KCB - លូកា ៦


លូកា ៦

ព្រះយេស៊ូជា​ម្ចាស់លើថ្ងៃសប្ប័ទ​

នៅ​ថ្ងៃសប្ប័ទ​​មួយកាល​ព្រះអង្គ​យាង​កាត់​វាលស្រែ សិស្ស​របស់​ព្រះអង្គ​ បាន​បូត​កួរស្រូវ​មក​ញី​នៅក្នុង​ដៃ ហើយ​បរិភោគ​ទៅ​ ពួក​អ្នក​ខាងគណៈ​ផារិស៊ី​​ខ្លះ​បាន​សួរ​ថា​៖ «តើ​ហេតុ​ដូចម្ដេច​បានជា​អ្នករាល់គ្នា​ធ្វើ​អ្វី ដែល​វិន័យ​ហាម​នៅ​ថ្ងៃសប្ប័ទ​​ដូច្នេះ​?» ប៉ុន្ដែ​ព្រះយេស៊ូ ​មាន​បន្ទូល​​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «តើ​អ្នករាល់គ្នា​ មិនដែល​បាន​អាន​អំពី​អ្វីដែល​ស្ដេច​ដាវីឌ​បាន​ធ្វើ​ ​នៅពេល​ដែល​ស្ដេច និង​គូកន​កំពុង​ឃ្លាន​ទេ​ឬ​?​ គឺ​ស្ដេច​បាន​ចូល​ក្នុង​ដំណាក់​ព្រះជាម្ចាស់ ហើយ​​បាន​យក​នំប៉័ង​តាំងថ្វាយ​មក​បរិភោគ​ ដែល​​វិន័យ​មិន​អនុញ្ញាត​ឲ្យបរិភោគ​លើកលែងតែ​សង្ឃ​ប៉ុណ្ណោះ ​ស្ដេច​​បាន​ឲ្យនំប៉័ងនោះ​ដល់​គូកន​ថែម​ទៀត​​ផង» ​រួច​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «កូន​មនុស្ស​​ជា​ម្ចាស់​លើ​ថ្ងៃសប្ប័ទ»

ព្រះយេស៊ូប្រោស​បុរស​ស្វិត​ដៃ​​នៅ​ថ្ងៃសប្ប័ទ​

នៅ​ថ្ងៃសប្ប័ទ​​មួយ​ទៀត​ ព្រះអង្គ​បាន​ចូល​ទៅ​​ក្នុង​សាលាប្រជុំ​ និង​បាន​បង្រៀន ហើយ​នៅទីនោះមាន​បុរស​ម្នាក់​ស្វិត​ដៃ​ខាងស្ដាំ។ ​ពួក​​គ្រូវិន័យ​​ និង​ ពួក​អ្នក​ខាងគណៈ​ផារិស៊ី​​បាន​តាម​មើល​ព្រះអង្គ ក្រែងលោ​ព្រះអង្គ​ប្រោស​គាត់​ឲ្យ​បានជា​នៅ​ថ្ងៃសប្ប័ទ​ ដើម្បី​រក​លេស​ចោទ​ប្រកាន់​​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​បាន​ជ្រាប​ពី​គំនិត​របស់​ពួកគេ ក៏​មានបន្ទូល​ទៅ​បុរស​​ស្វិត​ដៃ​នោះ​ថា​៖ «ចូរ​ក្រោក​ឡើង ហើយ​ឈរ​នៅ​កណ្តាល​​ចំណោម​​​នេះ» គាត់​ក៏​ក្រោក​ឈរ​ឡើង​ រួច​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «ខ្ញុំ​សួរ​អ្នក​រាល់​គ្នា​មើល៍ តើ​នៅ​ថ្ងៃ​សប្ប័ទ​​វិន័យ​​ឲ្យធ្វើ​ការ​ល្អ ឬ​ធ្វើ​ការ​អាក្រក់​? ឲ្យសង្គ្រោះ​ជីវិត ឬ​បំផ្លាញ​?» ១០កាល​ព្រះអង្គ​ទត​មើល​​​ទៅមនុស្ស​ទាំងអស់ដែល​នៅ​ជុំវិញ​ហើយ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា​៖ «ចូរ​លាត​ដៃ​អ្នក​ចុះ​!» គាត់​ក៏​ធ្វើតាម​ ហើយ​ដៃ​គាត់​ក៏​បាន​ជាឡើងវិញ។​ ១១ពួក​​​គេ​​មាន​​កំហឹង​ពោរពេញ និង​បាន​និយាយ​គ្នា​អំពី​អ្វី ​ដែល​ពួកគេ​អាចធ្វើ​ចំពោះ​ព្រះយេស៊ូ​បាន។

