសួរពួកសិស្សថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?» ពួកសិស្សទូលថា៖ «មានប្រាំពីរដុំ និងត្រីខ្លះដែរ» ៣៥កាលបង្គាប់បណ្តាជនឲ្យអង្គុយលើដីហើយ ៣៦ព្រះអង្គយកនំប៉័ងប្រាំពីរដុំ និងត្រីទាំងនោះមក អរព្រះគុណ រួចកាច់ឲ្យទៅពួកសិស្ស ហើយពួកសិស្ស ក៏ចែកឲ្យបណ្ដាជន។ ៣៧គ្រប់គ្នាបានបរិភោគឆ្អែត ស្កប់ស្កល់ រួចគេប្រមូលចំណិតនំប៉័ង នៅសល់បានប្រាំពីរកន្រ្តកពេញ។ ៣៨អ្នកដែលបានបរិភោគមានបុរសបួនពាន់នាក់ មិនរាប់ស្ដ្រី និង កូនក្មេងទេ។ ៣៩ពេលរំសាយបណ្តាជនរួចហើយ ព្រះអង្គក៏ចុះទូកឆ្ពោះ ទៅតំបន់ក្រុងម៉ាកាដាន់។