KCB - លូកា ៨


លូកា ៨

ស្ត្រី​ជា​ច្រើន​ឧបត្ថម្ភ​​កិច្ចការ​របស់ ព្រះយេស៊ូ

ក្រោយមក ព្រះអង្គ​បាន​យាង​ ពី​ក្រុង​មួយ​ទៅក្រុងមួយ និង​ពី​ភូមិ​មួយ​ទៅភូមិ​មួយ ទាំង​បង្រៀន និង​ប្រកាស​ដំណឹងល្អ​ អំពី​នគរ​ព្រះជាម្ចាស់ ឯ​សាវក​​ទាំង​ដប់ពីរ ​បាន​នៅ​ជាមួយ​ព្រះអង្គ​ដែរ ព្រមទាំង​ស្ដ្រី​ខ្លះ​ដែល​ព្រះអង្គ​​បាន​ប្រោស​ឲ្យជា​ ​​ពី​​ជំងឺ​ផ្សេង​ៗនិងពី​​វិញ្ញាណ​​អាក្រក់​​ទាំង​ឡាយ​​ដែរ ​គឺ​​នាង​ម៉ារា ហៅ​ថាអ្នកក្រុងម៉ាក់​ដាឡា​ ដែល​​មាន​អារក្ស​​ចំនួន​ប្រាំពីរ ​បាន​​ចេញ​ពី​នាង ​និង​នាង​យ៉ូអាណាន់​ប្រពន្ធ​លោក​ឃូសា ជា​អ្នកបម្រើ​ស្ដេច​ហេរ៉ូឌ នាង​ស៊ូសាន ព្រមទាំង​ពួក​ស្ដ្រី​​ជាច្រើន​ទៀត​​ដែល​​​បាន​​ផ្គត់​ផ្គង់​ដល់​ព្រះអង្គ និងពួក​សាវក​ ​ដោយ​ទ្រព្យ​សម្បត្ដិ​របស់​ពួកគេ។

រឿង​​អ្នកព្រោះគ្រាប់​ពូជ​

ពេល​បណ្តាជន​ច្រើន​កុះករ និង​ពួក​អ្នក​នៅ​ក្រុង​ផ្សេង​ៗ ប្រមូល​ផ្ដុំ​គ្នា​មក​ជួប​​​​ព្រះអង្គ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ជា​​រឿង​ប្រៀប​​​ប្រដូច​​ថា៖ «មាន​កសិករ​ម្នាក់ ​​ចេញទៅ​ព្រោះ​គ្រាប់ពូជ​របស់​គាត់​ ពេល​​គាត់​ព្រោះ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅលើ​ផ្លូវ ត្រូវ​គេ​ដើរជាន់ ហើយ​សត្វ​លើ​អាកាសបាន​មកចឹក​ស៊ី​អស់។ ខ្លះទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម កាល​ដុះ​ឡើង នោះ​ក៏​ក្រៀមស្វិត​ទៅ ព្រោះ​គ្មាន​សំណើម​ គ្រាប់​ពូជ​​ខ្លះ​ទៀត ​ក៏​​ធ្លាក់ទៅ​​​លើដី​មាន​​បន្លា​ ហើយ​ក៏​ដុះឡើង​ជាមួយ​បន្លា​ដែល​បាន​រួបរឹត​វា។ រីឯ​​​គ្រាប់ពូជ​ខ្លះ​ទៀត ​ធ្លាក់​លើ​ដី​ល្អក៏​ដុះ​ឡើង​ បង្កើត​ផល​បាន​មួយ​ជា​មួយ​រយ»។​ ក្រោយពី​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ហើយ ព្រះ​អង្គ​​​​​ក៏​បន្លឺសំឡេង​ថា៖ «អ្នក​​ដែលមាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!»​ពួក​សិស្ស​​​ព្រះអង្គ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​រឿង​ប្រៀប​ប្រដូច​​នេះ ​មាន​ន័យ​ដូចម្ដេច?» ​ ១០ព្រះអង្គ​​មាន​បន្ទូល​ថា៖ «អាថ៌​កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​​ ត្រូវបាន​ប្រទាន​មក​ឲ្យអ្នករាល់​គ្នា​យល់ ប៉ុន្ដែ​សម្រាប់​អ្នក​ដទៃ​ តាម​រយៈ​រឿង​ប្រៀប​ប្រដូច​​វិញ ដើម្បី​ឲ្យគេ​មើល ប៉ុន្ដែ​មិន​ឃើញ ឲ្យស្ដាប់ ប៉ុន្ដែ​មិន​យល់