ព្រះយេស៊ូជ្រើសរើស​សាវក​ទាំង​ដប់​ពីរ​

១២នៅ​គ្រា​នោះ​ ព្រះអង្គ​បាន​យាងទៅ​ភ្នំដើម្បី​​អធិស្ឋាន ហើយ​ព្រះអង្គ​បាន​ចំណាយពេល ​ពេញ​​មួយយប់​អធិស្ឋានទៅ​ព្រះជាម្ចាស់ ១៣លុះ​ព្រឹក​ឡើង​ព្រះអង្គ​បាន​ហៅ​សិស្ស​របស់​ព្រះអង្គ​មក ហើយ​​ក៏​​រើស​ដប់ពីរ​នាក់ ​ចេញ​ពី​ពួកគេ ព្រះអង្គ​ហៅ​អ្នក​ទាំង​នេះ​ថា​ជា សាវក​ ១៤គឺ​មាន​លោក​ស៊ីម៉ូន ​ដែល​ព្រះអង្គ​ហៅ​ថា​ ពេត្រុស និង​ប្អូន​គាត់​ឈ្មោះ​អនទ្រេ លោក​យ៉ាកុប លោក​​យ៉ូហាន លោក​ភីលីព លោក​បារថូឡូមេ ១៥លោក​ម៉ាថាយ លោក​ថូម៉ាស លោក​យ៉ាកុប​ជាកូន​លោកអាល់ផាយ លោក​ស៊ីម៉ូន​ដែល​ហៅ​ថា ​អ្នកជាតិ​និយម ១៦លោក​យូដាស​ជាកូន​​លោក​​យ៉ាកុប និង​យូដាស​អ៊ីស្ការីយ៉ុត​ដែលត្រលប់ជា​​ជនក្បត់។

ព្រះយេស៊ូ​បង្រៀន​ និងប្រោស​​ឲ្យជា​

១៧កាល​បាន​ចុះមក​វិញ​ជាមួយ​ពួកគេ​ហើយ ព្រះអង្គ​បាន​ឈរ​នៅលើ​ទី​រាបស្មើ នោះ​សិស្ស​របស់​ព្រះអង្គ​យ៉ាងច្រើន​ រួមទាំង​ប្រជាជន​ច្រើន​កុះករ ​ដែល​មកពី​ស្រុក​យូដា​ទាំងមូល ក្រុង​យេរូសាឡិម ព្រមទាំង​តំបន់មាត់សមុទ្រ​ នៃ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​ ​ ១៨គឺ​​មកដើម្បី​ស្តាប់​ព្រះអង្គ និង​ដើម្បី​ឲ្យបាន​​ជា​ពី​ជំងឺ​​ផ្សេងៗ​របស់​ពួកគេ។​ ឯ​អស់​អ្នក​ដែល​រងទុក្ខ​ដោយសារ​វិញ្ញាណ​អាក្រក់​ ​ក៏​បាន​ជា​ ១៩ហើយ​បណ្តាជន​ទាំងអស់​រិះរក​ពាល់​ព្រះអង្គ ព្រោះ​អំណាច​ដែល​ចេញ​ពី​ព្រះអង្គ​មក​ បាន​ប្រោស​មនុស្ស​គ្រប់គ្នា​ឲ្យ​ជា។

ព្រះយេស៊ូមាន​បន្ទូលអំពីព្រះពរ​

២០ព្រះអង្គ​ងើប​មើល​ទៅ​សិស្ស​របស់​ព្រះអង្គ​ទាំង​មានបន្ទូល​ថា​៖ «មានពរហើយ​អ្នក​ដែល​មាន​សេចក្ដីកម្សត់​ ដ្បិត​នគរ​ព្រះជា​ម្ចាស់​​ជា​​របស់​អ្នករាល់គ្នា។​

២១មានពរហើយ​អស់​អ្នក​ ដែល​ឃ្លាន​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹងបាន​ឆ្អែត។ មាន​ពរ​ហើយ ​​អស់​អ្នក​ដែល​យំសោក​នៅ​ពេល​​នេះ ដ្បិត​អ្នករាល់គ្នា​នឹងបាន​សើច​សប្បាយ។​

២២អ្នក​រាល់​គ្នា​មានពរ​ហើយ នៅ​ពេល​មនុស្ស​ស្អប់​អ្នក​រាល់​គ្នា​ លែង​រាប់ អាន​អ្នក​រាល់​គ្នា ជេរ​អ្នក​រាល់​គ្នា និង​បង្ខូច​​ឈ្មោះ ​របស់​អ្នក​រាល់គ្នា​ឲ្យ អាក្រក់​ដោយ​ព្រោះ​កូន​មនុស្ស​​

