KCB - លូកា ២៣


លូកា ២៣

ព្រះយេស៊ូជួប​លោកពីឡាត់​

២៣រួច​អ្នកនៅ​ក្នុងអង្គ​ប្រជុំ​ ទាំង​មូល ក៏ក្រោកឡើង​នាំ​ព្រះអង្គ​ទៅជួប​លោក​ពីឡាត់​ ពួកគេ​ក៏​ចាប់​ផ្តើម​ចោទ​ប្រកាន់​ព្រះ​អង្គ​​ ថា៖ «យើង​បាន​ឃើញ​ អ្នក​នេះ​កំពុង​នាំ​ជន​​ជាតិ​របស់​យើងបះបោរ​ និង​​ហាម​ការ​បង់​ពន្ធ​ដារ​ឲ្យព្រះចៅ​អធិរាជ​ ព្រម​ទាំង​ហៅ​ខ្លួន​ឯង​ថា ជា​ព្រះ​គ្រិស្ដ គឺ​ជា​ស្ដេច»។​​ លោក​ពីឡាត់​ក៏​សួរ​ព្រះ​អង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​យូដា​ឬ​?» ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖ «លោក​និយាយ​ត្រូវ​ហើយ»​ លោក​ពីឡាត់ ​ក៏​និយាយ​ទៅ​ពួក​សម្ដេច​សង្ឃ​ និង​បណ្ដាជន​ថា៖ «ខ្ញុំ​មិន​ឃើញ​ថា បុរស​ម្នាក់​នេះ​មាន​ទោស​សោះ»​ ប៉ុន្ដែ​ពួកគេ​និយាយ​ទទូច​ថា៖ «គាត់​ញុះញង់​ប្រជាជន​ ទាំង​​បង្រៀន​ពាស​ពេញ​ស្រុក​យូដា​ទាំង​មូល គឺ​ចាប់​ពី​ស្រុក​កាលីឡេ​​រហូត​មក​ដល់​ទីនេះ»។​

ព្រះយេស៊ូជួប​ស្ដេចហេរ៉ូឌ​អានទីផាស

ពេល​លោក​ពីឡាត់​ឮ​ដូច្នេះ ក៏​សាក​សួរ​ថា បុរស​ម្នាក់​នេះ​ជាអ្នក​ស្រុក​កាលីឡេ​​មែន​ដែរ​ឬ​អត់​ កាល​ដឹង​ថាព្រះអង្គ​ស្ថិត​ក្នុង ​សិទ្ធិ​អំ​ណាច​​របស់​ស្ដេច​ហេរ៉ូឌ លោក​ពីឡាត់​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឯ​ស្ដេច​ហេរ៉ូឌ ដ្បិត​នៅ​ថ្ងៃ​នោះ​ស្តេច​​ក៏​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ដែរ ពេល​ស្តេច​​ជួប​ព្រះ​យេស៊ូ ក៏​ត្រេកអរ​ជា​ពន់ពេក ព្រោះ​ស្ដេច​បាន​ឮ​អំពី​ព្រះអង្គ និង​ចង់​ជួប​ព្រះអង្គ​ជា​យូរ​មក​ហើយ ស្ដេច​​សង្ឃឹម​ថា​ នឹង​ឃើញ​ព្រះអង្គសំដែង​​ទីសំគាល់​អស្ចារ្យ​ណា​​មួយ។​ ស្តេច​ក៏​សួរ​ព្រះអង្គ​ជា​ច្រើន​ ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​​អ្វី​ឡើយ។ ១០ពួក​សម្ដេច​សង្ឃ​និង​ពួក​គ្រូ​វិន័យ​​ ក៏​ក្រោក​ឈរ​ចោទប្រកាន់ព្រះអង្គយ៉ាង​ធ្ងន់ៗ។ ១១កាល​ស្ដេច​ហេរ៉ូឌ និង​ពួក​ទាហាន​របស់​ស្ដេច​ចំអក​មើលងាយព្រះអង្គ ​រួចក៏​ពាក់​អាវ​ភ្លឺ​រលោង​ឲ្យព្រះអង្គ ហើយ​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យ​លោក​ពីឡាត់​វិញ។ ១២នៅ​​ថ្ងៃ​នោះ​ លោក​ពីឡាត់ និង​ស្ដេច​ហេរ៉ូឌ​ ទាំង​ពីរ​នាក់​ បាន​ត្រលប់​​ជា​មិត្ដ​សម្លាញ់​នឹង​គ្នា ដ្បិត​កាល​ពីមុន​ជា​សត្រូវ​នឹង​គ្នា។

