KCB - លូកា ២២


លូកា ២២

យូដាស​ព្រម​ក្បត់​ព្រះយេស៊ូ

២២​នៅពេល​​ពិធី​បុណ្យ​នំបុ័ង​ឥតមេ​ដែល​ហៅ​ថា ពិធី​បុណ្យ​រំលង​ជិត​មក​ដល់​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​បាន​​រិះរក​មធ្យោបាយ​សម្លាប់​ព្រះអង្គ ប៉ុន្ដែ​ពួកគេ​ខ្លាច​ប្រជាជន។​ អារក្ស​សាតាំង​​បាន​ចូល​យូដាស​​ដែល​ហៅ​​ថា អ៊ីស្ការីយ៉ុត ជា​សាវក​ម្នាក់​ក្នុង​​ចំណោម​សាវក​​ទាំង​ដប់ពីរ​ គាត់​បាន​ចេញ​ទៅ​ពិគ្រោះ​ជាមួយ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ពី​មធ្យោបាយ​ ដែល​គាត់​អាច​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យពួកគេ។​ ពួកគេ​ត្រេក​អរ​ណាស់ ហើយ​បាន​យល់​​ព្រម​ឲ្យប្រាក់​​គាត់​​ ឯ​យូដាស​​ក៏​យល់​ព្រម រួច​​​រក​ឱកាស​ប្រគល់​ព្រះអង្គ នៅ​ពេល​​គ្មាន​បណ្ដាជន​នៅ​ជាមួយ​ពួកគេ។​

ការ​រៀបចំ​ពិធី​​បុណ្យ​រំលង​

ពេល​ដល់​ថ្ងៃ​បុណ្យ​នំបុ័ង​ឥតមេជា​ថ្ងៃ ​ដែល​គេ​ត្រូវ​ថ្វាយ​យញ្ញ​បូជា​ ជា​កូន​ចៀម​សម្រាប់​​ពិធី​បុណ្យ​រំលង​ ព្រះអង្គ​បាន​ចាត់​លោកពេត្រុស និង​លោក​យ៉ូហាន​ឲ្យទៅ​ ដោយ​មាន​បន្ទូល​ថា​៖ «ចូរ​ទៅ​រៀបចំ​​​បុណ្យ​​រំលង​​ ដើម្បី​ឲ្យពួក​យើងបាន​បរិភោគ»​ ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា​៖ «តើ​លោក​ចង់​ឲ្យយើង​រៀបចំ​នៅ​កន្លែង​ណា?»​​ ១០ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «មើល៍ ពេល​ពួក​អ្នក​​ចូល​ទៅ​ក្នុង​ក្រុង ពួក​អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក ចូរ​ដើរ​តាម​អ្នក​នោះ​ទៅ​ក្នុង​ផ្ទះ​ដែល​អ្នក​នោះ​ចូល១១ហើយ​ប្រាប់​​ម្ចាស់​ផ្ទះ​នោះ​​ថា លោក​គ្រូ​សួរ​មក​អ្នក​ថា តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​បរិភោគអាហារ​ជាមួយ​នឹង​សិស្ស​​របស់​ខ្ញុំ ​ក្នុង​ថ្ងៃ​បុណ្យរំលងនៅ​ឯណា?​ ១២គាត់នឹងបង្ហាញ​ឲ្យអ្នក​រាល់​គ្នា​ឃើញ ​​បន្ទប់​ដ៏​ធំ​មួយ​នៅ​ជាន់​លើ​ដែល​រៀប​ជា​ស្រេច ចូរ​រៀបចំ​នៅ​ទីនោះ​ចុះ»។​ ១៣អ្នក​ទាំង​ពីរក៏​ចាក​ចេញ​ទៅ ហើយ​​ឃើញ​ដូច​ដែលព្រះអង្គ​បាន​មាន​បន្ទូល​​ប្រាប់ ដូច្នេះ​ពួកគេ​​ក៏​រៀបចំ​ពិធី​បុណ្យ​​រំលង។​

