លូកា ៤
អារក្សសាតាំងល្បួងព្រះយេស៊ូ
៤ពេលនោះព្រះយេស៊ូពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏ត្រលប់ពីអូរយ័រដាន់មកវិញ ហើយព្រះវិញ្ញាណបាននាំព្រះអង្គទៅឯទីរហោឋាន ២ដើម្បីឲ្យអារក្សសាតាំងល្បួង សែសិបថ្ងៃ ហើយក្នុងអំឡុងពេលនោះ ព្រះអង្គមិនបានបរិភោគអ្វីសោះ។ កាលរយ:ពេលសែសិបថ្ងៃនោះ បានចប់សព្វគ្រប់ហើយ ព្រះអង្គក៏ឃ្លាន ៣នោះអារក្សសាតាំងទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរបង្គាប់ឲ្យថ្មនេះត្រលប់ជានំប៉័ងទៅ» ៤ប៉ុន្ដែ ព្រះយេស៊ូ មានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកថា មនុស្សមិនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ» ៥អារក្សសាតាំងក៏នាំព្រះអង្គទៅ ហើយបង្ហាញ ឲ្យព្រះអង្គឃើញនគរទាំងអស់ នៅក្នុងពិភពលោក ក្នុងមួយរយៈពេលដ៏ខ្លី ៦ហើយអារក្សសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងឲ្យសិទ្ធិអំណាច ព្រមទាំងសិរីរុងរឿងនៃនគរទាំងអស់នោះដល់អ្នក ដ្បិតទាំងអស់នោះ ត្រូវបានប្រគល់មកឲ្យខ្ញុំហើយ ខ្ញុំចង់ឲ្យទៅអ្នកណាក៏បាន ៧ដូច្នេះ ប្រសិនបើអ្នកថ្វាយបង្គំខ្ញុំ នោះអ្វីៗទាំងអស់ នឹងត្រលប់ជារបស់អ្នកហើយ»។ ៨ព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកថា អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយប៉ុណ្ណោះ» ៩អារក្សសាតាំង ក៏នាំព្រះអង្គទៅក្រុងយេរូសាឡិម រួចដាក់ព្រះអង្គនៅលើកំពូលព្រះវិហារ ហើយទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ ១០ដ្បិតមានសេចក្ដីចែងទុកមកថា ព្រះអង្គនឹងបង្គាប់ទេវតារបស់ព្រះអង្គពីដំណើរអ្នក ដើម្បីការពារអ្នក ១១ហើយទេវតានឹងទ្រអ្នក នៅលើដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម»។ ១២ព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្តីចែងទុកមកទៀតថា កុំល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ»។ ១៣កាលអារក្សសាតាំងបានបញ្ចប់សេចក្ដីល្បួងទាំងអស់ សព្វគ្រប់ហើយ វាក៏ចាកចេញពីព្រះអង្គទៅ លុះត្រាតែមានឱកាសទៀត។
កិច្ចការរបស់ព្រះយេស៊ូនៅ ស្រុកកាលីឡេ
១៤ព្រះយេស៊ូយាងត្រលប់ ទៅស្រុកកាលីឡេវិញប្រកបដោយអំណាចរបស់ព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គបានឮសុសសាយដល់ស្រុកទាំងអស់នៅជុំវិញ។ ១៥ព្រះអង្គបានបង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ទាំងទទួលបានការសរសើរតម្កើងពីពួកគេទាំងអស់គ្នា។
អ្នកក្រុងណាសារ៉ែតបដិសេធ ព្រះយេស៊ូ
