ម៉ាកុស ២
ព្រះយេស៊ូលើកលែងទោស និងប្រោសមនុស្សស្លាប់ដៃជើងម្នាក់ឲ្យជា
២ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គ បានយាង ចូលក្នុងក្រុងកាពើណិមម្ដងទៀត ហើយគេឮថាព្រះអង្គគង់នៅផ្ទះមួយ ២មនុស្សជាច្រើនបានមកផ្ដុំគ្នា ធ្វើឲ្យគ្មានកន្លែងនៅសល់សោះ សូម្បីតែនៅមាត់ទ្វារ រីឯព្រះអង្គក៏ប្រកាសព្រះបន្ទូលទៅកាន់គេ ៣ហើយមានមនុស្សបួននាក់ បានសែងអ្នកស្លាប់ដៃជើងម្នាក់មកឯព្រះអង្គ ៤តែដោយសារមានមនុស្សច្រើនកកកុញពេក គេមិនអាចនាំមនុស្សស្លាប់ដៃជើងនោះចូលទៅខាងក្នុងបានទេ គេក៏រើដំបូល ចំកន្លែងដែលព្រះអង្គនៅ លុះបានរើហើយ ក៏សម្រូតមនុស្សស្លាប់ដៃជើង ដែលកំពុងដេកលើកន្ទេលនោះចុះ ៥ព្រះអង្គបានឃើញជំនឿអ្នកទាំងនោះ ក៏មានបន្ទូលទៅអ្នកស្លាប់ដៃជើងនោះថា៖ «កូនអើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ» ៦មានគ្រូវិន័យខ្លះកំពុងអង្គុយនៅទីនោះ រិះគិតក្នុងចិត្ដថា៖ ៧«ហេតុដូចម្ដេចបានជាមនុស្សនេះនិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណាលើកលែងទោសបាបបាន ក្រៅពីព្រះជាម្ចាស់តែមួយគត់?» ៨ព្រះអង្គឈ្វេងយល់ក្នុងវិញ្ញាណភ្លាម ពីគំនិតគេ ព្រះអង្គក៏មានបន្ទូលទៅកាន់គេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាគិត ក្នុងចិត្ដដូច្នេះ? ៩តើការដែលនិយាយទៅកាន់អ្នកស្លាប់ដៃជើងថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង យកកន្ទេលរបស់អ្នកដើរទៅ មួយណាស្រួលជាង? ១០ប៉ុន្ដែដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាច លើកលែងទោសបាបនៅលើផែនដីនេះ» ព្រះអង្គមានបន្ទូល ទៅកាន់អ្នកស្លាប់ដៃជើងថា៖ ១១«ខ្ញុំនិយាយទៅកាន់អ្នក ចូរក្រោកឡើង យកកន្ទេលរបស់អ្នកហើយទៅផ្ទះចុះ» ១២គាត់ក៏ក្រោកឡើងភ្លាម ហើយយកកន្ទេលចេញទៅ នៅមុខមនុស្សទាំងអស់ ដូច្នេះគ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «យើងមិនដែលឃើញអ្វីដូចនេះទាល់តែសោះពីមុនមក»។
ព្រះយេស៊ូត្រាស់ហៅលោកម៉ាថាយ
១៣ព្រះអង្គចេញទៅតាមមាត់បឹងម្ដងទៀត មនុស្សច្រើនកុះករមកតាមព្រះអង្គ ហើយព្រះអង្គបានបង្រៀនពួកគេ។ ១៤ពេលកំពុងយាងកាត់តាមទីនោះ ព្រះអង្គបានឃើញលោកលេវីជាកូនលោកអាល់ផាយ កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ហើយមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ» គាត់បានក្រោកឈរឡើងរួចដើរតាមព្រះអង្គទៅ។១៥បន្ទាប់មកព្រះអង្គបានចូលរួមបរិភោគអាហារនៅផ្ទះលោកលេវីហើយមានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើន បានចូលរួមបរិភោគជាមួយព្រះយេស៊ូ និងពួកសិស្សដែរ ព្រោះមានមនុស្សជាច្រើន កំពុងដើរតាមព្រះអង្គ ១៦គ្រូវិន័យខាងគណៈផារិស៊ី ពេលឃើញព្រះអង្គ បរិភោគអាហារជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ ក៏សួរពួកសិស្សព្រះអង្គថា៖«ហេតុអ្វីបានជាគាត់បរិភោគជាមួយអ្នកទារពន្ធដារ និងមនុស្សបាបដូច្នេះ?» ១៧នៅពេលព្រះយេស៊ូឮដូច្នេះ ក៏មានបន្ទូលទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។
ព្រះយេស៊ូមានបន្ទូលអំពីការតម អាហារ
១៨ពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ី កំពុងតមអាហារ។ ពួកគេបានមកសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីតមអាហារ តែពួកសិស្សរបស់លោកមិនតមដូច្នេះ?» ១៩ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចតមអាហារបានឬទេ នៅពេលកូនកំលោះនៅជាមួយគេនៅឡើយ? ដរាបណា កូនកំលោះនៅជាមួយគេនៅឡើយ គេមិនអាចតមអាហារបានទេ ២០ប៉ុន្ដែនឹងមានថ្ងៃមកដល់ ពេលកូនកំលោះត្រូវឃ្លាតទៅ គេនឹងតមអាហារនៅថ្ងនោះ។ ២១គ្មាននរណាយកក្រណាត់ថ្មីមកប៉ះនឹងក្រណាត់ចាស់ទេ បើធ្វើដូច្នោះ បំណះក្រណាត់ថ្មីនឹងទាញក្រណាត់ចាស់ ឲ្យរហែកលើសមុនទៅទៀត ២២ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ស្រានឹងធ្វើឲ្យថង់ស្បែកចាស់ធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតដែរ ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។
ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ
២៣នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងកាត់វាលស្រែ ហើយនៅតាមផ្លូវ ពួកសិស្សបានចាប់ផ្ដើមបូតកួរស្រូវ ២៤ហើយអ្នកខាងគណៈផារិស៊ីបានទូលព្រះអង្គថា៖ «មើល៍ ហេតុដូចម្តេចបានជាគេធ្វើអ្វី ដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?» ២៥ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្តេចដាវីឌ និងគូកនរបស់ស្ដេចបានធ្វើ នៅពេលពួកគេមានសេចក្ដីត្រូវការ ហើយឃ្លានទេឬ? ២៦នៅសម័យសម្តេចសង្ឃអ័បៀថើរ ស្តេចដាវីឌបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ និងបានបរិភោគនំបុ័ងតាំងថ្វាយព្រះជាម្ចាស់ ដែលវិន័យបានហាមមិនឲ្យបរិភោគ លើកលែងតែសង្ឃ ហើយគាត់បានឲ្យនំបុ័ងនោះដល់គូកនថែមទៀតផង» ២៧រួចព្រះអង្គមានបន្ទូលទៅគេថា៖ «ថ្ងៃសប្ប័ទតាំងឡើងសម្រាប់មនុស្ស ប៉ុន្ដែមិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ ២៨ដូច្នេះ កូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។