KCB - ម៉ាកុស ៤


ម៉ាកុស ៤

រឿង​ប្រៀប​ប្រដូច​​អំ​ពី​អ្នក​ព្រោះ​ពូជ​

​ព្រះអង្គ​បាន​ចាប់ផ្ដើម​ប​ង្រៀន ម្ដង​ទៀត​នៅមាត់​បឹង​​​ ហើយ​​បណ្ដាជន​ បាន​មក​ជួប​​ជុំ​គ្នា​​យ៉ាង​ច្រើន​កុះករ​​នៅ​ជុំវិញ​ព្រះអង្គ​ ដូច្នេះ ព្រះ​អង្គ​យាង​ចុះ​​ទៅ​អង្គុយ​​លើ​ទូកក្នុង​បឹង រីឯ​បណ្ដាជន​ទាំង​អស់​ក៏​​នៅ​លើ​គោក​តាម​​មាត់​បឹង ព្រះ​អង្គ​​បាន​បង្រៀន​ពួក​គេអំពី​សេចក្ដី​ជា​ច្រើន​ ជា​រឿង​ប្រៀប​ប្រដូច​​ ហើយ​នៅ​​ក្នុង​​សេចក្ដី​បង្រៀន​​នោះ ​ព្រះអង្គមាន​បន្ទូល​ទៅ​​គេ​ថា៖«ចូរ​ស្ដាប់​! មាន​កសិករ​ម្នាក់ចេញ​ទៅ​ព្រោះគ្រាប់​​ពូជ​ ពេល​កំពុង​​ព្រោះ​ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ ហើយ​សត្វ​ស្លាប​បាន​មក​ចឹក​ស៊ីអស់​ គ្រាប់​ពូជ​ខ្លះ​ទៀ​ត​ក៏​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ ពុំ​សូវ​មានដី​ ហើយ​ក៏​ដុះ​ឡើង​ភ្លាម​ ពីព្រោះ​​ដី​មិន​ជ្រៅ ហើយនៅ​ពេល​ថ្ងៃរះ​ឡើង​ វា​​ក៏​​ក្រៀម​ស្វិត ដោយ​ព្រោះ​គ្មាន​ឫស ​គ្រាប់​​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅលើ​ដី​មាន​​បន្លា​ ហើយ​​​បន្លា​ក៏​ដុះ​ឡើង​រឹប​រួត​​គ្រាប់​ពូជ​នោះ​ មិន​ឲ្យ​​បង្កើត​​​ផល​បាន ឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​ ធ្លាក់​ទៅ​​លើ​ដី​ល្អ ហើយ​ដុះ​ឡើង​បង្កើត​ផល​ជា​ច្រើន​ មួយ​គ្រាប់ឲ្យ​ផល​​សាម​សិប​ មួយ​គ្រាប់ឲ្យ​ផល​​ហុក​សិប និង​មួយ​គ្រាប់​ឲ្យ​ផល​​មួយ​រយ»បន្ទាប់​​មក​ព្រះ​អង្គ​ក៏​មាន​បន្ទូលថា៖ «អ្នក​ណា​​មាន​​ត្រចៀក​ ចូរ​ស្ដាប់​ចុះ»​​។​