១៦បន្ទាប់មក ព្រះអង្គបានយាងទៅក្រុងណាសារ៉ែត ជាកន្លែងដែលព្រះអង្គបានចម្រើនវ័យឡើង ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃសប្ប័ទតាមទម្លាប់របស់ព្រះអង្គ ព្រមទាំងបានក្រោកអានបទគម្ពីរ ១៧ហើយគេបានយកអត្ថបទគម្ពីររបស់លោកអេសាយ ដែលជាអ្នកនាំព្រះបន្ទូល មកប្រគល់ជូនព្រះអង្គ។ កាលបានលាអត្ថបទហើយ ព្រះអង្គរកឃើញកន្លែងមួយ ដែលចែងថា៖ ១៨«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានសណ្ឋិតលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងតាំងដល់ខ្ញុំ ដើម្បីប្រកាសដំណឹងល្អដល់ពួកអ្នកក្រ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក ប្រកាសអំពីការដោះលែងដល់ពួកអ្នកជាប់ជាឈ្លើយ និងអំពីការប្រោសឲ្យភ្លឺដល់ពួកមនុស្សខ្វាក់ ហើយឲ្យរំដោះអស់អ្នក ដែលត្រូវគេសង្កត់សង្កិនឲ្យមានសេរីភាព ១៩ព្រមទាំងប្រកាសពី ឆ្នាំនៃសេចក្ដីមេត្ដារបស់ព្រះអម្ចាស់» ២០ហើយព្រះអង្គក៏មូរអត្ថបទគម្ពីរប្រគល់ទៅឲ្យអ្នកថែរក្សាវិញ នោះភ្នែករបស់មនុស្សទាំងអស់ ក្នុងសាលាប្រជុំ បានសម្លឹងមើលព្រះអង្គគ្រប់ៗគ្នា។ ២១ព្រះអង្គក៏ចាប់ផ្តើមមានបន្ទូលទៅពួកគេថា៖ «ថ្ងៃនេះបទគម្ពីរ ដែលអ្នករាល់គ្នាបានឮនៅនឹងត្រចៀក បានសម្រេចហើយ»។ ២២ពួកគេគ្រប់គ្នាបានសរសើរព្រះអង្គ និងនឹកអស្ចារ្យពីព្រះបន្ទូលប្រកបដោយព្រះគុណ ដែលបានចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ប៉ុន្ដែពួកគេនិយាយគ្នាថា៖ «តើអ្នកនេះមិនមែនជា កូនរបស់យ៉ូសែបទេឬ?» ២៣ព្រះអង្គ ក៏មានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមុខជានិយាយសុភាសិតនេះប្រាប់ខ្ញុំមិនខានថា គ្រូពេទ្យអើយ! ចូរព្យាបាលខ្លួនឯងចុះ អ្វីៗដែលយើងឮថា បានកើតឡើងនៅក្រុងកាពើណិមនោះ ចូរធ្វើនៅទីនេះ ជាស្រុករបស់ខ្លួនអ្នកដែរ»។ ២៤ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនាំព្រះបន្ទូល មិនបានទទួលការស្វាគមន៍ នៅក្នុងស្រុកកំណើតរបស់ខ្លួនទេ ២៥ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្ដីពិតថា នៅជំនាន់លោកអេលីយ៉ា មានស្រ្តីមេម៉ាយជាច្រើននៅក្នុងអ៊ីស្រាអែល កាលនោះមេឃរាំងបីឆ្នាំ ប្រាំមួយខែ បណ្តាលឲ្យមានគ្រោះអត់ឃ្លានជាខ្លាំងនៅលើទឹកដីទាំងមូល ២៦ប៉ុន្ដែព្រះជាម្ចាស់មិនបានចាត់លោកអេលីយ៉ា ឲ្យទៅឯអ្នកណាម្នាក់ ក្នុងចំណោមស្រ្តីមេម៉ាយទាំងនោះទេ គឺព្រះអង្គបានចាត់លោកឲ្យទៅឯស្ដ្រីមេម៉ាយម្នាក់ នៅក្រុងសារិបតានៃស្រុកស៊ីដូនវិញ។ ២៧ហើយនៅជំនាន់លោកអេលីសេ ជាអ្នកនាំព្រះបន្ទូល មានមនុស្សឃ្លង់ជាច្រើននៅក្នុងអ៊ីស្រាអែល ប៉ុន្ដែក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់ត្រូវបានប្រោសឲ្យជាស្អាតទេ គឺមានតែលោកណាម៉ាន ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។ ២៨កាលមនុស្សទាំងអស់ក្នុងសាលាប្រជុំ បានឮសេចក្ដីទាំងនេះក៏ពោរពេញ ដោយកំហឹងយ៉ាងខ្លាំង ២៩ហើយពួកគេបានក្រោកឡើងបណ្តេញព្រះអង្គចេញទៅក្រៅក្រុងដែលពួកគេបានសង់នៅលើភ្នំ រួចនាំព្រះអង្គឡើងទៅចម្រេះភ្នំនោះ ដើម្បីច្រានព្រះអង្គទម្លាក់ចុះ។ ៣០តែព្រះអង្គបានយាងកាត់កណ្តាលចំណោមពួកគេចេញទៅ។
