KCB - លូកា ២៤


លូកា ២៤

ការ​រស់​ឡើង​វិញ​របស់ព្រះយេស៊ូ

២៤នៅ​ព្រឹក​ព្រលឹម​នាថ្ងៃ​ទី មួយ​នៃ​សប្តាហ៍ ពួកគេ​ក៏​នាំ​យក​គ្រឿង​ក្រអូប​ ដែល​ពួកគេ​បាន​រៀបចំ​មក​ឯ​ផ្នូរ​ ពួកគេ​បាន​ឃើញ​ថ្ម​ត្រូវ​បាន​ប្រមៀល​ចេញ​ពី​ផ្នូរ​​ ពេល​ពួកគេ​ចូល​ទៅ មិន​បាន​ឃើញ​សព​ព្រះ​អម្ចាស់​យេស៊ូ​ទេ​ ហើយ​​កាល​ពួកគេ​កំពុង​នឹក​ឆ្ងល់​ពី​ហេតុ​ការណ៍​នេះ មើល៍​មាន​បុរស​ពីរ​នាក់​ ស្លៀក​ពាក់​ភ្លឺ​ចែង​ចាំង​​បាន​ឈរ​ក្បែរ​ពួកគេ។​ ​ ពួកគេ​ក៏​ប្រែ​ជា​ភ័យ​ខ្លាច ហើយ​ក្រាប​មុខ​ដល់​ដី ឯ​បុរស​ពីរ​នាក់​នោះ​ ប្រាប់​មក​ពួកគេ​ថា​៖ «ហេតុ​អ្វី​អ្នក​រាល់​គ្នា​ រក​មនុស្ស​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ​?​ ដ្បិត​ព្រះអង្គ​បាន​​​រស់​ឡើង​វិញ​ហើយ មិន​នៅ​ទីនេះ​ទេ​! ចូរ​ចាំ​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ដូចម្ដេច ​កាល​នៅ​ស្រុក​កាលីឡេ​​ គឺ​មាន​បន្ទូល​ថា​​ កូន​មនុស្ស​​នឹង​ត្រូវ​គេ​ប្រគល់​ ទៅ​ក្នុង​ដៃ​របស់​ពួក​មនុស្ស​បាប​ រួច​​ត្រូវ​គេ​ឆ្កាង ប៉ុន្ដែ​នៅ​ថ្ងៃ​ទីបី​នឹង​រស់​ឡើង​វិញ»។​​ ពួកគេ​ក៏​នឹក​ចាំ​ពី​ព្រះ​បន្ទូល​របស់​ព្រះអង្គ​ ហើយ​ពេល​ត្រលប់​ពី​ផ្នូរ​មក​វិញ ពួកគេ​បាន​ប្រាប់​ហេតុ​ការណ៍​ទាំង​អស់​នេះ​ ដល់​សាវក​​ទាំង​ដប់​មួយ ព្រម​ទាំង​អ្នក​ផ្សេងៗ​​ទៀត។​ ១០ពួក​ស្រ្តី​ដែល​បាន​ប្រាប់​ហេតុ​ការណ៍​​ទាំង​នោះ​ ដល់​ពួក​សាវក​​ មាននាង​ម៉ារា​អ្នក​ក្រុង​ម៉ាក់ដាឡា នាង​យ៉ូអាណាន់ និង​នាង​ម៉ារា​ជា​ម្តាយ​របស់​លោក​យ៉ាកុប ព្រម​ទាំង​ស្ត្រី​ផ្សេង​ទៀត​​ដែល​​នៅ​ជាមួយ​ពួកគេ។ ១១ប៉ុន្ដែ​អ្នក​ទាំង​នោះ​មិន​ជឿ​ពួក​នាង​ទេ​ ដ្បិត​ពាក្យ​សំដី​របស់ពួក​នាង​ ​ដូច​ជា​ផ្ដេសផ្ដាស​សម្រាប់​ពួកគេ។​​ ១២​​លោក​ពេត្រុស​បាន​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ និង​បាន​អោន​មើល ​​ក៏​ឃើញ​តែ​ក្រណាត់​ទេសឯក​ប៉ុណ្ណោះ រួច​គាត់​ក៏​ចាក​ចេញ​មក​វិញ ​ដោយ​ងឿង​ឆ្ងល់​អំពី​អ្វី​ដែល​កើត​ឡើង។​

