ម៉ាកុស ១៦
ព្រះយេស៊ូរស់ឡើងវិញ
១៦កាលថ្ងៃសប្ប័ទកន្លងផុតទៅ នាងម៉ារា ជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់លោកយ៉ាកុប និងនាងសាឡូមេបានទិញគ្រឿងក្រអូប ដើម្បីយកទៅលាបលើសពព្រះអង្គ ២នៅពឹ្រកព្រលឹមក្នុងថ្ងៃទីមួយនៃសប្តាហ៍ ពេលថ្ងៃរះ ពួកនាងបានទៅផ្នូរ ៣ហើយពួកនាងបាននិយាយគ្នាថា៖ «តើអ្នកណានឹងប្រមៀលថ្មពីមាត់ច្រកចូលក្នុងផ្នូរឲ្យយើង?» ៤ប៉ុន្ដែពេលសម្លឹងមើលទៅ ពួកនាងឃើញថា ថ្មដ៏ធំនោះត្រូវគេប្រមៀលចេញទៅហើយ ៥ពេលចូលទៅក្នុងផ្នូរ ពួកនាងឃើញអ្នកកំលោះម្នាក់ អង្គុយនៅខាងស្តាំ ពាក់អាវវែងពណ៌ស ពួកនាងក៏ភ័យស្រឡាំងកាំង ៦ប៉ុន្ដែអ្នកនោះប្រាប់ពួកនាងថា៖ «កុំភ័យអី! អ្នករាល់គ្នាកំពុងរកព្រះយេស៊ូ ជាអ្នកក្រុងណាសារ៉ែត ដែលត្រូវគេឆ្កាងនោះ តែព្រះអង្គបានរស់ឡើងវិញហើយ មិននៅទីនេះទៀតទេ ចូរមើលកន្លែង ដែលគេដាក់សពព្រះអង្គចុះ ៧រួចចូរទៅបា្រប់ពួកសិស្ស និងលោកពេត្រុសថា ព្រះអង្គកំពុងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងជួបព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានបា្រប់» ៨ពួកនាងបានរត់ចេញពីផ្នូរ ទាំងភ័យញាប់ញ័រ ហើយមិនបានបា្រប់អ្វី ដល់អ្នកណាម្នាក់ទេ ព្រោះពួកនាងខ្លាច។
ផ្នែកបញ្ចប់នៃដំណឹងល្អម៉ាកុស
៩[កាលព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺនៅពឹ្រកព្រលឹមក្នុងថ្ងៃទីមួយនៃសប្តាហ៍ ព្រះអង្គបានលេចមកឲ្យនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡាឃើញមុនគេ គឺស្ត្រីម្នាក់នេះហើយ ដែលព្រះអង្គបានបណ្ដេញអារក្សចំនួនប្រាំពីរចេញពីនាង ១០នាងបានចេញទៅ បា្រប់ពួកអ្នកនៅជាមួយព្រះអង្គដែលកំពុងកាន់ទុក្ខ និងយំសោក ១១តែកាលពួកគេឮថា ព្រះអង្គមានព្រះជន្មរស់ ហើយនាងបានជួបព្រះអង្គនោះ ពួកគេមិនជឿទេ ១២ក្រោយហេតុការណ៍ទាំងនេះ ព្រះអង្គបានលេចមក ជារូបរាងផ្សេងទៀតឲ្យមនុស្សពីរនាក់ នៅក្នុងចំណោមពួកគេឃើញ ពេលកំពុងដើរទៅស្រុកចម្ការ ១៣អ្នកទាំងពីរនោះបានទៅ ប្រកាសបា្រប់អ្នកឯទៀត ប៉ុន្ដែពួកគេក៏មិនជឿដែរ ១៤ក្រោយមក ពេលពួកគេកំពុងអង្គុយនៅតុអាហារ ព្រះអង្គក៏លេចមកឲ្យសាវកទាំងដប់មួយឃើញ ហើយក៏បន្ទោសដល់ភាពគ្មានជំនឿ និងចិត្ដរឹងរូសរបស់ពួកគេ ព្រោះពួកគេមិនបានជឿតាមអ្នកដែលបានជួបព្រះអង្គ កាលព្រះអង្គរស់ឡើងវិញ ១៥ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរចេញទៅក្នុងពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អប្រាប់មនុស្សលោកទាំងអស់ ១៦អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក នោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន ១៧អ្នកជឿនឹងមានទីសំគាល់ដូចនេះ ពួកគេនឹងបណ្ដេញអារក្សនៅក្នុងឈ្មោះខ្ញុំ ហើយពួកគេនឹងនិយាយភាសាថ្មី ១៨ពួកគេនឹងចាប់ពស់ដោយដៃ ហើយបើពួកគេផឹកអ្វីពុលនោះ ក៏គ្មានគ្រោះថ្នាក់ដែរ ពួកគេដាក់ដៃលើមនុស្សឈឺ មនុស្សឈឺនឹងបានជាសះស្បើយ» ១៩ក្រោយពីព្រះអម្ចាស់យេស៊ូមានបន្ទូលទៅគេរួចហើយ ព្រះជាម្ចាស់ក៏យកព្រះអង្គ ឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ ២០រីឯពួកគេក៏ចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែង ហើយព្រះអម្ចាស់ក៏ជួយពួកគេ និងបញ្ជាក់ពីព្រះបន្ទូលតាមរយៈទីសំគាល់នានាដែលបានកើតឡើង]៕