KCB - ម៉ាកុស ១៥


ម៉ាកុស ១៥

ព្រះ​យេស៊ូ​​នៅចំពោះមុខលោក​​ពីឡាត់

១៥​លុះ​ព្រលឹម​ឡើង​ភ្លាម​កាល​ពួក​សម្ដេច​សង្ឃ​​ពួក​ចាស់​ទុំ​​ ពួក​​គ្រូវិន័យ​​ បាន​ពិគ្រោះ​គ្នា​ជាមួយ​នឹង​ក្រុម​បឹ្រក្សា​កំពូល​ ​ទាំង​មូល​រួចហើយ​​​ ក៏​ចង​ព្រះយេស៊ូ​ នាំ​ទៅ​ប្រគល់ឲ្យ​លោក​ពីឡាត់ ​​លោក​​ពីឡាត់​សួរ​ព្រះ​អង្គ​ថា​៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​​​យូដា​​ឬ​?» ​ព្រះ​អង្គ​​ឆ្លើយ​​ថា​៖​«លោក​​និយាយ​ត្រូវ​ហើយ»​ពួក​សម្ដេច​សង្ឃ​ ​ក៏​ចោទ​ប្រកាន់​ព្រះ​អង្គ​ពី​រឿង​​ជា​ច្រើន​ ​​លោក​ពីឡាត់​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា​៖​ «តើអ្នក​គ្មានអ្វី​ត្រូវ​ឆ្លើយ​​ទេ​ឬ?​ មើល គេចោទ​ប្រកាន់​អ្នកច្រើន​ណាស់»​ ​ប៉ុន្ដែ​ព្រះ​យេស៊ូ​មិន​បាន​ឆ្លើយអ្វី​​ទេ​ ធ្វើ​ឲ្យ​លោក​ពីឡាត់​ងឿង​ឆ្ងល់។​ ​រៀងរាល់​ថ្ងៃបុណ្យ​​​ គាត់​ធ្លាប់​ដោះ​​លែង​អ្នក​ទោស​ម្នាក់តាម​​ដែលពួក​គេ​​​​សុំ ​មាន​មនុស្ស​ម្នាក់​ឈ្មោះ ​បារ៉ាបាស ​ដែល​​គេ​ចាប់​ចង​ជាមួយ​នឹង​ក្រុម​​បះបោរ​ គាត់​ជា​អ្នក​​​សម្លាប់​មនុស្ស​ ​ក្នុងការ​បះបោរ​​នោះ ​ដូច្នេះបណ្ដាជន​ក៏​ចាប់ផ្ដើម​ទៅ​​​សុំ​លោក​ពីឡាត់​ឲ្យ​ដោះ​​លែង​អ្នក​​ទោស​ ដូច​​ដែល​គាត់​ធ្លាប់​ធ្វើ​សម្រាប់​ពួកគេ ​ប៉ុន្ដែ​លោក​ពីឡាត់​​​​ឆ្លើយទៅ​គេ​ថា​៖​ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ ដោះ​លែង​ស្ដេច​របស់​​ជនជាតិ​​យូដា​ដល់​អ្នក​រាល់​គ្នា​វិញ​ទេ​?» ១០ព្រោះ​គាត់​ដឹង​​ថា​ ពួក​សម្ដេច​សង្ឃប្រគល់​ព្រះអង្គ​ឲ្យ​​គាត់​​ ដោយ​ព្រោះ​​សេចក្ដីឈ្នានីស​​ ១១ប៉ុន្ដែ ​ពួក​សម្ដេចសង្ឃ បាន​ញុះញង់​​បណ្ដាជន ​ឲ្យ​សុំ​​គាត់​​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួក​គេវិញ ១២​លោក​​ពីឡាត់​ ឆ្លើយ​នឹង​ពួក​​គេ​​ម្ដង​ទៀត​ថា​៖​ «តើ​អ្នក​រាល់​គ្នា​ឲ្យ​​ខ្ញុំ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ ជាមួយ​នឹង​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្ដេច​របស់​ជន​ជាតិ​​​យូដា​​នេះ​?» ១៣​ពួក​គេ​​ស្រែកឡើងម្តង​ទៀត​ថា៖ «ឆ្កាង​វា​ទៅ​!»​ ១៤​ប៉ុន្ដែ​ លោក​ពីឡាត់​​បាននិយាយ​ទៅ​ពួក​គេ​ថា​៖ ​«ហេតុ​អ្វី? តើ​គាត់​បាន​ធ្វើ​អំពើ​អ្វី​អាក្រក់​ឬ​?» តែ​ពួក​គេ​​ស្រែកកាន់​តែ​ខ្លាំង​ឡើងៗ​ «ឆ្កាង​​​វា​ទៅ​!» ​១៥​ដូច្នេះ​លោក​ពីឡាត់​​ចង់​ផ្គាប់​ចិត្ត​​បណ្ដាជន ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួក​គេ ឯ​ព្រះ​យេស៊ូ​​​វិញ​ គាត់​ឲ្យ​គេ​វាយ​នឹង​ខ្សែ​តី​​ ហើយ​​ប្រគល់​​ព្រះ​អង្គ​​​​ឲ្យ​គេ​​ឆ្កាង។