ការ​ពន្យល់​អំពី​រឿង​​អ្នកព្រោះគ្រាប់​ពូជ​

១១រឿង​ប្រៀប​ប្រដូច​​នេះ ​មាន​ន័យ​ដូច​ត​ទៅ​ គ្រាប់​ពូជ​ជា​​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ១២គ្រាប់​ពូជ​លើ​ផ្លូវ​ជា​អស់ អ្នក​ដែល​បាន​ឮ​ព្រះ​បន្ទូល រួច​អារក្សសាតាំង​​ក៏​មក​ឆក់​យក​ព្រះបន្ទូល​នោះ​ពី​ចិត្ដ​របស់​ពួកគេ​ទៅ ដើម្បី​កុំ​ឲ្យពួកគេ​ជឿ និង​​បាន​សង្គ្រោះ​​ឡើយ។​​ ១៣គ្រាប់​ពូជ​លើ​ថ្ម​ ជា​អស់​អ្នក​ដែល​នៅ​ពេល​បាន​ឮ​ព្រះបន្ទូល ក៏​ទទួល​យក​ដោយ​អំណរ តែ​អ្នក​ទាំងនេះ​គ្មាន​ឫស​ទេ ពួកគេ​ជឿ​បាន​តែ​មួយ​រយៈ ហើយ​នៅពេល​មាន​សេចក្ដីល្បួង ពួកគេ​ក៏​បោះបង់​ចោល។​​ ១៤គ្រាប់​ពូជ​ដែល​ធ្លាក់​ក្នុង​គុម្ព​បន្លា អ្នក​ទាំងនេះ​ ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល ប៉ុន្ដែ ​ដោយសារ​តែ​សេចក្ដី​ខ្វល់ខ្វាយទ្រព្យ​សម្បត្តិ ព្រមទាំង​តណ្ហា​នៃ​ជីវិត​តាមមក​រួបរិត នោះ​​​មិន​បាន​បង្កើត​ផលផ្លែដ៏ល្អ​ឡើយ។​ ១៥គ្រាប់​ពូជ​លើ​ដី​ល្អ អ្នក​ទាំងនេះ​ជា​អស់​អ្នក​​ដែល​​បាន​ឮ​ព្រះបន្ទូល និងបាន​រក្សាទុក​ដោយ​ចិត្ដ​ល្អ​ទៀង​ត្រង់ ហើយ​បង្កើត​ផលផ្លែ​ដោយ​សេចក្ដី​អត់ធ្មត់។

រឿង​អំពីចង្កៀង​

១៦គ្មាន​អ្នកណា​អុជ​ចង្កៀង ហើយ​យក​​ក្រឡ​គ្រប​ ឬ​ដាក់​នៅ​ក្រោម​គ្រែ​ទេ គឺ​គេ​ដាក់​នៅ​លើ​ជើងចង្កៀង​វិញ ដើម្បី​ឲ្យពួក​អ្នក​ចូលមក​បាន​មើល​ឃើញ​ពន្លឺ។​ ១៧ដ្បិត​គ្មាន​ការ​លាក់​កំបាំង​អ្វី​ ដែល​នឹង​មិនសំដែង​​ឲ្យ​ឃើញ​នោះ​ឡើយ ហើយ​ក៏​គ្មាន​អាថ៌កំបាំង​អ្វី​ដែល​មិន​បាន​ឲ្យគេ​ដឹង និង​​យកមក​បើកចំហ​ដែរ។​ ១៨ដូច្នេះចូរ​ប្រយ័ត្ន​ចំពោះ​របៀប ​ដែល​អ្នក​រាល់គ្នា​ស្ដាប់​ ដ្បិត​អ្នកណា​ដែល​មាននឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន នឹង​ត្រូវ​ដកយក​ពី​អ្នក​នោះ​វិញ សូម្បីតែ​អ្វី​ដែល​អ្នកនោះ​គិតថា​ មានផង»​