ព្រះយេស៊ូ​​បង្ហាញ​ខ្លួន​នៅ​ភូមិ​អេម៉ោស​

១៣ហើយ​មើល៍ ​នៅ​​ថ្ងៃ​ដដែល​​នោះមាន​ពីរ​នាក់ ​ក្នុង​ចំណោមពួក​​សិស្ស​​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​មួយ ​ឈ្មោះ​ភូមិ​អេម៉ោស ដែល​មាន​ចម្ងាយ​ប្រហែល ​ដប់មួយ​គីឡូម៉ែត្រ​ ពី​ក្រុងយេរូសាឡិម​​​ ១៤ហើយពួកគេ​និយាយ​គ្នា ​អំពី​ហេតុ​ការណ៍​ទាំង​ឡាយ​​​ ដែល​បាន​កើត​ឡើង​ ១៥ហើយ​​ពេល​ពួកគេ​កំពុង​ជជែក​​គ្នា ព្រះ​យេស៊ូ​ក៏​យាង​មក​ជិត ​ធ្វើ​ដំណើរ​​ជាមួយ​ពួកគេ​ដែរ​ ១៦តែ​​ភ្នែក​របស់​ពួកគេ​ត្រូវ​បាន​ខ្ទប់​មិន​ឲ្យ​ស្គាល់​ព្រះអង្គ​ទេ។​ ១៧ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «តើ​ពួក​អ្នក​កំពុង​ដើរ​បណ្តើរ និយាយ​គ្នា​បណ្តើរ​អំពី​រឿង​អ្វី​?» ពួកគេ​ក៏​ឈរ​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​ ១៨ម្នាក់​ឈ្មោះ​ក្លេប៉ាស​ទូល​តប​ទៅ​ព្រះអង្គ​ថា​៖ «តើ​មាន​តែ​អ្នក​ម្នាក់​ប៉ុណ្ណោះ​ឬ​ ដែល​នៅ​ក្រុង​យេរូ​សាឡិមហើយ​មិន​ដឹង​ហេតុ​ការណ៍​ ដែល​បាន​កើត​ឡើង ​នៅ​ក្នុង​ក្រុងប៉ុន្មាន​ថ្ងៃ​នេះ​​​?»​ ១៩ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «តើ​រឿង​អ្វី​ទៅ​?» ពួកគេ​ទូល​តប​ថា​៖ «គឺ​អំពី​លោក​យេស៊ូជា​អ្នក​ក្រុង​ណាសារ៉ែត​ លោក​ជា​អ្នក​នាំ​ព្រះបន្ទូល​​ម្នាក់​ដ៏​មាន​អំណាច​ ទាំង​នៅ​ក្នុង​ពាក្យ​សំដី និង​ការ​ប្រព្រឹត្តិនៅ​ចំពោះ​ព្រះ​ជាម្ចាស់ និង​ប្រជាជន​ទាំងអស់​ ២០ប៉ុន្ដែ​ យ៉ាង​ដូចម្ដេច​បាន​ជា​ ទាំង​ពួក​សម្តេច​​​សង្ឃ​ និង​ពួក​អាជ្ញាធរ​របស់​យើង​កាត់​ទោស​ប្រហារ​ជីវិត​លោក គឺ​ពួកគេ​បាន​ឆ្កាង​លោក​ ២១ហើយ​​យើង​សង្ឃឹម​ថា លោក​​ជា​ព្រះ​មួយ​អង្គ ​ដែល​នឹង​សង្គ្រោះ​អ៊ីស្រាអែល ប៉ុន្ដែ​លើស​ពី​​នេះ​ទៅ​ទៀត​​ នេះ​ជា​​ថ្ងៃ​ទីបី​​ហើយ តាំងពី​ហេតុការណ៍​ទាំង​នេះ​​បាន​​កើតឡើង។​ ២២មាន​ពួក​ស្រ្តី​ខ្លះ ​នៅ​ក្នុង​ចំណោម​យើង​បាន​ធ្វើ​ឲ្យ យើង​ឆ្ងល់​ដែរ គឺ​កាល​ពួកគេ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម​ ២៣មិន​បាន​ឃើញ​សព​លោក​ទេ​ ពួកគេ​បាន​មក​បា្រប់​ទៀត​ថា បាន​ឃើញ​ពួក​ទេវតា ​លេច​មក​ប្រាប់​ថា លោក​នៅរស់​ទេ។ ២៤មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោមពួកអ្នក​នៅ​ជាមួយ​យើង