ពួកទាហានប្រមាថព្រះ​យេស៊ូ​​

១៦​ពួក​ទាហាន​ ​ក៏យក​​ព្រះ​អង្គ​​ចូល​ទៅ​ក្នុង​ទីធ្លា​​​​បន្ទាយ​​ និង​បាន​ហៅ​ពួក​ទាហាន​ទាំង​អស់​​មក​ជួប​ជុំ​គ្នា ១៧​ពួកគេ​បាន​បំពាក់​សំពត់​​ពណ៌​ស្វាយ​ ឲ្យ​ព្រះ​អង្គ​ និង​យក​មកុដ​បន្លា​​​​ ដែលគេ​ក្រង​ មក​​បំពាក់​ឲ្យ​ព្រះ​អង្គ ​១៨​រួច​ពួក​គេ​ចាប់​ផ្ដើម​គំ​នាប់​​ព្រះអង្គ ​ដោយ​ចំអក​ថា៖​ «សូម​ថ្វាយ​បង្គំ​ ស្ដេច​របស់​ជនជាតិ​​យូដា​!»​ ១៩ហើយ​​ពួក​គេ​ ក៏​វាយ​ព្រះសិរព្រះ​អង្គ​នឹង​ដំបង​ ហើយ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ​អង្គ​ រួច​​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះ​អង្គទៀត។​ ២០​កាល​ពួក​គេ​ចំអក​ឲ្យ​ព្រះ​អង្គ​រួច​ហើយ​ ក៏​ដោះ​សំពត់​ពណ៌​ស្វាយ​ពី​ព្រះ​អង្គ​ និង​បានបំ​ពាក់​​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​ រួច​ក៏​នាំ​​ព្រះ​អង្គ​ចេញ​ដើម្បី​យក​ទៅ​ឆ្កាង។