បងប្អូនពិត​ប្រាកដ​របស់ព្រះយេស៊ូ

១៩ម្ដាយ​ និង​បងប្អូនរបស់​ព្រះយេស៊ូ​បាន​មក​ជួប​ព្រះអង្គ ប៉ុន្ដែ​ពួកគេ​មិន​អាច​ទៅជិត​ព្រះអង្គ​បាន​ទេ ពីព្រោះ​មនុស្ស​ច្រើន​ពេក​ ២០រួចមាន​​គេ​​ទូល​ព្រះអង្គ​ថា៖​​ «ម្ដាយ និង​បងប្អូន​របស់​លោក​កំពុង​ឈរ​នៅខាងក្រៅ​ចង់​ជួប​លោក»។​​ ២១ប៉ុន្ដែ ​ព្រះអង្គ​ មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នក​ណា ​ដែល​​ឮ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ហើយ​​ប្រព្រឹត្តតាម អ្នក​នោះ​ហើយ​ជា​ម្ដាយ និង​ជា​បងប្អូន​របស់​ខ្ញុំ»

ព្រះយេស៊ូធ្វើ​ឲ្យព្យុះ​ស្ងប់​

២២នៅ​ថ្ងៃ​មួយ ព្រះអង្គ​បាន​យាងចុះ​ទូក​ជាមួយ​ពួក​សិស្ស និង​បាន​មានបន្ទូល​ទៅ​ពួកគេ​ថា៖ «ចូរ​យើង​ឆ្លង​បឹង​​ទៅ​ត្រើយ​ម្ខាង»។ ពួកគេ​ក៏​ចេញទូកទៅ។​ ២៣កាល​ពួកគេ​កំពុង​ឆ្លងទូក ព្រះអង្គ​ក៏​ផ្ទំលក់ នោះ​ខ្យល់​ព្យុះ​ក៏​បក់​មក​លើ​បឹង ហើយ​ពួកគេ​ស្ទើរតែ​លិច​ទៅ​ក្នុង​ទឹក ព្រមទាំង​ស្ថិត​នៅក្នុង​គ្រោះថ្នាក់។​ ២៤ពួកគេ​បាន​ចូល​មក​ជិត ​ដាស់​ព្រះអង្គ​ថា​៖ «លោកគ្រូ! លោកគ្រូ! យើង​​កំពុងតែ​វិនាស​ហើយ»​ ព្រះអង្គ​ក៏​ភ្ញាក់​ឡើង បន្ទោស​ខ្យល់ និង​ទឹក​រលក ហើយ​វា​ក៏​ឈប់ រួច​ក៏​ស្ងប់​ទៅ។​​ ២៥ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖​​ «តើ​ជំនឿ​របស់​អ្នករាល់គ្នា​នៅឯ​ណា?» ពួកគេ​ក៏​នឹកអស្ចារ្យ​ ទាំង​កោតខ្លាច និង​និយាយ​គ្នា​ទៅវិញទៅមក​ថា៖ «ចុះ​តើ​លោក​នេះ​ជា​​នរណាបាន​ជា​សូម្បី​តែ​​ខ្យល់ និង​ទឹក​ស្ដាប់​បង្គាប់លោកពេល​​លោក​បញ្ជា​?»​