បានចេញ​ដំណើរ​ទៅ​ឯ​ផ្នូរ ហើយ​ក៏​ឃើញ​ដូច​ជា​ស្ដី្រ​ទាំង​នោះ​និយាយ​មែន គឺ​ពួកគេ​មិន​បាន​ឃើញ​លោក​ទេ»។ ​២៥ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «ឱ​​ពួក​​មនុស្ស​ល្ងីល្ងើ និង​មាន​ចិត្ត​មិន​ងាយ​ជឿ​អស់​ទាំង​សេចក្ដី​ ដែល​ពួក​អ្នក​នាំ​​ព្រះបន្ទូល​​បាន​ថ្លែង​ទុក​អើយ​!២៦តើ​ព្រះ​គ្រិស្ដ​​មិន​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​នោះ​ទេ​ឬ ដើម្បី​ចូល​ទៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះអង្គ​?»​ ២៧រួច​ព្រះអង្គ​ ក៏​ពន្យល់​​ប្រាប់​ពួកគេ​គ្រប់​សេចក្ដី​​​ដែល​បាន​ចែង​អំពី​ព្រះអង្គ​នៅ​ក្នុង​បទ​​គម្ពីរ​ទាំង​អស់ ចាប់​ផ្ដើម​ពី​គម្ពីរ​ម៉ូសេ​ រហូត​ដល់​គម្ពីរ​របស់​ពួក​​អ្នក​នាំ​ព្រះបន្ទូល។​ ២៨កាល​ពួកគេ​ធ្វើ​ដំណើរ​មក​ជិត​ដល់​ភូមិ​នោះ​ហើយ ព្រះអង្គ​ក៏​ធ្វើ​ជា​យាង​បង្ហួស​ទៅ​ ២៩ប៉ុន្ដែ​ ពួកគេ​បាន​ទទូច​សុំ​ព្រះអង្គ​យ៉ាង​ខ្លាំង​ថា​៖ «សូម​ស្នាក់​នៅ​ជាមួយ​យើង​សិន ព្រោះ​​ល្ងាច​ណាស់​ហើយ» ព្រះអង្គ​ក៏​យាង​ចូល​​ទៅ​ស្នាក់​នៅ​ជាមួយ​ពួកគេ។​ ៣០កាល​ព្រះអង្គ​អង្គុយ​ នៅ​តុ​អាហារ​ជាមួយ​នឹង​ពួកគេ ព្រះ​អង្គ​បាន​យក​នំបុ័ង​មក​ប្រទាន​ពររួច​កាច់​ឲ្យទៅ​ពួកគេ​ ៣១ពេល​នោះ​ភ្នែក​របស់​ពួកគេ​ ត្រូវ​បាន​បើក​ឡើង ហើយ​ពួកគេ​ក៏​ស្គាល់​ព្រះអង្គ ប៉ុន្ដែ​ព្រះអង្គ​ក៏​បាត់​ពី​មុខ​ពួកគេ​ទៅ។ ៣២ពួកគេ​បាន​និយាយ​គ្នា​ថា​៖ «តើ​ចិត្ត​របស់​យើង​មិន​បាន​ឆេះ​ឆួល​ទេ​ឬ ​កាល​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល ​មក​កាន់​យើង​នៅ​តាម​ផ្លូវ គឺ​នៅ​ពេល​ព្រះអង្គ​បក​ស្រាយ​បទ​គម្ពីរ​ប្រាប់​​យើង​?»​ ​៣៣ពេល​នោះ​ពួកគេ​ក្រោក​ឡើង ​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​ពួកគេ​បាន​ឃើញ​សាវក​​ទាំង​ដប់មួយ និង​ពួក​អ្នក​​ដែលនៅ​ជាមួយ​ពួកគេ ​​កំពុង​ជួបជុំ​គ្នា ៣៤និយាយ​ថា​៖ «ព្រះ​អម្ចាស់​បាន​រស់​ឡើង​វិញ​ពិត​មែន គឺ​ព្រះអង្គ​បាន​លេច​​មក​ឲ្យ​លោក​ស៊ីម៉ូន​ឃើញ»។​​ ៣៥ពួកគេ​ក៏​ពន្យល់​បា្រប់​ពី​ហេតុ​ការណ៍​ នៅ​តាម​ផ្លូវ និង​ពី​របៀប​ ដែល​ពួកគេ​ស្គាល់​ព្រះអង្គ​នៅ​ពេល​កាច់​នំប៉័ង។