គោលបំណង​នៃ​រឿង​ប្រៀប​ប្រដូច​

១០​នៅ​ពេល​ព្រះ​អង្គ គង់​នៅ​តែ​ឯង​ សាវក​ទាំង​ដប់​ពីរ​ និង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជុំ​វិញ​ព្រះ​អង្គ ​បាន​ទូល​សួរ​ព្រះ​អង្គ​​​ពី​រឿង​ប្រៀប​ប្រដូច​​ ទាំង​នោះ១១​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​​ថា​៖ «អាថ៌​កំបាំង​នៃ​នគរ​ព្រះ​ជាម្ចាស់​​​​​​​​ បាន​ប្រទាន​មក​​អ្នក​រាល់​គ្នា​ ប៉ុន្ដែ​សម្រាប់​អ្នក​ក្រៅ​ សេចក្ដី​ទាំង​​នោះ​បាន​​មក​ដល់​គេ ​តាម​រយៈ​រឿង​ប្រៀប​ប្រដូច​​វិញ ១២​ដើម្បី​ឲ្យ​ពួក​គេ​មើល​ តែមិន​ឃើញ​ ​ឲ្យ​​​ស្ដាប់​ តែ​មិន​យល់​ ក្រែង​លោ​គេ​ប្រែ​ចិត្ដ​ ហើយ​​ទទួល​បាន​ការ​លើក​លែង​ទោស»​ ១៣​ហើយ​ ព្រះ​អង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​យល់​រឿង​ប្រៀប​ប្រដូច​​នេះ​ទេ​ឬ?​ បើ​ដូច្នេះ​តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​ យល់​រឿង​ប្រៀប​​ប្រដូច​ទាំង​អស់​បាន? ១៤​គឺមាន​​​អ្ន​ក​​ព្រោះ​ពូជ​ម្នាក់​ព្រោះ​ព្រះ​បន្ទូល ១៥​អ្នក​ខ្លះ​ប្រៀប​​​​បាន​នឹង​គ្រាប់​ពូជ ​ដែល​នៅ​តាម​ផ្លូវ​ជា​កន្លែង​​ដែល​ព្រះ​បន្ទូលព្រោះ​ចុះ​ទៅ​ពេល​គេ​ឮ​ព្រះ​បន្ទូល​​ភ្លាម​អារក្ស​សាតាំង​ក៏​មក ហើយ​ឆក់​​យក​ព្រះបន្ទូល​ដែល​បាន​ព្រោះ​នៅ​ក្នុង​គេ​នោះ​​ទៅ​ ១៦អ្នក​​ខ្លះ​ប្រៀប​​បាន​នឹង​គ្រាប់​ពូជ​ ដែល​​​ព្រោះ​​ចុះ​ទៅ​​លើ​កន្លែង​មាន​​ថ្ម​ ពេល​គេ​ឮ​ព្រះបន្ទូល​​​ ក៏​ទទួល​យក​ភ្លាមដោយ​អំណរ ១៧ប៉ុន្ដែ​ដោយ​ព្រោះ​គេ​មិន​ចាក់​ឫស​ គេ​ធន់​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ កាលណា​​​មាន​ទុក្ខ​លំបាក ឬ​ការ​បៀតបៀន​កើត​ឡើង​ដោយ​ព្រោះ​ព្រះ​បន្ទូល ​​គេ​ក៏​រវាត​ចិត្ដ​ភ្លាម ១៨​ឯ​អ្នក​ដទៃ​ទៀត​ប្រៀបបាន​នឹង​គ្រាប់​ពូជ ​ដែល​បាន​ព្រោះ​ចុះ​ទៅ​លើ​​​​​គុម្ព​បន្លា​ គេ​ឮ​ព្រះបន្ទូល​ ១៩​ប៉ុន្ដែ​ពេល​សេចក្តី​ខ្វល់​ខ្វាយ​នៃ​ជីវិត​ សេចក្តី​បោក​បញ្ឆោត​​នៃ​ទ្រព្យសម្បត្តិ​ និងសេចក្ដី​ប៉ង​ប្រាថ្នា​ផ្សេង​ៗ​ចូល​មក​ នោះ​ក៏​រួបរឹត​ព្រះ​បន្ទូល​ មិន​ឲ្យ​បង្កើត​ផល​ផ្លែ​​ ២០​ហើយ ​អ្នក​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ ​ដែល​បាន​​​ព្រោះចុះ​​ទៅ​លើ​ដី​ល្អ គេ​ឮ​ព្រះ​បន្ទូល​​​ក៏​ទទួល​យក​ ហើយ​បង្កើត​ផល​ផ្លែ​ មួយ​ជា​សាមសិប មួយ​ជា​ហុក​សិប​ និង​មួយ​ជា​មួយ​រយ»​