២៣ចូរ​មានអំណរ ហើយ​លោតកញ្ឆេង​នៅ​ថ្ងៃ​នោះ ដ្បិត​មើល៍​ អ្នករាល់គ្នាមាន​រង្វាន់​ជាធំ​​ នៅ​ស្ថានសួគ៌​ ព្រោះ​ដូនតា​របស់​ពួកគេ ​ក៏​បាន​ប្រព្រឹត្ដ​​ចំពោះ​ អ្នកនាំព្រះបន្ទូល​​ ដោយ​របៀប​នេះ​ដែរ។​

សេចក្ដី​វេទនា​របស់មនុស្សអាត្មានិយម​

២៤ប៉ុន្ដែ​វេទនា​ដល់​អ្នករាល់គ្នា​ ដែល​ជា​អ្នក​មាន​ ដ្បិត​អ្នករាល់គ្នា​ទទួល​សេចក្ដី​កម្សាន្ដ​ចិត្ដ ​​របស់​អ្នករាល់គ្នា​រួច​ហើយ។​

២៥វេទនា​ដល់​អ្នក​រាល់​គ្នា​ ដែល​ឆ្អែត​នៅ​ពេល​នេះ ដ្បិត​អ្នករាល់គ្នា​នឹង​ឃ្លាន​មិន​ខាន។​​ វេទនាហើយ ​អស់​អ្នក​ដែល​សើច​សប្បាយ​នៅ​ពេលនេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​កាន់ទុក្ខ ហើយ​​យំសោក​មិនខាន។​

២៦វេទនា​ហើយ ​នៅ​ពេល​មនុស្ស​ទាំងអស់​និយាយ​​ល្អ​ ពី​អ្នក​រាល់​គ្នា ព្រោះ​ដូនតា​របស់​ពួកគេ​ ក៏​បាន​ប្រព្រឹត្ដ​នឹង អ្នក​នាំ​ព្រះ​បន្ទូល​​ក្លែង​​ក្លាយ​ដោយ​របៀប​នេះ​ដែរ។​

ព្រះយេស៊ូបង្រៀន​ឲ្យ​ស្រឡាញ់​​សត្រូវ​

២៧ប៉ុន្ដែ​ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ដែល​កំពុង​ស្តាប់​ថា ចូរ​ស្រឡាញ់​​សត្រូវ​របស់​អ្នក​រាល់​គ្នា ហើយ​ចូរ​ធ្វើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​ ២៨ចូរឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​ជេរ​ផ្ដាសាអ្នក​រាល់គ្នា ហើយ​ចូរ​អធិស្ឋាន​ឲ្យអស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់​គ្នា​ចុះ។​ ២៩ចំពោះ​​អ្នកដែល​ទះ​កំផ្លៀង​របស់​អ្នកម្ខាង​ ចូរ​បែរ​ម្ខាងទៀត​ ឲ្យគេទះ​ដែរ​ចុះ ហើយ​ចំពោះ​អ្នក​ដែល​ដណ្ដើមអាវវែង​របស់​អ្នក​ នោះ​កុំ​ឃាត់​អី​ ចូរឲ្យអាវខាងក្នុង​ដែរ​ចុះ។​ ៣០ចូរ​ឲ្យដល់​អស់​អ្នក​ ដែល​សុំ​ពី​អ្នក​​ចុះ ហើយ​អ្នក ​ដែល​យក​អីវ៉ាន់​របស់​អ្នក​ ចូរ​កុំ​ទារវិញ​ឡើយ​ ៣១បើ​អ្នករាល់គ្នា​ ចង់​ឲ្យ​មនុស្ស​​ប្រព្រឹត្ដ​ចំពោះ​អ្នករាល់​គ្នា​​យ៉ាងណា ចូរ​ប្រពឹ្រត្ដ​ចំពោះ​គេ​យ៉ាងនោះដែរ។​ ៣២បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​​មនុស្ស ​ដែល​ស្រឡាញ់​​អ្នក​រាល់​គ្នា តើ​អ្នក​មាន​គុណបំណាច់​​អ្វី​? ព្រោះ​សូម្បីតែ​​ពួក​មនុស្ស​បាប​ក៏​ស្រឡាញ់​​មនុស្ស ​ដែល​ស្រឡាញ់​​ពួកគេ​ដែរ​ ៣៣ដ្បិត​បើ​អ្នក​រាល់​គ្នា​ធ្វើ​ល្អ​ចំពោះ​តែ​មនុស្ស​ ដែល​ធ្វើល្អ​នឹង​អ្នក​រាល់​គ្នា តើ​អ្នក​រាល់​គ្នា​មាន​គុណ​បំណាច់​​អ្វី​? សូម្បីតែ​ពួក​មនុស្ស​បាបក៏​ធ្វើ​ដូចគ្នា​ដែរ​ ៣៤ហើយ​បើ​អ្នក​រាល់គ្នា​សង្ឃឹម​ថា នឹង​​ទទួល​បាន​មក​វិញ ​ពី​អស់​​អ្នក​ដែល​អ្នក​រាល់គ្នា​ឲ្យខ្ចី តើ​អ្នក​រាល់គ្នា​មាន​កិតិ្ដយស​អ្វី​? សូម្បី​តែ​ពួក​មនុស្ស​បាប​ក៏​ឲ្យគ្នាគេ​ខ្ចីដើម្បី​ទទួល​បាន​គ្រប់​ចំនួន​វិញ​ដែរ។​ ៣៥ប៉ុន្ដែ​ចូរ​ស្រឡាញ់​​សត្រូវ​របស់​អ្នក​រាល់គ្នា ចូរ​ធ្វើ​អំពើ​ល្អ ចូរ​​ឲ្យខ្ចី​ដោយ​មិន​សង្ឃឹម​ថា ​បាន​ទទួល​មក​វិញ នោះ​រង្វាន់​របស់​អ្នក​រាល់គ្នា​នឹង​មាន​ច្រើន​អនេក រួច​អ្នក​រាល់​គ្នា​នឹង​ត្រលប់​​ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រោះ​ព្រះអង្គ​ក៏​សប្បុរស​ចំពោះ​មនុស្ស​​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។​ ៣៦ចូរ​មានសេច​ក្ដីមេត្ដា​ករុណា​ ដូចដែល​ព្រះវរបិតា​របស់​អ្នករាល់គ្នា​មាន​ក្ដីមេត្ដាករុណា​ដែរ។