លោកពីឡាត់ចង់​ដោះលែង​ព្រះយេស៊ូ

១៣កាល​លោក​ពីឡាត់​ហៅ​ពួក​សម្ដេច​សង្ឃ​ ពួក​អាជ្ញាធរ និង​ប្រជាជន​មក​ជុំ​គ្នា​ហើយ​ ១៤ក៏​និយាយ​ទៅ​ពួកគេ​ថា៖ «អ្នក​រាល់​គ្នា​បាន​នាំ​បុរស​ម្នាក់​នេះ​មក​ឲ្យ ខ្ញុំ​ ដោយ​ចោទ​ថា ​ជា​​អ្នក​ញុះញង់​ប្រជាជន ប៉ុន្ដែ​មើល៍ នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា ខ្ញុំ​បាន​សាក​សួរ​គាត់​អស់​ហើយ ឃើញ​​ថា​ បុរស​ម្នាក់​នេះ​គ្មាន​ទោស​ ដូច​ដែល​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​សោះ។​​ ១៥​ស្ដេច​ហេរ៉ូឌ​ក៏​ដូច​គ្នា​ដែរ ដ្បិត​ស្ដេច​ បាន​បញ្ជូន​បុរស​នេះ​​មក​ឲ្យ​យើង​វិញ ហើយ​​មើល៍ គាត់​មិន​បាន​ប្រព្រឹត្តអ្វី​មួយ​ ដែល​សម​នឹង​ស្លាប់​សោះ​ ១៦ដូច្នេះ ​ពេល​ដាក់​ទណ្ឌកម្ម​គាត់​ហើយ ខ្ញុំ​នឹង​ដោះ​លែង​គាត់» ១៧[រៀង​រាល់​ថ្ងៃ​បុណ្យ លោក​ពីឡាត់​ធ្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ឲ្យពួកគេ​​]។ ​​១៨ប៉ុន្ដែ​ ពួកគេ​​ស្រែក​​ទាំងអស់​​គ្នា​​​​ថា៖ «សូម​យក​ម្នាក់​នេះ​ទៅ ហើយ​ដោះ​លែង​បារ៉ាបាស​ឲ្យ យើង​វិញ!» ​១៩បារ៉ាបាស​ត្រូវ​គេ​ចាប់​ដាក់​គុក ដោយ​ព្រោះ​តែ​ការ​​បះបោរ និង​ការ​កាប់​សម្លាប់ ដែល​បានកើត​ឡើង​នៅក្នុងក្រុង។​ ២០ដោយ​ចង់​ដោះ​លែង​ព្រះ​យេស៊ូ លោក​ពីឡាត់​ក៏​និយាយ​បញ្ជាក់​ទៅ​ពួកគេ​ម្តង​ទៀត។ ​២១ប៉ុន្ដែ​ពួកគេ​ស្រែក​ថា៖ «ឆ្កាង​វា​ទៅ ឆ្កាង​វា​ទៅ!»​ ២២លោក​ពីឡាត់ ​ក៏​និយាយ​ទៅ​ពួកគេ​ជា​លើក​ទីបី​ថា៖ «ហេតុអ្វី តើ​អ្នក​នេះ​បាន​ធ្វើ​អ្វី​អាក្រក់​ឬ​? ខ្ញុំ​ឃើញ​ថា ​គាត់​គ្មាន​ទោស​ត្រូវ​ស្លាប់​ទេ ដូច្នេះ​ពេល​ដាក់​ទណ្ឌកម្ម​ហើយ ខ្ញុំ​នឹង​ដោះ​លែង​គាត់!»​ ២៣ប៉ុន្ដែ ​ពួកគេ​បាន​ទទូច​ដោយ​សំឡេង​​ឮៗ​ទាមទារ​ឲ្យឆ្កាង​ព្រះអង្គ ហើយ​សំឡេង​របស់​​ពួកគេ ​ក៏​យក​ឈ្នះ​បាន ​២៤ដូច្នេះ ​លោក​ពីឡាត់​ក៏​សម្រេច​ចិត្ដ​ធ្វើ​តាម​ការ​ទាមទារ​របស់​ពួកគេ​ ២៥ហើយ ​លោក​ក៏​ដោះ​លែង​មនុស្ស​ម្នាក់​ ដែល​ពួកគេ​បាន​សូម ជា​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​ដាក់​គុក​ពី​បទ​​បះបោរ និង​កាប់​សម្លាប់ ឯ​ព្រះ​យេស៊ូ​វិញ លោក​បាន​ប្រគល់​ទៅ​តាម​ចិត្ត​របស់​ពួកគេ។

