លូកា ៧
ជំនឿរបស់នាយទាហានរ៉ូម
៧ពេលព្រះអង្គមានបន្ទូលទៅ បណ្តាជនដែលកំពុងស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្នុងក្រុងកាពើណិម។ ២ពេលនោះ មានបាវបម្រើ ជាទីសំណព្វចិត្តរបស់នាយទាហានម្នាក់បានឈឺជិតស្លាប់ ៣កាលបានឮអំពីព្រះយេស៊ូ នាយទាហាននោះក៏ចាត់ពួកចាស់ទុំ នៃជនជាតិយូដាមកអង្វរព្រះអង្គ ដើម្បីឲ្យព្រះអង្គយាងមកប្រោសបាវបម្រើរបស់គាត់ឲ្យជា។ ៤អ្នកទាំងនោះក៏មកឯព្រះយេស៊ូ ហើយបានអង្វរព្រះអង្គយ៉ាងទទូចថា៖ «គាត់ស័ក្ដិសមទទួលការប្រោសប្រណីពីលោកណាស់ ៥ដ្បិតគាត់ស្រឡាញ់ជនជាតិរបស់យើង ព្រមទាំងសង់សាលាប្រជុំឲ្យយើងផង»។ ៦ដូច្នេះព្រះយេស៊ូក៏យាងទៅជាមួយពួកគេ ប៉ុន្ដែពេលព្រះអង្គនៅមិនឆ្ងាយប៉ុន្មានពីផ្ទះនោះ នាយទាហានក៏ចាត់ពួកមិត្ដសម្លាញ់ឲ្យមកទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! កុំឲ្យរំខានលោក ព្រោះខ្ញុំមិនស័ក្តិសមឲ្យលោកមកក្នុងផ្ទះរបស់ខ្ញុំទេ ៧ដូច្នេះហើយបានជាខ្ញុំគិតថា ខ្លួនខ្ញុំមិនស័ក្តិសមមកជួបលោក ប៉ុន្ដែសូមលោកនិយាយតែមួយម៉ាត់ចុះ នោះបាវបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន ៨ដ្បិតខ្ញុំជាមនុស្សម្នាក់ ដែលស្ថិតនៅក្រោមសិទ្ធិអំណាចដែរ ខ្ញុំមានទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំ បើខ្ញុំប្រាប់ម្នាក់នេះឲ្យទៅ គេនឹងទៅ ប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក ហើយប្រាប់បាវបម្រើរបស់ខ្ញុំឲ្យធ្វើការនេះ គេក៏ធ្វើ» ៩កាលបានឮសេចក្ដីទាំងនេះ ព្រះយេស៊ូស្ងើចសរសើរគាត់ រួចបែរមកមានបន្ទូលនឹងបណ្តាជនដែលកំពុងដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅអ៊ីស្រាអែល ខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះទេ»។ ១០ពួកអ្នកដែលត្រូវបានចាត់ឲ្យមក ក៏ត្រលប់ទៅផ្ទះវិញ ហើយបានឃើញបាវបម្រើនោះមានសុខភាពល្អ។
ព្រះយេស៊ូប្រោសកូនប្រុសស្ត្រី មេម៉ាយម្នាក់
១១នៅថ្ងៃបន្ទាប់នោះ ព្រះអង្គបានយាងទៅក្រុងមួយឈ្មោះណាអ៊ីន ហើយមានសិស្សរបស់ព្រះអង្គ និងបណ្តាជនច្រើនកុះករ បានរួមដំណើរជាមួយព្រះអង្គ។ ១២ពេលព្រះអង្គមកជិតដល់ទ្វារក្រុង មានគេសែងសពមនុស្សម្នាក់ចេញមក ដែលជាកូនប្រុសទោលស្ដ្រីមេម៉ាយម្នាក់ និងមានអ្នកក្រុងនោះច្រើនកុះករ បាននៅជាមួយស្ដ្រីនោះ។ ១៣កាលបានឃើញស្ដ្រីនោះ ព្រះអម្ចាស់មានសេចក្ដីអាណិតអាសូរដល់នាង ក៏មានបន្ទូលទៅនាងថា៖ «ឈប់យំសោកទៀតទៅ» ១៤រួចព្រះអង្គក៏ចូលមកពាល់ក្តារមឈូស ឯពួកអ្នកកំពុងសែងបានឈរនៅទ្រឹង ហើយព្រះអង្គមានបន្ទូលថា៖ «អ្នកកំលោះអើយ! ខ្ញុំប្រាប់អ្នក ចូរក្រោកឡើង»។ ១៥បុរសនោះក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ រួចព្រះអង្គបានប្រគល់អ្នកកំលោះនោះ ឲ្យម្តាយរបស់គាត់វិញ ១៦ហើយមនុស្សគ្រប់គ្នាក៏មានសេចក្ដីកោតខ្លាច ទាំងសរសើរតម្កើងព្រះជាម្ចាស់ថា៖ «មានអ្នកនាំព្រះបន្ទូលដ៏ធំម្នាក់ បានលេចឡើងក្នុងចំណោមយើងហើយ» ហើយពួកគេនិយាយទៀតថា៖ «ព្រះជាម្ចាស់បានមកមើលប្រជារាស្ដ្រ របស់ព្រះអង្គហើយ»។ ១៧ដំណឹងអំពីព្រះអង្គនេះបានឮសុសសាយ នៅក្នុងស្រុកយូដាទាំងមូល និងតំបន់ទាំងអស់នៅជុំវិញនោះ។
ព្រះយេស៊ូសរសើរលោកយ៉ូហាន
< p>១៨ហើយពួកសិស្ស របស់លោក យ៉ូហាន បានប្រាប់លោកយ៉ូហានអំពីការទាំងអស់នេះ គាត់ក៏ហៅសិស្សពីរនាក់ ក្នុងចំណោមពួកសិស្សរបស់គាត់មក ១៩រួចបានចាត់ពួកគេឲ្យទៅទូលសួរព្រះយេស៊ូថា៖ «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬក៏យើងត្រូវទន្ទឹងចាំព្រះមួយអង្គទៀត?» ២០កាលពួកគេមកដល់ ក៏ទូលសួរព្រះអង្គថា៖ «លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក បានចាត់យើងឲ្យមកសួរលោកថា តើលោកជាព្រះមួយអង្គដែលត្រូវយាងមក ឬយើងត្រូវរង់ចាំមួយអង្គទៀត?» ២១នៅពេលនោះ ព្រះអង្គបានប្រោសមនុស្សជាច្រើន ឲ្យបានជាពីជំងឺរោគាផ្សេងៗ និងពីវិញ្ញាណអាក្រក់ទាំងឡាយ ហើយបានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យមើលឃើញ។ ២២ព្រះអង្គមានបន្ទូលឆ្លើយទៅអ្នកទាំងពីរនោះថា៖ «ចូរទៅប្រាប់លោកយ៉ូហាន ពីអ្វីដែលអ្នករាល់គ្នាបានឃើញ និងបានឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានស្តាប់ឮ មនុស្សស្លាប់បានរស់វិញ ហើយអ្នកក្របានឮដំណឹងល្អ ២៣អ្នកដែលមិនរវាតចិត្តពីខ្ញុំ មានពរហើយ»។ ២៤ពេលអ្នកនាំសារឲ្យលោកយ៉ូហានចាកចេញទៅ ព្រះអង្គក៏ចាប់ផ្តើម មានបន្ទូលទៅបណ្តាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាចេញទៅមើលអ្វី នៅទីរហោឋាន? មើលដើមត្រែង ដែលត្រូវខ្យល់បក់ឬ? ២៥តើអ្នករាល់គ្នាចេញទៅមើលអ្វី? មើលបុរសម្នាក់ ដែលស្លៀកសម្លៀកបំពាក់ស្អាតប្រណិតឬ? នែ៎! អ្នកស្លៀកពាក់រុងរឿង