ព្រះយេស៊ូបរិភោគអាហារ​ជា​លើ​កចុង​ក្រោយ​ជាមួយ​សិស្ស​ទាំងដប់ពីរ​

១៤លុះ​ដល់​ពេល​វេលា ព្រះអង្គ​ក៏​អង្គុយ​នៅ​តុអាហារ​ ជាមួយ​ពួក​សាវក​​របស់​ព្រះអង្គ​ ១៥ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖​​ «នៅ​ថ្ងៃ​បុណ្យ​រំលង​នេះ ​ខ្ញុំ​ចង់​បរិភោគ​ជាមួយ​អ្នក​រាល់​គ្នា​ឲ្យអស់​ចិត្ដ​ មុន​ពេល​ខ្ញុំ​រងទុក្ខ​វេទនា​​ ១៦ដ្បិត​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​​បរិភោគ​អាហារ​នៃ​ថ្ងៃ​បុណ្យ​រំលង​ នេះ​ទៀត​ទេ​ រហូត​ដល់​ពិធី​នេះ​បាន​សម្រេច​នៅ​​នគរ​ព្រះជាម្ចាស់»​ ១៧រួច​ព្រះអង្គ​យក​ពែង​មក ទាំង​អរ​ព្រះគុណ​ព្រះជា​ម្ចាស់ ហើយ​មាន​បន្ទូល​ថា​៖ «ចូរ​ទទួល​យក​ពែង​នេះ ហើយ​ចែក​គ្នា​ផឹក​ចុះ ១៨ដ្បិត​ខ្ញុំ​បា្រប់​​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​តទៅ​ ខ្ញុំ​មិន​ផឹក​ផលពី​​ទំពាំង​បាយ​ជូរ​​ទៀតទេ​ រហូត​ដល់​នគរ​ព្រះជាម្ចាស់​មក​ដល់»។​​ ១៩បន្ទាប់​មក ព្រះអង្គ​យក​នំបុ័ង​មក ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់ ហើយ​កាច់​ចែក​ឲ្យពួក​សិស្ស ទាំង​មាន​បន្ទូល​ថា​៖ «នេះ​ជា​រូបកាយ​របស់​ខ្ញុំដែល​បាន​ឲ្យ​មក​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បែប​នេះចុះ​ដើម្បី​រំឭក​ដល់​ខ្ញុំ»។​ ២០ក្រោយ​ពី​បរិភោគ​រួច ព្រះអង្គ​ក៏​មាន​បន្ទូល​អំពី​ពែង​បែប​ដូច្នោះ​ដែរ​ថា​៖ «ពែង​នេះ​​ជា​កិច្ច​ព្រម​ព្រៀងថ្មី ​ដោយ​នូវ​ឈាម​ខ្ញុំដែល​បាន​បង្ហូរ​សម្រាប់​​អ្នក​រាល់​គ្នា​ ២១ប៉ុន្ដែ​មើល៍ ដៃ​របស់​អ្នក​ក្បត់​ខ្ញុំ​ ក៏​ដាក់​នៅ​លើ​តុ​អាហារ​ជាមួយ​ខ្ញុំ​ដែរ ២២ដ្បិត​កូន​មនុស្ស​​ត្រូវ​ទៅ​ដូច​ជា​សេចក្តី ​ដែល​បាន​ចែង​ទុក​មកមែន ប៉ុន្ដែ​វេទនា​ដល់​មនុស្ស​​​ម្នាក់​នោះ​ដែល​បាន​ក្បត់​​កូន​មនុស្ស»​។​ ២៣ពួកគេ​ក៏​ចាប់ផ្តើម ​សួរដេញ​ដោល​គ្នា​​អំពី​អ្នក​​​ដែល​​បម្រុង​ធ្វើ​ដូច្នេះ។​

