KCB - ម៉ាថាយ ១១


ម៉ាថាយ ១១

ព្រះយេស៊ូ និងលោកយ៉ូហាន

១១កាល​ ព្រះយេស៊ូ​បង្គាប់​ សិស្ស​ ទាំង​​ដប់ពីរ​ចប់​ហើយ ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទីនោះ​ទៅ​បង្រៀន និងប្រកាស​​នៅ​ក្នុង​ក្រុង​នានា​​របស់​ពួកគេ។​ ឯ​​លោក​យ៉ូហាន​ដែល​​នៅក្នុង​គុក កាល​​បាន​ឮ​ពី​កិច្ចការ​ទាំង​ឡាយ​​​ដែល​​ព្រះគិ្រស្ដ​បាន​ធ្វើ​ ក៏​ចាត់​សិស្ស​របស់​គាត់​ឲ្យ​មក​ ទូលសួរ​ព្រះអង្គ​ថា៖​ «តើ​លោក​ជា​ព្រះ​អង្គ​​ដែល​ត្រូវ​​​យាងមក ឬ​​យើង​ត្រូវ​ទន្ទឹងចាំ​ព្រះ​​មួយ​អង្គ​ទៀត?» ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​​ទៅ​ពួកគេ​ថា៖ «ចូរ​ទៅ​ប្រាប់​​លោក​យ៉ូហាន​ពី​អ្វីដែល​អ្នក​ស្ដាប់ឮ​ និង​មើល​ឃើញ​​ចុះ​ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​​ឃ្លង់​​​បាន​ជាស្អាត​​​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ ឯ​មនុស្ស​ស្លាប់​បាន​រស់វិញ​ ហើយ​អ្នក​ក្រ​បាន​​ឮដំណឹងល្អ។ អ្នក​ដែល​មិន​​​រវាតចិត្ត​ពី​ខ្ញុំ​មានពរហើយ»​​

ពេល​អ្នក​ទាំង​នេះ​ចាក​ចេញ ព្រះ​យេស៊ូ​ ចាប់​​ផ្ដើម​មានបន្ទូល​ទៅ​បណ្ដាជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​​ចេញ​ទៅ​មើល​អ្វី​ នៅ​ទីរហោឋាន? មើល​ដើម​ត្រែង​ ដែល​ត្រូវ​ខ្យល់​​បក់​ឬ?​ តើ​អ្នករាល់គ្នា​ បាន​ចេញទៅ​មើល​អ្វី? មើល​​បុរស​ម្នាក់ ​ដែល​ស្លៀកសម្លៀក​ បំពាក់​ស្អាតប្រណិត​ឬ? នែ៎! អ្នក​ស្លៀកពាក់​ស្អាតប្រណិត​ គឺ​នៅ​ក្នុង​ដំណាក់​​ស្ដេច​ឯណោះ។​ ដូច្នេះ​ តើ​អ្នក​រាល់​គ្នា​​ចេញ​ទៅ​មើល​អ្វី? អ្នក​នាំ​ព្រះបន្ទូល​ឬ? មែន​ហើយ​ ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា អ្នកនោះ ​វិសេស​ជាង​អ្នក​នាំ​ព្រះបន្ទូល​ទៅ​ទៀត​ ១០ដ្បិត​អ្នកនេះ​ហើយ ដែល​មាន​​សេចក្តី​ចែងទុក​អំពី​គាត់​ថា មើល៍! យើង​​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​​អ្នក ដែលជាអ្នក​រៀបចំ​ដំណើរ​ របស់​អ្នកជាមុន១១ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា ក្នុង​ចំណោម​មនុស្ស​ដែល​កើត​ពី​ស្ដ្រី​មក គ្មាន​អ្នក​ណា​វិសេស​ជាង​លោក​យ៉ូហាន​ ​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ទេ ប៉ុន្ដែ​អ្នក​តូច​ជាង​គេ​នៅ​ក្នុង​នគរ​ស្ថានសួគ៌​ វិសេស​ជាង​គាត់​ទៅ​ទៀត។​ ១២ប៉ុន្ដែ​ចាប់​តាំង​ពី​​គ្រា​​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​​ មកទល់​​ពេលនេះ​ មាន​គេ​ខំប្រឹង​ចាប់​យក​​នគរ​ស្ថានសួគ៌​ ហើយ​អ្នក​ខំ​ប្រឹង​​ខ្នះខ្នែង​​ចាប់​យកនគរនោះ​បាន​ ១៣ដ្បិត​អ្នក​នាំ​ព្រះបន្ទូល​ និង​គម្ពីរវិន័យ​ទាំងអស់​​បាន​ថ្លែង​ទុកអំពី​ការ​នេះ ​ រហូត​​ដល់​ជំនាន់​​លោក​យ៉ូហាន​ ១៤ហើយ​បើ​អ្នក​រាល់​គ្នា​​ព្រម​​ទទួល​សេចក្តីនេះ​ គឺ​លោក​​ហើយ​ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​​មក។​ ១៥អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​ចុះ។​

