ម៉ាកុស ៨
ព្រះយេស៊ូប្រទានអាហារមនុស្សបួនពាន់នាក់
៨នៅគ្រានោះ មានមនុស្សច្រើនកុះករមកម្តងទៀត ហើយពួកគេគ្មានអ្វីបរិភោគសោះ ព្រះអង្គក៏ហៅពួកសិស្ស និងមានបន្ទូលទៅគេថា៖ ២«ខ្ញុំអាណិតបណ្ដាជន ទាំងអស់នេះណាស់ ព្រោះពួកគេបាននៅជាមួយខ្ញុំបីថ្ងៃហើយ ប៉ុន្ដែ ពួកគេគ្មានអ្វីសម្រាប់បរិភោគទាល់តែសោះ ៣ហើយប្រសិនបើខ្ញុំឲ្យគេត្រលប់ទៅផ្ទះវិញទាំងឃ្លាន នោះគេនឹងអស់កម្លាំងដួលនៅតាមផ្លូវ ព្រោះអ្នកខ្លះមកពីទីឆ្ងាយៗ» ៤ពួកសិស្សទូលតបទៅព្រះអង្គវិញថា៖ «នៅទីរហោឋានដូច្នេះ តើអ្នកណាអាចរកនំប៉័ងពីកន្លែងណា ឲ្យពួកគេបរិភោគបាន?» ៥ព្រះអង្គក៏សួរទៅគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?» គេទូលថា៖«មានប្រាំពីរដុំ» ៦ព្រះអង្គក៏បង្គាប់បណ្ដាជនឲ្យអង្គុយនៅលើដី ហើយព្រះអង្គក៏យកនំបុ័ងប្រាំពីរដុំនោះមក អរព្រះគុណ រួចកាច់ឲ្យទៅពួកសិស្សរបស់ព្រះអង្គ ដើម្បីឲ្យពួកគេចែកបណ្ដាជន ហើយពួកគេក៏ចែកដល់បណ្ដាជន ៧ពួកគេមានតី្រខ្លះ ព្រះអង្គក៏ឲ្យពរ និងប្រាប់ពួកគេឲ្យចែកតី្រទាំងនោះទៀត ៨ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ ហើយប្រមូលចំណិតនំប៉័ងនៅសល់បានប្រាំពីរកន្រ្តក ៩ពេលនោះមានមនុស្សប្រហែលបួនពាន់នាក់ រួចព្រះអង្គក៏រំសាយបណ្ដាជន ១០ភ្លាមនោះ ព្រះអង្គបានឡើងទូក ជាមួយពួកសិស្សទៅភូមិដាលម៉ានូថា។
អ្នកខាងគណៈផារិស៊ីសុំទីសំគាល់ អស្ចារ្យ
១១អ្នកខាងគណៈផារិស៊ី ក៏ចេញមក ហើយចាប់ផ្ដើមសួរដេញដោលព្រះអង្គ ដើម្បីស្វែងរកទីសំគាល់ពីស្ថានសួគ៌ល្បងលព្រះអង្គ ១២ព្រះអង្គដកដង្ហើមធំ ហើយមានបន្ទូលថា៖ «ហេតុអ្វីមនុស្សជំនាន់នេះ ស្វែងរកទីសំគាល់? ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា នឹងគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សនៅជំនាន់នេះទេ» ១៣ព្រះអង្គក៏ចាកចេញពីគេ ហើយឡើងទូកវិញឆ្លងទៅត្រើយម្ខាង។
មេនំប៉័ងរបស់ពួកអ្នកខាងគណ:ផារិស៊ី និងពួកអ្នកខាងគណ:ហេរ៉ូឌ
១៤ប៉ុន្ដែ ពួកសិស្សភ្លេចយកនំបុ័ងហើយនៅលើទូក ពួកគេគ្មានអ្វីសោះ ក្រៅពីនំបុ័ងមួយដុំ ១៥ហើយព្រះអង្គព្រមានពួកគេថា៖ «ចូរប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ីនិង មេនំប៉័ងរបស់ពួកអ្នកខាងគណៈហេរ៉ូឌ» ១៦ពួកសិស្សសួរដេញដោលគ្នាពីការដែលពួកគេគ្មាននំបុ័ង ១៧ពេលព្រះអង្គជ្រាប ក៏មានបន្ទូលទៅគេថា៖ «ហេតុអ្វីអ្នករាល់គ្នាសួរដេញដោលគ្នា ពីការដែលអ្នករាល់គ្នាគ្មាននំបុ័ងដូច្នេះ? តើអ្នករាល់គ្នានៅតែមិនទាន់ដឹង មិនទាន់យល់ឬ? តើអ្នករាល់គ្នាមានចិត្ដរឹងរូសឬ? ១៨តើអ្នករាល់គ្នាមានភ្នែកមើលមិនឃើញ មានត្រចៀកស្ដាប់មិនឮ ឬក៏អ្នករាល់គ្នាចាំមិនបាន? ១៩នៅពេលដែលខ្ញុំកាច់នំបុ័ងប្រាំដុំ ឲ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលចំណិតនំបុ័ង នៅសល់បានពេញប៉ុន្មានកន្រ្តក?» ពួកគេទូលព្រះអង្គថា៖ «ដប់ពីរកន្រ្តក» ២០«ចុះពេលនំបុ័ងប្រាំពីរដុំ សម្រាប់មនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលចំណិតនំបុ័ងនៅសល់បានពេញប៉ុន្មានកន្រ្តក?» ពួកគេទូលព្រះអង្គថា៖ «ប្រាំពីរកន្រ្តក» ២១នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅតែមិនទាន់យល់ទៀតឬ?»