ព្រះយេស៊ូបង្ហាញ​ខ្លួន​​ដល់​ពួក​សិស្ស​

៣៦ពេល​ពួកគេ​កំពុង​ប្រាប់អំពី​ហេតុ​ការណ៍​ទាំង​​​នេះ ព្រះអង្គ​ក៏​ឈរ​នៅ​កណ្តាល​ចំណោម​ពួកគេ និង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «សូម​​អ្នក​​រាល់​គ្នាប្រកប​ដោយ​សេចក្ដី​សុខសាន្ដ»​ ៣៧ពួកគេ​ក៏​ខ្លាច​ញ័រ​រន្ធត់ ព្រោះ​ពួកគេ​គិត​ថា​ ​ជួប​ខ្មោច។​ ៣៨ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ច្របូក​ច្របល់​ដូច្នេះ​? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ មាន​ចិត្ត​សង្ស័យ​ដូច្នេះ​? ៣៩ចូរ​មើល​ដៃ និង​ជើង​របស់​ខ្ញុំ​ចុះ ថា​ជា​ខ្ញុំ ហើយ​ចូរ​មើល និង​ពាល់​ខ្ញុំ​ចុះ ព្រោះ​ខ្មោច​គ្មាន​សាច់​គ្មាន​ឆ្អឹង​ ដូច​ជា​អ្នក​រាល់​គ្នា​ឃើញ​ខ្ញុំ​នេះ​ទេ»។​ ៤០កាល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ហើយ​ ក៏​បង្ហាញ​ព្រះហស្ដ​​ និង​បាទា​​​ឲ្យពួក​គេ​ឃើញ។​ ៤១ប៉ុន្ដែ​ដោយ​សេចក្ដី​អំណរ និង​ការ​ងឿង​ឆ្ងល់ ពួកគេ​នៅ​តែ​មិន​ទាន់​ជឿ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា​៖ «តើ​អ្នក​រាល់​គ្នា​ មាន​អាហារ​នៅ​ទីនេះ​ដែរ​ឬ​ទេ​?»​ ៤២ពួកគេ​ក៏​ឲ្យតី្រ​អាំង​មួយ​ដុំ​ដល់​ព្រះអង្គ​ ៤៣ហើយព្រះអង្គ​ក៏ ​យក​មក​បរិភោគ​នៅ​ចំពោះ​មុខ​ពួកគេ​ ៤៤រួច​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «ទាំងនេះ​​ជា​​ពាក្យ​សំដី​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​ប្រាប់​​អ្នករាល់គ្នា​ កាល​ខ្ញុំ​នៅ​​ជាមួយ​​អ្នករាល់​គ្នា​នៅ​ឡើយ​ គឺ​បាន​ប្រាប់​ថា