ម៉ាកុស ៣
ព្រះយេស៊ូប្រោសបុរសម្នាក់ស្វិតដៃម្ខាងនៅថ្ងៃសប្ប័ទ
៣ព្រះអង្គបានយាងចូលសាលា ប្រជុំម្ដងទៀត ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង ២គេតាមមើលព្រះអង្គ ដើម្បីចោទប្រកាន់ព្រះអង្គ ក្រែងលោព្រះអង្គប្រោសបុរសនេះឲ្យបានជានៅថ្ងៃសប្ប័ទ ៣ហើយព្រះអង្គមានបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើងនៅកណ្ដាលចំណោមនេះ»៤រួចព្រះអង្គមានបន្ទូលទៅគេថា៖ «តើនៅថ្ងៃសប្ប័ទ វិន័យអនុញ្ញាតឲ្យធ្វើការល្អ ឬធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬសម្លាប់?» ប៉ុន្ដែគេនៅស្ងៀម ៥ព្រះអង្គក៏ទតមើលជុំវិញទាំងក្រេវក្រោធ និងសោកសៅចំពោះចិត្ដរឹងរូសរបស់គេ ព្រះអង្គមានបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏លាតដៃ ហើយដៃគាត់ក៏បានជាដូចដៃម្ខាងទៀត ៦អ្នកខាងគណៈផារិស៊ីបានចេញទៅភ្លាម ហើយពិគ្រោះជាមួយអ្នកខាងគណៈហេរ៉ូឌ ដើម្បីរកវិធីសម្លាប់ព្រះអង្គ។
មនុស្សជាច្រើនកុះករដើរតាម ព្រះយេស៊ូ
៧ព្រះយេស៊ូបានចាកចេញ ជាមួយសិស្សរបស់ព្រះអង្គទៅឯបឹង ហើយមានមនុស្សច្រើនកុះករ មកពីស្រុកកាលីឡេបានដើរតាមព្រះអង្គ ក៏មានមនុស្សមកពីស្រុកយូដា ៨ក្រុងយេរូសាឡិម ស្រុកអេដំ ស្រុកនៅឯនាយអូរយ័រដាន់ ស្រុកនៅជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូនផងដែរ។ មនុស្សច្រើនកុះករបានមកឯព្រះអង្គ ពេលគេឮពីកិច្ចការទាំងឡាយ ដែលព្រះអង្គបានធ្វើ ៩ព្រះអង្គមានបន្ទូលទៅសិស្សឲ្យរៀបចំទូកមួយសម្រាប់ព្រះអង្គក្រែងលោមនុស្សប្រជ្រៀតគ្នា ចោមរោមព្រះអង្គ ១០ដោយព្រោះតែ ព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា នោះអ្នកជំងឺទាំងឡាយ ក៏នាំគ្នាសំរុកចូលមកពាល់ព្រះអង្គ ១១នៅពេលពួកវិញ្ញាណអាក្រក់បានឃើញព្រះអង្គ ពួកវាក្រាបចុះនៅចំពោះព្រះអង្គ ទាំងស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់» ១២ប៉ុន្ដែ ព្រះអង្គបានហាមពួកវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយបា្រប់គេថា ព្រះអង្គជាអ្នកណាឡើយ។
ព្រះយេស៊ូជ្រើសរើសសាវកទាំងដប់ពីរ
១៣បន្ទាប់មក ព្រះអង្គបានយាងឡើងទៅលើភ្នំ ហើយបានហៅអស់អ្នកដែលព្រះអង្គពេញចិត្ដ ពួកគេក៏បានមកឯព្រះអង្គ ១៤រួចព្រះអង្គបានតែងតាំងដប់ពីរនាក់ ហៅថាសាវក ដើម្បីឲ្យនៅជាមួយព្រះអង្គ និងដើម្បីឲ្យព្រះអង្គបានចាត់គេចេញទៅប្រកាស ១៥ទាំងឲ្យគេមានសិទ្ធិអំណាចប្រោសជំងឺ និងបណ្ដេញអារក្សផង ១៦ព្រះអង្គបានតែងតាំងសាវកទាំងដប់ពីរ ដូចតទៅ គឺ ព្រះអង្គដាក់ឈ្មោះឲ្យលោកស៊ីម៉ូនថា «ពេត្រុស» ១៧ហើយលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ត្រូវជាកូនលោកសេបេដេ ព្រះអង្គបានដាក់ឈ្មោះថា «បោនអ៊ើកេ» មានន័យថា «កូនផ្គរលាន់» ១៨និងលោកអនទ្រេ លោកភីលីព លោកបារថូឡូមេ លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុប ជាកូនអាល់ផាយ លោកថាដេ លោកស៊ីម៉ូន ជាអ្នកជាតិនិយម ១៩ព្រមទាំងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គផងដែរ។
បែកបាក់គ្នាមិនអាចនៅស្ថិតស្ថេរបានទេ
២០ព្រះអង្គយាងចូលទៅក្នុងផ្ទះមួយ ហើយបណ្ដាជន ក៏មកជួបជុំគ្នាម្ដងទៀត ដូច្នេះហើយបានជាព្រះអង្គ និងពួកសិស្សមិនអាចបរិភោគបាន ២១ហើយនៅពេលដែលបងប្អូនព្រះអង្គ បានឮអំពីការនេះ ពួកគេបានមកចាប់ព្រះអង្គ ពីព្រោះគេនិយាយថា៖ «គាត់វង្វេងស្មារតីហើយ»។ ២២រីឯគ្រូវិន័យ ដែលចុះមកពីក្រុងយេរូសាឡិម បាននិយាយថា «អ្នកនេះមានអារក្សបេសេប៊ូលចូល ហើយអ្នកនេះបណ្ដេញអារក្សដោយសារមេអារក្ស» ២៣ព្រះអង្គបានហៅគេមក ហើយមានបន្ទូលទៅគេជារឿងប្រៀបប្រដូចថា៖ «តើអារក្សសាតាំង អាចបណ្ដេញអារក្សសាតាំង ដូចម្ដេចកើត ២៤ហើយប្រសិនបើនគរមួយបែកបាក់គ្នា នគរនោះមិនអាចនៅស្ថិតស្ថេរបានទេ ២៥បើគ្រួសារមួយបែកបាក់គ្នា គ្រួសារនោះ ក៏មិនអាចនៅស្ថិតស្ថេរបានដែរ ២៦បើអារក្សសាតាំងក្រោកឡើងទាស់ទែងនឹងខ្លួនវា នោះវាមិនអាចនៅស្ថិតស្ថេរបានទេ គឺមុខជាវិនាសជាមិនខាន ២៧គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំង ប្លន់យកទ្រព្យសម្បត្ដិបានទេ លុះត្រាតែគេចងមនុស្សខ្លាំងនោះជាមុនសិន ទើបអាចប្លន់ផ្ទះនោះបាន ២៨ខ្ញុំបា្រប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងបាបរបស់មនុស្ស និងពាក្យប្រមាថព្រះជាម្ចាស់ អាចទទួលបានការលើកលែងទោស ២៩ប៉ុន្ដែអ្នកណាដែលពោលពាក្យប្រមាថព្រះវិញ្ញាណបរិសុទ្ធ មិនអាចទទួលបានការលើកលែងទោស ជារៀងរហូត គឺជាប់ទោសជារៀងរហូតវិញ»។ ៣០ព្រះអង្គមានបន្ទូលដូច្នេះ ដោយព្រោះគេនិយាយថា ព្រះអង្គមានវិញ្ញាណអាក្រក់ចូល។
បងប្អូនពិតប្រាកដរបស់ព្រះយេស៊ូ
៣១បន្ទាប់មក ម្តាយ និងបងប្អូនរបស់ព្រះយេស៊ូបានមកឈរនៅខាងក្រៅចាត់ឲ្យគេទៅហៅព្រះអង្គ ៣២បណ្ដាជនដែលអង្គុយនៅជុំវិញព្រះអង្គ គេទូលព្រះអង្គថា៖ «មើល៍ ម្ដាយ និងបងប្អូនលោកកំពុងតែរកលោក នៅខាងក្រៅ» ៣៣ព្រះអង្គមានបន្ទូលឆ្លើយថា៖ «តើនរណាជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ?» ៣៤ព្រះអង្គបានទតមើលមនុស្ស ដែលអង្គុយនៅជុំវិញព្រះអង្គ រួចមានបន្ទូលថា៖ «អ្នកទាំងនេះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ ៣៥ដ្បិតអ្នកណាដែលធ្វើតាមបំណងព្រះជាម្ចាស់ អ្នកនោះហើយជាម្ដាយ និងជាបងប្អូនប្រុសស្រីរបស់ខ្ញុំ»។