ការ​ជំនុំ​ជម្រះ​​ធ្លាក់​លើ​ពួក​អ្នកមិន​ជឿ​

១៦តើ​​ឲ្យ​ខ្ញុំ​ប្រៀបប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី? មនុស្សជំនាន់នេះ​ប្រៀបដូចជា​ក្មេង​ៗ​ដែល​អង្គុយ​នៅ​ផ្សារ ​ស្រែក​ទៅ​​ក្មេង​ឯ​ទៀត ១៧ថា​ យើង​ផ្លុំ​ខ្លុយ​ឲ្យពួក​ឯង ប៉ុន្ដែ​​ពួក​ឯង​មិន​រាំ​ ហើយ​យើង​ស្មូត្រ​​ ប៉ុន្ដែ​​ពួក​ឯង​មិន​ទួញ​​សោក​​សោះ ១៨ដ្បិត ​​លោក​យ៉ូហាន​​បាន​មក ទាំង​​មិន​បរិភោគ​មិន​ផឹក ប៉ុន្ដែ​​​គេ​និយាយ​ថា លោក​មាន​អារក្ស​ចូល ១៩ឯ​កូន​មនុស្ស​បាន​​មក​ទាំង​បរិភោគ និង​ផឹក ប៉ុន្ដែ​​គេ​និយាយ​ថា មើល៍ បុរស​ម្នាក់នេះ​ជា​មនុស្ស​ល្មោភ​ស៊ី​ ល្មោភ​ផឹក​ ជា​មិត្ដ​របស់​អ្នក​ទារ​ពន្ធដារ​​ និងមនុស្ស​បាប។​ ប៉ុន្ដែ​​គេ​ដឹង​ថា​បា្រជ្ញា​ត្រឹម​ត្រូវ គឺ​​ដោយ​សារ​ផល​​ផ្លែ​​របស់​​​វា»​។​