ពួក​សិស្ស​ជជែក​គ្នា​អំពីអ្នកណា​ធំ​ជាង​គេ​

២៤ពេល​នោះ​ ក៏​កើត​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក ​ដែល​ទំនង​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួកគេ។​ ២៥ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​គេ​​ថា​៖ «ពួក​ស្ដេច​នៃ​ជន​ជាតិ​នានា គ្រប់​គ្រង​លើ​ប្រជាជន ហើយ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​លើ​ប្រជាជន គេ​ហៅ​ថា ពួក​អ្នក​មាន​គុណ​ ២៦ប៉ុន្ដែ​អ្នក​រាល់​គ្នា​វិញមិន​មែន​ដូច្នោះ​ទេ អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ចូរ​ឲ្យអ្នក​នោះ​ធ្វើ​ដូច​ជា​អ្នក​តូច​ជាង​គេ ឯ​អ្នក​ដឹក​នាំ​ដូច​ជា​អ្នក​បម្រើ​ ២៧ដ្បិត​អ្នក​ធំជាង​ជា​អ្នកណា​ តើ​ជា​អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ​អាហារ ឬ​ជា​អ្នក​ដែល​កំពុង​បម្រើ​គេ​? តើ​មិន​មែន​ជា​អ្នក​កំពុង​អង្គុយ​នៅ​តុ​អាហារ​ទេ​ឬ​? ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ ដែល​កំពុង​បម្រើ​​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ២៨ហើយ​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ដែល​បាន​នៅ​ជាមួយ​ខ្ញុំ នៅ​ពេល​ខ្ញុំ​ជួប​សេចក្ដី​ល្បួង​ ២៩ដូច្នេះព្រះ​វរបិតា​របស់​ខ្ញុំ ​ឲ្យនគរ​មួយ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា ខ្ញុំ​នឹង​ឲ្យ​ដល់​​អ្នក​រាល់​គ្នា​ជា​យ៉ាង​នោះ​ដែរ ៣០ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បានបរិភោគនៅ​តុ​ជាមួយ​ខ្ញុំ ​ក្នុងនគរ​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​​អង្គុយ​លើ​បល្ល័ង្ក ​ជំនុំជម្រះ​​កុល​សម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់ពីរ។

ព្រះយេស៊ូប្រាប់​ថា​ ពេត្រុស​បដិសេធ​ព្រះអង្គ

៣១ស៊ីម៉ូន ស៊ីម៉ូន​អើយ! មើល៍​ អារក្ស​សាតាំង​​បាន​សុំ​អ្នក​ហើយ ដើម្បី​រែង​អ្នក​ដូច​ជា​ស្រូវ​ដូច្នោះ​ដែរ​​ ៣២ប៉ុន្ដែ​ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ធ្លាក់​ចុះ​ឡើយ ហើយ​នៅ​ពេល​អ្នក​ប្រែ​ចិត្ដ ចូរ​ពង្រឹង​បង​ប្អូន​របស់​អ្នក​ផង»​។​ ៣៣ប៉ុន្ដែ ​លោក​ពេត្រុស​បានទូល​ព្រះអង្គ​ថា៖​ «ព្រះ​អម្ចាស់​អើយ! ខ្ញុំ​បាន​ត្រៀម​នៅ​ជាមួយ​ព្រះអង្គ​ហើយ ទោះ​បី​​ត្រូវ​ជាប់​គុក ឬ​ស្លាប់​ក៏​ដោយ»។​ ៣៤ព្រះអង្គ​ក៏​មាន​បន្ទូល​ថា​៖ «ពេត្រុស​​អើយ! ខ្ញុំ​បា្រប់​អ្នក​ថា នៅ​ថ្ងៃ​នេះ​មុន​មាន់រងាវ​​ អ្នកនឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»​។​ ៣៥រួច​​​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ ​«កាល​​ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ដោយ​គ្មាន​ថង់​បា្រក់ ថង់​​យាម និង​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​​បាន​ខ្វះ​ខាត​អ្វី​ទេ​?​» ពួកគេ​ទូល​ថា​៖ «គ្មាន​ទេ»។​ ៣៦ព្រះអង្គ​​មាន​បន្ទូល ​ទៅ​ពួកគេ​ទៀត​ថា​៖ «ប៉ុន្ដែ​ឥទ្បូវ​នេះ អ្នក​ណា​មាន​ថង់​បា្រក់ ចូរ​យក​ទៅ ហើយ​អ្នក​ណា​មាន​ថង់​យាម ​ ក៏​យក​ទៅ​ដូច​គ្នា ឯ​អ្នក​ណា​ដែល​គ្មាន​វិញ ចូរ​លក់​អាវ​របស់​ខ្លួន​ទិញ​ដាវ​មួយ​ចុះ ៣៧ដ្បិត​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ដែល​​បាន​ចែង​ទុក ​អំពី​ខ្ញុំ​នេះ​ត្រូវ​តែ​សម្រេច ដែល​​ថា គេ​បាន​រាប់​លោក​បញ្ចូល​ជាមួយ​ពួក​ល្មើស​ច្បាប់​។​ ​សេចក្ដី​ដែល​ទាក់​ទង​នឹង​ខ្ញុំ ​ឈាន​ដល់​ការ​​សម្រេច​ហើយ»​។​ ៣៨ពួកគេ​ក៏​ទូល​ថា​៖ «ព្រះអម្ចាស់​អើយ! មើល៍ នៅ​ទីនេះ​មាន​ដាវ​ពីរ» ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «គ្រប់​ហើយ»។​

