ម៉ាថាយ ១២
ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ
១២នៅគ្រានោះ ព្រះយេស៊ូ បានយាងកាត់ វាលស្រែនៅថ្ងៃសប្ប័ទ ពេលនោះ ពួកសិស្សរបស់ព្រះអង្គឃ្លាន ពួកគេក៏ចាប់ផ្តើមបូតកួរស្រូវមកបរិភោគ។ ២ពេលពួកអ្នកខាងគណៈផារិស៊ីឃើញដូច្នេះ ក៏ទូលព្រះអង្គថា៖ «មើល៍ ពួកសិស្សរបស់លោកកំពុងធ្វើអ្វី ដែលវិន័យបានហាមនៅថ្ងៃសប្ប័ទ» ៣ប៉ុន្ដែ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វី ដែលស្តេចដាវីឌ និងគូកនរបស់ស្តេចបានធ្វើ នៅពេលដែលស្ដេចឃ្លានទេឬ? ៤គឺស្ដេចបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ ហើយបរិភោគ នំបុ័ងតាំងថ្វាយព្រះជាម្ចាស់ដែលវិន័យមិនអនុញ្ញាតឲ្យស្ដេច និងគូកនបរិភោគឡើយ លើកលែងតែសង្ឃប៉ុណ្ណោះ។ ៥តើអ្នករាល់គ្នាមិនបានអានគម្ពីរវិន័យទេឬ? គឺនៅថ្ងៃសប្ប័ទសង្ឃក្នុងព្រះវិហារ ដែលបំពានវិន័យថ្ងៃសប្ប័ទគ្មានទោសទេ ៦ប៉ុន្ដែ ខ្ញុំបា្រប់អ្នករាល់គ្នាថា ម្នាក់ដែលវិសេសជាងព្រះវិហារ គឺនៅទីនេះស្រាប់ហើយ។ ៧ប៉ុន្ដែ បើអ្នករាល់គ្នាយល់អត្ថន័យ នៃសេចក្ដីថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ នោះអ្នករាល់គ្នានឹងមិនថ្កោលទោសអ្នកគ្មានទោសទេ ៨ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។
ព្រះយេស៊ូប្រោសបុរសស្វិតដៃនៅ ថ្ងៃសប្ប័ទ
៩ព្រះអង្គក៏យាងចេញពីទីនោះ ហើយចូលទៅក្នុងសាលាប្រជុំ របស់ពួកគេ។ ១០ពេលនោះ មានបុរសម្នាក់ស្វិតដៃម្ខាងនៅទីនោះ ហើយគេបានទូលសួរព្រះអង្គថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សនៅថ្ងៃសប្ប័ទដែរឬទេ?» គេសួរបែបនេះ គឺដើម្បីឲ្យគេអាចចោទប្រកាន់ព្រះអង្គបាន។ ១១ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «បើមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយក្បាល ហើយចៀមនោះ ធ្លាក់ក្នុងរណ្ដៅនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនស្រង់វាចេញពីរណ្ដៅនោះទេឬ? ១២ឯមនុស្សមានតម្លៃលើសចៀមមួយក្បាលទៅទៀត ហេតុនេះវិន័យអនុញ្ញាតឲ្យធ្វើអំពើល្អ នៅថ្ងៃសប្ប័ទ»១៣បន្ទាប់មក ព្រះអង្គមានបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏លាតដៃ ហើយដៃនោះក៏បានជាដូចដៃម្ខាងទៀត។ ១៤ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នាដើម្បីរកវិធីសម្លាប់ព្រះអង្គ។
ព្រះយេស៊ូជាអ្នកបម្រើព្រះជាម្ចាស់
១៥កាលព្រះយេស៊ូជ្រាបពីការនេះ ក៏យាងចេញពីទីនោះ ហើយមានបណ្ដាជនច្រើនកុះករ បានដើរតាមព្រះអង្គ។ ព្រះអង្គបានប្រោសពួកគេ ទាំងអស់គ្នាឲ្យបានជា ១៦ហើយព្រះអង្គបានហាមពួកគេមិនឲ្យនិយាយប្រាប់គេថា ព្រះអង្គជាអ្នកណាទេ ១៧ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុក តាមរយៈលោកអេសាយជាអ្នកនាំព្រះបន្ទូលថា៖ ១៨«មើល៍ អ្នកបម្រើដែលយើងជ្រើសរើស ជាអ្នកជាទីស្រឡាញ់ដែលយើងពេញចិត្ដ យើងនឹងដាក់វិញ្ញាណយើងសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងប្រកាសយុត្ដិធម៌ ដល់ជនជាតិនានា១៩ព្រះអង្គមិនឈ្លោះប្រកែក ឬស្រែកក្ដែងៗទេ ហើយគ្មានអ្នកណាម្នាក់ឮសម្រែកព្រះអង្គ នៅតាមផ្លូវឡើយ ២០ព្រះអង្គមិនកាច់ដើមត្រែងណា ដែលហៀបនឹងបាក់ ហើយក៏មិនពន្លត់ប្រឆេះណាដែលនៅហុយដែរ រហូតដល់ព្រះអង្គនាំយុត្ដិធម៌ឲ្យមានជ័យជម្នះ ២១ហើយគ្រប់ជនជាតិ នឹងសង្ឃឹមលើព្រះនាមព្រះអង្គ»។