២០បន្ទាប់មក​ ព្រះអង្គ​ក៏​​ចាប់ផ្ដើម​បន្ទោស​ដល់​ក្រុង​នានា​ដែល​ព្រះអង្គ​បាន​​សំដែង​​ការ​អស្ចារ្យ​ជា​​ច្រើន​ ដោយ​ព្រោះ​​ពួក​គេ​​មិន​បាន​​ប្រែ​ចិត្ដ។​​ ២១«វេទនា​ដល់​អ្នក​​ហើយក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​​ហើយក្រុង​បេតសៃដា ​ ព្រោះ​បើ​ការអស្ចារ្យ​ ដែល​បាន​សំដែង​​ក្នុង​ចំណោម​​អ្នករាល់​គ្នា​ បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស និងក្រុង​ស៊ីដូន​​វិញ នោះ​គេ​មុខ​ជា​​ប្រែចិត្ដ​តាំង​ពី​យូរ​ ដោយ​​ស្លៀក​សំពត់​ធ្មៃ​ ទាំងអង្គុយ​ក្នុង​ផេះ​មិនខាន។​ ២២ប៉ុន្ដែ​ខ្ញុំ​បា្រប់អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំជម្រះ​ក្រុង​ទីរ៉ុស និងក្រុង​ស៊ីដូន​​មុខជា​ងាយទ្រាំ​ជាង​​អ្នក​រាល់​គ្នា​ ២៣ក្រុង​កាពើណិម​​អើយ! តើ​អ្នក​​​ថ្កើង​ឡើង​​ដល់​​ស្ថានសួគ៌​ឬ​? អ្នក​​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​​ស្ថាននរក ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​​ក្នុងចំណោម​អ្នក ​កើត​ឡើង​នៅ​ក្រុង​សូដុម​វិញ ក្រុងនោះ​នឹង​គង់វង្ស​រហូត​ដល់​​ថ្ងៃនេះ​ ជាមិន​ខាន​​ ២៤ប៉ុន្ដែ​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំជម្រះ​​ ក្រុង​សូដុម​ងាយទ្រាំ​​ជាង​​​អ្នក​ផង»​

ព្រះយេស៊ូសរសើរ​តម្កើង​ និង​កម្សាន្ដ​​​ចិត្ត​

២៥បន្ទាប់​ពី​​​​មាន​បន្ទូល​​ឆ្លើយ​​នៅ​ពេល​នោះ​​ហើយ​ ព្រះយេស៊ូ​មានបន្ទូល​ថា៖ «ឱ ​ព្រះវរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​ និងផែនដី​អើយ! ខ្ញុំ​​សរសើរ​តម្កើង​​ព្រះអង្គ ព្រោះ​ព្រះអង្គ​ បាន​​លាក់​សេចក្ដី​ទាំងនេះ​ពី​មនុស្សមានបា្រជ្ញា​ និង​មនុស្ស​ឈ្លាសវៃ​ ប៉ុន្ដែ​​​បើកសំដែង​​ដល់​ទារក​វិញ​ ២៦មែន​ហើយព្រះវរបិតា​អើយ! ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​​ នឹង​ការបែបនេះ​ណាស់។​ ២៧ព្រះវរ​បិតា​របស់​ខ្ញុំ ​បាន​ប្រគល់​អ្វី​​ៗ​​ទាំងអស់​ឲ្យ​ខ្ញុំ ហើយ​គ្មាន​អ្នកណា​ស្គាល់​ព្រះរាជបុត្រា​ទេក្រៅពី​ព្រះវរ​បិតា​ ហើយក៏​គ្មាន​អ្នកណា​ស្គាល់​ព្រះវរបិតា​​ដែរ ក្រៅពី​ព្រះរាជបុត្រា​ និងអស់​​អ្នកដែល​ព្រះរាជ​បុត្រា​​ សព្វព្រះហឫទ័យ​​បើកសំដែង​​ឲ្យ​ស្គាល់​តែ​ប៉ុណ្ណោះ។​

២៨អស់​អ្នក​ដែល​នឿយ​ព្រួយ​​ ហើយផ្ទុក​ធ្ងន់អើយ! ចូរ​មក​ឯខ្ញុំ​ចុះ​ ខ្ញុំ​នឹង​ឲ្យ អ្នក​រាល់​គ្នា​សម្រាក​​ ២៩ចូរ​ទទួល​នឹម​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ដ​សុភាព​ នោះ​​អ្នក​រាល់​គ្នា ​នឹង​រក​បាន​​សេចក្ដី​​សម្រាក​​ដល់ព្រលឹង​ ៣០ពី​ព្រោះ​​​នឹម​ខ្ញុំ​ងាយ​​ទេ​ ហើយ​បន្ទុក​ខ្ញុំ​ក៏​​ស្រាលដែរ»។​

ម៉ាថាយ ១១