ការ​ឆ្កាង​ព្រះយេស៊ូ

២៦កាល​ពួកគេ​នាំ​ព្រះអង្គ​ទៅ ក៏​ចាប់​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូនជា​អ្នក​ក្រុង​​គីរេនដែល​ទើប​មក​ពី​ចម្ការ​​ គឺ​ពួកគេ​បាន​ដាក់​ឈើ​ឆ្កាង​លើ​គាត់​​ឲ្យលី ​ដើរ​តាម​ព្រះយេស៊ូ​ ២៧ហើយ​មាន​ប្រជាជន​ច្រើន​កុះករបាន​ដើរ​តាម​ព្រះអង្គ មាន​ទាំង​ពួក​ស្ដី្រ​​កំពុង​កាន់ទុក្ខ និង​កំពុង​យំ​សោក​សម្រាប់​ព្រះអង្គ​ផង។​ ២៨ប៉ុន្ដែ​ព្រះ​យេស៊ូ​ងាក​មក​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖ «កូន​ស្រី​ក្រុង​យេរូសាឡិម​អើយ! កុំ​យំ​សម្រាប់​ខ្ញុំ​អី ចូរ​យំ​សម្រាប់​អ្នក​រាល់​គ្នា និង​ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ២៩ដ្បិតមើល៍ នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​និយាយ​ថាមានពរហើយ ​ដល់​​ពួក​ស្រ្តីអារ​ និង​ផ្ទៃ​ដែល​មិន​បាន​បង្កើត​កូន ព្រម​ទាំង​ស្រ្ដី​​ដែល​មិន​បាន​បំបៅ​កូន។​ ៣០ពេល​នោះ​ពួកគេ​នឹង​ចាប់​ផ្ដើម​និយាយ​ទៅ​កាន់​​ភ្នំ​នានា​ថាសូម​ធ្លាក់​សង្កត់​យើង​ទៅ ហើយ​និយាយ​ទៅ​ទីទួល​នានា​ទៀត​ថា សូម​គ្រប​លើ​យើង​ទៅ​ ៣១ព្រោះ​កាល​ដើម​ឈើ​នៅ​ស្រស់​នៅ​ឡើយ ពួកគេ​ធ្វើ​ការ​ទាំង​នេះ​ទៅ​ហើយ ចុះ​ពេល​ដើម​ឈើ​ក្រៀម នោះ​តើ​នឹង​មាន​អ្វី​កើត​ឡើង​?»​ ៣២គេ​​នាំ​មនុស្ស​មាន​ទោស​ធ្ងន់ ​ពីរ​នាក់​ទៀត​ទៅ​ឆ្កាង​ជាមួយ​ព្រះអង្គ​ដែរ។ ៣៣កាល​មក​ដល់​កន្លែង​មួយ​ឈ្មោះ លលាដ៌ក្បាល ពួក​គេ​ក៏​ឆ្កាង​ព្រះអង្គ និង​មនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​​នៅ​ទីនោះដែរ​ គឺ​ម្នាក់​នៅ​ខាង​ស្តាំ​ព្រះអង្គ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។ ​ ៣៤ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ឱ ​ព្រះវរបិតា​អើយ! សូម​លើក​លែង​ទោស​ ដល់​ពួកគេ​ផង ដ្បិត​ពួកគេ​មិន​ដឹង​ថា ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ»​។ ពួកគេ​បាន​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ។​ ៣៥ប្រជាជន​បាន​ឈរ​មើល​ព្រះអង្គ ឯ​ពួក​អាជ្ញាធរ​​ក៏​​មើល​ងាយ​​​ព្រះអង្គ​ដែរ​ ដោយ​​និយាយ​​ថា៖ «វា សង្គ្រោះ​​អ្នក​ដទៃ​បាន ចូរ​ឲ្យវាសង្គ្រោះ​ខ្លួន​ឯង​មើល៍ ​បើ​វា​​នេះ​ជា​ព្រះគ្រិស្ដ​ ដែល​ព្រះជា​ម្ចាស់​​រើស​តាំង​មែន» ៣៦ឯ​ពួក​ទាហាន​ក៏​ចំអក​ឲ្យ​ព្រះអង្គ​​ដែរ និង​បាន​ចូល​មក​ជិត ​​ឲ្យទឹក​​ខ្មេះ​ដល់​ព្រះអង្គ​ ៣៧ទាំង​និយាយ​ថា៖ «បើ​ឯង​ជា​ស្ដេច​របស់​ជនជាតិ​​យូដា​មែន ចូរ​សង្រ្គោះ​ខ្លួន​ឯង​មើល៍!»​​ ៣៨ហើយ​នៅ​ចំ​ពី​លើ​ព្រះអង្គ​មាន​ចំណារ​​មួយ​ថា នេះ​ជា​ស្តេច​របស់​ជនជាតិ​​យូដា។​​ ៣៩មនុស្ស​មានទោស​ធ្ងន់​ម្នាក់ ​ដែល​ត្រូវ​គេ​ឆ្កាង​ដែរ​​នោះ​បាន​ប្រមាថ​ព្រះអង្គ​ថា៖ «តើ​ឯង​មិន​មែន​ជា​ព្រះគិ្រស្ដ​ទេ​ឬ? ចូរ​សង្គ្រោះ​ខ្លួន​ឯង និង​​យើង​មើល៍!»​ ៤០ប៉ុន្ដែ ​ម្នាក់ទៀត​បន្ទោស​ម្នាក់​នោះ​ថា៖ «តើ​​ឯង​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​ឬ ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូចគ្នា​?​ ៤១សម្រាប់​យើងយុត្ដិធម៌​ហើយ ដ្បិត​យើង​ទទួល​​ទោស​សម​នឹង​អ្វី​ដែល​យើង​បាន​ប្រព្រឹត្ដ ប៉ុន្ដែ​ម្នាក់​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ»។​ ៤២រួច​គាត់​ទូល​ទៅ​ព្រះអង្គ​ថា៖ «ព្រះយេស៊ូ​អើយ! ពេល​ព្រះអង្គ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះអង្គ សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង»។​ ៤៣ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​វិញ ​ថា៖ «ខ្ញុំ​បា្រប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃនេះ​អ្នក​នឹង​នៅ​ស្ថាន​សួគ៌​​ជាមួយ​ខ្ញុំ»