ហើយរស់នៅក្នុងភាពហ៊ឺហា គឺនៅឯដំណាក់ស្ដេចឯណោះ។ ២៦ដូច្នេះតើអ្នករាល់គ្នាចេញទៅមើលអ្វី? អ្នកនាំព្រះបន្ទូលឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះវិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត ២៧ដ្បិតអ្នកនេះហើយ ដែលមានសេចក្តីចែងទុកអំពីគាត់ថា មើល៍ យើងចាត់ទូតយើងឲ្យទៅមុនអ្នក ដែលជាអ្នករៀបចំដំណើររបស់អ្នកជាមុន។ ២៨ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្ស ដែលកើតពីស្រ្តីមក គ្មានអ្នកណា វិសេសជាងលោកយ៉ូហានទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរព្រះជាម្ចាស់ វិសេសជាងគាត់ទៅទៀត»។ ២៩ពេលប្រជាជនទាំងអស់ រួមទាំងពួកអ្នកទារពន្ធដារ បានស្ដាប់ឮហើយ ក៏ទទួលស្គាល់ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ព្រោះពួកគេបានទទួលពិធីជ្រមុជទឹករបស់លោកយ៉ូហាន ៣០ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកជំនាញច្បាប់ បានច្រានចោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ពួកគេ ព្រោះពួកគេមិនទទួលពិធីជ្រមុជទឹក តាមរយៈលោកយ៉ូហានទេ។ ៣១«ដូច្នេះ តើឲ្យខ្ញុំប្រៀបប្រដូច មនុស្សជំនាន់នេះទៅនឹងអ្វី ហើយពួកគេប្រៀបបាននឹងមនុស្សបែបណា? ៣២ពួកគេប្រៀបបានដូចជាក្មេងៗ ដែលអង្គុយនៅផ្សារស្រែកទៅពួកគ្នាវាថា យើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនរាំទេ ហើយយើងស្មូត្រ តែពួកឯងមិនយំសោកសោះ ៣៣ដ្បិតលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកបានមក ទាំងមិនបរិភោគអាហារ មិនផឹកស្រាទំពាំងបាយជូរ តែអ្នករាល់គ្នានិយាយថា គាត់មានអារក្សចូល ៣៤ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក តែអ្នករាល់គ្នានិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្តរបស់ពួកអ្នកទារពន្ធដារ និងមនុស្សបាប ៣៥ប៉ុន្ដែបា្រជ្ញាត្រូវបានបញ្ជាក់ថា ត្រឹមត្រូវដោយសារផលផ្លែវាទាំងអស់»។
ស្ដ្រីមានបាបចាក់ប្រេងលាបព្រះយេស៊ូ