ព្រះយេស៊ូបណ្ដេញអារក្ស
៣១ព្រះអង្គ បានយាងចុះទៅក្រុងកាពើណិម ជាក្រុងមួយនៃស្រុកកាលីឡេ ហើយក៏បង្រៀននៅថ្ងៃសប្ប័ទ។ ៣២ពួកអ្នកស្ដាប់នឹកអស្ចារ្យក្នុងចិត្ដ ចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះបន្ទូលព្រះអង្គ ប្រកបដោយសិទ្ធិអំណាច។ ៣៣នៅក្នុងសាលាប្រជុំ មានបុរសម្នាក់ ដែលមានវិញ្ញាណអាក្រក់របស់អារក្សចូល គាត់បានស្រែកដោយសំឡេងខ្លាំងៗថា៖ ៣៤«ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតអើយ តើយើង និងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»។ ៣៥ព្រះយេស៊ូបន្ទោសវាថា៖ «ស្ងៀម ហើយចេញពីបុរសនេះទៅ!» កាលអារក្សផ្ដួលបុរសនោះទៅកណ្តាលចំណោមហើយ វាក៏ចេញពីគាត់ ដោយមិនបានធ្វើឲ្យគាត់ឈឺចាប់ឡើយ។ ៣៦ពួកគេគ្រប់គ្នាមានសេចក្តីកោតស្ញប់ស្ញែង ក៏និយាយគ្នាថា៖ «តើពាក្យសំដីនេះជាអ្វី បានជាលោកបញ្ជាពួកវិញ្ញាណអាក្រក់ ដោយសិទ្ធិអំណាច និងឫទ្ធានុភាព ហើយពួកវាក៏ចេញមកដូច្នេះ?» ៣៧ដំណឹងអំពីព្រះអង្គលេចឮគ្រប់ទីកន្លែងនៅស្រុកជុំវិញ។
ព្រះយេស៊ូប្រោសមនុស្សនៅក្រុង កាពើណិម
៣៨កាលបានក្រោកឡើង ចេញពីសាលាប្រជុំ ព្រះអង្គក៏ចូលទៅក្នុងផ្ទះរបស់លោកស៊ីម៉ូន។ ម្តាយក្មេករបស់លោកស៊ីម៉ូន កំពុងមានជំងឺគ្រុនជាខ្លាំង ពួកគេក៏អង្វរព្រះអង្គ ឲ្យប្រោសគាត់។ ៣៩ព្រះអង្គក៏ឈរជិតគាត់ ស្តីបន្ទោសដល់ជំងឺគ្រុន នោះជំងឺគ្រុនក៏បាត់ទៅ ហើយភ្លាមនោះ គាត់ក្រោកឡើងបម្រើពួកគេ។ ៤០នៅពេលថ្ងៃលិច អស់អ្នក ដែលមានបងប្អូន មានជំងឺរោគាផ្សេងៗបាននាំពួកអ្នកជំងឺទាំងនោះ មកឯព្រះអង្គ ហើយព្រះអង្គបានប្រោសពួកអ្នកជំងឺឲ្យជាសះស្បើយ ដោយដាក់ព្រះហស្ដលើពួកគេម្នាក់ម្តងៗ។ ៤១ពួកអារក្សបានចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់» ប៉ុន្ដែព្រះអង្គបានស្តីបន្ទោសពួកវា មិនអនុញ្ញាតឲ្យពួកវានិយាយទេ ពីព្រោះពួកវាស្គាល់ថា ព្រះអង្គជាព្រះគិ្រស្ដ។
ព្រះយេស៊ូប្រកាសនៅក្នុង ស្រុកកាលីឡេ
៤២លុះព្រឹកឡើង ព្រះអង្គក៏ចេញទៅកន្លែងស្ងាត់មួយ ហើយបណ្តាជនបានតាមរកព្រះអង្គ កាលពួកគេបានមកជួបព្រះអង្គហើយ ក៏ឃាត់ព្រះអង្គមិនឲ្យចាកចេញពីពួកគេ។ ៤៣ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ជាការចាំបាច់ណាស់សម្រាប់ខ្ញុំ ដែលត្រូវប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ដល់ក្រុងដទៃទៀតដែរ ដ្បិតព្រះជាម្ចាស់បានចាត់ឲ្យខ្ញុំមកដើម្បីការនេះឯង» ៤៤ព្រះអង្គក៏ប្រកាសនៅក្នុងសាលាប្រជុំ នានារបស់ជនជាតិយូដា។