ម៉ាកុស ៧
ព្រះយេស៊ូបង្រៀនអំពីភាពបរិសុទ្ធខាងក្នុង
៧មានពួកអ្នកខាងគណ:ផារិស៊ី និងពួកគ្រូវិន័យ មួយចំនួនមកពីក្រុងយេរូសាឡិម បាននាំគ្នាមករកព្រះអង្គ ២និងបានឃើញសិស្សព្រះអង្គមួយចំនួនកំពុងបរិភោគអាហារ ទាំងដៃមិនស្អាត គឺមិនបានលាងដៃ ៣ដ្បិតពួកអ្នកខាងគណ:ផារិស៊ី និងជនជាតិយូដាកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺគេមិនបរិភោគទេ លុះត្រាតែបានលាងសំអាតដៃឲ្យស្អាតជាមុនសិន ៤ហើយពេលមកពីផ្សារវិញ គេមិនបរិភោគឡើយ លុះត្រាតែបានសំអាតខ្លួនសិន ហើយគេកាន់តាមទំនៀមទម្លាប់ជាច្រើនទៀត ដូចជាលាងពែង លាងប៉ាន់ លាងឆ្នាំង និងលាងតុអាហារជាដើម។ ៥ពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យទូលសួរព្រះអង្គថា៖ «ហេតុអ្វីក៏ពួកសិស្សរបស់លោក មិនកាន់តាមទំនៀមទម្លាប់ពីបុរាណដូច្នេះ គឺបរិភោគអាហារ ទាំងដៃមិនស្អាត?» ៦ព្រះអង្គមានបន្ទូលទៅគេថា៖ «លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នាថា ជាមនុស្សមានពុតនោះ គឺតឹ្រមត្រូវណាស់ ដូចមានចែងទុកមកថា៖ ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់ ៧ពួកគេថ្វាយបងំ្គយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដី ដែលជាច្បាប់របស់មនុស្សទៀតផង ៨អ្នករាល់គ្នាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោល រួចប្រកាន់យកទំនៀមទម្លាប់មនុស្សវិញ»។ ៩ព្រះអង្គមានបន្ទូលទៀតថា៖ «អ្នករាល់គ្នាពិតជាបោះបង់ បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោលមែន ដើម្បីឲ្យទំនៀមទម្លាប់អ្នករាល់គ្នាអាចនៅគង់វង្ស ១០ដ្បិតលោកម៉ូសេបានបង្គាប់ថា ចូរគោរពឪពុកម្ដាយរបស់អ្នក អ្នកណាជេរប្រមាថឪពុក ឬម្ដាយ អ្នកនោះត្រូវស្លាប់ ១១ប៉ុន្ដែ អ្នករាល់គ្នានិយាយថា ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្តាយនោះ គឺជាគ័របាន់ (មានន័យថា តង្វាយថ្វាយព្រះជាម្ចាស់) ១២ហើយអ្នករាល់គ្នាមិនឲ្យអ្នកនោះធ្វើអ្វី សម្រាប់ឪពុកម្ដាយឡើយ។ ១៣អ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលព្រះជាម្ចាស់ ដោយសារតែទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានទទួល និងការស្រដៀងគ្នាជាច្រើនដែលអ្នករាល់គ្នាធ្វើ» ១៤ព្រះអង្គ ហៅបណ្ដាជនមកម្ដងទៀត ហើយមានបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាស្ដាប់ខ្ញុំឲ្យយល់ចុះ ១៥គ្មានអ្វីនៅខាងក្រៅ ដែលចូលក្នុងមនុស្សអាចធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះទេ ប៉ុន្ដែអ្វីដែលចេញមកពីខាងក្នុងមនុស្សវិញទេតើដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ ១៦អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ»។
