លូកា ២១
តង្វាយរបស់ស្ដ្រីមេម៉ាយម្នាក់
២១ពេលនោះ ព្រះអង្គ ក្រឡេកឃើញពួកអ្នកមាន កំពុងដាក់តង្វាយរបស់ពួកគេទៅក្នុងហិបតង្វាយ ២ហើយព្រះអង្គក៏ឃើញស្ដ្រីមេម៉ាយក្រីក្រម្នាក់ កំពុងដាក់កាក់ពីរឡិបតាទៅក្នុងហិបនោះដែរ។ ៣ព្រះអង្គក៏មានបន្ទូលថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាប្រាកដថា ស្ដ្រីមេម៉ាយកី្រក្រម្នាក់នេះបានដាក់តង្វាយ ច្រើនជាងមនុស្សគ្រប់គ្នា ៤ព្រោះមនុស្សទាំងនោះ ដាក់តង្វាយពីសំណល់របស់ពួកគេ ប៉ុន្ដែស្ដ្រីម្នាក់នេះ ទោះបើនាងក្រីក្រយ៉ាងណា នាងបានថ្វាយអ្វីៗទាំងអស់ ដែលនាងមានដល់ព្រះជាម្ចាស់»។
ព្រះយេស៊ូប្រាប់ជាមុនអំពីការបំផ្លាញព្រះវិហារ
៥កាលអ្នកខ្លះ កំពុងនិយាយអំពីព្រះវិហារដែលបានតុបតែងដោយថ្មប្រណិត និងតង្វាយ ព្រះអង្គក៏មានបន្ទូលថា៖ ៦«អ្វីដែលអ្នករាល់គ្នាឃើញទាំងនេះ នៅថ្ងៃមកដល់ ថ្មដែលត្រួតលើគ្នានឹងត្រូវរើចោលគ្មានសល់ឡើយ»។
ទីសំគាល់នៃគ្រាចុងក្រោយ
៧ពួកគេក៏ទូលសួរព្រះអង្គថា៖«លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណា? នៅពេលការទាំងនេះជិតកើតឡើង តើនឹងមានទីសំគាល់អ្វីខ្លះ?» ៨ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្នអ្នករាល់គ្នាកុំចាញ់បោកគេឡើយ ដ្បិតមនុស្សជាច្រើន នឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ឬពេលវេលាជិតដល់ហើយ នោះចូរកុំទៅតាមពួកគេឲ្យសោះ។ ៩ពេលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងចលាចល ចូរកុំភ័យខ្លាចឡើយ ព្រោះការទាំងអស់នេះត្រូវតែកើតឡើងជាមុន ប៉ុន្ដែមិនទាន់ដល់ទីបញ្ចប់ភ្លាមទេ»។ ១០រួចព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ជនជាតិមួយនឹងក្រោកឡើង ទាស់នឹងជនជាតិមួយ ហើយប្រទេសមួយទាស់នឹងប្រទេសមួយ ១១ព្រមទាំងមានការរញ្ជួយដីធំៗ គ្រោះអត់ឃ្លាន និងជំងឺរាតត្បាតនៅតាមកន្លែងផ្សេងៗ ព្រមទាំងមានហេតុការណ៍តក់ស្លុត និងទីសំគាល់ធំៗពីលើមេឃផង។ ១២ប៉ុន្ដែនៅមុនសេចក្ដីទាំងអស់នេះ ពួកគេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ប្រគល់អ្នករាល់គ្នាទៅឲ្យសាលាប្រជុំ ហើយដាក់គុកអ្នករាល់គ្នា ទាំងនាំទៅឲ្យស្ដេច និងពួកអភិបាល ព្រោះតែឈ្មោះខ្ញុំ ១៣តែពេលវេលានោះត្រលប់ជាឱកាសសម្រាប់អ្នករាល់គ្នាធ្វើទីបន្ទាល់វិញ។ ១៤ដូច្នេះចូរចាំទុកក្នុងចិត្ដរបស់អ្នករាល់គ្នាចុះ កុំរៀបចំការពារខ្លួនជាមុនឲ្យសោះ ១៥ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ព្រមទាំងបា្រជ្ញា ដែលគូវិវាទទាំងអស់មិនអាចតតាំង ឬជំទាស់នឹងអ្នករាល់គ្នាបានឡើយ។ ១៦ប៉ុន្ដែ សូម្បីតែឪពុកម្ដាយ បងប្អូន សាច់ញាតិ និងមិត្តភក្តិក៏ក្បត់នឹងអ្នករាល់គ្នាដែរ ហើយពួកគេនឹងសម្លាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា ១៧ហើយមនុស្សទាំងអស់ នឹងស្អប់អ្នករាល់គ្នាដោយព្រោះតែឈ្មោះខ្ញុំ ១៨ប៉ុន្ដែ សូម្បីតែសក់មួយសរសៃ លើក្បាលអ្នករាល់គ្នាក៏មិនបានវិនាសឡើយ។ ១៩ដោយសារការស៊ូទ្រាំរបស់អ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលបានជីវិតវិញ ២០ប៉ុន្ដែនៅពេលអ្នករាល់គ្នាឃើញ កងទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះចូរដឹងថា សេចក្ដីរលំរលាយនៃក្រុងនោះ ជិតមកដល់ហើយ។ ២១ពេលនោះ ចូរឲ្យពួកអ្នកនៅស្រុកយូដាភៀសខ្លួនទៅភ្នំចុះ ឯពួកអ្នកនៅកណ្ដាលក្រុង ចាកចេញពីក្រុងនោះ ហើយកុំឲ្យពួកអ្នកនៅស្រែចម្ការ ត្រលប់ចូលក្នុងក្រុងនោះឲ្យសោះ ២២ពីព្រោះថ្ងៃទាំងនេះជាថ្ងៃនៃសេចក្ដីសងសឹក ដើម្បីធ្វើឲ្យសេចក្ដីទាំងអស់ ដែលបានចែងទុកមកបានសម្រេច។ ២៣ស្រ្ដីមានផ្ទៃពោះ និង ស្រ្ដីកំពុងបំបៅកូននឹងវេទនាណាស់នៅគ្រានោះ ព្រោះសេចក្ដីទុក្ខព្រួយដ៏សម្បើមនឹងមាននៅលើទឹកដីនេះ ហើយកំហឹងក៏ធ្លាក់លើប្រជាជននេះ ២៤ពួកគេនឹងដួលស្លាប់ដោយមុខដាវ ហើយត្រូវនាំយកជាឈ្លើយ ទៅគ្រប់ជាតិសាសន៍ទាំងអស់ ឯក្រុងយេរូសាឡិមវិញ នឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់ពួកគេត្រូវបានបញ្ចប់។ ២៥នឹងមានទីសំគាល់នៅក្នុងដួងអាទិត្យ លោកខែ និងផ្កាយ ហើយជនជាតិនានានៅលើផែនដីនេះ នឹងមានសេចក្ដីថប់បារម្ភ ទាំងទ័លប្រាជ្ញាដោយសារសំឡេងសន្ធឹកសមុទ្រ និងទឹករលក ២៦មនុស្សនឹងស្រយុតចិត្ដដោយសារការភ័យខ្លាច និងការទន្ទឹងរង់ចាំហេតុការណ៍ ដែលនឹងកើតឡើងនៅលើពិភពលោក ដ្បិតអំណាចនៅស្ថានសួគ៌ នឹងរង្គោះរង្គើ ២៧ពេលនោះ ពួកគេនឹងឃើញកូនមនុស្សយាងមកនៅលើពពក ប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ។ ២៨នៅពេលហេតុការណ៍ទាំងនេះ ចាប់ផ្ដើមកើតឡើង ចូរអ្នករាល់គ្នាក្រោកឈរ ងើយក្បាលរបស់អ្នករាល់គ្នាឡើង ព្រោះសេចក្តីប្រោសលោះ សម្រាប់អ្នករាល់គ្នាជិតមកដល់ហើយ»។
រឿងដើមល្វា
២៩ព្រះអង្គក៏មានបន្ទូលប្រាប់ពួកគេពីរឿងប្រៀបប្រដូចមួយថា៖ «ចូរមើលដើមល្វា និងដើមឈើទាំងអស់ចុះ ៣០ពេលណា ឃើញស្លឹកវាលាស់ឡើងហើយ នោះអ្នករាល់គ្នាដឹងដោយខ្លួនឯងថា រដូវក្ដៅជិតមកដល់ហើយ។ ៣១ឯអ្នករាល់គ្នាវិញក៏ដូច្នេះដែរ ពេលណាអ្នករាល់គ្នា ឃើញហេតុការណ៍ទាំងនេះកើតឡើង ចូរដឹងថានគរព្រះជាម្ចាស់នៅជិតបង្កើយ ៣២ខ្ញុំបា្រប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន ៣៣ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ ប៉ុន្ដែពាក្យរបស់ខ្ញុំ នឹងមិនរលាយបាត់សោះឡើយ។ ៣៤ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងលោចិត្ដរបស់អ្នករាល់គ្នាផ្ទុកដោយការស្រវឹងអួ និងការខ្វល់ខ្វាយនៃជីវិត ហើយថ្ងៃនោះអាចធ្លាក់មកលើអ្នករាល់គ្នាភ្លាមៗដូចជាអន្ទាក់ ៣៥ដ្បិតថ្ងៃនោះ នឹងធ្លាក់មកលើមនុស្សទាំងអស់ ដែលកំពុងរស់នៅលើផ្ទៃ ផែនដីទាំងមូល ៣៦ដូច្នេះ អ្នករាល់គ្នាត្រូវប្រុងស្មារតី ទាំងអធិស្ឋានគ្រប់ពេលវេលា ដើម្បីឲ្យ អ្នករាល់គ្នា អាចគេចផុតពីហេតុការណ៍ទាំងអស់នេះដែលនឹងកើតឡើង ហើយឈរនៅចំពោះមុខ កូនមនុស្សបាន»។ ៣៧ព្រះអង្គបានបង្រៀននៅក្នុងព្រះវិហារ នៅពេលថ្ងៃ ហើយពេលយប់បានចេញទៅសម្រាកនៅភ្នំមួយឈ្មោះថា ភ្នំដើមអូលីវ ៣៨រីឯប្រជាជនទាំងអស់គ្នាវិញ ក្រោកតាំងពីព្រលឹម ទៅរកព្រះអង្គនៅក្នុងព្រះវិហារដើម្បីស្ដាប់ព្រះអង្គ។