ចង្កៀង និង​រង្វាល់

២១​បន្ទាប់​មក​ ព្រះ​អង្គ​​មាន​បន្ទូល​ទៅ​គេ​ថា​៖ «តើ​គេ​យក​ចង្កៀង​ទៅ​ដាក់​នៅ​ក្រោម​ថាំង​​​ ឬ​នៅ​ក្រោម​គ្រែ​ឬ​? តើ​គេ​មិន​ដាក់​វា​នៅ​លើ​ជើង​ចង្កៀង​ទេ​ឬ​អី?២២​ដ្បិត​គ្មាន​ការ​​លាក់​កំបាំង​អ្វី​ ដែល​មិន​បាន​បើក​សំដែង​ឲ្យ​ឃើញ​​នោះ​​ឡើយ​ ហើយ​ក៏​គ្មាន​អាថ៌​កំបាំង​អ្វី​ ដែល​មិន​បាន​លាត​ត្រដាង​ចេញ​មក​នោះ​​ដែរ​ ២៣​អ្នក​ណា​​​​មាន​ត្រចៀក​​​ ចូរ​ស្ដាប់​ចុះ» ២៤​ព្រះអង្គ​​ក៏​មានបន្ទូល​ទៅ​គេទៀតថា៖​ «ចូរ​​ពិចារណា​​ពី​សេចក្ដី​​ដែល​អ្នក​រាល់​គ្នា​ស្ដាប់​ចុះ។​ ​រង្វាល់ដែលអ្នក​រាល់​គ្នា​វាល់ឲ្យ​​គេ​ អ្នក​រាល់​គ្នានឹងទទួល​តាមរង្វាល់​ ដែល​អ្នករាល់គ្នា​បាន​វាល់​ឲ្យ​គេ​​ ទាំង​​បន្ថែម​ឲ្យ​​អ្នក​រាល់​គ្នាទៀត​ផង ២៥​ដ្បិតអ្នក​ណា​ដែល​មាន​ នឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​​អ្នក​ណា​ដែល​គ្មាន​​នឹង​ត្រូវ​​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង»

រឿងប្រៀបប្រដូច​អំពី​គ្រាប់​ពូជ​​លូត​លាស់​

២៦​ព្រះ​អង្គ​មាន​បន្ទូល​ទៅគេ​ថា​៖ «ន​គរ​ព្រះជាម្ចាស់​​​​​ប្រៀប​បាន​នឹងមនុស្សម្នាក់​ ព្រោះ​គ្រាប់​​ពូជ​ទៅ​លើ​ដី ២៧​ហើយ​​គាត់​ដេក​នៅ​ពេល​យប់​ ក្រោក​ឡើង​នៅ​ពេល​ថ្ងៃ គាត់​មិន​បាន​ដឹង​ថា​គ្រាប់​ពូជ​នោះ​ចេញ​ពន្លក​ដុះ​ឡើង​តាម​របៀប​ណា​ទេ។ ២៨​​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯ​ង មុន​ដំបូង​ជា​ពន្ល​ក ​បន្ទាប់​មក ​ចេញ​ជា​កួរ ហើយ​ក្រោយ​មក​ទៀត ចេញ​​ជា​គ្រាប់​​ស្រូវ​ពេញ​លេញ​ ២៩ប៉ុន្ដែ​នៅ​ពេល​ស្រូវ​ទុំ គាត់​ក៏​យក​កណ្ដៀវ​ មក​ច្រូត​ភ្លាម​ ព្រោះដល់​រដូវ​ច្រូត​កាត់​ហើយ»

រឿងប្រៀបប្រដូច​អំពី​គ្រាប់​មូតា​

៣០​​ព្រះ​អង្គ​​​មាន​បន្ទូល​ថា​៖ «តើ​យើង​ប្រៀ​ប​ធៀប​នគរ​ព្រះ​ជា​ម្ចាស់​ ទៅ​នឹង​អ្វី​ ឬ​តើ​យើង​នឹង​ប្រើ​​​រឿង​​​អ្វី ដើម្បី​ពន្យល់​ពី​នគរ​ព្រះ​ជាម្ចាស់​​? ៣១​​នគរ​ព្រះជាម្ចាស់​​ប្រៀប​​​ដូច​ជា​គ្រាប់​មូតា​​​ ជា​គ្រាប់​តូច​ល្អិត​ជាង​គ្រាប់​ពូជ​ណា​ៗ​ទាំង​អស់​នៅ​លើ​ផែន​ដី​​ ៣២​ប៉ុន្ដែ​នៅ​ពេលដែលគេ​ព្រោះ​គ្រាប់​ពូជ​នោះ​ទៅ​ វា​ក៏​ដុះ​ឡើង​ធំ​ជាង​រុក្ខជាតិ​ទាំងអស់​ និង​មាន​មែក​ធំ​ៗ ហើយ​សត្វ​ស្លាប​ហើរ​លើ​អាកាស​អាច​ធ្វើ​សំបុក​​ក្រោម​ម្លប់​របស់វា​​បាន»