សេចក្ដី​ទាំង​អស់​ដែល​បាន​ចែងទុក​អំពី​ខ្ញុំ​នៅ​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ គម្ពីរ​របស់​ពួក​អ្នក​នាំ​ព្រះ​បន្ទូល និង​ទំនុក​តម្កើង​ត្រូវ​តែ​សម្រេច»។​​ ៤៥បន្ទាប់​មក ព្រះអង្គ​ក៏​បើកគំនិត​របស់​ពួកគេ ​ឲ្យយល់​បទ​គម្ពីរ​ទាំង​នោះ ៤៦ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «គឺ​មាន​សេចក្ដី​ចែង​ទុក​ដូច្នេះ​ថា ព្រះ​គ្រិស្ដ​ត្រូវ​រង​ទុក្ខ​​វេទនា ហើយ​រស់​​ពីការសោយទិវង្គតឡើង​វិញ​ នៅ​ថ្ងៃ​ទីបី​ ៤៧ហើយ​គេ​នឹង​ប្រកាស​ក្នុង​ព្រះ​នាម​របស់​ព្រះអង្គ ​អំពី​ការ​ប្រែ​ចិត្ដ​​​​ សម្រាប់​ការ​លើក​លែង​ទោស​​បាប​ ដល់​​ជន​ជាតិ​​ទាំង​អស់​ ចាប់​ផ្ដើម​​ពីក្រុងយេរូសាឡិម​ទៅ​ ៤៨ហើយ​អ្នក​រាល់​គ្នា​ជា​សាក្សី​នៃ​ហេតុ​ការណ៍​ទាំង​នេះ​ ៤៩មើល៍ ខ្ញុំ​បាន​ប្រគល់​ សេចក្តី​សន្យា​របស់​ព្រះ​វរ​បិតា​​ខ្ញុំ​ដល់​អ្នក​រាល់​គ្នាហើយ​ ប៉ុន្ដែ​ចូរ​​អ្នក​រាល់​គ្នានៅ​ក្នុង​ក្រុង​ រហូត​ដល់​អ្នក​រាល់​គ្នា​បានគ្រប​ដណ្ដប់​ ដោយ​​​អំណាច​ពី​ស្ថាន​លើ»​

ព្រះយេស៊ូយាង​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ​

៥០ព្រះអង្គក៏​នាំ​ពួកគេ​ចេញ​ ទៅ​​ក្រៅ​រហូត​ដល់​ក្រុង​បេថានី ហើយ​ព្រះអង្គ​ក៏​លើក​ព្រះហស្ដ​​​ ប្រទាន​ពរ​ដល់​ពួកគេ។​ ៥១កាល​ព្រះអង្គ​កំពុង​ប្រទាន​ពរ​ឲ្យពួកគេ ព្រះអង្គ​ក៏​ចាក​ចេញ​ពី​ពួកគេ​ទៅ គឺ​ត្រូវ​បាន​លើក​យក​ទៅ​ ឯ​ស្ថាន​សួគ៌​វិញ។​ ៥២ពួកគេ​ក៏​ថ្វាយ​បង្គំ​ព្រះអង្គ ហើយ​​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ដោយ​អំណរ​ជា​ខ្លាំង ​៥៣និង​បាន​នៅ​ក្នុង​ព្រះ​វិហារ​ថ្វាយ​ព្រះ​ពរ​​ព្រះ​ជាម្ចាស់​ជានិច្ច​៕

លូកា ២៤