ព្រះយេស៊ូបណ្ដេញ​​អារក្ស​ពី​បុរស​ម្នាក់​

២៦ពួកគេ​ក៏​ឆ្លងទូក​ មក​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន​ ដែល​នៅ​ទល់មុខ​ស្រុក​កាលីឡេ។​ ២៧កាល​ព្រះអង្គ​ឡើង​លើ​គោក ក៏​បាន​ជួប​នឹង​បុរស​ម្នាក់​មកពី​ក្រុង​នោះ ដែល​មាន​អារក្ស​​ចូល និង​មិន​បាន​ស្លៀក​ សម្លៀក​បំពាក់​អ្វី​សោះ​អស់​រយៈពេល​យូរ​មក​ហើយ​ គាត់​មិន​បាន​រស់នៅ​ក្នុង​​ផ្ទះ​ទេ គឺ​នៅ​តែ​តាម​ផ្នូរខ្មោច​ប៉ុណ្ណោះ។ ២៨ពេល​​ឃើញ​ព្រះយេស៊ូ គាត់​ក៏​ក្រាប​នៅ​ពី​មុខ​ព្រះអង្គ និង​បាន​ស្រែក​ទូល ​ដោយ​សំឡេង​​ខ្លាំងៗ​ថា៖ «ឱ ​ព្រះយេស៊ូ​ដែល​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​ ដ៏​ខ្ពស់បំផុត​អើយ! តើ​ខ្ញុំ និង​ព្រះអង្គ​មាន​​រឿង​ហេតុអ្វី​នឹងគ្នា? ខ្ញុំ​សូមអង្វរ​ព្រះអង្គកុំ​ធ្វើ​ទារុណកម្ម​ខ្ញុំ​អី»។​ ២៩ដ្បិត​​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណ​អាក្រក់​ ​ឲ្យចេញ​ពី​បុរស​នោះ ព្រោះ​វា​បាន​សណ្ឋិត​ក្នុង​គាត់​ច្រើន​លើក​ហើយ ដូច្នេះ​ទោះបី​គេ​យាម​គាត់​ទាំង​ដាក់​ខ្នោះជើង និង​ដាក់​ច្រវាក់​ក៏ដោយ ក៏​គាត់​​នៅតែ​ផ្ដាច់​ចំណង​ទាំង​អស់​នោះ​ខ្ទេច ហើយ​អារក្ស​​បាន​នាំ​គាត់​ទៅ​ទីរហោឋាន។​ ៣០ព្រះ​យេស៊ូ​សួរ​វា​ថា៖​ «តើ​ឯង​ឈ្មោះ​អ្វី​?»​ វា​ក៏​ឆ្លើយ​ថា៖​ «កងទ័ព»​ ព្រោះ​មាន​អារក្ស​​ច្រើន​បាន​ចូល​ក្នុង​គាត់​ ៣១ហើយ​ពួកវា​បាន​អង្វរ​ព្រះអង្គ កុំ​ឲ្យព្រះអង្គ​បង្គាប់​ពួកវា​ចេញ​ទៅ​ក្នុង​រណ្ដៅ​នរក។​​ ៣២នៅទីនោះ​មាន​ជ្រូក​មួយ​ហ្វូង​ធំ ​កំពុង​តែ​ស៊ីចំណី​លើ​ភ្នំ ហើយ​អារក្សក៏អង្វរព្រះអង្គ សុំឲ្យព្រះអង្គអនុញ្ញាតឲ្យ ​ពួកវា​ចូល​ក្នុង​ជ្រូក​ទាំងនោះ ព្រះអង្គ​ក៏​អនុញ្ញាត​​ឲ្យពួកវា។​​ ៣៣ពួក​អារក្ស​​ក៏​ចេញ​ពី​បុរស​នោះ​ ចូល​​​ក្នុង​សត្វ​ជ្រូក​ទាំងនោះ ហ្វូង​ជ្រូក​ក៏​បោល​តាម​​ច្រាំង​ចំណោត​ចូល​ទៅក្នុង​បឹង ហើយ​លង់​ទឹក​អស់​ទៅ។​​ ៣៤ពេល​ពួក​អ្នក​ចិញ្ចឹម​ជ្រូក ​បាន​ឃើញ​ហេតុ​កាណ៍​​កើតឡើង ក៏​រត់គេច​ខ្លួន​អស់ ហើយ​បាន​រៀបរាប់​រឿងនេះ​នៅតាម​ក្រុង និង​ជនបទ​នានា​ ៣៥ប្រជាជន​​ក៏​នាំ​គ្នា​ចេញមក​មើល​ហេតុ​ការណ៍​ ​ដែល​កើតឡើង និង​បាន​មក​ជួប​ព្រះយេស៊ូ ក៏​ឃើញ​បុរស​ដែល​ពួក​អារក្ស​​បាន​ចេញ​ពី​គាត់ កំពុង​នៅទៀប​បាទា​ព្រះយេស៊ូ ទាំង​ស្លៀក​ពាក់ និង​មានស្មារតី​ឡើងវិញ ពួកគេ​ក៏​មាន​សេចក្ដី​កោតខ្លាត។​​ ៣៦ពួក​អ្នក​ដែល​បាន​ឃើញ ក៏​រៀបរាប់​បា្រប់​ពួកគេ​ពី​របៀប​ដែល​​បុរស​មាន​អារក្ស​ចូល ​ត្រូវ​បាន​ប្រោសឲ្យ​ជា។ ​ ៣៧អ្នក​​​ទាំងអស់​ដែល​នៅ​ជុំវិញ ​តំបន់​របស់​ពួក​គេរ៉ាស៊ីន ​​បាន​សុំ​ឲ្យព្រះអង្គ ​ចាក​ចេញ​​ពី​ពួកគេ ព្រោះ​ពួកគេ​​​មាន​សេចក្ដី​ភ័យ​ខ្លាច​ជាខ្លាំង ដូច្នេះ ​ ព្រះអង្គ​ក៏​យាង​ចុះ​ទូក​ត្រលប់​មកវិញ។​ ៣៨បុរស​ដែល​ពួក​អារក្ស​​បាន​ចេញ​នោះ បាន​អង្វរសុំ​នៅ​ជាមួយ​ព្រះអង្គ ប៉ុន្ដែ​ព្រះអង្គ​បាន​ចាត់​គាត់​ឲ្យ​ទៅ​វិញ ដោយ​មានបន្ទូល​ថា៖​ ៣៩«ចូរ​ត្រលប់ទៅ​ផ្ទះ​របស់​អ្នក​វិញ ហើយ​រៀប​រាប់​អំពី​ការ​ទាំងអស់ ​ដែល​ព្រះជាម្ចាស់​ បាន​ធ្វើ​សម្រាប់​អ្នក»។​ គាត់​ក៏​ចេញ ទៅ​ពាសពេញ​ក្រុង​ទាំងមូល ​ប្រកាស​ប្រាប់​អំពីការទាំងអស់​ ដែល​ព្រះយេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់។​

