ម៉ាកុស ៥
ព្រះយេស៊ូបណ្តេញវិញ្ញាណអាក្រក់ចេញពីបុរសម្នាក់
៥ពួកគេបានមកដល់ត្រើយម្ខាង ទៀតនៃបឹង គឺដល់តំបន់របស់ពួកគេរ៉ាស៊ីន ២ហើយនៅពេលដែលព្រះអង្គបានយាងចេញពីទូក មានបុរសម្នាក់ ដែលមានវិញ្ញាណអាក្រក់ចូល បានចេញពីផ្នូរខ្មោចមកជួបព្រះអង្គភ្លាម ៣អ្នកនោះរស់នៅក្នុងផ្នូរខ្មោច ហើយពុំមានអ្នកណាអាចចងគាត់បានទេ ទោះជាដាក់ច្រវាក់គាត់ក៏ដោយ ៤ព្រោះគេតែងដាក់ខ្នោះជើង និងចងគាត់ដោយច្រវាក់ តែគាត់បានកាច់ខ្នោះជើង និងផ្ដាច់ច្រវាក់នោះខ្ទេចខ្ទីអស់ រួចគ្មានអ្នកណាម្នាក់ខ្លាំងអាចបង្កា្របគាត់បានទេ។ ៥គាត់តែងតែស្រែករាល់ថ្ងៃរាល់យប់នៅតាមផ្នូរខ្មោច និងភ្នំ ហើយបានយកថ្មមកឆូតខ្លួនឯង ៦កាលឃើញព្រះយេស៊ូពីចម្ងាយ គាត់ក៏រត់ទៅក្រាបថ្វាយបង្គំព្រះអង្គ ៧និងទូលដោយសំឡេងស្រែកខ្លាំងៗថា៖ «ឱ ព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គ និងខ្ញុំមានហេតុអ្វីនឹងគ្នា? ខ្ញុំសុំឲ្យព្រះអង្គស្បថនឹងព្រះជាម្ចាស់ថា មិនធ្វើទារុណកម្មខ្ញុំទេ» ៨ដ្បិតព្រះអង្គបានមានបន្ទូលប្រាប់ទៅវា ថា៖ «វិញ្ញាណអាក្រក់ ចេញពីមនុស្សនេះ ទៅ!» ៩ព្រះអង្គក៏សួរវាថា៖ «តើឯងឈ្មោះអ្វី?» ហើយវាឆ្លើយទៅព្រះអង្គថា៖ «ឈ្មោះខ្ញុំគឺកងទ័ព ព្រោះយើងមានគ្នាច្រើន» ១០ហើយវាបានអង្វរព្រះអង្គយ៉ាងទទូច កុំឲ្យបណ្ដេញពួកវាចេញពីស្រុកនោះ។
១១មានជ្រូកមួយហ្វូងធំកំពុងស៊ីចំណីនៅក្បែរភ្នំនោះ ១២ពួកវាបានអង្វរព្រះអង្គ ដោយទូលថា៖ «សូមបញ្ជូនយើងទៅក្នុងសត្វជ្រូកទាំងនោះ ដើម្បីឲ្យយើងអាចចូលក្នុងពួកវាបាន» ១៣ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា នោះវិញ្ញាណអាក្រក់បានចេញមក និងចូលទៅក្នុងសត្វជ្រូកទាំងនោះ ហើយហ្វូងជ្រូកដែលមានចំនួនប្រហែលជាពីរពាន់ក្បាលនោះ ក៏បោលតាមច្រាំងចំណោតចុះទៅក្នុងបឹង ហើយលង់ទឹកអស់ទៅ ១៤ឯពួកអ្នកចិញ្ចឹមជ្រូកទាំងនោះបានរត់គេចខ្លួនអស់ ហើយរៀបរាប់ពីការនេះ នៅតាមក្រុងនិងទីជនបទនានា នោះប្រជាជនក៏នាំគ្នាមកមើលអ្វីដែលបានកើតឡើង ១៥ពួកគេមកឯព្រះយេស៊ូ ហើយឃើញអ្នកដែលមានវិញ្ញាណអាក្រក់ ឈ្មោះកងទ័ពចូលពីមុននោះបានស្លៀកពាក់ និងអង្គុយទាំងមានស្មារតីឡើងវិញ នោះពួកគេក៏មានសេចក្ដីកោតខ្លាច ១៦ហើយអ្នកដែលបានឃើញហេតុការណ៍នោះ បានរៀបរាប់បា្រប់ពួកគេពីអ្វី ដែលបានកើតឡើងចំពោះមនុស្ស ដែលមានវិញ្ញាណអាក្រក់ចូលពីមុន និងហ្វូងជ្រូកទាំងនោះ ១៧ពួកគេក៏ចាប់ផ្ដើមអង្វរព្រះអង្គឲ្យចាកចេញពីស្រុករបស់ពួកគេ។
១៨នៅពេលព្រះអង្គយាងចុះក្នុងទូក មនុស្សដែលមានវិញ្ញាណអាក្រក់ចូលពីមុននោះ បានអង្វរព្រះអង្គសុំនៅជាមួយ ១៩ព្រះអង្គមិនបានអនុញ្ញាត ឲ្យគាត់ទេ ប៉ុន្ដែមានបន្ទូលទៅគាត់ថា៖ «ចូរទៅផ្ទះរបស់អ្នក និងសាច់ញាតិរបស់អ្នក ហើយរៀបរាប់បា្រប់ពួកគេ ពីការទាំងអស់ដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក និងបានមេត្ដាដល់អ្នក»។ ២០គាត់ក៏ចាកចេញទៅ និងចាប់ផ្ដើមប្រកាសនៅស្រុកដេកាប៉ូលពីការទាំងអស់ ដែលព្រះយេស៊ូបានធ្វើសម្រាប់គាត់ ហើយមនុស្សគ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ។
ស្ត្រីមានជំងឺម្នាក់បានជា និងក្មេងស្រីម្នាក់បានរស់ពីស្លាប់ឡើងវិញ
២១ព្រះយេស៊ូបានចុះទូក ឆ្លងទៅត្រើយម្ខាងទៀត មានមនុស្សច្រើនកុះករប្រមូលផ្ដុំគ្នាមករកព្រះអង្គ ដែលកំពុងគង់នៅមាត់បឹង ២២ហើយមានប្រធានសាលាប្រជុំម្នាក់ ឈ្មោះយៃរ៉ូសមករកព្រះអង្គ កាលបានឃើញព្រះអង្គហើយ គាត់ក៏ក្រាបចុះនៅទៀបព្រះអង្គ ២៣គាត់អង្វរព្រះអង្គយ៉ាងទទូចថា៖ «កូនសី្រខ្ញុំជិតស្លាប់ហើយ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា និងមានជីវិតវិញផង» ២៤ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមានមនុស្សច្រើនកុះករដើរតាមព្រះអង្គ ទាំងប្រជ្រៀតព្រះអង្គផង។ ២៥មានស្ដ្រីម្នាក់មានជំងឺធ្លាក់ឈាម អស់រយៈពេលដប់ពីរឆ្នាំមកហើយ ២៦នាងបានរងទុក្ខយ៉ាងខ្លាំងក្រោមការព្យាបាល ពីគ្រូពេទ្យជាច្រើន ហើយបានចំណាយអ្វីៗទាំងអស់ ដែលនាងមាន ប៉ុន្ដែ មិនបានផលអ្វីឡើយ ផ្ទុយទៅវិញ កាន់តែឈឺធ្ងន់ថែមទៀត។
២៧នៅពេលបានឮពីព្រះយេស៊ូ នាងក៏មកក្នុងចំណោមបណ្ដាជន ហើយ ពាល់អាវរបស់ព្រះអង្គពីខាងក្រោយ ២៨ដ្បិតនាងបាននិយាយថា៖ «ប្រសិនបើខ្ញុំបានពាល់តឹ្រមតែអាវរបស់លោក នោះខ្ញុំនឹងជាសះស្បើយមិនខាន» ២៩ភ្លាមនោះ ឈាមឈប់ធ្លាក់ ហើយនាងបានដឹងនៅក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺគ្រាំគ្រានោះហើយ។