ព្រះយេស៊ូបង្រៀន​​កុំ​ឲ្យថ្កោល​ទោស​

៣៧ហើយ​កុំ​ថ្កោល​ទោសគេ​​ នោះ​អ្នក​រាល់គ្នា​​​នឹង​មិន​ទទួល​ការ​​ថ្កោល​ទោស​វិញ​ឡើយ និង​កុំ​ផ្តន្ទាទោស​គេ​​ឲ្យ​សោះ នោះ​អ្នក​រាល់​គ្នា​​ ក៏​​​មិន​ទទួល​ការ​​ផ្តន្ទាទោស​វិញ​ដែរ។ ចូរ​​លើក​លែង​ទោសឲ្យ គេ​​​ ​នោះ​អ្នក​រាល់គ្នា​​នឹង​ទទួលបាន​ការ​លើក​លែងទោស​វិញ។​​ ៣៨ចូរ​​ឲ្យចុះ នោះ​​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​វិញ គេ​នឹង​វាល់​បំពេញ​ ​ដាក់​​ក្នុង​​ថ្នក់​របស់​អ្នករាល់គ្នា​យ៉ាង​ល្អ​​ ទាំង​​ញាត់​​រលាក់​ឲ្យ​ហូរហៀរ​​ ព្រោះ​អ្នករាល់គ្នានឹង​​ត្រូវបាន​​វាល់​​ឲ្យ​វិញ​តាម​​រង្វាល់​​ដែល​​អ្នក​រាល់គ្នា​​បាន​វាល់»

៣៩ព្រះអង្គ​ក៏​​មាន​បន្ទូល​ទៅ​​គេ​ ជា​រឿង​ប្រៀប​ប្រដូច​​មួយ​​ដែរ​​ថា​៖ «តើ​មនុស្ស​​ខ្វាក់ ​អាច​នាំ​​ផ្លូវ​​មនុស្ស​​ខ្វាក់​បាន​មែន​​ឬ​​​? តើ​មិន​ធ្លាក់​​​រណ្តៅ​​ទាំង​​ពីរ​នាក់​ទេ​ឬ​?​​ ៤០សិស្ស​មិនដែល​លើ​គ្រូ​ទេ ប៉ុន្ដែ​សិស្ស​គ្រប់គ្នា ​ដែល​​បាន​​ទទួល​ការ​បង្វឹក​ពេញ​លេញ​ នោះ​នឹង​​ត្រលប់​ដូច​ជា​គ្រូ​របស់​គេ។​ ៤១ហេតុអ្វី​ក៏អ្នក​មើលឃើញ​កម្ទេច​ល្អិត ក្នុង​ភ្នែក​បង​ប្អូន​របស់​​អ្នក ប៉ុន្ដែ​ មិន​ឃើញ​​សសរ​នៅក្នុង​ភ្នែក​របស់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​?​ ៤២ពេល​អ្នក​មើល​​មិន​ឃើញ​សសរ​ក្នុង​ភ្នែក​ខ្លួនឯង​ផង តើ​អ្នក​អាច​ប្រាប់​បងប្អូន​របស់​ខ្លួន ​យ៉ាងដូចម្ដេច​ថា​ បងប្អូន​អើយ! ឲ្យខ្ញុំ​យក​កម្ទេចល្អិត​ចេញ​ពី​ភ្នែក​របស់​​អ្នក។​ ឱ ​មនុស្ស​មានពុត​អើយ​! ចូរ​យក​សសរ​ចេញ​ពី​ក្នុងភ្នែក​របស់អ្នក​ជាមុនសិន នោះ​អ្នក​នឹង​មើល​ឃើញ​ច្បាស់ ដើម្បី​យក​កម្ទេច​ល្អិតចេញ​​ពី​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​បាន។