មេដឹកនាំសាសនាហៅព្រះយេស៊ូថា មេអារក្ស
២២បន្ទាប់មក គេបាននាំមនុស្សខ្វាក់ភ្នែក ហើយគ ដោយសារតែមានអារក្សចូល មកឯព្រះអង្គ រួចព្រះអង្គបានប្រោសគាត់ឲ្យជា។ ដូច្នេះគាត់ក៏និយាយរួច ហើយមើលឃើញបានផង។ ២៣បណ្តាជនទាំងអស់ បាននឹកអស្ចារ្យ ហើយនិយាយថា៖ «តើលោកនេះ ជាពូជពង្សស្ដេចដាវីឌមែនឬ?» ២៤ប៉ុន្ដែ ពេលពួកអ្នកខាងគណៈផារិស៊ី ស្តាប់ឮ ក៏និយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្សបានដូច្នេះ គឺដោយសារបេលសេប៊ូល ជាមេអារក្សទេតើ»។ ២៥ប៉ុន្ដែ ពេលព្រះយេស៊ូដឹងពីគំនិតគេ ព្រះអង្គមានបន្ទូលទៅគេថា៖ «នគរណាបែកបាក់គ្នា នោះវិនាសហើយ ហើយក្រុង ឬគ្រួសារណាបែកបាក់គ្នា នោះមិននៅស្ថិតស្ថេរទេ ២៦បើអារក្សសាតាំងបណ្ដេញអារក្សសាតាំង នោះពួកវាបែកបាក់គ្នាហើយ តើនគររបស់ពួកវានៅស្ថិតស្ថេរយ៉ាងដូចម្តេចទៅ? ២៧ហើយបើខ្ញុំបណ្ដេញពួកអារក្ស ដោយសារអារក្សបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាបណ្ដេញពួកវា ដោយសារអ្នកណា? ដូច្នេះពួកគេត្រលប់ជាចៅក្រមរបស់អ្នករាល់គ្នា។ ២៨ប៉ុន្ដែបើខ្ញុំបណ្ដេញពួកអារក្ស ដោយសារព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះនគរព្រះជាម្ចាស់ បានមកដល់អ្នករាល់គ្នាហើយ។ ២៩តើអ្នកណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំង ហើយប្លន់យកទ្រព្យរបស់ពីផ្ទះគាត់ បានយ៉ាងដូចម្ដេច? លើកលែងតែចងមនុស្សខ្លាំងនោះជាមុនសិន ទើបអាចប្លន់ផ្ទះគាត់បាន។ ៣០អ្នកដែលមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ អ្នកដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះកម្ចាត់កម្ចាយហើយ។
៣១ដូច្នេះ ខ្ញុំបា្រប់អ្នករាល់គ្នាថាមនុស្សនឹងទទួលបាន ការលើកលែងទោសចំពោះគ្រប់ទាំងបាប និងពាក្យប្រមាថព្រះជាម្ចាស់ ប៉ុន្ដែពាក្យប្រមាថដល់ព្រះវិញ្ញាណ នឹងមិនបានទទួលការលើកលែងទោសទេ ៣២ហើយអ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស អាចលើកលែងទោសឲ្យបាន ប៉ុន្ដែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ ទាំងនៅជំនាន់នេះ និងនៅជំនាន់ដែលនឹងមកដល់។
ព្រះយេស៊ូបង្រៀនអំពីការសំគាល់ ផលផ្លែ