ការឆ្កាងព្រះ​យេស៊ូ​​

២១​មានបុរស​ម្នាក់ឈ្មោះ​ស៊ីម៉ូនអ្នក​ក្រុង​​គីរេន​ ​​​ជាឪពុក​របស់​អ័លេក្សានត្រុស​ និង​រូភូស​ ដែល​បាន​មក​ពី​ចម្ការ​​​តាម​ផ្លូវ​នោះ ​ពួកគេបង្ខំ​គាត់​ឲ្យ​​លី​ឈើ​ឆ្កាង​​របស់​ព្រះ​អង្គ។ ២២​ពួកគេ​​នាំ​ព្រះអង្គ​ទៅ​កន្លែងមួយ​ឈ្មោះ​ ​គាល់​កូថា​ (ដែល​ប្រែ​ថា តំបន់​លលា​ដ៏ក្បាល​) ២៣​ពួកគេ​​​ឲ្យ​ព្រះអង្គ​ផឹកស្រា​ទំពាំង​បាយជូរ​ លាយ​ជាមួយ​ថ្នាំ​ម្យ៉ាង​​​ ប៉ុន្ដែ​​ព្រះ​អង្គ​មិន​បាន​ផឹក​ទេ ២៤​ពួក​គេ​​ក៏​ឆ្កាង​ព្រះ​អង្គ​ ហើយ​យក​អាវ​មក​ចាប់​ឆ្នោត​ចែក​គ្នា​ ដើម្បី​​ឲ្យ​ដឹង​​ថា​ អ្នក​ណា​ត្រូវ​បាន​អាវ​នោះ​ ២៥ពួក​គេ​​ឆ្កាង​ព្រះ​អង្គ​​ នៅវេលា​​ម៉ោង​ប្រាំ​បួន​ពឹ្រក​ ២៦ហើយមាន​​ចំណារ​សរសេរ​កាត់​ទោស​ព្រះអង្គ​​ថា​ «ស្ដេច​របស់​​ជនជាតិ​​យូដា»​​ ២៧ពួកគេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ ជា​មួយ​ព្រះ​អង្គ​ ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង [២៨​នេះ​ស្រប​តាម​បទ​គម្ពីរ​​ចែង​ថា​៖ «ពួកគេ​ចាត់​ទុក​ព្រះ​អង្គ​ជា​អ្នក​ល្មើស​ច្បាប់​»​] ២៩​ពួក​អ្នក​ដែល​​ដើរ​កាត់​ទីនោះ​បាន​ប្រមាថ​ព្រះ​អង្គ​ ហើយ​គ្រវីក្បាលទាំង​និយាយ​ថា​៖​ «ឱ អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើងវិញ​តែ​​បី​ថ្ងៃអើយ! ៣០​ចូរ​សង្គ្រោះ​ខ្លួន​ឯង​ ហើយ​ចុះ​ពី​លើ​ឈើ​ឆ្កាង​​មក»​ ៣១​ពួក​សម្ដេច​សង្ឃ​​ ជាមួយ​ពួក​គ្រូ​​វិន័យ​​ ក៏​​ចំអក​​ឲ្យ​ព្រះអង្គ​ជាមួយ​គ្នា​ បែប​ដូច្នោះ​ដែរ​ថា​៖​ «វា​សង្គ្រោះ​​​គេ​បាន​ ប៉ុន្ដែ​សង្គ្រោះ​​​ខ្លួន​ឯង​មិន​បាន​ទេ​​ ៣២​ចូរ​ឲ្យ​ព្រះ​គិ្រស្ដ​ ជា​ស្ដេច​អ៊ីស្រាអែល ​ចុះ​ពី​លើ​ឈើ​ឆ្កាងឥឡូវ​នេះ​មក ​ដើម្បី​ឲ្យ​យើង​ឃើញ​ និង​ជឿ​ផង»​ ឯ​ពួកអ្នក​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះ​អង្គ​ក៏​ប្រមាថ​ព្រះ​អង្គ​ដែរ។