ព្រះយេស៊ូអធិស្ឋានលើភ្នំ​ដើម​អូលីវ​

៣៩កាល​ព្រះអង្គ​ចេញ​ទៅ ក៏​យាង​ទៅ​ភ្នំ​ដើម​អូលីវ​​តាម​ទម្លាប់ ឯ​ពួក​សិស្ស​ក៏​បាន​ទៅ​តាម​ព្រះអង្គ​ដែរ។​ ៤០ពេល​មក​ដល់​កន្លែងហើយ ព្រះ​អង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «ចូរ​អធិស្ឋាន ដើម្បី​កុំ​ឲ្យធ្លាក់​ក្នុង​សេចក្តី​ល្បួង» ៤១រួច​ព្រះអង្គ​ក៏​ចេញ​ពី​ពួកគេ​ ចម្ងាយ​ប្រហែល​មួយ​ចោល​ដុំ​ថ្ម ហើយ​ព្រះអង្គ​បាន​លុត​ជង្គង់​​អធិស្ឋាន​ថា​៖​ ៤២«ឱ​ ព្រះ​វរបិតា​អើយ! ប្រសិន​បើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ សូម​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ​ទៅ ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំទ្បើយ គឺ​តាម​ព្រះអង្គ​វិញ» ​៤៣នោះ​​មាន​ទេវតា​ពី​ស្ថានសួគ៌​បាន​លេច​មក​ឯ​ព្រះអង្គ ដើម្បី​ចម្រើន​កម្លាំង​ឲ្យព្រះអង្គ​ ៤៤ហើយ​កាល​ព្រះអង្គ​ខ្វល់​ខ្វាយ​ជា​ពន់ពេក ក៏​ខំប្រឹង​អធិស្ឋាន​ខ្លាំង​ឡើង​ថែម​ទៀត ញើស​របស់​ព្រះអង្គ​ត្រលប់​​ដូច​ជា​​តំណក់​ឈាម ​កំពុង​ស្រក់​មក​លើ​ដី។​ ៤៥កាល​ព្រះអង្គ​ក្រោក​ពី​អធិស្ឋាន​ ក៏​យាង​ទៅ​ឯ​ពួក​សិស្ស​វិញ ហើយ​​ឃើញ​ពួកគេ​កំពុង​ដេក​លក់​ដោយព្រោះ​​សេចក្ដី​សោក​សៅ​ ៤៦ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​ដេក​លក់​ដូច្នេះ​? ចូរ​ក្រោក​អធិស្ឋាន ដើម្បី​កុំ​ឲ្យធ្លាក់​ក្នុង​សេចក្តី​ល្បួង»