៣៣​ព្រះ​អង្គ​បាន​ប្រកាស​ព្រះ​បន្ទូល​ដល់​ពួកគេ​​​ ជា​រឿង​ប្រៀប​ប្រដូច​​​ ស្រដៀង​គ្នា​ជា​ច្រើន ​​​ដែល​ពួក​គេ​អាច​ស្ដាប់​បាន។ ៣៤ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​ទៅ​ពួក​គេក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​​​​ឡើយ​ តែ​ពេល​​​នៅ​ដាច់ដោយឡែក​ជាមួយ​នឹង​ពួក​សិស្ស​ព្រះ​អង្គ​បាន​ពន្យល់​បា្រប់​សព្វ​គ្រប់។

ព្រះ​យេស៊ូ​​​ធ្វើ​​ឲ្យ​ព្យុះស្ងប់

៣៥​នៅ​​ល្ងាច​ថ្ងៃនោះ ព្រះ​អង្គ​​មាន​បន្ទូល​ទៅ​ពួក​​គេ​ថា​៖​ «ចូរ​យើង​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង» ៣៦​ពួក​គេ​ក៏​ចាក​ចេញ​ពី​បណ្ដាជន​ ឯ​ព្រះយេស៊ូ​ នៅ​តែ​គង់​នៅ​លើ​ទូក​នោះ និង​មាន​ទូក​ផ្សេង​ទៀត​ បាន​ទៅ​ជាមួយ​ព្រះ​អង្គ​ដែរ។ ៣៧​មាន​ខ្យល់​ព្យុះ​ធំ​មួយ​​កើត​ឡើង​ ហើយ​រលក​បាន​បោក​​បក់​ទៅ​លើ​ទូក​ ធ្វើ​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ​ទូក ៣៨​តែ​ព្រះ​អង្គ​គង់​នៅ​កន្សៃទូក​​ ផ្ទំលក់​លើ​ខ្នើយ​ ហើយ​ពួកគេ​ក៏​​ដាស់​ព្រះ​អង្គ​ និង​​​ទូល​ទៅ​ព្រះ​អង្គ​ថា​៖ «លោក​គ្រូ! យើង​វិនាស​ហើយ​! តើ​លោក​មិន​ខ្វល់​ខ្វាយ​ទេ​ឬ​?» ៣៩ព្រះអង្គ​បាន​ភ្ញាក់​​ឡើង​ ហើយ​បន្ទោស​​ខ្យល់​ និង​មាន​បន្ទូល​ទៅ​កាន់​រលក​​ថា​៖ «ចូរ​ស្ងប់​ ហើយ​ស្ងៀម​ទៅ​!» នោះ​ខ្យល់​ក៏​ស្ងប់​ ហើយ​ក៏​មាន​ភាព​ស្ងាត់​ឈឹង ៤០​ព្រះ​អង្គ​​មាន​បន្ទូល​ទៅ​​គេ​ថា​៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ខ្លាចដូច្នេះ​​?​ តើ​អ្នករាល់គ្នា​នៅ​​តែ​​​គ្មាន​ជំនឿ​​ឬ​?» ៤១​នោះ​ពួក​គេ​​កោត​ខ្លាច​​យ៉ាង​ខ្លាំង​ និង​​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​៖ «ចុះ​តើ​លោក​នេះ​ជា​នរណា ​សូម្បី​តែ​ខ្យល់​ និង​បឹង​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ​?»​

ម៉ាកុស ៤