ការសោយទិវង្គត​របស់​ព្រះ​យេស៊ូ​​

៣៣​លុះ​ដល់​ម៉ោង​​ដប់​ពីរ​ថ្ងៃត្រង់​ ​ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​រហូត​ដល់​ម៉ោង​​បី​រសៀល ៣៤​នៅម៉ោង​បី​រសៀល​នោះ​ ព្រះ​យេស៊ូ​បាន​ស្រែក​ ដោយ​សំឡេង​ខ្លាំង​ៗ​ថា៖​ «អេឡយៗ ​ឡាម៉ា​សាបាច់​ថានី» ដែល​ប្រែ​ថា​៖​ «ឱ ​ព្រះ​ជាម្ចាស់​នៃ​ខ្ញុំ​​​​! ឱ ​ព្រះ​ជាម្ចាស់​នៃ​ខ្ញុំ​អើយ​! ហេតុ​អ្វី​ព្រះ​អង្គ​​បោះ​បង់​ខ្ញុំ​ដូច្នេះ?» ៣៥អ្នក​​ខ្លះ​​ដែល​ឈរ​នៅ​ក្បែ​រ​នោះ​បាន​ស្ដាប់​ឮ​ ក៏​​និយាយ​ថា​៖​ «មើល៍​ គាត់​​ស្រែក​រក​លោក​អេលីយ៉ា​​ហើយ» ​៣៦​មាន​បុរស​ម្នាក់​បាន​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ ដាក់​នឹង​ដើម​ត្រែង រួច​​ហុច​ទៅ​ឲ្យ​ព្រះ​អង្គ​​ផឹក ​ដោយ​និយាយ​ថា៖​ «ចូរ​យើង​កុំ​ធ្វើ​អី​គាត់​​ ចាំ​មើល​​ ថា​តើ​លោក​អេលីយ៉ា​ មក​ដោះគាត់​ចុះដែរ​ឬ​អត់» ៣៧ព្រះយេស៊ូ​ក៏​ស្រែក​យ៉ាង​ខ្លាំង​ ហើយ​បាន​ផុត​ដង្ហើម​​ទៅ ៣៨​ពេល​នោះ​វាំង​នន​​នៅ​ក្នុង​ព្រះ​វិហារ ​ក៏​រហែក​ជា​ពីរ​ ចាប់​ពី​លើ​រហូត​ដល់​ក្រោម ៣៩​កាល​នាយ​ទាហាន​​ម្នាក់​ ដែល​ឈរនៅ​ជិត​ទល់​​មុខ​នឹង​ព្រះអង្គ​ បាន​​ឃើញ​ព្រះ​អង្គ​បាន​ផុត​ដង្ហើម​​យ៉ាង​ដូច្នេះ​ ក៏​និយាយ​ថា​៖​ «បុរស​នេះ​ជា​​ព្រះ​រាជ​បុត្រា​របស់​ព្រះ​ជាម្ចាស់​មែន» ​៤០មាន​ស្ត្រី​ខ្លះ​​​បាន​សម្លឹង​​មើល​ពី​ចម្ងាយ ​ក្នុង​​ចំណោម​នោះ មាន​ទាំង​នាង​ម៉ារា​ ជាអ្នក​ក្រុង​ម៉ាក់​ដាឡា​​ និង​នាង​ម៉ារា​ ជា​ម្ដាយ​របស់​យ៉ាកុប​តូច​ និង​យ៉ូសេ​ ព្រម​ទាំង​នាង​​សាឡូមេដែរ ​ ៤១​ស្ដ្រី​ទាំង​នោះ​ជា​អ្នក​តាម​បម្រើ​ព្រះ​អង្គ​ កាល​ព្រះ​អង្គ​នៅ​ក្នុង​ស្រុក​កាលីឡេ​​​ ហើយ​​ស្ដ្រី​ច្រើន​នាក់​ផ្សេង​ទៀត​​ ជា​អ្នក​​បាន​ឡើង​មក​ក្រុង​យេរូសាឡិម​​​​​ជាមួយ​ព្រះអង្គ។​ ៤២​ថ្ងៃ​នោះ​ជា​ថ្ងៃ​​រៀប​ចំ​សម្រាប់​ថ្ងៃ​សប្ប័ទ​​​​ គឺ​មុន​ថ្ងៃ​​សប្ប័ទ​​​មួយ​ថ្ងៃ​ ហើយ​នៅ​ល្ងាច​នោះ​​

ការបញ្ចុះសពព្រះ​យេស៊ូ​​

៤៣​លោក​យ៉ូសែប​ នៅ​ក្រុង​អើរីម៉ាថេ​ជា​សមាជិក​​​ឆ្នើម​ ក្នុង​ក្រុម​បឹ្រក្សាកំពូល​​ និង​ ជា​អ្នក​ដែល​រង់ចាំ​នគរ​ព្រះ​ជាម្ចាស់​ ​បាន​ទៅ​ជួប​លោក​ពីឡាត់​ យ៉ាង​ក្លាហាន​ ហើយ​សុំ​យក​សព​ព្រះយេស៊ូ ៤៤​ពេល​​​ដឹង​ថា ​ព្រះ​អង្គ​​សោយទិវង្គត​ លោក​ពីឡាត់​​ឆ្ងល់​ណាស់​ ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មកសួរដើម្បី​ឲ្យ​ដឹង​ថា ​តើ​ព្រះ​អង្គ​​សោយទិវង្គត​​មែន​​ ឬ​មិន​មែន​ ៤៥​ពេល​ដឹង​ដំណឹង​ពី​នាយ​ទាហាន​នោះ​ហើយ​ គាត់ក៏ប្រគល់​សព​ព្រះអង្គ ​ឲ្យ​លោក​យ៉ូសែប ៤៦​លោកយ៉ូសែប ក៏​ទិញ​សំពត់​ទេសឯក​​ ហើយ​ដាក់​សព​ចុះ​ រុំ​នឹង​សំពត់​ទេស​ឯកនោះ​​ បញ្ចុះ​ក្នុង​ផ្នូរ​ ដែល​ដាប់នៅ​​ក្នុង​ថ្ម​ ហើយ​គាត់បាន​ប្រមៀល​ថ្ម ​បិទ​ច្រក​ចូល​ក្នុង​ផ្នូរ ​៤៧​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​​​ និង​នាង​ម៉ារា​ ជាម្ដាយ​របស់​លោក​យ៉ូសេ​បាន​ឃើញ​កន្លែង​ ដែល​គេ​បញ្ចុះ​សព​ព្រះ​អង្គ។

ម៉ាកុស ១៥