យូដាស​ក្បត់​ព្រះយេស៊ូដោយ​ថើប​

៤៧កាល​ព្រះអង្គ​កំពុង​មាន​បន្ទូល​នៅ​ឡើយ នោះ​ក៏​មាន​បណ្ដាជន​មក​ឯ​ព្រះអង្គ ហើយ​យូដាស​ជា​សាវក​​ម្នាក់​ក្នុង​ចំណោម​សាវក​​ ទាំង​ដប់​ពីរ​​កំពុង​នាំ​មុខ​​គេ។​ គាត់​បាន​ចូល​មក​ជិត​ព្រះ​យេស៊ូដើម្បី​ថើប​​ព្រះអង្គ។​ ៤៨ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា​៖ «យូ​ដាស តើ​អ្នក​ក្បត់​​កូន​មនុស្ស​​ ដោយ​ការ​ថើប​​ឬ​?» ៤៩ពេលពួក​អ្នក​នៅ​ជុំវិញ​​ ឃើញ​ហេតុ​ការណ៍​ហៀប​នឹង​កើត​ទ្បើង ក៏​ទូល​សួរ​​ព្រះអង្គ​ថា​៖ «ព្រះ​អម្ចាស់​! តើ​ឲ្យ​យើង​ប្រយុទ្ធ​ដោយ​ដាវ​ដែរ​ឬ​ទេ​?» ៥០ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ ក្នុង​ចំណោម​ពួកគេ​បាន​កាប់​​បាវ​​បម្រើ​ របស់​សម្តេច​សង្ឃ​ម្នាក់​ដាច់​ត្រចៀក​ខាង​ស្ដាំ។ ​៥១ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ថា​៖ «ឈប់​! ប៉ុណ្ណឹង​បាន​ហើយ» រួច​ព្រះអង្គ​ក៏​ពាល់​ត្រចៀក​នោះ ហើយ​បានប្រោស​​គាត់ឲ្យជា​វិញ។​ ៥២ព្រះ​យេស៊ូ​​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​បាន​មក​ទាស់​នឹង​ព្រះអង្គ ពួក​សម្តេច​សង្ឃ​​ ពួក​ប្រធាន​ឆ្មាំ​ព្រះ​វិហារ និង​ពួក​ចាស់​ទុំ​ថា​៖ «តើ​អ្នក​រាល់​គ្នា​មក​តទល់​នឹង​ចោរ​ឬអី​ បាន​ជា​មាន​ទាំង​ដាវ​ និងដំបង​ដូច្នេះ​? ៥៣ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់​គ្នា​រាល់​ថ្ងៃ​ក្នុង​ព្រះ​វិហារ អ្នក​រាល់​គ្នា​មិន​បាន​លូក​ដៃ​ចាប់​ខ្ញុំ​ទេ ប៉ុន្ដែ​ឥឡូវ​នេះ​ជា​ពេល​វេលា​របស់​អ្នក​រាល់​គ្នា និង​ជា​សិទ្ធិ​អំណាច​នៃ​សេចក្តី​ងងឹត»

លោកពេត្រុស​បដិសេធ​ព្រះយេស៊ូ

៥៤ពួកគេ​ក៏​ចាប់​ព្រះអង្គ​ បណ្ដើរ​​ទៅ​ផ្ទះ​របស់​សម្តេច​សង្ឃ​​ម្នាក់ ហើយ​លោក​ពេត្រុស​បាន​ដើរ​តាម​ពី​ចម្ងាយ។ ៥៥ពេល​ពួកគេ​បង្កាត់​ភ្លើង​នៅ​កណ្ដាល​​ទី​ធ្លា​ហើយ ក៏​អង្គុយ​ចុះ​ជុំ​គ្នា ឯ​លោក​ពេត្រុស​ក៏​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ។​ ៥៦កាល​ស្រី​បម្រើ​ម្នាក់ ​បាន​ឃើញគាត់​កំពុង​អង្គុយ​នៅ​ជិត​​ភ្លើង ក៏​សម្លឹង​មើល​គាត់​ ទាំង​និយាយ​ថា​៖ «អ្នក​នេះ​ក៏​នៅ​ជាមួយ​ម្នាក់​នោះ​ដែរ»​ ៥៧ប៉ុន្ដែ ​គាត់​បដិសេធ​ថា​៖ «នែ​នាង​! ខ្ញុំ​មិន​ស្គាល់​ម្នាក់​នោះ​ទេ»។​ ៥៨បន្តិច​ក្រោយ​មក កាល​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​និយាយ​ថា​៖ «អ្នក​ក៏​នៅ​ក្នុង​ចំណោម​​ពួកគេ​ដែរ» តែ​​លោក​ពេត្រុស​និយាយ​​ថា​៖ «នែ​​លោក​! ​មិន​មែន​ខ្ញុំ​ទេ​!»​ ៥៩ប្រហែល​​មួយ​ម៉ោង​ក្រោយ​មក មាន​ម្នាក់​ទៀត​និយាយ​អះអាង​ថា​៖ «អ្នក​​នេះ​​នៅ​ជាមួយ​ម្នាក់​នោះ​ប្រាកដណាស់ ​ព្រោះ​គាត់​​ជា​អ្នក​ស្រុក​កាលីឡេ​​ដែរ»​ ៦០ប៉ុន្ដែ ​លោក​ពេត្រុស​និយាយ​ថា​៖ «នែ​អ្នក​! ខ្ញុំ​មិន​ដឹង​ថា ​អ្នក​កំពុង​និយាយ​អ្វី​ទេ»។​ ពេល​គាត់​កំពុង​និយាយ​នៅ​ទ្បើយ មាន់​ក៏​រងាវ​ទ្បើង​ភ្លាម​ ៦១ព្រះ​អម្ទាស់​បាន​ងាក​មក​មើល​លោក​​ពេត្រុស គាត់​ក៏​នឹក​ឃើញ​ពី​ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់​ ដែល​បាន​ប្រាប់​គាត់​ថា ថ្ងៃ​នេះ​មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង។​ ៦២គាត់​​ក៏​ចេញ​ទៅ​ក្រៅ​ ទាំង​ទ្រហោ​យំ​យ៉ាង​ក្ដុកក្ដួល។