ព្រះយេស៊ូបង្រៀន​អំពីដើមឈើ​​ និងផល​ផ្លែ​

៤៣ដ្បិត​គ្មាន​ដើមឈើល្អ​ណា ​ឲ្យផ្លែ​មិនល្អ​នោះ​​ទេ ហើយក៏​គ្មាន​ដើមឈើ​មិនល្អ​ណា​ឲ្យផ្លែ​ល្អ​​ដែរ​ ៤៤ព្រោះ​គេ​ស្គាល់​ដើម​ឈើ​​នីមួយៗ ​ដោយ​សារ​ផ្លែ​របស់វា ដ្បិត​គេ​មិនដែល​បេះ​ផ្លែល្វា​ ពី​ដើម​បន្លា ឬ​បេះ​ផ្លែ​ទំពាំងបាយជូរ ​ពី​គុម្ព​បន្លា​​​ទេ។ ៤៥មនុស្សល្អ​បញ្ចេញ​សេចក្តី​ល្អ ​ពី​កំណប់​ដ៏​ល្អ​នៃ​ចិត្ត​របស់គេ ឯ​មនុស្ស​អាក្រក់​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់ ​ពី​កំណប់​ដ៏​អាក្រក់​នៃ​ចិត្ដ​របស់គេ​ដែរ​ ព្រោះ​មាត់​និយាយ​តាម​សេចក្ដី​ហូរ​ហៀរ​នៃ​ចិត្ត។

ព្រះយេស៊ូបង្រៀន​អំពីគ្រឹះពីរ​យ៉ាង​

៤៦ហេតុអ្វី​អ្នករាល់គ្នា​ហៅ​ខ្ញុំ​ ថា​ព្រះអម្ចាស់​អើយ!​ ព្រះអម្ចាស់​អើយ! ប៉ុន្ដែ ​មិន​ធ្វើតាម​អ្វី​ដែល​ខ្ញុំ​ប្រាប់​ដូច្នេះ​? ៤៧ខ្ញុំ​សុំ​ប្រាប់​​អ្នករាល់គ្នា​ថា​ គ្រប់គ្នា​​ដែល​មក​ឯ​ខ្ញុំ ឮ​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​​តាម​​ពាក្យទាំងនោះ អ្នកនោះ​ប្រៀប​បាន​នឹង​មនុស្ស​បែប​ណា​ ៤៨គឺ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​កំពុង​សង់​ផ្ទះ​ ដែល​គាត់​បាន​ជីក​ដី​លុង​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​នៅលើ​ថ្មដា។ ពេល​ទឹក​ជំនន់​បាន​មកដល់ ខ្សែ​ទឹក​​បាន​បោកបក់​ផ្ទះ​នោះ ប៉ុន្ដែ​មិន​អាច​ឲ្យផ្ទះនោះ​រង្គើ​បាន​ឡើយ ព្រោះ​ផ្ទះនោះ​សង់​នៅលើ​គ្រឹះ​មាំ។​ ៤៩អ្នក​ដែល​ឮ​ពាក្យ​ខ្ញុំ​ ហើយ​មិន​ប្រព្រឹត្តតាម ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅលើ​ដី​ដោយ​គ្មាន​គ្រឹះ ពេល​ខ្សែ​ទឹក​បោកបក់​ផ្ទះនោះ វា​ក៏​ដួលរលំ​ភ្លាម ហើយ​សេចក្ដី​​អន្ដរាយ​នៃ​ផ្ទះ​នោះ​ធំ​សម្បើម»​

លូកា ៦