៣៦មានអ្នក ខាងគណៈផារិស៊ីម្នាក់អញ្ជើញព្រះយេស៊ូឲ្យមកបរិភោគជាមួយ ពេលយាងចូលទៅក្នុងផ្ទះ របស់អ្នកខាងគណៈផារិស៊ីនោះហើយ ព្រះអង្គក៏អង្គុយនៅតុអាហារ។ ៣៧ហើយមើល៍ នៅក្រុងនោះ មានស្រ្តីម្នាក់ ជាមនុស្សបាប ហើយកាលបានដឹងថា ព្រះយេស៊ូកំពុងអង្គុយនៅតុអាហារ ក្នុងផ្ទះរបស់អ្នកខាងគណៈផារិស៊ី នាងក៏យកប្រេងក្រអូបមួយដបមក ៣៨និងបានឈរពីខាងក្រោយ ទាំងយំនៅទៀបបាទាព្រះអង្គ នាងចាប់ផ្តើមសម្រក់ទឹកភ្នែកលើបាទាព្រះអង្គ និងយកសក់របស់នាងជូត ហើយក៏ថើបបាទាព្រះអង្គ ទាំងលាបប្រេងក្រអូបឲ្យផង។ ៣៩កាលអ្នកខាងគណៈផារិស៊ីដែលបានអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏គិតក្នុងចិត្តថា៖ «បើលោកនេះ ជាអ្នកនាំព្រះបន្ទូលមែន លោកមុខជាដឹងថា ស្ដ្រីដែលកំពុងពាល់លោកជានរណា និងជាស្រ្តីបែបណាហើយ ព្រោះនាងជាមនុស្សបាប»។ ៤០ព្រះយេស៊ូមានបន្ទូលឆ្លើយ ទៅគាត់ថា៖«ស៊ីម៉ូនអើយ! ខ្ញុំមានរឿងមួយប្រាប់អ្នក»។ គាត់ទូលថា៖ «សូមលោកគ្រូនិយាយមកចុះ»។ ៤១«មានកូនបំណុលពីរនាក់ជំពាក់អ្នកចងការប្រាក់ម្នាក់ គឺម្នាក់ជំពាក់ប្រាំរយឌេណារី ហើយម្នាក់ទៀតហាសិបឌេណារី ៤២ពេលពួកគេគ្មានអ្វីសង អ្នកចងការក៏លើកលែងឲ្យ ទាំងពីរនាក់។ ដូច្នេះតើក្នុងចំណោមពីរនាក់នេះ អ្នកណាស្រឡាញ់គាត់ច្រើនជាង?» ៤៣លោកស៊ីម៉ូនក៏ទូលតបថា៖ «ខ្ញុំគិតថា គឺអ្នកដែលគាត់បានលើកលែងច្រើន!» ព្រះអង្គមានបន្ទូលថា៖ «អ្នកវិនិច្ឆ័យត្រូវណាស់» ៤៤ពេលបែរទៅរកស្ដ្រីនោះ ព្រះអង្គមានបន្ទូលទៅលោកស៊ីម៉ូនថា៖ «តើអ្នកឃើញស្ដ្រីនេះទេ! ពេលខ្ញុំចូលមកក្នុងផ្ទះរបស់អ្នក អ្នកមិនបានឲ្យទឹកខ្ញុំលាងជើងទេ ផ្ទុយទៅវិញ នាងបានសម្រក់ទឹកភ្នែក លាងជើងឲ្យខ្ញុំ និងបានយកសក់របស់នាង ជូតជើងខ្ញុំ។ ៤៥អ្នកមិនបានថើបខ្ញុំទេ ប៉ុន្ដែនាងវិញ បានថើបជើងរបស់ខ្ញុំរហូត តាំងពីពេលខ្ញុំចូលមក ៤៦អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ ប៉ុន្ដែនាងវិញបានលាបប្រេងក្រអូបលើជើងរបស់ខ្ញុំ។ ៤៧ហេតុនេះខ្ញុំបា្រប់អ្នកថា នាងមានសេចក្ដីស្រឡាញ់ច្រើន ព្រោះនាងបានទទួលការលើកលែងទោសបាបជាច្រើនរបស់នាងហើយ ប៉ុន្ដែចំពោះអ្នកណា ដែលមានសេចក្ដីស្រឡាញ់តិចនោះ ព្រោះបានទទួលការលើកលែងទោសតិចដែរ»។ ៤៨រួចព្រះអង្គក៏មានបន្ទូលទៅនាងថា៖ «បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។៤៩ឯពួកអ្នកកំពុងអង្គុយនៅតុអាហារជាមួយព្រះអង្គ ក៏ចាប់ផ្ដើមគិតក្នុងចិត្តថា៖ «តើអ្នកនេះជានរណាដែលអាចលើកលែងទោសបាន សូម្បីតែបាបក៏ដោយ?» ៥០ព្រះអង្គក៏មានបន្ទូលទៅស្ដ្រីនោះថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរទៅដោយសុខសាន្តចុះ»។