ម៉ាកុស ១០
ការរៀបការ និងការលែងលះ
១០បន្ទាប់ពីបានចាកចេញ ពីទីនោះ ព្រះអង្គក៏មកដល់ស្រុកយូដា ដែលនៅត្រើយម្ខាងអូរយ័រដាន់ ហើយបណ្ដាជនក៏ជួបជុំគ្នាមកឯព្រះអង្គម្ដងទៀត ព្រះអង្គក៏បង្រៀនពួកគេតាមទម្លាប់ព្រះអង្គ ២ពួកអ្នកខាងគណៈផារិស៊ី ចូលមកល្បងលព្រះអង្គ ដោយទូលសួរថា៖ «បើប្ដីលែងប្រពន្ធ តើវិន័យអនុញ្ញាតដែរឬទេ?» ៣ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើលោកម៉ូសេ បង្គាប់អ្នករាល់គ្នាយ៉ាងដូចម្ដេចខ្លះ?» ៤ពួកគេនិយាយថា៖ «លោកម៉ូសេអនុញ្ញាតឲ្យ បុរសសរសេរសំបុត្រលែងលះ រួចលែងប្រពន្ធ» ៥ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នោះព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស បានជាលោកម៉ូសេសរសេរបញ្ញត្ដិនេះ សម្រាប់អ្នករាល់គ្នា ៦តែព្រះជាម្ចាស់បានបង្កើតពួកគេជាប្រុស ជាស្រី តាំងពីដើមកំណើតពិភពលោកមកម្ល៉េះ ៧ដោយហេតុនេះ បានជាមនុស្សប្រុសនឹងចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន ៨អ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ ដូច្នេះ ពួកគេមិនមែនពីរនាក់ទៀតទេ តែជាសាច់តែមួយវិញ ៩ដូច្នេះ កុំឲ្យមនុស្សបំបែកអ្វី ដែលព្រះជាម្ចាស់បានផ្សំផ្គុំឡើយ»។
១០ពេលទៅដល់ផ្ទះ ពួកសិស្សទូលសួរព្រះអង្គម្ដងទៀត អំពីសេចក្ដីនេះ ១១ព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នកណាលែងប្រពន្ធខ្លួន រួចរៀបការនឹងស្រ្តីម្នាក់ទៀត នោះផិតក្បត់នឹងប្រពន្ធហើយ ១២រីឯប្រពន្ធលែងប្តីខ្លួន រួចរៀបការនឹងបុរសម្នាក់ទៀត នោះនាងផិតក្បត់ហើយ»។
ព្រះយេស៊ូប្រទានពរដល់ក្មេងៗ
១៣មានមនុស្សនាំក្មេងៗមកឯព្រះអង្គ ដើម្បីឲ្យព្រះអង្គពាល់ក្មេងៗទាំងនោះ តែពួកសិស្សបានស្ដីបន្ទោសពួកគេ ១៤កាលទតឃើញដូច្នេះ ព្រះយេស៊ូទាស់ចិត្តយ៉ាងខ្លាំង ក៏មានបន្ទូលទៅពួកគេថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរព្រះជាម្ចាស់ជារបស់មនុស្សដូចជាក្មេងៗទាំងនេះ ១៥ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា បើអ្នកណាមិនទទួលយកនគរព្រះជាម្ចាស់ ដូចជាកូនក្មេង នោះមិនអាចចូលក្នុងនគរព្រះជាម្ចាស់បានឡើយ» ១៦ព្រះអង្គបានលើកក្មេងៗ ទាំងឲ្យពរដោយដាក់ដៃលើពួកគេ។
បុរសអ្នកមានជួបព្រះយេស៊ូ
១៧កាលព្រះអង្គកំពុងទៅតាមផ្លូវ នោះមានមនុស្សម្នាក់រត់មកលុតជង្គង់នៅមុខព្រះអង្គ និងទូលសួរថា៖ «លោកគ្រូល្អអើយ! តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានជីវិតអស់កល្បជានិច្ច ទុកជាមរតក?» ១៨ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីអ្នកហៅខ្ញុំថាល្អដូច្នេះ គ្មាននរណាម្នាក់ល្អទេ លើកលែងតែព្រះជាម្ចាស់មួយអង្គគត់ ១៩អ្នកស្គាល់បញ្ញត្ដិហើយថា កុំសម្លាប់ កុំផិតក្បត់ កុំលួច កុំធ្វើសាក្សីក្លែងក្លាយ កុំគៃបន្លំ និងចូរគោរពឪពុកម្ដាយរបស់អ្នក» ២០គាត់ទូលព្រះអង្គថា៖ «លោកគ្រូ ខ្ញុំបានធ្វើតាមបញ្ញត្តិទាំងនេះ តាំងពីខ្ញុំវ័យជំទង់ម៉្លេះ» ២១ប៉ុន្ដែព្រះអង្គមើលទៅគាត់ ដោយក្ដីស្រឡាញ់ និងមានបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្ដីមួយ ចូរទៅលក់ទ្រព្យសម្បត្តិ ដែលអ្នកមានទាំងឡាយ ហើយឲ្យអ្នកក្រចុះ អ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ» ២២ប៉ុន្ដែគាត់ព្រួយចិត្ត ដោយសារឮព្រះបន្ទូលនេះ ហើយបានចាកចេញទៅទាំងសោកសៅ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន ២៣ពេលព្រះយេស៊ូមើលជុំវិញហើយ ក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់» ២៤ពួកសិស្សឆ្ងល់នឹងព្រះបន្ទូលព្រះអង្គ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលតបទៀតថា៖ «កូនអើយ! ការចូលក្នុងនគរព្រះជាម្ចាស់នោះពិបាកណាស់ ២៥សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយស្រួលជាងអ្នកមាន ចូលក្នុងនគរព្រះជាម្ចាស់ ទៅទៀត» ២៦ពួកគេកាន់តែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នោះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?» ២៧ប៉ុន្ដែ ព្រះយេស៊ូទតទៅពួកគេ ហើយមានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់អាចធ្វើបាន ព្រោះព្រះជាម្ចាស់ អាចធ្វើគ្រប់ការទាំងអស់បាន» ២៨លោកពេត្រុស ចាប់ផ្ដើមទូលព្រះអង្គថា៖ «មើល៍ យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក» ២៩ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គ្មានអ្នកណាដែលព្រមលះបង់ផ្ទះសំបែង កូន ឪពុកម្ដាយ បងប្អូនប្រុសសី្រ ស្រែចម្ការ ព្រោះយល់ដល់ខ្ញុំ និងដំណឹងល្អ ៣០មិនទទួលបានមួយជាមួយរយនោះទេ គឺនៅពេលនេះទទួលបានផ្ទះសំបែង បងប្អូនប្រុសសី្រ ម្ដាយកូន និងស្រែចម្ការ ព្រមជាមួយនឹងការបៀតបៀន ហើយនៅលោកខាងមុខ នឹងបានទទួលជីវិតអស់កល្បជានិច្ច ជាមិនខាន ៣១ហើយមនុស្សជាច្រើនដែលនៅមុខគេនឹងត្រលប់ជាក្រោយគេបង្អស់ រីឯអ្នកនៅក្រោយគេបង្អស់ នឹងបាននៅមុខគេវិញ»។
ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនជាលើកទីបីអំពីការសោយទិវង្គតរបស់ព្រះអង្គ
៣២កាលពួកគេកំពុងធ្វើដំណើរតាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូនាំមុខពួកគេ រីឯអ្នកដែលដើរតាមព្រះអង្គបានតក់ស្លុត និងភ័យខ្លាចជាខ្លាំង រួចពេលប្រមូលសាវក ទាំងដប់ពីរមកម្ដងទៀតហើយ ព្រះអង្គក៏ចាប់ផ្តើមមានបន្ទូលបា្រប់ពួកគេអំពីអ្វីៗដែលនឹងកើតចំពោះព្រះអង្គថា៖ ៣៣«មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម រីឯកូនមនុស្សនឹងត្រូវគេប្រគល់ ឲ្យទៅពួកសម្ដេចសង្ឃនិងគ្រូវិន័យហើយពួកគេនឹងកាត់ទោសប្រហារជីវិតលោក រួចប្រគល់លោកឲ្យទៅសាសន៍ដទៃ ៣៤ហើយពួកគេនឹងចំអកឲ្យលោក ស្ដោះទឹកមាត់ដាក់លោក វាយនឹងខ្សែតី រួចសម្លាប់លោក ប៉ុន្ដែបីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ»។
សំណូមរបស់លោកយ៉ាកុប និងលោកយ៉ូហាន