៣៣ដាំដើមឈើល្អ ផ្លែរបស់វាក៏ល្អ ផ្ទុយទៅវិញ ដាំដើមឈើមិនល្អ ផ្លែរបស់វាក៏មិនល្អដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែរបស់វា។ ៣៤ឱ ពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នា អាចពោលសេចក្ដីល្អបាន? ដ្បិតមាត់និយាយតាម តែសេចក្តីហូរហៀរនៃចិត្ត។ ៣៥មនុស្សល្អ បញ្ចេញសេចក្តីល្អពីកំណប់ល្អក្នុងចិត្តរបស់ខ្លួន ឯមនុស្សឤក្រក់ក៏បញ្ចេញ សេចក្ដីអាក្រក់ ពីកំណប់អាក្រក់ក្នុងចិត្តរបស់ខ្លួនដែរ។ ៣៦តែខ្ញុំបា្រប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងរៀបរាប់អំពីពាក្យឥតប្រយោជន៍ទាំងអស់ ដែលគេបាននិយាយ ៣៧ព្រោះអ្នករាល់គ្នានឹងបានរាប់ជាសុចរិត ដោយសារពាក្យសំដីរបស់ខ្លួន ហើយក៏នឹងត្រូវជាប់ទោសដោយសារពាក្យសំដីរបស់ខ្លួនដែរ»។
ព្រះយេស៊ូផ្ដល់ទីសំគាល់អំពី លោកយ៉ូណាស
៣៨បន្ទាប់មក ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីខ្លះ បានទូលថា៖ «លោកគ្រូ យើងចង់ឃើញទីសំគាល់មួយពីលោក» ៣៩ប៉ុន្ដែ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ជំនាន់មនុស្សដ៏ឤក្រក់ និងផិតក្បត់ស្វែងរកទីសំគាល់ ប៉ុន្តែ គ្មានទីសំគាល់ណាប្រទានឲ្យ មនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់លោកយ៉ូណាស ជាអ្នកនាំព្រះបន្ទូល ៤០ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីដ៏ធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។ ៤១នៅគ្រាជំនុំជម្រះ អ្នកក្រុងនីនីវេនឹងក្រោកឈរឡើង ជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ព្រោះពួកគេបានប្រែចិត្ត នៅពេលឮសេចក្ដីប្រកាសរបស់លោកយ៉ូណាស ប៉ុន្ដែមើល៍ ម្នាក់ ដែលវិសេសជាងលោកយ៉ូណាស គឺនៅទីនេះស្រាប់ហើយ។ ៤២នៅគ្រាជំនុំជម្រះ ម្ចាស់ក្សត្រីភាគខាងត្បូងនឹងក្រោកឡើង ជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ដ្បិតព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់បា្រជ្ញារបស់ស្តេចសាឡូម៉ូន ប៉ុន្តែ មើល៍ ម្នាក់ដែលវិសេសជាងស្តេចសាឡូម៉ូន គឺនៅទីនេះស្រាប់ហើយ។
៤៣ពេលវិញ្ញាណឤក្រក់ ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្តែរកមិនបាន ៤៤នោះវានិយាយថា អញនឹងត្រលប់ទៅផ្ទះរបស់អញ ដែលអញបានចេញមកនោះវិញ។ ពេលមកដល់វាក៏ឃើញថានៅទំនេរ ទាំងបោសស្អាត និងមានរបៀបផង ៤៥នោះវាក៏ទៅនាំវិញ្ញាណប្រាំពីរទៀត ដែលឤក្រក់ជាងវាចូលទៅនៅទីនោះ ដូច្នេះ ស្ថានភាពក្រោយរបស់មនុស្សនេះ នឹងឤក្រក់ជាងមុនទៅទៀត ហើយមនុស្សជំនាន់ដ៏ឤក្រក់នេះក៏ដូច្នោះដែរ»។
បងប្អូនពិតប្រាកដរបស់ព្រះយេស៊ូ
៤៦កាលកំពុងមានបន្ទូលនឹងបណ្តាជននៅឡើយ នោះម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានឈរនៅខាងក្រៅ ចង់និយាយជាមួយនឹងព្រះអង្គ។ ៤៧មានម្នាក់ទូលព្រះអង្គថា៖ «មើល៍ ម្តាយនិងបងប្អូនរបស់លោកឈរនៅខាងក្រៅ ចង់និយាយជាមួយនឹងលោក» ៤៨ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅអ្នក ដែលបានទូលព្រះអង្គនោះថា៖ «តើនរណាជាម្តាយ និងជាបងប្អូនរបស់ខ្ញុំ?» ៤៩រួចហើយព្រះអង្គក៏មានបន្ទូល ទាំងលាតព្រះហស្ដ ទៅពួកសិស្សរបស់ព្រះអង្គថា៖ «អ្នកទាំងនេះហើយជាម្តាយ និងជាបងប្អូនរបស់ខ្ញុំ ៥០ដ្បិតអ្នកណាដែលធ្វើតាមបំណងរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្តាយរបស់ខ្ញុំ»។