ព្រះយេស៊ូប្រោសបុរសខ្វាក់ម្នាក់ឲ្យបានជា
២២កាលពួកគេមកដល់ក្រុងបេតសៃដា បណ្ដាជនក៏នាំបុរសខ្វាក់ម្នាក់ មករកព្រះអង្គ រួចសុំព្រះអង្គឲ្យព្រះអង្គពាល់គាត់ ២៣ព្រះអង្គបានដឹកដៃមនុស្សខ្វាក់នោះនាំចេញពីក្រុង ហើយព្រះអង្គក៏ស្ដោះទឹកមាត់ដាក់ភ្នែករបស់គាត់ និងដាក់ដៃលើគាត់ រួចសួរថា៖ «តើអ្នកមើលឃើញអ្វីទេ?» ២៤គាត់ក៏សម្លឹងមើល រួចទូលថា៖ «ខ្ញុំមើលឃើញមនុស្ស តែខ្ញុំឃើញពួកគេដូចជាដើមឈើកំពុងដើរ» ២៥បន្ទាប់មក ព្រះអង្គដាក់ដៃលើភ្នែកគាត់ម្ដងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏បានជាឡើងវិញ ហើយគាត់មើល ឃើញអ្វីៗយ៉ាងច្បាស់ ២៦ព្រះអង្គឲ្យគាត់ទៅផ្ទះវិញ ដោយមានបន្ទូលថា៖ «ចូរអ្នកកុំចូលទៅក្នុងក្រុងអី»។
ពេត្រុសប្រកាសថាព្រះយេស៊ូជា ព្រះគ្រិស្ដ
២៧បន្ទាប់មក ព្រះយេស៊ូ និងសិស្សព្រះអង្គ បានចេញទៅភូមិទាំងឡាយដែលនៅជិតក្រុងសេសារាភីលីព ហើយនៅតាមផ្លូវ ព្រះអង្គមានបន្ទូលសួរពួកសិស្សព្រះអង្គថា៖ «តើមនុស្សទាំងឡាយនិយាយថាខ្ញុំជានរណា?» ២៨ពួកគេទូលព្រះអង្គថា៖ «គេនិយាយថាលោកជាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថា លោកជាលោកអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកជាម្នាក់ នៅក្នុងចំណោមអ្នកនាំព្រះបន្ទូល» ២៩ព្រះអង្គក៏មានបន្ទូលសួរទៅពួកសិស្សថា៖ «ចុះអ្នករាល់គ្នាវិញថា ខ្ញុំជាអ្នកណាដែរ?» ពេត្រុសទូលឆ្លើយថា៖ «លោកជាព្រះគិ្រស្ដ» ៣០ព្រះអង្គក៏ព្រមាន មិនឲ្យពួកគេនិយាយបា្រប់អ្នកណាអំពីព្រះអង្គទេ។
ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនអំពីការសោយទិវង្គត និងការរស់ឡើងវិញរបស់ព្រះអង្គ
៣១រួចព្រះអង្គ ក៏ចាប់ផ្ដើមបង្រៀនពួកគេថា៖ «កូនមនុស្សត្រូវតែទទួលរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យជំទាស់ ហើយសម្លាប់ ប៉ុន្ដែបីថ្ងៃក្រោយមកនឹងរស់ឡើងវិញ» ៣២ព្រះអង្គមានបន្ទូលអំពីការនេះត្រង់ៗ លោកពេត្រុសក៏នាំព្រះអង្គទៅដាច់ដោយឡែកពីគេ រួចក៏ចាប់ផ្ដើមទូលជំទាស់ព្រះអង្គ ៣៣តែព្រះអង្គបែរមកមើលពួកសិស្សព្រះអង្គ និងស្ដីបន្ទោសលោកពេត្រុស ដោយមានបន្ទូលថា៖ «អារក្សសាតាំង ចូរថយទៅក្រោយយើង ដ្បិតឯងមិនគិតតាមគំនិតព្រះជាម្ចាស់ទេ តែគិតតាមគំនិតមនុស្សវិញ»។
៣៤កាលព្រះអង្គហៅពួកបណ្ដាជន និងពួកសិស្សព្រះអង្គឲ្យជួបជុំគ្នាហើយ ក៏មានបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯង ហើយលីឈើឆ្កាងខ្លួនមកតាមខ្ញុំ ៣៥ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់បង់ជីវិតដោយព្រោះខ្ញុំ និងដំណឹងល្អ អ្នកនោះនឹងបានជីវិតវិញ ៣៦ដ្បិតបើមនុស្សម្នាក់ ទទួលបានពិភពលោកទាំងមូល ប៉ុន្ដែបាត់បង់ជីវិតខ្លួន តើមានប្រយោជន៍អ្វី? ៣៧តើមនុស្សយកអ្វីមកប្ដូរនឹងជីវិតខ្លួនបាន? ៣៨ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យខ្ញុំ នៅជំនាន់មនុស្សដែលផិតក្បត់ និងពេញដោយបាបនេះ នោះកូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមក នៅក្នុងសិរីរុងរឿងរបស់ព្រះវរបិតា ជាមួយនឹងពួកទេវតាបរិសុទ្ធ»