៣៥លោកយ៉ូហាន និងលោកយ៉ាកុប ជាកូនលោកសេបេដេបានមករកព្រះអង្គ និងទូលព្រះអង្គថា៖ «លោកគ្រូ យើងចង់ឲ្យលោកធ្វើតាមសំណូមរបស់យើង» ៣៦ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» ៣៧ពួកគេឆ្លើយថា៖ «សូមឲ្យយើងបានអង្គុយ ម្នាក់នៅខាងស្ដាំលោក និងម្នាក់ទៀតនៅខាងឆ្វេងលោក នៅក្នុងសិរីរុងរឿងរបស់លោកផង» ៣៨ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកមិនដឹងថាអ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំផឹក និង ទទួលពិធីជ្រមុជដែលខ្ញុំទទួលបានដែរឬទេ?» ៣៩ពួកគេទូលព្រះអង្គថា៖ «យើងអាចទទួលបាន» ព្រះអង្គក៏មានបន្ទូលទៅគេទៀតថា៖ «អ្នកនឹងផឹកពីពែងដែលខ្ញុំផឹក ហើយទទួលពិធីជ្រមុជដែលខ្ញុំទទួលបានមែន ៤០ប៉ុន្ដែដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអ្នកដែលព្រះជាម្ចាស់បានរៀបចំ ទុកឲ្យប៉ុណ្ណោះ» ៤១ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ចាប់ផ្ដើមទាស់ចិត្ដនឹងលោកយ៉ូហាន និងលោកយ៉ាកុប ៤២ព្រះយេស៊ូហៅពួកគេមក រួចមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រងលើសាសន៍ដទៃ គឺត្រួតត្រាលើគេ ហើយពួកអ្នកធំរបស់គេក៏ប្រើសិទ្ធិអំណាចលើគេដែរ ៤៣ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នាវិញ មិនមែនដូច្នោះឡើយ អ្នកណាដែលចង់ធ្វើធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ ៤៤ហើយអ្នកណាចង់ធ្វើជាទីមួយក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាបាវបម្រើមនុស្សគ្រប់គ្នា ៤៥ដ្បិតសូម្បីតែកូនមនុស្ស ក៏មិនបានមកឲ្យគេបម្រើដែរ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះ សម្រាប់មនុស្សជាច្រើនផង»។
បុរសខ្វាក់បារទីមេបានភ្លឺភ្នែកឡើងវិញ
៤៦ពួកគេមកដល់ក្រុងយេរីខូរ ហើយពេលព្រះអង្គ និងពួកសិស្សរួមជាមួយមនុស្សច្រើនកុះករកំពុងធ្វើដំណើរចេញពីក្រុងយេរីខូរ នោះមានអ្នកសុំទានម្នាក់ ខ្វាក់ភ្នែក ឈ្មោះបារទីមេ ជាកូនប្រុសលោកទីមេ កំពុងតែអង្គុយនៅចិញ្ចើមផ្លូវ ៤៧ហើយពេលឮថា នោះជាព្រះយេស៊ូអ្នកក្រុងណាសារ៉ែត គាត់ចាប់ផ្ដើមស្រែកឡើងថា៖ «ព្រះយេស៊ូជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង!» ៤៨មនុស្សជាច្រើនបានបន្ទោសឲ្យគាត់នៅស្ងៀម ប៉ុន្ដែគាត់ស្រែកកាន់តែខ្លាំងឡើងៗថា៖ «ព្រះយេស៊ូ ជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង!» ៤៩ព្រះយេស៊ូក៏ឈប់ និងមានបន្ទូលថា៖ «ចូរហៅគាត់មក» គេក៏ហៅបុរសខ្វាក់នោះ ទាំងនិយាយទៅគាត់ថា៖ «ចូរអរសប្បាយ ហើយក្រោកឈរឡើង លោកហៅអ្នកហើយ» ៥០គាត់ក៏បោះអាវគាត់ចោល លោតឡើង ហើយក៏មកឯព្រះយេស៊ូ ៥១ព្រះយេស៊ូក៏មានបន្ទូលតបទៅគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» បុរសខ្វាក់នោះទូលទៅព្រះអង្គថា៖ «លោកគ្រូអើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង» ៥២ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរទៅចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ» ស្រាប់តែភ្លាមនោះ គាត់ក៏មើលឃើញ ហើយដើរតាមព្រះអង្គនៅតាមផ្លូវ។