១៧បន្ទាប់មក ពេលព្រះអង្គចេញពីបណ្ដាជន ក៏ចូលទៅក្នុងផ្ទះមួយ ពួកសិស្សព្រះអង្គទូលសួរព្រះអង្គ អំពីរឿងប្រៀបប្រដូចនោះ ១៨ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនយល់ដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថាអ្វីនៅខាងក្រៅដែលចូលក្នុងមនុស្សមិនអាចធ្វើឲ្យមនុស្សមិនបរិសុទ្ធបានទេនោះ? ១៩ព្រោះវាមិនមែនចូលទៅក្នុងចិត្ដគេទេ តែចូលទៅក្នុងពោះគេវិញ ហើយចេញទៅក្នុងបង្គន់» ដូច្នេះអាហារទាំងអស់សុទ្ធតែស្អាតទេ ២០ព្រះអង្គក៏មានបន្ទូលទៀតថា៖ «គឺអ្វីដែលចេញមកពីខាងក្នុងមនុស្សនោះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ ២១ដ្បិតពីខាងក្នុងចិត្ដរបស់មនុស្ស មានគំនិតអាក្រក់ចេញមក មានអំពើអសីលធម៌ខាងផ្លូវភេទលួចប្លន់ សម្លាប់មនុស្ស ២២ផិតក្បត់ លោភលន់ ចិត្តអាក្រក់ បោកបា្រស់ ល្មោភកាម ច្រណែនឈ្នានីស ជេរប្រមាថ អំនួត ឆ្កួតលេលា ២៣គឺសេចក្ដីអាក្រក់ ដែលចេញមកពីខាងក្នុងទាំងអស់នេះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។
ជំនឿរបស់ស្រ្តីសាសន៍ដទៃម្នាក់
២៤រួចព្រះអង្គក៏ក្រោកឡើងធ្វើដំណើរចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងទីរ៉ុស និងបានចូលទៅក្នុងផ្ទះមួយ ព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ដឹងសោះ ប៉ុន្ដែព្រះអង្គមិនអាចគេចរួចបានទេ ២៥ដ្បិតភ្លាមនោះ មានស្ដ្រីម្នាក់ដែលមានកូនសី្រត្រូវវិញ្ញាណអាក្រក់ចូល បានឮអំពីព្រះអង្គ ក៏មកក្រាបនៅទៀបព្រះអង្គ ២៦រីឯស្ដ្រីនោះជាជនជាតិក្រេក កាត់ស៊ីរ៉ូភេនីស នាងបានទូលអង្វរព្រះអង្គឲ្យបណ្ដេញវិញ្ញាណអាក្រក់ចេញពីកូនសី្រនាង ២៧តែព្រះអង្គមានបន្ទូលទៅនាងថា៖ «ត្រូវឲ្យកូនបរិភោគអាហារឆ្អែតសិន ដ្បិតមិនគួរយកអាហាររបស់កូនបោះឲ្យឆ្កែទេ» ២៨តែនាងទូលតបទៅព្រះអង្គថា៖ «លោកម្ចាស់ សូម្បីតែឆ្កែនៅក្រោមតុ ក៏ស៊ីកម្ទេចអាហារដែលជ្រុះពីកូននោះដែរ» ២៩ព្រះអង្គមានបន្ទូលទៅនាងថា៖ «ដោយសារពាក្យនេះ វិញ្ញាណ អាក្រក់បានចេញពីកូនសី្រនាងហើយ»៣០ពេលទៅដល់ផ្ទះ នាងបានឃើញកូនដេកនៅលើគ្រែ រីឯអារក្សបានចេញបាត់ហើយ។
ព្រះយេស៊ូប្រោសបុរសគថ្លង់ម្នាក់ឲ្យបានជា
៣១ព្រះអង្គបានយាងចេញ ពីក្រុងទីរ៉ុសម្តងទៀត ឆ្លងកាត់ក្រុងស៊ីដូន ឆ្ពោះទៅបឹងកាលីឡេដែលនៅកណ្ដាលស្រុកដេកាប៉ូល ៣២គេនាំមនុស្សម្នាក់ថ្លង់ និង ពិបាកក្នុងការនិយាយមកឯព្រះអង្គ ហើយគេសុំព្រះអង្គ ឲ្យដាក់ដៃលើគាត់ ៣៣ព្រះអង្គនាំគាត់ ទៅដាច់ឡែកពីបណ្ដាជន រួចដាក់ម្រាមដៃក្នុងត្រចៀកគាត់ ស្ដោះទឹកមាត់ ហើយពាល់អណ្ដាតគាត់ ៣៤ព្រះអង្គសម្លឹងទៅលើមេឃ ទាំងដកដង្ហើមធំ និងមានបន្ទូលទៅគាត់ថា៖ «អិបផាថា»មានន័យថា «ចូរបើកឡើង» ៣៥ស្រាប់តែត្រចៀកគាត់បើកឡើង រីឯអណ្ដាតគាត់គ្រលាស់បាន ហើយគាត់ក៏និយាយច្បាស់វិញ ៣៦ព្រះអង្គបានបង្គាប់គេមិនឲ្យបា្រប់អ្នកណាទេ តែព្រះអង្គបង្គាប់គេយ៉ាងណា គេប្រកាសកាន់តែច្រើនយ៉ាងនោះដែរ។ ៣៧ពួកគេនឹកអស្ចារ្យក្នុងចិត្ដយ៉ាងក្រៃលែង ទាំងនិយាយថា៖ «ការទាំងអស់ដែលលោកបានធ្វើល្អប្រសើរណាស់ លោកធ្វើឲ្យមនុស្សថ្លង់ស្ដាប់ឮ មនុស្សគនិយាយបាន»។