ព្រះយេស៊ូត្រូវ​គេ​ចំអក​ និង​វាយ​ដំ​

៦៣ពួក​មនុស្ស​ ដែល​កំពុង​យាម​ព្រះ​យេស៊ូ​បាន​​ចំអក​ឲ្យព្រះអង្គ​ ទាំង​វាយ​ដំ​ ៦៤និង​បាន​បិទ​មុខ​ព្រះអង្គ​ ហើយ​សួរ​ថា​៖ «ទាយ​ទៅ​មើល៍ តើ​អ្នក​ណា​​​វាយ​ឯង​?»​ ៦៥ហើយ​ពួកគេ​បាន​និយាយ​ពាក្យ​ប្រមាថ​ដល់​ព្រះអង្គ​ជា​ច្រើន​ទៀត។

ព្រះយេស៊ូជួប​​ក្រុម​ប្រឹក្សា​កំពូល​​

៦៦លុះ​​ពឹ្រក​ឡើង ពួក​ចាស់​ទុំ​​របស់​ប្រជាជន​បាន​ជួបជុំ​គ្នា មាន​ទាំង​ពួក សម្តេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ ហើយ​ពួកគេ​បាន​បណ្ដើរ​ព្រះ​អង្គ ​ទៅ​ក្រុម​ប្រឹក្សា​កំពូល​​របស់​ពួកគេ រួច​ក៏​សួរ​ថា​៖​ ៦៧«បា្រប់​យើង​មើល៍ បើ​អ្នក​ជា​ព្រះ​គ្រិស្ដ​មែន» ប៉ុន្ដែ ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «ទោះ​បី​ខ្ញុំ​បា្រប់​ពួក​លោក ក៏​ពួក​លោក​មិន​ជឿ​ ៦៨ហើយ​ទោះ​បី​ខ្ញុំ​សួរ​ពួក​លោក​វិញ ក៏​ពួក​លោក​មិន​ព្រម​ឆ្លើយដែរ​​ ៦៩ប៉ុន្ដែ​ ពី​ពេល​នេះ​ទៅកូន​មនុស្ស​​នឹង​អង្គុយ​នៅ​កន្លែង​មាន​អំណាច​ គឺ​ខាង​ស្ដាំ​នៃ​​ព្រះ​ជាម្ចាស់»​ ៧០ពួកគេ​ទាំង​អស់​គ្នា​ក៏​សួរ​ថា​៖ «បើ​ ដូច្នេះ អ្នក​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ឬ​?» ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «ពួក​លោកនិយាយ​ត្រូវ​ គឺ​​ខ្ញុំនេះ​ហើយ» ៧១ពួកគេ​ក៏​និយាយ​​ថា​៖ «តើ​​យើង ​នៅ​ត្រូវ​ការ​សាក្សី​ធ្វើអ្វី​ទៀត​? ព្រោះ​យើង​បាន​ឮ​ផ្ទាល់​ចេញ​ពី​មាត់​របស់​​វា​​ហើយ​!»

លូកា ២២