៣០ព្រះយេស៊ូជ្រាបក្នុងអង្គទ្រង់ភ្លាមថា អំណាចបានចេញពីព្រះអង្គទៅ ព្រះអង្គក៏បែរទៅបណ្ដាជន និងមានបន្ទូលថា៖ «តើអ្នកណាបានពាល់អាវខ្ញុំ?» ៣១ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូក៏ឃើញមនុស្សជាច្រើន ប្រជ្រៀតលោកគ្រូដែរ ម្ដេចក៏សួរថា តើអ្នកណាពាល់ខ្ញុំយ៉ាងដូច្នេះ?» ៣២ប៉ុន្ដែព្រះអង្គនៅតែមើលជុំវិញ រកមើលអ្នកដែលបានពាល់ព្រះអង្គ ៣៣ស្ដ្រីនោះបានដឹងពីអ្វីដែលបានកើតឡើងចំពោះនាង ក៏មកទាំងភ័យញ័រ និងក្រាបនៅចំពោះព្រះអង្គ ហើយទូលបា្រប់ការពិតទាំងស្រុង ៣៤ព្រះអង្គក៏មានបន្ទូលទៅនាងថា៖ «កូនសី្រអើយ! ជំនឿរបស់នាងធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសេចក្ដីសុខសាន្ដ និងជាពីជំងឺរបស់នាងចុះ»។
៣៥ពេលព្រះអង្គកំពុងតែមានបន្ទូល មានគេ មកពីផ្ទះប្រធានសាលាប្រជុំ បា្រប់ថា៖ «កូនសី្រលោកបានស្លាប់ហើយ តើលោកនៅតែរំខានលោកគ្រូធ្វើអ្វីទៀត?» ៣៦ប៉ុន្ដែ ព្រះយេស៊ូមិនខ្វល់ពីពាក្យដែលគេនិយាយនោះទេ ក៏មានបន្ទូលទៅប្រធានសាលាប្រជុំ ថា ៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។
៣៧ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ដើរតាមព្រះអង្គទេ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូនលោកយ៉ាកុប។ ៣៨ពេលពួកគេមកដល់ផ្ទះប្រធានសាលាប្រជុំ ព្រះអង្គឃើញភាពជ្រួលច្របល់ និងការទ្រហោយំយ៉ាងខ្លាំង ៣៩ព្រះអង្គក៏យាងចូល ទាំងមានបន្ទូលទៅគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាកើតទុក្ខ និងទ្រហោយំដូច្នេះ? ក្មេងនេះមិនទាន់ស្លាប់ទេ នាងកំពុងតែដេកលក់ទេតើ»។
៤០ពួកគេក៏សើចចំអកឲ្យព្រះអង្គ ប៉ុន្ដែព្រះអង្គ បានបណ្ដេញមនុស្សទាំងអស់ទៅខាងក្រៅ ហើយយកឪពុកម្ដាយរបស់ក្មេងនោះ និងពួកអ្នកដែលនៅជាមួយព្រះអង្គ ចូលទៅកន្លែងក្មេងនោះនៅ ៤១ព្រះអង្គក៏ចាប់ដៃក្មេងនោះ ទាំងមានបន្ទូលថា៖ «តាលីថាគូមី» មានន័យថា «នាងតូចអើយ ខ្ញុំនិយាយទៅកាន់នាង ចូរក្រោកឡើង» ៤២ស្រាប់តែក្មេងសី្រនោះក្រោកឡើង ហើយដើរភ្លាមព្រោះនាងមានអាយុដប់ពីរឆ្នាំហើយ ពួកគេក៏មានការអស្ចារ្យ ក្នុងចិត្ដយ៉ាងខ្លាំងភ្លាមៗនោះដែរ ៤៣ហើយព្រះអង្គបានបង្គាប់ពួកគេយ៉ាងម៉ឺងម៉ាត់ថា កុំឲ្យអ្នកណាដឹងរឿងនេះជាដាច់ខាត និងបា្រប់ពួកគេឲ្យយកអាហារ មកឲ្យនាងបរិភោគ។