ការ​សោយ​ទិវង្គត​របស់ព្រះយេស៊ូ

៤៤ប្រហែល​​ជា​​​​ ម៉ោង​ដប់​​ពីរ​ថ្ងៃ​ត្រង់ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​​ទាំង​មូល ​រហូត​ដល់​ម៉ោង​បី​រសៀល ៤៥ដួង​អាទិត្យ​​បាន​បាត់​រស្មី ហើយ​វាំង​នន​នៅ​ក្នុង​ព្រះ​វិហារ​ បាន​រហែក​ជា​ពីរ​ ៤៦ព្រះ​យេស៊ូ​ស្រែក ​ដោយ​សំឡេង​​ខ្លាំងៗ​ថា​៖ «ព្រះវរ​បិតា​អើយ! ខ្ញុំ​សូម​ប្រគល់​វិញ្ញាណ​របស់​ខ្ញុំ​ទៅ​ក្នុង​ព្រះហស្ដ​ ​របស់​ព្រះអង្គ​វិញ» ពេល​មាន​បន្ទូល​បែប​នេះ​ហើយ ព្រះអង្គ​​ផុតដង្ហើម​ទៅ។​ ៤៧កាល​​នាយ​ទាហាន​ម្នាក់ ​បាន​ឃើញ​​ហេតុ​ការណ៍​ដែល​កើត​ឡើង ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖ «បុរស​នេះ​ជា​មនុស្ស​សុចរិត​មែន»​ ៤៨​រីឯ​បណ្ដាជន​ទាំង​អស់​ដែល​ជួបជុំ​គ្នា​មើល​ហេតុការណ៍​នេះ​ កាល​បាន​សង្កេត​ឃើញ​ហេតុ​ការណ៍​ដែល​បានកើត​​ឡើង​ ក៏​​ត្រលប់​ទៅ​វិញ​​​ទាំង​គក់​ទ្រូង។ ៤៩ពួក​អ្នកដែល​ស្គាល់​ព្រះអង្គ​ទាំង​អស់ និង​ពួកស្ដី្រ ​​ ដែល​បាន​ដើរ​តាម​ព្រះអង្គ​ ពី​ស្រុក​កាលីឡេ​​មក​បាន​ឈរ​មើល​ហេតុ​ការណ៍​ទាំង​នេះ​ពី​ចម្ងាយ។

ការ​បញ្ចុះ​សព​ព្រះយេស៊ូ

៥០មើល៍ មាន​បុរស​ម្នាក់ ​ឈ្មោះ​យ៉ូសែប​ជា​សមាជិក​ម្នាក់ ​នៃ​ក្រុម​​បឹ្រក្សា​កំពូល​និង​ជា​មនុស្ស​​​​ល្អ ហើយ​សុចរិត។​ ៥១គាត់​មិន​បាន​យល់​​ស្រប ​ជាមួយ​ផែនការ និង​អំពើ​របស់​ពួកគេ​នេះ​ទេ។ គាត់​មក​ពី​ក្រុង​អើរីម៉ាថេ ជា​ក្រុង​មួយ​នៃ​ស្រុក​យូដា គាត់ជា​អ្នក​ដែល​កំពុង​រង់ចាំ​នគរ​ព្រះជា​ម្ចាស់​ ៥២គាត់បាន​ចូល​ទៅ​​ជួប​​លោក​ពីឡាត់​ សុំ​យក​សព​ព្រះ​យេស៊ូ។ ​៥៣កាល​គាត់​ដាក់​សព​ចុះ​ហើយ ក៏​រុំ​នឹង​សំពត់​​ទេសឯក ហើយ​​បាន​បញ្ចុះ​​សព​នោះ​នៅ​ក្នុង​ផ្នូរ​ ដែល​ដាប់​ទៅ​​ក្នុង​ថ្ម ជា​កន្លែង ​ដែល​មិន​ទាន់​បាន​បញ្ចុះ​​សព​ណា​នៅ​ឡើយ។​​ ៥៤ថ្ងៃ​នោះ​ជា​ថ្ងៃ​​រៀប​ចំ​​ ហើយ​ថ្ងៃ​សប្ប័ទ​​ បាន​ខិត​ជិត​មក​ដល់​ ៥៥ឯ​ពួក​ស្រ្តី ​ដែល​ចេញ​មក​ពី​ស្រុក​កាលីឡេ​​ជាមួយ​ព្រះអង្គ ​បាន​ដើរ​តាមទៅ​មើល​ផ្នូរ និង​របៀប​ដែល​គេ​ដាក់​សព​របស់​ព្រះ​អង្គ។​ ៥៦កាល​​បាន​ត្រលប់​មក​វិញ ពួកគេ​ក៏​រៀបចំ​គ្រឿង​ក្រអូប និង​ប្រេង​ក្រអូប ហើយ​បាន​សម្រាក​នៅ​ថ្ងៃ​សប្ប័ទ​​តាម​បញ្ញត្ដិ។

លូកា ២៣