ព្រះយេស៊ូប្រោស​ឲ្យជា​ដោយ​សារ​ជំនឿ​

៤០ពេល​ ព្រះយេស៊ូ​ត្រលប់​មកវិញ​ មនុស្ស​ច្រើន​​កុះករ​​ បាន​ស្វាគមន៍​ព្រះអង្គ​យ៉ាងរាក់ទាក់ ដ្បិត​ពួកគេ​គ្រប់​​គ្នា​បាន​ទន្ទឹងចាំ​ព្រះអង្គ​ ៤១ហើយ​​​មើល៍ មាន​បុរស​ម្នាក់ ​ឈ្មោះ​យៃរ៉ូស​បាន​មក ម្នាក់​នេះ​ជា​ប្រធាន​សាលាប្រជុំ​​ គាត់​បាន​ក្រាប​នៅ​ទៀប​​បាទា​ព្រះយេស៊ូ ទាំង​អង្វរសុំ​ឲ្យព្រះអង្គ​យាង​ទៅ​ផ្ទះ​របស់​គាត់​ ៤២ព្រោះ​កូនស្រី​តែមួយ​របស់​​គាត់​ ដែល​មានអាយុ​ប្រហែល​ដប់ពីរ​ឆ្នាំ ជិត​​ស្លាប់​ហើយ ប៉ុន្ដែ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ បណ្ដាជន​បាន​ប្រជ្រៀត​ព្រះអង្គ​ ៤៣ហើយ​មានស្ដ្រី​ម្នាក់​ មាន​ជំងឺ​ធ្លាក់​ឈាម​អស់រយៈពេល​​ដប់ពីរ​ឆ្នាំមកហើយ ​(​នាង​បាន​ចំណាយ​ ទ្រព្យ​សម្បត្តិ​របស់​នាង​ទាំង​អស់​លើ​ពួកគ្រូពេទ្យ​)​​ តែ​​​គ្មានអ្នកណា​​ម្នាក់​ អាច​​ព្យាបាល​នាង​ជា​​ឡើយ។​ ៤៤កាល​បាន​ចូលមកជិត​ពី​ខាង​ក្រោយ នាង​បាន​ពាល់​រំយោល​អាវ​របស់​ព្រះអង្គ ហើយ​នាងក៏​​បាន​ឈប់​ធ្លាក់​ឈាម​ភ្លាម។​​​ ៤៥ព្រះយេស៊ូ​មាន​បន្ទូល​ថា៖ «តើ​​នរណា​បាន​ពាល់​ខ្ញុំ?» ​​​ពេល​មនុស្ស​គ្រប់គ្នា ​កំពុងតែ​បដិសេធ លោក​ពេត្រុស​ក៏​ទូល​ថា៖​ «លោកគ្រូ​អើយ! បណ្ដាជន​កំពុង​ប្រ​ជ្រៀត​​ជុំវិញ​លោក» ៤៦ប៉ុន្ដែ ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «មាន​អ្នកណា​ម្នាក់ ​បាន​ពាល់​ខ្ញុំ ដ្បិត​ខ្ញុំ​ដឹង​ថា​ អំណាច​បាន​​​​ចេញ​ពី​ខ្ញុំ»។​​៤៧កាល​​ស្ដ្រី​នោះ​ដឹង​ថា នាង​លាក់​មិន​ជិត ក៏​មក​ក្រាប​ទាំង​ភ័យញ័រ​នៅពី​មុខ​ព្រះអង្គ ហើយ​នាង​​រៀបរាប់​ប្រាប់​នៅចំពោះមុខ​មនុស្ស​ទាំង​អស់​អំពី​​មូលហេតុ​ ដែល​នាង​បាន​ពាល់​ព្រះអង្គ និង​អំពី​​របៀប​ដែល​នាង​បានជា​ភ្លាម​ៗ​ ៤៨រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា​៖ «កូនស្រី​អើយ! ជំនឿ​របស់​អ្នក​​បាន​ធ្វើ​ឲ្យ អ្នក​​ជាសះស្បើយ​ហើយ ចូរ​ទៅ​ដោយ​សុខសាន្ដ​ចុះ»។​​ ៤៩ពេល​ព្រះអង្គ​កំពុង​មានបន្ទូល ​មាន​មនុស្សម្នាក់​មក​ពី​ផ្ទះ​របស់​ប្រធាន​​​សាលាប្រជុំ​ ​ប្រាប់​លោក​យៃរ៉ូស​​ថា​៖​ «កូនស្រី​របស់​លោក​ស្លាប់​ហើយ កុំ​រំខាន​លោក​គ្រូ​​ទៀត​អី» ៥០ប៉ុន្ដែ​​ពេល​ព្រះយេស៊ូ​ឮ ក៏​ឆ្លើយ​ទៅ​លោក​យៃរ៉ូស​ថា​៖ «កុំ​ខ្លាច​អី! គ្រាន់តែ​ជឿ​ប៉ុណ្ណោះនាង​នឹង​បានជា»។​ ៥១ពេល​មក​ដល់​ផ្ទះ​នោះ ព្រះ​អង្គ​មិន​បាន​អនុញ្ញាត​ឲ្យអ្នកណា​ ចូល​ទៅ​​ខាងក្នុង​ជាមួយ​ព្រះអង្គ​ទេ លើកលែងតែ​លោក​​ពេត្រុស លោក​យ៉ូ​ហាន លោក​យ៉ាកុប និង​​ឪពុក​ម្ដាយ​​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។​​ ៥២​មនុស្ស​​ទាំងអស់​កំពុង​កាន់​ទុក្ខ​ ទាំងទ្រហោយំ ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ថា៖ «ឈប់​ទ្រហោយំ​ទៀត​ទៅ ដ្បិត​នាង​មិនទាន់​ស្លាប់​ទេ គឺ​នាង​កំពុង​ដេក​លក់​ទេតើ»​​ ៥៣ពួកគេ​ក៏​សើចចំអក​ឲ្យព្រះអង្គ ដោយ​​​ដឹង​ថា​ នាង​បាន​ស្លាប់​ហើយ​ ៥៤ប៉ុន្ដែ​ព្រះអង្គ​បាន​ចាប់​ដៃ​របស់​នាង ទាំង​ស្រែកហៅ​ថា​៖ «នាង​តូច​អើយ! ក្រោក​ឡើង» ៥៥វិញ្ញាណ​របស់​នាង ​ក៏​ត្រលប់​មកវិញ ហើយ​នាង​បាន​ក្រោក​ឈរ​ភ្លាម ព្រះអង្គ​ក៏​បង្គាប់​ឲ្យផ្ដល់​អាហារ​ឲ្យនាង​បរិភោគ។​ ៥៦ឪពុក​ម្ដាយ​របស់​នាង ​មាន​ការ​​អស្ចារ្យក្នុងចិត្ដ​យ៉ាងខ្លាំង ​ប៉ុន្ដែ​ព្រះអង្គ​បាន​បង្គាប់ពួកគេ កុំឲ្យប្រាប់​អ្នកណា​ម្នាក់​អំពី​ហេតុ​ការណ៍​​ដែល​​បាន​កើត​ឡើង​​នេះ។

លូកា ៨